លោក សោម សម្បត្តិ ដែលជាអ្នកជំនួញល្បីឈ្មោះមួយរូប និងជាអ្នកប្រឹក្សាយោបល់អំពីការធ្វើជំនួញក្នុងប្រទេសកម្ពុជា ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺនៅដើមខែសីហាខាងមុខនេះ ក្នុងនាមជា«ជនសង្ស័យ» ពាក់ព័ន្ធនឹងការប្តឹងផ្តល់ចំនួន៥បទចោទ ដែលក្នុងនោះក៏មានបទញុះញង់ផងដែរ។
សាមីខ្លួនអះអាងថាលោកនឹងចូលទៅបំភ្លឺតាមការកោះហៅរបស់តុលាការ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ។
លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនខាំ-ផែន(CAM-PAINT) និងជាអ្នកដែលបង្រៀនអំពីការធ្វើជំនួញ ត្រូវបានតុលាការឱ្យចូលបំភ្លឺនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងពាក្យបណ្តឹងដែលប្តឹងចំនួន៥បទចោទ រួមមានបទរំលោភលើទំនុកចិត្ត បទរំលោភលើភាពល្ងង់ខ្លៅ ឬភាពទន់ខ្សោយ បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បទលួចលក់អចលនវត្ថុរបស់អ្នកដទៃ និងបទបំភាន់មន្ត្រីសុរិយោដីក្នុងការចុះបញ្ជី។
ពាក្យបណ្តឹងនេះធ្វើឡើងតាមរយៈមេធាវីចំនួន៣នាក់ដែលតំណាងឲ្យដើមបណ្តឹងម្នាក់ រួមមានមេធាវី លោក ឡុង បញ្ញាវុឌ្ឍ អ្នកនាង គឹម រ័ត្ននិមល និងលោក ឡុង អានន្តបញ្ញា។ នេះបើតាមដីកាកោះមួយរបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ដែលវីអូអេទទួលបាន។
លោក សោម សម្បត្តិ ប្រាប់វីអូអេនៅថ្ងៃពុធនេះថាលោកនឹងចូលបំភ្លឺ តាមការកោះហៅរបស់តុលាការ ដើម្បីបកស្រាយពីភាពស្អាតស្អំរបស់លោក។
លោកថ្លែងថា៖«ការចោទប្រកាន់នេះ គឺវាមិនមានភាពត្រឹមត្រូវ។ វារំលោភលើសុចរិតភាពរបស់ខ្ញុំ វារំលោភលើ សេចក្តីថ្លៃថ្នូនិងកិត្តិយសរបស់ខ្ញុំ ក៏ប៉ុន្តែផ្លូវច្បាប់ យើងត្រូវតែតស៊ូទៅតាមផ្លូវច្បាប់»។
លោកបានការពារខ្លួនថាលោកមិនបានធ្វើអ្វីដូចការចោទប្រកាន់របស់បុគ្គលម្នាក់ ដែលលោកបញ្ជាក់ថាមានឈ្មោះលោក សាមិត្ត វិរៈ ឬហៅ ពេជ្រ ធឿន ដែលបានប្តឹងរូបលោក។ លោកបន្ថែមថាលោកធ្លាប់ជួយដើមបណ្តឹងក្នុងការដោះស្រាយរឿងដីធ្លី អំឡុងឆ្នាំ២០១៧។
លោកបន្តថា៖ «យើងបានដោះស្រាយជាមួយមេធាវីគាត់ និងអ្នកដែលទំនាស់ជាមួយគាត់អស់ជាង៣០ម៉ឺនដុល្លារថែមពីលើទៀត។ ប៉ុន្តែគាត់ជាមនុស្សដែលលោភលន់ មិនចេះឆ្អែត ហើយគាត់ចេះតែរត់ពឹងមនុស្សម្នាក់ ហើយទៅមនុស្សម្នាក់ទៀតៗ»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីដើមបណ្តឹង លោក សាមិត្ត វិរៈ បាននៅឡើយទេ។
ចំណែកមេធាវី២នាក់ក្នុងចំណោម៣នាក់របស់ដើមបណ្តឹង ដែលវីអូអេបានទាក់ទងទៅ គឺលោក ឡុង បញ្ញាវុឌ្ឍ និងអ្នកនាង គឹម រ័ត្ននិមល សុំមិនបញ្ជាក់អ្វីបន្ថែមនោះទេ ដោយឱ្យអ្នកសារព័ត៌មានសំឡេងសហរដ្ឋអាមេរិកមើលតាមដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ។
ចំណែកលោក ឡុង អានន្តបញ្ញា មេធាវីម្នាក់ទៀតរបស់ដើមបណ្តឹង បញ្ជាក់យ៉ាងខ្លីថា ៖ «ខ្ញុំអត់ទាន់អាចឆ្លើយអីបានទេ ទុកឱ្យព្រះរាជអាជ្ញា តំណាងឱ្យរដ្ឋ ទទួលខុសត្រូវបណ្តឹងអាជ្ញា ដើម្បីឱ្យគាត់សួរចម្លើយសិនទៅ»។
ប្រសិនបើតុលាការរកឃើញកំហុសដូចការចោទប្រកាន់មែន នោះលោក សោម សម្បត្តិ អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារឬនិងពិន័យជាប្រាក់ផងដែរ៕