ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Abbas ​ប្រធានាធិបតី​ដែន​ដី​ប៉ាឡេស្ទីន​ចូល​រួម​បុណ្យ​សព​ប្រធានាធិបតី Peres​នៃ​ប្រទេស​អ៊ីស្រាអែល


លោក Bill Clinton អតីត​ប្រធានាធិបតី​អាមេរិក​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​ប្រធានាធិបតី Shimon Peres នៅ​ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។
លោក Bill Clinton អតីត​ប្រធានាធិបតី​អាមេរិក​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​ប្រធានាធិបតី Shimon Peres នៅ​ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។

ប្រធានា​ធិបតី​ប៉ាឡេស្ទីន Mahmoud Abbas ​មាន​ផែនការ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ធានី ហ្ស៊េរុយសាឡិម ​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ចូលរួម​ពិធី​បុណ្យ​សព​របស់​លោក Shimon Peres ​អតីត​ប្រធានាធិបតី​ និង​នាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​អ៊ីស្រាអែល។

​ក្នុង​ការ​ចូល​រួម​ពិធី​បុណ្យសព​នោះ ​ប្រធានាធិបតី ​Abbas ​សង្ឃឹម​ថា ​នឹង​ផ្ញើ​សារ​ដ៏​ខ្លាំង​មួយ​ទៅ​កាន់​សង្គម​អ៊ីស្រាអែល​ថា ពលរដ្ឋ​ប៉ាឡេស្ទីន​ស្រឡាញ់​សន្តិភាព ​ហើយ​និងវាយ​តម្លៃ​ខ្ពស់​ដល់​កិច្ច​ខំ​ប្រឹងប្រែង​ដើម្បី​សន្តិភាព​ដល់​មនុស្ស​នានា​ដូចជា លោក Shimon Peres នេះ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​ប៉ាឡេស្ទីន​ម្នាក់។

​លោក​ Abbas ​មិន​បាន​បំពេញ​ទស្សនកិច្ច​ទីក្រុង​ហ្ស៊េរុយសាឡិម​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក ​ហើយ​លោក​ជា​មេដឹកនាំ​អារ៉ាប់​លើក​ដំបូង​ដែល​បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ការស្លាប់​លោក Peres ​កាល​ពី​ថ្ងៃ​ពុធ។​ ព្រះមហាក្សត្រ Abdullah ​នៃ​ប្រទេស​ហ្ស៊កដានី ​បាន​សម្តែង​នូវ​ការ​ចូលរួម​រំលែក​ទុក្ខ​ដល់​ប្រទេស​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ​ការ​ស្លាប់​របស់​លោក Peres មិន​មាន​ប្រតិកម្ម​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​អារ៉ាប់​ភាគ​ច្រើន ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ជំទាស់​ប្រឆាំង​ជា​យូរ​យារ​ណាស់​មក​ហើយ​របស់​លោក​ដល់​អ៊ីស្រាអែល។

ទោះ​ជា​យ៉ាង​ណាក៏ដោយ ​ពួក​មេដឹកនាំ​ប្រទេស​លោក​ខាង​លិច ​បាន​បង្ហាញ​នូវ​ការ​ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ខ្លាំង​ពី​ការ​ស្លាប់​របស់​អតីត​មេដឹកនាំ​អ៊ីស្រាអែល​រូប​នេះ។​ លោក​ Bill Clintonអតីត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​បាន​អញ្ជើញ​ទៅ​ដល់​រដ្ឋធានី ហ៊្សេរុយសាឡិម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ចូលរួម​កាន់​ទុក្ខ​ជាមួយ​ជន​ជាតិ​អ៊ីស្រាអែល​រាប់​ពាន់​នាក់​ទៀត​នៅ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​សាធារណៈ​មួយ​ដែល​នៅ​ទី​នោះ​ក្តារមឈូសរបស់​លោក Peres បាន​ត្រូវ​ដាក់​នៅ​ខាង​ក្រៅ​រដ្ឋ​សភា។

លោក​ Clinton ​និង​ប្រធានាធិបតី​ប៉ាឡេស្ទីន​ Abbas ​នឹង​ចូលរួម​ពិធី​បុណ្យ​សព​នៅ​ថ្ងៃ​សុក្រ​នេះ​រួម​ជាមួយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​ហើយ​និង​អតីត​មេដឹកនាំ​ និង​មេដឹកនាំ​នា​ពេល​បច្ចុប្បន្ន​នេះ​រាប់​សិប​នាក់​ទៀត​របស់​ពិភពលោក។

លោក Peres ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​កាល​ពី២សប្តាហ៍​មុន ​ហើយ​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ពុធក្នុង​ជន្មាយុ​៩៣ឆ្នាំ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ក្នុង​ទីក្រុង Tel HaShomer៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG