ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ដែល​ជំទាស់​នឹង​ការបង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​ចោទ​តុលាការ​ថា​ បាន​កាត់​ក្តី​ដោយ​ផ្អែក​លើ​ភស្តុតាង​ប្រតិដ្ឋ


រូបឯកសារ៖ អ្នកដាក់ញត្តិ​ម្នាក់​ក្នុង​ចំណោម​៥​នាក់ គឺ​លោក ធែល ធីលែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​ក្រសួង​មហាផ្ទៃ​​ បន្ទាប់ពីបាន​ដាក់​ញត្តិ​​ នៅថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ អ្នកដាក់ញត្តិ​ម្នាក់​ក្នុង​ចំណោម​៥​នាក់ គឺ​លោក ធែល ធីលែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​ក្រសួង​មហាផ្ទៃ​​ បន្ទាប់ពីបាន​ដាក់​ញត្តិ​​ នៅថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​ ធែល ធីលែន ដែល​ជា​សកម្មជន​មួយ​រូប​ធ្លាប់​ចេញមុខ​ជំទាស់​នឹងការ​ចេញ​បណ្ណ​ស្នាក់​អចិន្ត្រៃយ៍សម្រាប់​ជន​ជាតិ​វៀតណាម ​និង​ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀត​ណាម​នៅ​កម្ពុជា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នានា​របស់​តុលាកាដែល​លោក​ថា មិន​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ភស្តុតាង​ពិត​ប្រាកដ​ទេ​ តែ​តាម​ភស្តុតាង​ប្រតិដ្ឋ​របស់​ដើម​បណ្តឹង​។ នេះ​បើ​តាម​លិខិត​សរសេរ​ដោយ​ដៃ​របស់​លោក​ ធែល ធីលែន

នៅ​ក្នុង​លិខិត​ដែលផ្ញើ​ចេញ​ពី​ពន្ធនា​គារ​ខេត្តកណ្តាល​ចុះ​ថ្ងៃ​ទី​២៥ ​ខែ​មិនា​ ឆ្នាំ​២០២៣​ តាម​ទណ្ឌិត​អនាមិក​មា្នក់ដែល​ទើប​ត្រូវបាន​ដោះ​លែង​ឱ្យ​មាន​សេរីភាពវិញ​នោះ​ លោក ​ធែល​ ធីលែន ​បាន​រៀប​រាប់ថា​ លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ចំនួន​៤​សំណុំ​រឿង ដោយគ្មាន​ឯកសារ​ ឬ​ភស្តុ​តាង​បញ្ជាក់​ពិត​ប្រាកដ​ណា​មួយ​ ដែល​បង្ហាញ​ពី​ទុច្ចរិត​ភាព​របស់​លោក​នោះ​ទេ។ លោក​បន្ថែម​ថា​ ការ​ជំនុំ​ជម្រះ​សំណុំ​រឿងរបស់​លោក​សុទ្ធ​តែ​មាន​ការ​គប់គិត​រវាង​ដើម​បណ្តឹង​ និង​អាជ្ញាធរ​។

លោក​សរសេរ​តាម​ន័យ​ដើម​ថា​៖ «ខ្ញុំ​បាទ​សូម​បញ្ជាក់​ថា រាល់​ការ​ចោទ​ប្រកាន់​មក​លើ​ខ្ញុំ​បាទ​សុទ្ធសឹង​ជា​ការ​កុហក​របស់​ដើម​បណ្តឹង​ រួម​ទាំង​គ្មាន​ឯកសារ ​ភស្តុតាង​គតិយុត្តិ​ដែល​បង្ហាញ​ថា ​ខ្ញុំ​មាន​ទុច្ចរិតភាព​នោះ​ទេ គឺ​ជា​ការ​ជំនុំ​ជម្រះ​ចោទ​ប្រកាន់​ដោយ​ពឹង​ផ្អែក​ទៅ​លើ​តែ​ពាក្យ​សម្តី និង​ការ​ក្លែង​បន្លំ​ឯកសារ​របស់​ដើម​បណ្តឹង​ឃុបឃិត​ជាមួយ​អាជ្ញាធរ​តែ​ប៉ុណ្ណោះ​»។

