ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្មវិធីទម្លាយពីបទល្មើសសត្វព្រៃ


រូបឯកសារ៖ គំនរ​វត្ថុសិល្បៈ​ធ្វើ​ពី​គ្រឿង​ភ្លុក​ត្រូវ​បានគេ​ដាក់​តាំង​នៅ​ទីលាន Times Square ក្នុង​ទីក្រុង​ញូវយ៉ក កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៥។

ការ​បរ​បាញ់​សត្វ​ដោយ​លួច​លាក់​ និង​គ្មាន​ការ​ទប់​ស្កាត់​នៅ​ទូទាំង​​ទ្វីប​អាហ្រ្វិក​ បាន​បណ្តាល​ឲ្យ​សត្វ​ដំរី​ រមាស​ និង​សត្វ​ព្រៃ​មាន​តម្លៃ​ផ្សេង​ទៀត​ ឈាន​ទៅ​រក​ការ​វិនាស​ផុត​ពូជ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានកម្មវិធីមួយដែលមិនសូវ​ត្រូវបាន​គេចាប់​អារម្មណ៍នោះ ​អាច​ជួយ​បង្រ្កាប​បទ​ល្មើស​ទាំង​នេះបាន។ កម្មវិធីនោះមានឈ្មោះថា កម្មវិធីរាយការណ៍ទម្លាយបទល្មើសសត្វព្រៃ ឬ The Wildlife Whistleblower Program។

កម្មវិធីរាយការណ៍ទម្លាយបទល្មើសសត្វព្រៃ ​គឺជា​ការ​កម្មវិធីផ្ដួច​ផ្ដើម​ របស់​មជ្ឈមណ្ឌលជាតិទម្លាយការណ៍សម្ងាត់​ National Whisterblower Center មាន​ទីតាំង​នៅ​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។ កម្មវិធីនេះ​អនុញ្ញាតឲ្យគេរាយការណ៍ជាអនាមិកតាម​ប្រព័ន្ធ​អ៊ីនធឺណិត អំពី​បទ​ល្មើស​សត្វ​ព្រៃ។ បទ​ល្មើស​ដែលគេ​អាច​រាយការណ៍​មកបាន​ មាន​ដូចជា​ ការ​លួច​បរបាញ់​ និង​ការ​ជួញដូរ​សត្វ​ព្រៃខុស​ច្បាប់ ការ​កាប់បំផ្លាញ់​ព្រៃ​ស្រោង និង​ការ​ចាប់​សត្វផ្សោត​ដោយ​មិន​សម​ស្រប។

កម្ម​វិធី​ជាអន្តរជាតិ​នេះ​ ​ផ្ដល់ការសម្ងាត់ និង​រង្វាន់​ជា​ថវិកា​ដល់​អ្នក​រាយការណ៍​ពី​បទ​ល្មើស​ទាំង​នោះ ​ ប្រសិន​បើមាន​រឿង​ក្ដី​ណា​មួយ​អាច​ឈាន​ទៅ​ដល់​ការ​ផ្តន្ទា​ទោស​ដោយ​ជោគជ័យ។

មជ្ឈមណ្ឌលជាតិទម្លាយការណ៍សម្ងាត់ ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ បានថ្លែង​ថា​ មជ្ឈមណ្ឌល​នេះ​ គឺជា​អង្គការតស៊ូមតិ​ផ្នែក​ច្បាប់​ សម្រាប់​ការពារ​ដល់​«សិទ្ធិ​បុគ្គល​ណាដែល​រាយការណ៍​ពី​ទង្វើ​ខុស​ច្បាប់​ ​ដោយ​គ្មាន​ការភ័យ​ខ្លាចថានឹងមាន​សងសឹក​ត្រឡប់មកវិញ»។​

លោក​ស្រី​ Ashley Binetti ​ប្រធានផ្នែក​ប្រតិបត្តិ​កម្មវិធី​នេះ​បាន​និយាយ​ថា​ កម្ម​វិធី​ជីវិត​សត្វ​ព្រៃ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពីនាយក​ប្រតិបត្តិ​ បាន​ដឹង​ច្បាស់​អំពី​ច្បាប់​ការពារ​ជីវិត​សត្វ​ព្រៃ​របស់​សហ​រដ្ឋ​អាមេរិក​ ដែល​មានរួម​បញ្ចូលការ​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ ប៉ុន្តែ​ការ​ផ្តល់​រង្វាន់​នេះ​មិន​ត្រូវ​បាន​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​ឡើយ។

