ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​សម្លាប់​មនុស្ស​ជិត​២ពាន់នាក់


រូបឯកសារ៖ លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ឆ្នាប់សាធារណៈ ផ្តល់កិច្ចសម្ភាសន៍​ដល់​ VOA កាលពីថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ២០០១៨ នៅ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង សណ្តាប់ឆ្នាប់សាធារណៈ។ (ធីតា វីន/VOA)
រូបឯកសារ៖ លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ឆ្នាប់សាធារណៈ ផ្តល់កិច្ចសម្ភាសន៍​ដល់​ VOA កាលពីថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ២០០១៨ នៅ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង សណ្តាប់ឆ្នាប់សាធារណៈ។ (ធីតា វីន/VOA)

​អ្នកជំនាញ​ផ្នែក​ចរាចរណ៍​លើក​ឡើង​ថា​ ​កត្តា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ភាគ​ច្រើន​កើត​ឡើង​ដោយសារ​ឥរិយាបទ​របស់​អ្នក​បើកបរ​ ​និង​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថ​កិច្ច​មាន​ភាព​ធូរ​រលុង។

យ៉ាងហោច​ណាស់​មនុស្ស​ជិត​១.៨០០​នាក់បាន​បាត់​បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវក្នុង​ឆ្នាំ​២០១៨​គឺ​ថយ​ចុះជិត​១០០​នាក់​ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧​ ​ដែល​ចំនួន​នេះ​នៅ​តែ​គួរ​ឲ្យ​បារម្ភ​សម្រាប់​កម្ពុជា។​ ​ នេះ​បើតាម​ការ​បញ្ជាក់​របស់​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ។​

លោក​ ​រុន រ័ត្នវាសនា​ ​ប្រធាន​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍​ ​និង​សណ្ដាប់​ធ្នាប់​សាធារណៈ​នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​បាន​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ក្នុង​មួយ​ឆ្នាំ​ពេញ​នៃ​ឆ្នាំ​២០១៨ ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន​ជាង​៣​ពាន់​លើក(៣២៦៧)ថយ​ចុះ​ជិត​៣០០​លើក​ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧។​ ​លោក​បន្ថែម​ថា ​មនុស្ស​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ដោយ​រាប់​តែ​នៅ​លើ​ផ្លូវ​ មិន​រាប់​តាម​មន្ទីរពេទ្យ​គឺ​មាន​ចំនួន​ជិត​១៨០០​នាក់​ ​(១៧៦១​នាក់) ថយ​ចុះ​២០​នាក់​ ​ចំណែក​អ្នក​រង​របួស​ទាំង​ធ្ងន់ ​និង​ស្រាល​មាន​ចំនួន​ជិត​៥​ពាន់​នាក់ ​ថយ​ចុះ​ជិត​៨០០​នាក់ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧។​

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​រូប​នេះ​បន្ថែម​ថា ​បើទោះ​បី​ជា​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ការ​ថយ​ចុះ ​ប៉ុន្តែ​បើ​ធៀប​នឹង​តួលេខ​ប្រជាជន​នៅ​កម្ពុជា​ដែល​មានជាង​១៦​លាន​នាក់​ ស្ថានភាព​នេះ​នៅ​តែ​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ ខណៈ​ដែល​សីលធម៌​ក្នុង​ការ​បើកបរ​និង​ការ​មិន​គោរព​ច្បាប់​របស់​ប្រជា​ពលរដ្ឋ​គឺ​ជា​កត្តា​ចម្បង​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍។​

លោក​បញ្ជាក់​ថា៖​

«ការ​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹងក៏​នៅ​តែ​មនុស្ស​ ​ព្រោះ​មនុស្ស​ដឹង​ថា ​ខ្លួន​ស្រវឹង​ហើយ​ក៏​នៅ​តែ​បើក​ ​ ហើយ​មនុស្ស​ដែល​គិត​ថា​ ​បើក​បរ​ដែល​លើស​ល្បឿន​ ​ដែល​យើងឃើញ​ថា​ ​នៅ​មាន​តួ​លេខ​លើស​ល្បឿន ​ហើយ​ស្រវឹង​ ​ការ​វ៉ា​ជែង​ដែល​ស្លាប់​នៅ​លើ​ដង​ផ្លូវ​ហ្នឹង​ ​វា​នៅ​តែ​កត្តា​មនុស្ស​ដដែល​ ​ព្រោះ​អ្នក​ហ្នឹង​ដឹង​ថា ​វ៉ា​ទៅ​វា​ខុស​ហ្នឹង​ច្បាប់​ ​ជែង​ទៅ​វា​បណ្តាល​ឲ្យ​គ្រោះថ្នាក់ ​ប៉ុន្តែ​គាត់​នៅ​តែ​ជែង។​ ​ហើយ​មួយ​ទៀត​គឺ​ការ​បើក​បរ​ក្នុង​ភាព​ប្រថុយ​ប្រថាន។​ ​គាត់​យល់​ថា អាហ្នឹង​វា​ខុស​ហើយ​ ហើយ​វ៉ា​ទៅ​វា​មាន​គ្រោះថ្នាក់ ​ប៉ុន្តែ​គាត់​វ៉ា​ទៅ ​ពេល​ខ្លះ​ហ្នឹងវា​អាច​គ្រោះថ្នាក់​តែម្តង។ អា​ហ្នឹង​វា​ជា​បញ្ហា​ដែរ»។​