ក្នុង​លិខិត​ដដែលនោះ​ លោក​ក៏​បាន​លើក​ឡើង​ពី​ករណី​រឹបអូស​ផ្ទះសម្បែង​របស់​លោក និង​ស្នើ​សុំឱ្យ​មាន​ការបង្ហាញ​នូវ​ឯកសារ និង​ភស្តុតាង​គាំទ្រ​ដល់​ការ​រឹបអូស​ដែលបាន​កើត​ឡើង​ក្នុង​ពេល​មាន​ការ​ឆ្លង​រាត​ត្បាត​ជំងឺកូវីដ​១៩​។

លោក​បាន ធែល ធីលែន​ ​សរសេរ​រៀបរាប់​ដោយតាំង​សំណួរ​ថា​៖ «ឯណា​ទៅ​បទ​បញ្ជា​ហាម​មិន​ឱ្យ​មាន​រឹប​អូស​អចលនទ្រព្យ​ក្នុង​កូវីដ? ឯណា​ទៅ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ និង​សិទ្ធិ​សម្រាប់​លំនៅ[ឋាន]?» និង​សំណួរ​មួយ​ទៀត​ថា៖ «ឯណា​ទៅ​ភាព​យុត្តិធម៌​របស់​ពលរដ្ឋ​ខ្មែរ​ដែល​គ្មាន​ធនធាន​ទីពឹង?​»។

លោក​ ផៃ ធែល ​ឪពុក​របស់​លោក​ ធែល ធីលែន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទនេះ​ថា លិខិតរបស់​កូន​ប្រុស​លោក​ដែល​ត្រូវ​បាន​គេយក​មក​បង្ហោះ​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​កាល​ពី​សប្តាហ៍មុន​នោះ ​គឺពិត​ជា​របស់​លោក​ ធីលែន ​ដែលជា​អ្នក​សរសេរ​ដោយ​ផ្ទាល់ដៃពិត​ប្រាកដ​មែន​។

ឪពុក​របស់​លោក ​ធែល ធីលែន ​បញ្ជាក់​ទៀត​ថា​ លោក​គាំទ្រ​ចំពោះ​ការ​បដិសេធរបស់​កូន​ប្រុស​លោក​ជុំវិញ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ឯកសារ​ និង​ភស្តុតាង​ច្បាស់​លាស់​ដែល​តុលាការ​បានធ្វើ​មកលើ​កូន​ប្រុស​គាត់​។

ទាក់​ទិន​សំណុំ​រឿង​ដី​ធ្លី លោក​ថា​ លោកបាន​ផ្ទេរ​សិទិ្ធ​កាន់​កាប់​ឱ្យទៅលោក ធែល ធីលែន ដើម្បី​ធ្វើ​ជា​ទ្រព្យ​យកកម្ចី​ទិញ​រថយន្ត​សម្រាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ តែបែរ​ជា​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​លួច​ដី​គេ​ទៅ​វិញ។

លោក​ថ្លែង​ថា៖ «ការ​បដិសេធ​នេះ​គឺ​ខ្ញុំ​ឯកភាព​ជាមួយ​កូនខ្ញុំ​ ១០០​ភាគរយ​ គឺ​ថា​បើសិន​ជា​យើង​និយាយ​ភាសា​សាមញ្ញ​គឺថា ដោយ​សារ​តែ​ខ្ញុំ​អត់​លុយ​អត់​កាក់​បុក​តុលាការ​បាន​វា​បំពាន​។ រឿង​ករណី​ដី​ធ្លី​នេះ ខ្ញុំ​បាន​បែងចែក​រួច​អស់​ហើយ​កាល​ពី​ឆ្នាំ​៩៨ និង​ឆ្នាំ​២០០០ បង​ស្រី​ហ្នឹង​បាន​ដី​ភូមិ ហើយ​ខ្ញុំ​បានម៉ែ​ខ្ញុំ​បាន​ឱ្យ​ដី​ចម្ការ​ហ្នឹង។ ក្រោយ​ពេល​ទទួល​បាន​ពី​ម្តាយ​ខ្ញុំ ខ្ញុំ​ក៏​ឱ្យ​កូន​ខ្ញុំ ធ្វើ​លិខិត​ផ្ទេរ​សិទ្ធិ​ឱ្យ​កូន​ខ្ញុំ​ទៅ​យក​លុយ​គេ ទិញ​ឡាន​ទិញ​អី​រត់​ហ្នឹង ហើយ​គេ​ចោទ​ប្រកាន់​ថា​កូន​ខ្ញុំ​លួច​ដី​គេ គេ​ចាប់​កូន​ខ្ញុំ​ដាក់​គុក​ដល់​៣ ទៅ៤ ឆ្នាំ អ៊ីចឹង​សូម​ជួយ​មាន​អន្តរាគមន៍​ផង វា​អយុតិ្តធម៌​សម្រាប់​កូន​ខ្ញុំ​ណាស់!​»។