លោក​ស្រី​យល់​ថា​ ការ​ធ្វើ​បែប​នេះ​នឹងមាន​ការ​ផ្លាស់​ប្តូរ​ ដោយសារ​តែ​អ្នក​ដែលរាយការណ៍​ពី​បទ​ល្មើស​នោះ ​ដឹង​ថា​អត្តសញ្ញាណ​របស់​ពួក​គេ​ នឹង​ត្រូវ​បាន​រក្សា​ជា​ការ​សម្ងាត់។

លោក​ស្រី​និយាយ​ថា៖ «កម្មវិធីនេះមានគោលដៅ២យ៉ាង។ ​មួយ​គឺ​ការ​បង្រៀនដល់​អ្នក​ដែលរាយការណ៍​អំពី​ឱកាស​នេះ​ និង​មួយ​ទៀត​ គឺ​ការ​បង្កើត​ទម្រង់​រាយការណ៍​តាម​ប្រព័ន្ធ​អ៊ីធឺណេត​ដែល​មាន​សុវត្ថិភាព​។ ក្នុងនោះបុគ្គល​ដែលមានព័ត៌មាន​ត្រូវ​រាយការណ៍ ​អាច​បញ្ជូន​សេចក្តី​រាយការណ៍​នេះមក​បាន ហើយ​បន្ទាប់​មក​អាច​ទាក់​ទង​ទៅ​មេធាវី​ដែល​ជួយបញ្ជូន​ព័ត៌មានទាំង​នោះ​ទៅកាន់​ស្ថាប័ន​ដែល​ទទួល​ខុស​ត្រូវ»។

លោក​ស្រី​ Binetti បន្ថែម​ថា៖ «វា​មិន​មែន​ដូច​ការ​រាយការណ៍​តាម​ប្រព័ន្ធ​បន្ទាន់មួយ​ ដែល​អ្នក​មិន​ដឹង​ថា​តើ​ព័ត៌មាន​របស់​អ្នក​នឹង​ត្រូវ​រក្សា​ជា​ការ​សម្ងាត់​ឬ​យ៉ាង​ណា​នោះ​ទេ»។

លោក​ស្រី​និយាយ​ថា​ ចំណុច​សំខាន់​មួយ​ទៀត​នៃ​គម្រោង​ប្រឆាំង​ការ​លួច​បរបាញ់​សត្វ​ដោយ​ខុស​ច្បាប់​នេះ​ គឺមាន​រង្វាន់​លើក​ទឹក​ចិត្ត​ជា​ទឹក​ប្រាក់។

អ្នក​ស្រី​ថ្លែង​យ៉ាងដូច្នេះថា៖ «រង្វាន់​សម្រាប់​អ្នក​ឲ្យ​ការណ៍​សម្ងាត់​នេះ​ បានធ្វើឡើង​ដោយ​ជោគ​ជ័យ​ដែល​មិន​នឹក​ស្មាន​ដល់​ ហើយមាន​ហេតុ​ផល​គ្រប់យ៉ាង ដែល​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា​ការងារគំរូ​នេះ​អាច​ធ្វើ​បន្ត​ទៀតបាន​ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ទម្លាយការណ៍សម្ងាត់​ទាក់ទងនឹង​សត្វ​ព្រៃ និងជួយ​ផ្លាស់​ប្ដូរ​វិបត្តិនៃការវិនាស​ផុត​ពូជសត្វ​ទាំង​នោះ។

វិបសាយ​ទាក់​ទង​នឹង​មជ្ឈ​មណ្ឌល​នៅ​សហ​រដ្ឋ​អាមេរិក

លោក​ស្រី​និយាយ​ថា អ្នក​គ្រប់​គ្នា​ដែល​បាន​ដឹង​អំពី​បទ​ល្មើស​សត្វ​ព្រៃ​ អាច​ទាក់​ទង​ទៅ​កាន់​មជ្ឈមណ្ឌល​បាន​ដោយ​ផ្តល់​សញ្ញា​តែ​មួយ​គត់​ ហើយ​អាច​បាន​ទទួល​រង្វាន់​ទៀត​ផង។​

