ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពូជ​សត្វ​ចិញ្ចឹម​និង​អាហារ​ជប់លៀង៖​ រសជាតិ​សាច់​ឆ្កែ​របស់​វៀតណាម​កំពុង​កើន​ឡើង


សត្វ​ឆ្កែ​ទាំងនេះ​ ត្រូវ​​ប៉ូលិស​ថៃ​ចាប់​បាន​នៅ​ពេល​ដែល​ពួក​ឈ្មួញ​ដឹក​ពួកវា​តាម​ឡាន​ទ្រុង​មួយ​នៅ​ខេត្ត​ Nakhon Phanom​ ភាគ​ឦសាន្ត​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​៦​ ខែ​កញ្ញា​ ឆ្នាំ​២០១១​នេះ។
សត្វ​ឆ្កែ​ទាំងនេះ​ ត្រូវ​​ប៉ូលិស​ថៃ​ចាប់​បាន​នៅ​ពេល​ដែល​ពួក​ឈ្មួញ​ដឹក​ពួកវា​តាម​ឡាន​ទ្រុង​មួយ​នៅ​ខេត្ត​ Nakhon Phanom​ ភាគ​ឦសាន្ត​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​៦​ ខែ​កញ្ញា​ ឆ្នាំ​២០១១​នេះ។

ខណៈ​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​រីក​លូតលាស់ ហើយ​ប្រជាពលរដ្ឋ​កាន់​តែ​មាន​ទ្រព្យ​ធន​ច្រើន​ឡើង​ ជំនួញ​សត្វ​ឆ្កែ ទាំង​ស្លាប់ និង​នៅ​រស់ ក៏​កំពុង​កើន​ឡើងដែរ។ ឥឡូវ​នេះ​ មនុស្ស​កាន់​តែ​ច្រើន​កំពុង​ទិញ​ពូជ​សត្វក្នុង​តម្លៃខ្ពស់​ដើម្បី​ចិញ្ចឹម​ជា​សត្វ​ក្នុង​ផ្ទះ​ ហើយ​និន្នាការ​បែប​នោះ​មិន​ធ្វើ​ឲ្យ​ការ​ធ្វើជំនួញសត្វ​ឆ្កែ​របស់​ប្រទេស​នេះ​ថយ​ចុះ​ទេ។

ទោះ​ជា​សាច់​ឆ្កែ​ត្រូវ​បាន​ដាក់នៅលើ​ចានជាមួយទឹក​ជ្រលក់បង្គា ឬសត្វឆ្កែ​ត្រូវ​បី​នៅ​លើ​ដៃ​របស់ស្ត្រីអ្នក​មាន​ទ្រព្យធន​ម្នាក់ក៏ដោយ​ ក៏​សត្វ​ឆ្កែ​ជា​សត្វ​ដែល​មាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំងនៅ​វៀតណាម។

លោក​ ង្វៀន ទ្រឿងថាញ់់ (Nguyen Trung Thanh) វ័យ​៤១​ឆ្នាំ កំពុងពិសារ​អាហារ​ពេល​ល្ងាចនៅឯ​ភោជនីយដ្ឋាន​មួយ ដែលលក់សាច់ឆ្កែ​នៅ​ទីក្រុង​ហាណូយ។ លោកនិយាយ​ថា លោកជា​អតិថិជនប្រចាំ។

លោកថាញ់​ និយាយ​ថា លោក​និង​មិត្តភ័ក្ត​របស់លោ​ក​មក​ទីនេះ នៅ​ពេល​ណា​ដែលពួក​គាត់​ចង់​បរិភោគ​សាច់​ឆ្កែ។​ សាច់ឆ្កែមាន​រសជាតិពិសេស​ ដែល​លោក​ចូល​ចិត្ត។ លោកបាន​ឲ្យ​ដឹង​ថា ​សាច់​នេះមាន​ផល​ល្អ​សម្រាប់​សុខភាព​របស់​លោក​ ដោយសារសាច់​នេះ​មាន​សារជាតិចិញ្ចឹមនិងធ្វើឲ្យ​លោកកាន់​តែរឹងមាំ​ជាង​មុន។