វីអូអេ​បាន​ទាក់ទង​ទៅ​លោក សូ សារិន អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កណ្តាល​ដើម្បី​សុំការ​អត្ថាធិប្បាយ​នៅ​ថ្ងៃចន្ទនេះ​ ប៉ុន្តែ​លោកថា ​ដោយសារ​តែ​ថ្ងៃនេះ​ជា​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារដូចេ្នះ​លោក​មិន​អាច​ផ្តល់​ព័ត៌មាន​បាន​នោះ​ទេ​។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​ស៊ឹង សែន​ករុណា​ ប្រាប់​វីអូអេ​តាមប្រព័ន្ធ ​WhatsApp​ នៅថ្ងៃ​ចន្ទ​នេះ​ថា​ ក្នុង​ករណី​របស់​លោក​ ធែល​ ធីលែន​ នេះ​ ប្រសិន​ដូច​ការរៀប​រាប់​នៅ​ក្នុង​លិខិត​នោះ​មែន​វា​ជា​អំពើ​មួយ​ដែល​មិន​សម​កើត​មាន​នោះ​ឡើយក្នុង​សង្គម​កម្ពុជា។

លោក​ក៏​បានជំរុញ​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​គួរតែ​បើក​ការស៊ើប​អង្កេត​ស្រាវជ្រាវ​ទៅ​លើ​ករណីលោក ​ធែល ធីលែន​ ឱ្យ​មាន​ភាព​ច្បាស់​លាស់​ដើម្បី​បង្កើន​នូវ​ជំនឿ​ជឿជាក់​ក្នុង​ប្រព័ន្ធយុត្តិធម៌​ពី​សំណាក់​សាធារណជន​ទូទៅ​ឡើង​វិញ​។

លោក​ថ្លែង​ថា​៖ «អ៊ីចឹង​ប្រសិន​ជា​រក​ឃើញ​ថា ​លោក ​ធែល ធីលែន​ មិន​បាន​ប្រព្រឹត្ត​អ្វី​ដូច​ការ​ចោទ​ប្រកាន់។ ​ផ្ទុយ​ទៅ​វិញ​ត្រូវ​បាន​មន្ត្រី​ ឬ​ក៏​បុគ្គល​ណា​មួយ​ធ្វើ​ការចោទ​ប្រកាន់​ដាក់​ទោស​អូស​ដំណើរ​លើ​សំណុំ​រឿង​របស់​លោក​គួរតែ​មាន​ការទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ ហើយ​នឹង​ការដោះ​លែង​រូប​លោក​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ អាហ្នឹង​គឺ​ជា​រឿង​ដែល​អាច​នឹង​មាន​ការ​សាទរ​ពីសាធារណជន​ ក៏​ដូច​ជា​មតិ​ជាតិ អន្តរជាតិ​ហើយ​បាទ​»។

បើ​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ ចុះ​ថ្ងៃ​ទី​៤ ​ខែ​តុលា ​ឆ្នាំ​២០២២ ​ ដែល​វីអូអេ​ទទួល​បាន ​ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​កណ្តាល​ លោក​ ប្លុង វិសាល​ បាន​បង្គាប់​ឱ្យចាប់​ខ្លួន ​លោក ​ធែល ធីលែន ​អាយុ​៣២​ឆ្នាំ ​ហើយ​សកម្មជន​រូប​នោះ​ក្រោយមក​ក៏ត្រូវ​បាន​តុលាការ​សម្រេចឃុំ​ខ្លួន​។ ដីកា​របស់​តុលាការ​បញ្ជាក់​ថា ​ជនជាប់​ចោទ ​ធែល ធីលែន នេះ​«ត្រូវ​ដាក់​ឱ្យស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ​លួច​លក់​អចលន​ទ្រព្យ​របស់​អ្នក​ដទៃ​ដែល​មិន​មែន​ជា​របស់​ខ្លួន​»​ ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​ដូនហែម ​ឃុំ​ព្រែក​អំពិល​ ស្រុក​ខ្សាច់​កណ្តាល ​ខេត្ត​កណ្តាល​ កាល​ពី​អំឡុង​ឆ្នាំ​២០១៦​ ហើយ​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​ ២៥៥​ នៃ​ច្បាប់​ភូមិបាល​៕

XS
SM
MD
LG