លោក​ស្រី​ពន្យល់​បន្ថែមថា៖ «បទ​ល្មើស​អាច​កើត​ឡើង​នៅ​គ្រប់​កន្លែង​ ប៉ុន្តែ​វា​ត្រូវ​តែ​មាន​ជាប់​ទាក់​ទង​នឹង​សហ​រដ្ឋ​អាមេរិក។ នៅ​ក្នុង​ច្បាប់​ទាំង​នេះ​ វា​អាច​មាន​លក្ខណៈ​ទូលំ​ទូលាយ​ណាស់។ ជា​ឧទាហរណ៍​ តាម​ច្បាប់​ស្តី​ពី​ការ​រក្សា​ការពារ​អម្បូរ​សត្វ​ដែល​ជិត​ផុត​ពូជ​ (Lacey and Endangered Species Acts) ចែង​ថា​ ប្រសិន​បើ​ផលិត​ផល​សត្វ​ព្រៃ​មួយ​ត្រូវ​នាំចេញ​ទៅ​សហ​រដ្ឋ​អាមេរិក​ ឬ​នាំ​ចេញ​ពី​សហ​រដ្ឋ​អាមេរិក​ ឬ​ពល​រដ្ឋ​អាមេរិកាំង​ណា​ម្នាក់​មាន​ជាប់​ពាក់​ព័ន្ធ​ នោះ​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​រឿង​នោះ»។ សូម​មើល​វិប​សាយ​ដូច​ខាង​ក្រោម៖
https://www.fws.gov/international/laws-treaties-agreements/us-conservation-laws/lacey-act.html និង​
https://www.fws.gov/laws/lawsdigest/esact.html

ច្បាប់​មួយ​ទៀត​ដែល​អាច​យក​មក​ប្រើ​បាន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​សត្វ​ព្រៃ​ គឺ​ច្បាប់ស្តី​ពី​ការ​ប្រព្រឹត្តអំពើ​ពុក​រលួយ​បរទេស Foreign Corrupt Practices Act ដែល​បាន​ចែង​ថា បទ​ល្មើស​នៃ​ការ​ស៊ី​សំណូក​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ទំនិញ​ខុស​ច្បាប់​តាម​នាវា​ឬ​យន្ដ​ហោះ​ គឺ​ជា​បទ​ឧក្រិដ្ឋ។

សូម​ចូល​ទៅ​កាន់​វិបសាយ​នេះ៖
https://www.justice.gov/criminal-fraud/foreign-corrupt-practices-act

លោក​ស្រី Binetti បាន​ថ្លែង​បន្ត​ថា៖ «ដូច្នេះ ដោយ​ហេតុ​តែ​យើង​មាន​ច្បាប់​ស្ដី​ពី​បទ​ល្មើស​សត្វ​ព្រៃ​ ប៉ុន្តែ​វា​មិន​ត្រូវ​បាន​អនុវត្ត​ពេញ​លេញ​ ទាក់​ទង​នឹង​ចំណុច​អ្នក​ទម្លាយការណ៍​សម្ងាត់​នេះ​ យើង​ក៏​នៅមាន​ច្បាប់​ស្តី​អំពី​អំពើ​ពុក​រលួយ​បរទេស​ ដែល​ជា​ផ្លូវ​ដ៏​ល្អ​មួយ ​ដើម្បី​ចាប់​ផ្ដើមអនុវត្តន៍​រឿង​នេះ​ បើ​ទោះ​បី​ជា​យើង​មិន​បាន​ឃើញ​គេ​យក​វា​មក​ប្រើ​ក្នុងបញ្ហា​នេះ​ឲ្យ​អស់​លទ្ធភាព​ក៏​ដោយ»។

ដើម្បី​រាយការណ៍​អំពី​បទ​ល្មើស​សត្វ​ព្រៃ​ សាក្សីដែលដឹង​គួរ​តែ​ផ្ដល់​ព័ត៌មាន​ទៅ​ឲ្យ​មជ្ឈមណ្ឌលជាតិទម្លាយការណ៍​សម្ងាត់តាម​គេហទំព័រ​wildlifewhistleblower.org\submit-a-report

ប្រែ​សម្រួល​ដោយ សើ សាយ្យាណា

XS
SM
MD
LG