បើ​ទោះ​ជាការ​បិរភោគ​សាច់​ឆ្កែជាអំពើ​ខុសច្បាប់នៅតាមកន្លែង​ជាច្រើន​នៅ​ទ្វីប​អាស៊ី​ក៏ដោយ​ វាជា​ការធ្វើ​ជំនួញយ៉ាង​ធំ​មួយ​នៅ​វៀតណាម។​ ជា​ធម្មតា ឆ្កែត្រូវ​បាន​ចិញ្ចឹមក្នុង​ចំនួន​តិច​តួចនៅ​តាមភូមិ​ ហើយ​បន្ទាប់​មក​លក់ទៅ​ឲ្យ​ឈ្មួញ​កណ្តាល ដែលដឹក​ជញ្ជូន​សត្វ​ឆ្កែទាំង​នោះទៅ​កាន់​ភោជនីយដ្ឋាននៅ​ទីក្រុង។​លោក ទួន បិនឌីសេន (Tuan Bendixsen) នាយក​ការិយាល័យប្រចាំ​នៅ​វៀតណាម​នៃ​អង្គការ​សត្វអាស៊ី (Animals Asia’s Vietnam office) ថ្លែង​ថា​ ខណៈ​ដែលសេដ្ឋកិច្ចរបស់​វៀតណាមបានរីក​លូតលាស់​ មនុស្ស​កាន់​តែ​ច្រើនបាន​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ទីក្រុង​ ដោយ​បន្សល់​ទុកសមាជិកគ្រួសារតិចតួចនៅឯ​ទី​ជន​បទដើម្បី​ចិញ្ចឹម​ឆ្កែ។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ទួន​ មាន​ប្រសាសន៍​ថា​ មនុស្ស​កាន់​តែ​ច្រើនអាច​មាន​លទ្ធភាព​ពិសារ​សាច់​ឆ្កែ​ ដូច្នេះការបរិភោគ​ក៏​កំពុង​កើន​ឡើងផង​ដែរ។

«បញ្ហាគឺ​ថា​ ​ឆ្កែមិន​ទាន់​គ្រប់​គ្រាន់ចំនួន​ដើម្បីផ្គត់​ផ្គង់​ដល់​ការ​ធ្វើ​ជំនួញ​នេះ​ទេ ជាពិសេសក្នុង​អំឡុងចូល​ឆ្នាំ​ថ្មី​វៀតណាម ដែល​មាន​ន័យ​ថា ​ឆ្កែនឹង​ត្រូវ​នាំ​ចូលមក​ពី​ប្រទេស​ថៃ។ ​តាម​ការ​ប៉ាន់ស្មានថា មានឆ្កែចំនួន២​ម៉ឺន ៥​ពាន់​ក្បាលក្នុង​មួយ​ខែៗ ឬ​លើស​ពី​នេះ ត្រូវ​នាំមកពី​ប្រទេស​ថៃ»។

កាល​ពី​ខែ​មុន​ ក្រុម​ប៉ូលីស​ថៃបាន​ចាប់បុរស​បី​នាក់​ ដែល​ព្យាយាមរត់ពន្ធឆ្កែចំនួន​ជាង១ពាន់​ក្បាល ចូល​ទៅ​វៀតណាម ឆ្លង​កាត់​តាម​ប្រទេស​លាវ។

«​ប្រសិនបើ​អ្នកធ្វើ​ដំណើរទៅកាន់​ប្រទេស​វៀតណាមភាគ​កណ្តាល នៅ​ក្បែរ​ព្រំដែនលាវ​ ជារឿយៗ អ្នកនឹង​ឃើញ​ឡាន​ធំៗឆ្លង​កាត់ ឡាន​ធំៗ​ដែល​ផ្ទុក​ទៅ​ដោយ​សត្វ​ឆ្កែយ៉ាង​ហោច​ណាស់ក៏២០០ ទៅ​៣០០​ក្បាល ដែលបាន​ដាក់​នៅក្នុង​ទ្រុង​ដូច​សត្វ​មាន់​ដែរ។ ទ្រុង​នីមួយៗមានឆ្កែប្រហែល​១០​ក្បាល។​ ទ្រុង​ទាំង​នោះមាន​ទំហំ​តូចៗ។​ ឆ្កែ​ទាំង​នោះត្រូវ​ផ្គត់​ផ្គង់​ទៅ​ឲ្យ​ឧស្សាហកម្មសាច់​ឆ្កែនៅ​វៀតណាម»។

លោក​ទួននិយាយ​ថា​ ក្រុម​អ្នក​ចូល​ចិត្តសាច់​ឆ្កែ​ភាគ​ច្រើន​បំផុត​គឺ​ជា​មនុស្ស​វ័យ​កណ្តាល។​ លោកឲ្យ​ដឹង​ទៀត​ថា​ ក្រុម​យុវជនទំនង​ជា​ចង់​យក​សត្វ​ទាំង​នោះ​ធ្វើ​ជា​សត្វចិញ្ចឹម​ជាង​ ដោយ​សារពួក​គេ​ធ្វើតាមអ្វី​ដែលមនុស្សទាំងឡាយ​បាន​ធ្វើនៅ​ក្នុង​សង្គម​លោក​ខាងលិច។

