ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សំណួរ​របស់​អ្នក​ស្តាប់​យើង​នៅ​សប្តាហ៍​នេះ​មក​ពី​ប្រទេស​ឥណ្ឌា។​ លោក ​K. ​Jameel​ Ahmed​ ចង់​ដឹង​អំពី​ក្រុម​អ្នក​ទទួល​ទាន​បន្លែ​នៅ​ក្នុង​ស.រ.អ.។

ដើម្បី​ឆ្លើយ​ទៅ​សំណួរ​នេះ​ ជា​ដំបូង​យើង​សូម​ពណ៌នា​អំពី​បែប​បទ​មួយ​ចំនួន​ដែល​ជន​ជាតិ​អាមេរិកាំង​ឲ្យ​អត្ថ​ន័យ​អាហារ​ធ្វើ​ពី​បន្លែ​និង​ផ្លែ​ឈើ​សុទ្ធ​សាធ។

អ្នក​ស្រី ​នុច ​សារីតា​ ប្រែ​សម្រួល​អត្ថបទ​ Special​ English​ អំពី​រឿង​នេះ​មាន​សេចក្តី​ដូច​ត​ទៅ៖

ក្រុម​អ្នក​ទទួល​ទាន​បន្លែ​ខ្លះៗ​មិន​បរិភោគ​ផលិត​ផល​ណា​និមួយ​ដែល​ធ្វើ​អំពី​សាច់​ ឬ​ម្ហូប​ចំណី​ណា​ដែល​ធ្វើ​អំពី​ផលិត​ផល​សត្វ មាន​រួម​ទាំង​ផលិត​ផល​ទឹក​ដោះ​គោ​ ពង​មាន់​និង​ទឹក​ឃ្មុំ។​ អាហារ​បែប​នេះ​គេ​ហៅ​ថា​ អាហារ​បន្លែ​សុទ្ធ។​ ក៏​ប៉ុន្តែ​ក្រុមអ្នក​ទទួល​ទាន​បន្លែ​ ភាគ​ច្រើន​បញ្ចូល​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​នៅ​ក្នុង​អាហារ​របស់​ពួក​គេហើយ​មាន​អ្នក​ទទួល​ទាន​បន្លែ​ជា​ច្រើន​បរិភោគ​ពង​មាន់។​ មនុស្ស​ខ្លះ​គេ​ចាត់ទុ​ក​ខ្លួន​គេ​ថា​ ​ជា​អ្នក​ចូល​ចិត្ត​ទទួល​ទាន​បន្លែ​ ពីព្រោះ​ពួក​គេ​មិន​ទទួល​ទាន​សាច់​ ឬ​មាន់ ​ទា ​ក្ងាន​ទេ ​ ក៏ប៉ុន្តែ​គេ​ទទួល​ទាន​ត្រី។

មាន​ហេតុ​ផល​ច្រើន​ណាស់​ដែល​មនុស្ស​ជ្រើស​យក​ការ​ទទួល​ទាន​អាហារ​បន្លែ។​ មាន​សាសនា​ខ្លះ​ ដូច​ជា​ពួក​អ្នក​កាន់​សាសនា​ហិណ្ឌូ​ ប្រកាន់​យក​ការ​ទទួល​ទាន​បន្លែ​ជា​ផ្នែក​នៃ​កិច្ច​ប្រឹង​ប្រែង​មួយ ​គ្មាន​អំពើ​ឃោរ​ឃៅ​ទៅ​លើ​សត្វ។​ នៅ​មាន​មនុស្ស​ដទៃៗ​ជា​ច្រើន​ទៀត​ ដែល​មិន​ទទួល​ទាន​សាច់​សោះ​នោះគឺ​គ្មាន​ហេតុផល​ទាក់​ទង​នឹង​សាសនា​ទេ។​ ពួក​គេ​ជឿ​ថា​ ការ​សម្លាប់​សត្វ​ក្នុង​កសិដ្ឋាន​ធ្វើ​ជា​ចំណី​អាហារ​ ជា​អំពើ​ខ្វះ​សីល​ធម៌​និង​គ្មាន​មេត្តា។

ក្រុម​អ្នក​ទទួល​ទាន​បន្លែ​ខ្លះៗ​ទៀត​ជឿ​ថា ការ​ទទួល​ទាន​អាហារ​ធ្វើ​ពី​បន្លែ​ច្រើន​មាន​សុខ​ភាព​ល្អ។​ សមាគម​ចំណី​អាហារ​អាមេរិកាំង​និយាយ​ថា​ អ្នក​ទទួល​ទាន​បន្លែ​ជា​ញឹក​ញាប់​មាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម ​និង​សម្ពាធ​ឈាម​ទាប​ ក៏​ដូច​គ្នា​នឹង​អត្រា​ទាប​នៃ​រោគ​មហា​រីក​ខ្លះៗ​ ​ហើយ​និង​រោគ​ទឹក​នោម​ផ្អែម​ផង​ដែរ។