លោក​ ​រុន រ័ត្នវាសនា​ ​បន្ថែម​ថា ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​កំពុង​ផ្សព្វផ្សាយ និងចាត់​វិធាន​ការ​បន្ថែម ​ធ្វើ​យ៉ាង​ណា​ឲ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជាកាន់​តែ​ថយ​ចុះ​ជា​បន្ត​បន្ទាប់។​

លោក​ ​គង់ រតនៈ​ ​អនុ​ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​លើក​ឡើង​ថា​ ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ភាគ​ច្រើន​កើត​ឡើង​ដោយសារ​ការ​មិន​គោរព​ច្បាប់​ ​ឥរិយាបថ​នៃ​ការ​បើកបរ​របស់​ប្រជា​ពលរដ្ឋ ​និង​កត្តា​នៃ​ការ​អនុវត្ត​ច្បាប់របស់​អាជ្ញាធរ​មាន​ភាព​ធូរ​រលុង។​ ​លោក​បន្ថែម​ថា ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ និង​ការ​បើកបរ​ប្រកប​ដោយ​ការ​យោគយល់ និង​ស្មើភាព​គ្នាគឺ​ជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។​

លោក​បញ្ជាក់​ថា៖​

«ឥរិយាបថ​របស់​អ្នក​ប្រើប្រាស់​ផ្លូវ​ថ្នល់​ហ្នឹង​គឺ​គាត់​នៅ​តែ​ពិសារ​គ្រឿង​ស្រវឹង។​ ​គាត់​នៅ​តែ​អត់​ចេះ​ច្បាប់​ចរាចរណ៍ ឬ​ក៏​ជួនកាល​គាត់​ចេះ​ហើយ ​ក៏​ប៉ុន្តែ​គាត់​នៅ​តែ​មិនព្រម​អនុវត្ត ​មិនព្រម​គោរព​តាម។​ ​អ៊ីចឹងដើម្បី​កែប្រែ​ឥរិយាបថ​ហ្នឹង​គឺ​យើង​ទាមទារ​ឲ្យ​មាន​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ​ប៉ុន្តែ​មក​ទល់​ពេល​នេះ ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​របស់​យើង​គឺ​យើង​ឃើញ​ហើយ​ថា ​ការ​ធ្វើ​ហ្នឹង​ធ្វើ​ក្នុង​រូបភាព​មួយដែល​អត់​ទាន់​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​ ​គ្រប់​ទីកន្លែង​ ​ហើយ​ឲ្យ​មាន​លក្ខណៈ​សុក្រឹត្យ​១០០%​ហ្នឹងគឺ​យើង​អត់​ទាន់​ឃើញ​មាន​ល្អ​នៅ​ឡើយ​ទេ»។​

គ្រោះថ្នាក់​ចរាចរណ៍បាន​ និង​កំពុង​សម្លាប់​មនុស្សជា​រៀង​រាល់ថ្ងៃ​នៅ​កម្ពុជា​ ​ច្រើន​ជាង​ជំងឺ​ទូទៅ​ផ្សេងៗ​ទៀត។​ ​បើ​គិត​ជា​មធ្យម​ ​មួយ​ថ្ងៃ​មាន​មនុស្ស​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន​៥​នាក់។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​គេ​ឃើញ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ច្រើន​បាន​កើត​ឡើង។​ ​ក្នុង​នោះ ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​ធ្ងន់ធ្ងរ​ជាង​គេគឺ​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​កុងតឺន័រ​ ​និង​រថយន្ដ​ធុន​តូច​ប្រមាណ​ជា​២០​គ្រឿង​ ដែលបុក​បន្តបន្ទាប់​គ្នា​ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ ​ជិត​ជ្រោះ​ពេជ្រនិល ក្នុង​ស្រុក​ភ្នំស្រួច​ ​ខេត្ត​កំពង់ស្ពឺ។​ ​គ្រោះ​ថ្នាក់​ចរាចរណ៍នោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ​និង​របួស​ចំនួន​៨​នាក់ ​ដែល​បណ្តាល​មកពី​រថយន្ត​កុងតឺន័រ​ដាច់​ហ្វ្រាំង។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​សម សាមួន ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ៕

XS
SM
MD
LG