លោកចាត់​ទុកនិន្នាការបែប​នោះមួយ​ផ្នែក​ ថា​បានបណ្តាល​មក​ពីចំនួន​ម្ចាស់សត្វ​ចិញ្ចឹម​នៅ​ក្នុង​ប្រទេសបាន​កើន​ឡើង។

លោក​ថាញ់ កុក បាវ (Thanh Quoc Bao)​ ជាអ្នក​គ្រប់គ្រងជាន់​ខ្ពស់​នៅ​សមាគមខេណេលវៀតណាម (Vietnam Kennel Association)។

លោកបាវ ​និយាយ​ថា បើ​ទោះ​ជាគ្មាន​មនុស្ស​ច្រើន​បង្កាត់ពូជសត្វ​ឆ្កែ​នៅ​វៀតណាម​ ដូច​មាន​នៅតាម​បណ្តា​ប្រទេសដទៃ​ទៀត​ក៏​ដោយ ចំនួន​នេះបាន​កើន​ឡើងយ៉ាង​ខ្លាំងកាល​ពីទសវត្សរ៍មុន។ លោក​បន្ថែម​ទៀត​ថា សមាគម​នេះបាន​ជួយធ្វើ​ឲ្យ​មាន​ភាព​ជាក់​លាក់ចំពោះ​ការបង្កាត់ពូជសម្រាប់​ឆ្កែក្នុង​ស្រុក មាន​ដូចជាពូជសត្វ​ឆ្កែភូកុក (Phu Quoc) ជាឆ្កែដែល​បាន​ចេញ​សំដែង​នៅ​ក្នុងការ​បង្ហាញសត្វ​ឆ្កែពិភព​លោក (World Dog Show) នៅ​ទីក្រុងប៉ារីស ​ជា​លើក​ដំបូង​បង្អស់នៅ​ខែ​កក្កដាក្នុង​ឆ្នាំ​នេះ។

បើ​ទោះ​ជា​ពូជឆ្កែ​ខុស​គ្នា​ជាច្រើនត្រូវបាន​នាំចូល​ក្នុង​ប្រទេស​វៀតណាម​ក៏ដោយ ក៏​លោក​បាវ​និយាយ​ថា កន្លង​មក ពូជ​ឆ្កែដ៏​ល្បី​ល្បាញ​បំផុត​នោះគឺពូជ​ឆ្កែធំៗរបស់អាឡឺម៉ង់ ហៅ ​German Shepherd។ សត្វនេះធំ​ពេញរូបរាងអាចមាន​តម្លៃ​ជិត១​ពាន់​ដុល្លារ ដែលជាចំនួន​១០​ដង នៃប្រាក់​បៀវត្សប្រចាំ​ខែ​ជា​មធ្យម។

ក្នុង​នាម​ជាអ្នក​ស្រឡាញ់​ឆ្កែ លោក​បាវទទូច​ឡើង​ថា លោក​មិន​បរិភោគ​សាច់​ឆ្កែ​ទេ ហើយគិត​ថា អ្នក​បង្កាត់​ពូជ​ឆ្កែ​ដទៃ​ទៀតក៏​មាន​អារម្មណ៍​ដូចគ្នា​ដែរ។

លោក ទ្រិញ អាន់ង៉ុក (Trinh Anh Ngoc) មាន​វ័យ​២៧​ឆ្នាំ ជា​ឆ្មាំ​សន្តិ​សុខនៅ​ឯ​ក្រុមហ៊ុនមួយ​នៅ​ទីក្រុង​ហាណូយ។ កាល​ពី​៩​ខែ​មុន លោកបាន​ចំណាយ​ប្រាក់​អស់ចំនួន​៥០០​ដុល្លារ ដែល​ស្មើ​នឹង​បៀវត្ស​កាត់​បី​ខែ​ ដើម្បី​ទិញ​កូន​ឆ្កែ​ពូជរបស់អាឡឺម៉ង់ German shepherd។