នៅ​មាន​ក្រុម​អ្នក​ទទួល​ទាន​បន្លែ​ខ្លះៗ​ទៀត​មិន​ទទួល​ទាន​សាច់​ដោយ​ហេតុ​ផល​នៃ​បរិដ្ឋាន។ ​ មាន​ការ​សិក្សា​ខ្លះ​បង្ហាញ​ថា​ ឧស្សាហ​កម្ម​ចិញ្ចឹម​សត្វ​ធំៗ​នៅ​ក្នុង​កសិដ្ឋាន​ធ្វើ​ឲ្យ​កខ្វក់​ទឹក​និង​អាកាស​ ឲ្យ​ខូច​ដី​និង​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ។

អង្គការ​របស់​ក្រុម​អ្នក​បរិភោគ​បន្លែ​ហៅ ​Vegeterian ​Resource​ Group​ នៅ​ទី​ក្រុង​Baltimore​ រដ្ឋ​ Maryland ​បាន​ធ្វើ​ការ​សិក្សា​មួយ​នៅ​ឆ្នាំ​២០០៦​ អំពី​ចំនួន​នៃ​ក្រុម​អ្នកបរិភោគ​បន្លែ​នៅ​ក្នុង​ ស.រ.អ.។ ​ប្រមាណ​២,​៣ភាគ​រយ​នៃ​មនុស្ស​ពេញ​វ័យ​ដែល​គេ​បានសាក​សួរ​និយាយ​ថា​ ពួក​គេ​ជា​អ្នក​ទទួល​ទាន​បន្លែ។ ៦,៧​ភាគ​រយ​បាន​និយាយ​ថា​ ពួក​គេ​មិន​ដែល​បរិភោគ​សាច់​សោះ។​ នេះ​ជា​ការ​សិក្សា​តូច​មួយ ​ដូច្នេះ​លទ្ធ​ផល​អាច​មិន​ត្រឹម​ត្រូវ​ណាស់​ណា​ទេ។​ ក៏​ប៉ុន្តែ​ការ​សិក្សា​ពី​ដំបូងៗ​ក៏​បាន​រក​ឃើញ​ដែរ​ថា​ មាន​ប្រមាណ​ពីរ​ភាគ​រយ​នៃ​ជន​ជាតិអាមេរិកាំង​និយាយ​ថា​ ពួក​គេ​ជា​ក្រុម​អ្នក​បរិភោគ​បន្លែ។

ទោះ​ជា​យ៉ាង​ណា ​សមាគម​ចំណី​អាហារ​អាមេរិកាំង​និយាយ​ថា ​ចំណូល​ចិត្ត​ក្នុង​ការ​បរិភោគ​បន្លែ​កំពុង​កើន​ឡើង​ជា​លំដាប់។​ អង្គការ​ មាន​ដូច​ជា​ក្រុម ​Vegetarian ​Resource​ Group​ និង​ក្រុម​មនុស្ស​មាន​សីល​ធម៌​ដល់​សត្វ​ហៅ ​People​ for​ the ​Ethical ​Treatment ​of ​Animals​ ឬ​ហៅ​ PETA ​បាន​ឲ្យ​ដំបូន្មាន​អំពី​ថា​ តើ​ធ្វើ​ដូចម្តេច​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​ទទួល​ទាន​បន្លែ​បាន​ នៅ​ក្នុង​គេហ​ទំព័រ​នៃ​Websites​ របស់​ពួក​គេ​។​ អង្គការ​ PETA ​ក៏​ប្រាប់​ដែរ​ថា​ តើ​ធ្វើ​ម្ហូប​ដោយ​គ្មាន​ សាច់​នោះ​មាន​វិធី​ធ្វើ​ដូច​ម្តេច​ខ្លះ? ​ ហើយ​អង្គការ​នេះ​បាន​ចុះ​សារ​របស់​ក្រុម​អ្នក​បរិភោគ​បន្លែ​មាន​ឈ្មោះ​ល្បី​ មាន​រួម​ទាំង​តារា​ភាព​យន្ត​នាង​ Alicia​ Silverstone និង​អ្នក​ចម្រៀង​ Moby​ ផង​ដែរ។​ អ្នក​និពន្ធ​ម្ហូប​លោក​ Michael ​Pollan ​មាន​សំណូម​ពរ​មួយ​សមរម្យ​ជាង​ការ​និយម​ទទួល​ទាន​បន្លែ​សុទ្ធ​សាធ។​ ​លោក​មាន​ប្រសាសន៍​ថា​ ជន​ជាតិ​អាមេរិកាំង​គួរ​តែ​ទទួល​ទាន​ អាហារ​ដូច​ជា​មនុស្ស​ពី​ជំនាន់​មុនៗ។ ​លោក​ថា ពួក​គេ​គួរ​បរិភោគ​អាហារ​ ដែល​ដុះ​ដោយ​ធម្មជាតិ​ឲ្យ​បាន​ចំនួន​តិច​ ដែល​ភាគ​ច្រើន​គឺ​កូន​រុក្ខ​ជាតិ៕

XS
SM
MD
LG