លោកង៉ុក ថ្លែង​ថា បើ​ទោះ​ជា​លោកនឹង​ប្រើប្រាស់​សត្វ​នេះជា​ឆ្កែ​យាម​ផ្ទះ​ក៏ដោយ ក៏​លោកបានចំណាយប្រាក់ដោយសារលោកចាប់​អារម្មណ៍​លើការ​ហ្វឹកហ្វឺនឆ្កែ និង​ការ​បង្កាត់ពូជឆ្កែ។ លោក​ថ្លែង​ថា ឆ្កែនេះ​ជា​មិត្ត​របស់​លោក ដូច្នេះលោកនឹង​មិន​បរិភោគ​សាច់​ឆ្កែ​នេះ​ជា​ដាច់​ខាត។

តែ​ទោះ​ជា​យ៉ាង​ណា លោកគ្មាន​អារម្មណ៍​ខ្ពើម​រអើមចំពោះ​ការ​បរិភោគ​សាច់​សត្វ​ឆ្កែ​ដទៃ​ទេ។

លោកនិយាយ​ថា សត្វ​ឆ្កែ​វៀតណាម​មិន​សូវ​ឆ្លាត​ដូច​ឆ្កែរបស់​ប្រទេស​លោក​ខាង​លិច​ទេ ហើយសាច់​ឆ្កែ​នេះមិន​សូវ​មាន​ជាតិខ្លាញ់ ដូច្នេះលោកចូល​ចិត្តទៅ​ភោជនីយដ្ឋានដើម្បី​ពិសារសាច់ឆ្កែ។

លោក​ទួន​ នៃអង្គការ​សត្វ​អាស៊ី មាន​ប្រសាសន៍​ថា ភាពមិន​ច្បាស់​លាស់​ចំពោះម្ចាស់​កម្មសិទ្ធិលើ​សត្វ​ឆ្កែ និង​ការ​ពិសារ​សាច់​ឆ្កែ គឺ​ជា​ទម្លាប់​នៅ​វៀតណាម។

«ខ្ញុំ​ពិតជា​ដឹង​ថា អ្នក​ដែលមាន​សត្វ​ឆ្កែ​ចិញ្ចឹម​នៅ​តែ​ពិសារសាច់​ឆ្កែដដែល ប៉ុន្តែ​ពួកគេ​នឹង​មិន​ពិសារសាច់​ឆ្កែ​របស់​ខ្លួនទេ។ ខ្ញុំបាន​និយាយ​ជាមួយ​មនុស្សមួយ​ចំនួន ដែលពិសារសាច់ឆ្កែជា​ប្រចាំ ហើយពួកគេស្រឡាញ់ឆ្កែរបស់​ពួកគេ​។ ខ្ញុំ​ស្គាល់នារី​ម្នាក់ដែលមាន​កូន​ឆ្កែតូចមួយ​ឈ្មោះ ឈីហ្វាហ្វា​(Chihuahua)។ នាង​យួរ​ឆ្កែនោះ​នៅ​ក្នុងកន្រ្តកតូចមួយចុះ​ឡើងៗ​រាល់​ថ្ងៃ ប៉ុន្តែនាងពិសារ​សាច់​ឆ្កែជា​ប្រចាំ។ ខ្ញុំ​សួរ​នាង​ថា​តើ​ហេតុ​អ្វីបាន​ជានាងពិសារសាច់​ឆ្កែ ហើយនាងប្រាប់​ខ្ញុំ​វិញ​ថា នាង​ចូល​ចិត្ត​រសជាតិ​នេះ។ ចំពោះ​ខ្ញុំ​ ហាក់​ដូចជា​មាន​កង្វះ​ការ​ទាក់​ទង​គ្នានៅកន្លែង​ណា​មួយ គឺ​ រវាង​អ្វីដែល​ពួកគេមើល​ឃើញ​នៅ​ក្នុង​សត្វ​ឆ្កែរបស់​ពួកគេ ហើយ​នឹង​អ្វី​ដែលពួកគេ​មើល​ឃើញនៅ​លើចាន»។

លោក​ទួន​ ​និយាយ​ថា លោកគ្មាន​សុទិ្ទដ្ឋិនិយម​ទេ​ថា សាច់​ឆ្កែ​នឹងត្រូវលុប​ចេញ​ពីបញ្ជី​រាយ​មុខ​ម្ហូប​នាពេល​អនាគតដ៏​ខ្លី​ខាង​មុខ​ បើ​ទោះ​ជា​មនុស្ស​កាន់​តែ​ច្រើនចិញ្ចឹមឆ្កែជាគូកន​របស់​គេ​នោះ​ក៏​ដោយ៕

ប្រែសម្រួល​ដោយ​ លី​ សុខឃាង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG