ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ហ្គំប៊ី៖ បក្ស​ប្រឆាំង​រួមគ្នា​អាច​ផ្លាស់ប្តូរ​ប្រកប​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ

  • ម៉ែន​ គឹមសេង

លោក Yahya Jammeh មេដឹកនាំ​ដែល​ចាញ់​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ហ្គំប៊ី​ លើក​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ ខណៈ​លោក​ចាក​ចេញ​ពី​ព្រលាន​យន្តហោះ​នៅ​ទីក្រុង​បង់ហ្សុល ​ប្រទេស​ហ្គំប៊ី កាល​ពី​ថ្ងៃ​ទី​២១ មករា។

កំណត់​និពន្ធ៖ ប្រទេស​ហ្គំប៊ី​មាន​ប្រធានាធិបតី​ថ្មី​បន្ទាប់​ពី​លោក​យ៉ាយ៉ា​ ជេម៉េ​បាន​នីរទេសខ្លួន​ចេញពី​ប្រទេស​និង​បញ្ចប់​ការកាន់អំណាច​ផ្តាច់ការ​រយៈពេល​២២ឆ្នាំ។ បទពិសោធន៍​ប្រទេស​ដែល​នៅ​តំបន់​អាហ្វ្រិក​ខាងលិច​នេះ​បង្ហាញ​ថា​ការរួបរួម​របស់​គណបក្ស​ប្រឆាំង​អាច​នាំ​ឱ្យ​មាន​ការផ្លាស់ប្តូរ​តាម​លទ្ធិ​ប្រជាធិបតេយ្យ។ ហើយ​ការមាន​អង្គការ​ក្នុងតំបន់​មួយ​ដែល​ខ្លាំង​អាច​ជួយ​បញ្ចៀស​វិបត្តិ​ធ្ងន់ធ្ងរ​បាន។ នេះ​ដោយសារ​តែ​លោក​អាដាម៉ា បារ៉ូ​ប្រធានាធិបតី​ថ្មី​បានឡើង​កាន់អំណាច​ដោយ​ស្របច្បាប់​ក្រោម​ការជួយ​អន្តរាគមន៍​ពី​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​បន្ទាប់ពីវិបត្តិ​នយោបាយ​រយៈ​ពេល​ខ្លីដោយសារ​លោក​ជេម៉េ​មិន​ទទួល​ស្គាល់​លទ្ធផលឆ្នោត។

ខាងក្រោម​នេះ​ជា​កិច្ច​សន្ទនា​រវាង​លោក​ម៉ែន គឹមសេង​នៃវីអូអេ​ជាមួយ​នឹង​លោក​អាប់ឌូរ៉ាម៉ាន់ ឌៀ អ្នក​យកព័ត៌មាន​វីអូអេ​នៃ​សេវា​ភាសា​បារាំង​ទៅកាន់​តំបន់​អាហ្វ្រិក​ដែល​យក​ព័ត៌មាន​ជាប្រចាំ​លើ​ការវិវត្តន៍​នយោបាយ​ក្នុង​ប្រទេស​ហ្គំប៊ី។

VOA៖ សូម​ជម្រាប​សួរ​លោកអាប់ឌូ!

អាប់ឌូរ៉ាម៉ាន់៖ សូម​ជម្រាប​សួរ!

VOA៖ នៅ​ថ្ងៃនេះ​លោក​អាដាមា បារ៉ូ​ ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ហ្គំប៊ី​បាន​វិល​ត្រឡប់​ចូល​ប្រទេស​វិញ។ តើ​លោក​នឹង​មាន​ផែនការ​ត្រូវ​ធ្វើ​អ្វី​បន្ទាប់​ពីនេះ?

អាប់ឌូរ៉ាម៉ាន់៖ អ្វីដែល​លោក​ត្រូវ​ធ្វើ​បន្ទាប់​គឺ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រងផ្ទាល់​របស់​គាត់​និង​រដ្ឋាភិបាល​មួយ។ លោក​បាន​តែងតាំង​រួចហើយ​នូវ​នាយករដ្ឋមន្ត្រី​មួយ​ដែលជាស្ត្រីធ្លាប់​ធ្វើការជាមួយ​នឹង​លោក​យ៉ាយ៉ា​ ជេម៉េ ប៉ុន្តែ​បាន​លាឈប់​ដោយសារតែ​មិនយល់ស្រប​នឹង​ការដឹកនាំ​របស់​លោក​ជេម៉េ។ គាត់​ត្រូវ​ស្វែង​រក​មនុស្សដែល​គាត់​ទុកចិត្ត​ដើម្បី​ឱ្យ​កាន់តំណែងកងទ័ពដែល​ជាការសំខាន់។

VOA៖ បាទសូមអរគុណ។ លោក​បារ៉ូ​ទទួល​ដឹកនាំប្រទេស​ដែល​ស្ទើរតែគ្មានថវិកាជាតិ​ហើយ​ជំពាក់បំណុល​ជាច្រើន។ តើ​លោក​នឹង​ជំរុញសេដ្ឋកិច្ច​យ៉ាងណាទៅវិញ?

អាប់ឌូរ៉ាម៉ាន់៖ នេះ​គឺជា​កិច្ចការ​សំខាន់​ណាស់​។ នៅថ្ងៃនេះ​ពេល​ដែល​លោក​ចាកចេញ​ពី​ប្រទេស​សេណេហ្កាល់​ លោក​នៅជាមួយ​នឹង​បេសកជន​អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​អាហ្វ្រិក​ខាង​លិច​ដែល​បាន​ធ្វើ​ការ​អំពាវនាវ​សារជាថី្ម ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​ប្រទេស​ហ្គំប៊ី​។ អីចឹង​ខ្ញុំ​គិតថា​ដំណាក់កាល​បន្ទាប់​គឺ​នឹង​មាន​កិច្ចប្រជុំ​ម្ចាស់​ជំនួយ​មួយ។ គាត់​ត្រូវធ្វើ​យ៉ាងណា​ទប់ស្កាត់យុវជនរាប់ពាន់នាក់​មិន​ឱ្យ​ធ្វើ​ចំណាកស្រុកទៀតព្រោះពួកគេ​គ្មានការងារធ្វើ​ក្នុង​ប្រទេស។

VOA៖ តើ​ជីវិត​នយោបាយ​របស់​យ៉ាយ៉ា​ ជេម៉េ​នឹង​ទៅជាយ៉ាងណាដែរ?

អាប់ឌូរ៉ាម៉ាន់៖ ពិបាកនិយាយ​ណាស់​ពីព្រោះ​នៅពេល​ដែល​គាត់​ចាកចេញ​មាន​ឯកសារ​មួយ​ដែល​ត្រូវ​បាន​គេ​ផ្សាយ​ថា​មាន​កិច្ចព្រមព្រៀង​ដែល​ធានា​អភ័យឯកសិទ្ធិ​ដល់​គាត់។ ប៉ុន្តែ​ប្រធានាធិបតី​ថ្មី​និយាយ​ថា​គេអត់​មាន​មក​ពិភាក្សា​ជាមួយ​នឹង​គាត់​លើ​កិច្ចព្រមព្រៀងនោះ​ទេ។ ដូច្នេះ​គឺសភាត្រូវតែ​ធានា​អភ័យ​ឯកសិទ្ធិ​ចំណែក​គាត់​គឺមិន​អាច​ធានា​អ្វី​ជូនទេ។ យើង​ដឹង​ថា​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អូស្មាន សុនកូ​ត្រូវបាន​អាជ្ញាធរ​ស្វីស​ចាប់​ខ្លួន។ តាមមើល​ទៅ​គេ​អាច​ទុក​ឱ្យ​លោក​ជេម៉េ​រួចខ្លួន​ប៉ុន្តែ​អ្នក​ដទៃទៀត​ប្រហែល​ជា​នឹង​ត្រូវ​ចាប់​ខ្លួន។

VOA៖ ប៉ុន្តែ​លោក​ប្រធានាធិបតី​បារ៉ូសន្យា​បង្កើត​តែគណៈកម្មការ​ស្វែង​រកការពិត​និង​ការផ្សះផ្សារ​ ជាតិ​តែ​ប៉ុណ្ណោះ។

អាប់ឌូរ៉ាម៉ាន់៖ ​ជាការពិតហើយ​គឺ​នឹង​មាន​គណៈកម្មការ​ស្វែងរកការពិត​និង​ការផ្សះផ្សារជាតិ​ហើយ​វា​អាស្រ័យ​លើ​រដ្ឋាភិបាល​ក្នុងការសម្រេច​ថាតើ​ត្រូវផ្តោតលើតែ​ការផ្សះផ្សារ​ជាតិ​ឬ​យ៉ាងណា​ព្រោះ​សមាជិក​ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏​ចង់​បាន​យុត្តិធម៌​ដែរ។

VOA៖ ត្រឡប់​ទៅពេល​មុន​ការបោះឆ្នោត​បន្តិច។ តើ​មូលហេតុ​អ្វី​ដែល​ធ្វើ​ឱ្យ​លោក​បារ៉ូ​ឈ្នះឆ្នោត?

អាប់ឌូរ៉ាម៉ាន់៖ លោក​ធ្លាប់​ជា​សន្តិសុខ​នៅទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​ហើយ​បាន​សម្រេច​ចិត្ត​ត្រឡប់​ចូលប្រទេស​វិញ​ដើម្បី​វិនិយោគលើ​ផ្នែក​អចលនទ្រព្យ។ បន្ទាប់​មក​លោក​សម្រេច​ចូលក្នុងឆាក​នយោបាយ​ប៉ុន្តែ​មិន​នៅ​ថ្នាក់​ខ្ពស់​ទេ។ លោក​គឺ​ជា​ហិរញ្ញិកនៅក្នុង​គណបក្ស​ប្រឆាំងមួយ។ គ្មានអ្នកណារំពឹង​ថា​គេ​ដាក់​បេក្ខភាព​គាត់​សម្រាប់​ការបោះឆ្នោត​នេះ​ទេ។​ប៉ុន្តែ​ហេតុផល​តែមួយគត់​គឺ​មេដឹកនាំ​បក្ស​ប្រឆាំង​ធំជាងគេ​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ​។ ដូច្នេះ​ពួកគេ​យល់​ថា​បុគ្គលម្នាក់​នេះ​មិន​សូវ​ពាក់​ព័ន្ធ​នឹង​រឿងនយោបាយ​ពីមុន​មក​ច្រើន​ទេ​ដូច្នេះ​គាត់​អាច​នឹង​តំណាង​ឱ្យ​ការផ្លាស់ប្តូរហើយ​ក្រុមបក្ស​ប្រឆាំង​អាច​គាំទ្រ​គាត់​បាន។ ជាលើកទីមួយ​ហើយ​ចាប់តាំង​ពីឆ្នាំ​១៩៩៤មក​ដែល​ក្រុម​គណបក្ស​ប្រឆាំង​៩រួបរួមគ្នា​ជាសំឡេង​តែមួយ​គាំទ្រ​បេក្ខជន​តែមួយ​ដែល​នេះ​ជាកត្តា​សំខាន់​មួយ។

VOA៖ តើ​ហេតុផលអ្វី​ដែល​ធ្វើ​ឱ្យ​ពួកគេ​ចូលរួម​គ្នា​ជាធ្លុង​មួយ?

អាប់ឌូរ៉ាម៉ាន់៖ ​ពួកគេ​ចូលរួម​គ្នា​ដោយសារ​គេ​មើល​ឃើញ​ថា​គាត់​ជាមនុស្ស​គួរឱ្យ​ទុកចិត្ត​បាន​។ គាត់​មិន​ដែល​ប្រឡូកក្នុង​កិច្ចការ​នយោបាយយូរទេ​។ មេដឹកនាំ​បក្ស​ប្រឆាំង​ធំ​ជាប់​ពន្ធនាគារ​ហើយ​ពួកគេ​មើល​ឃើញ​ថា​គាត់​គឺ​ជាមនុស្ស​តែ​មួយគត់​ដែល​អាចរាប់រងកិច្ច​ការនេះ។ ហើយ​ការចាប់​ដាក់​គុកនេះ​ធ្វើ​ឱ្យ​ក្រុម​បក្ស​ប្រឆាំង​ផ្សេងៗភ្ញាក់ខ្លួន​ថា​ដល់​ពេល​ដែល​យើង​ត្រូវ​តែ​ធ្វើការរួមគ្នា​បើ​មិន​អីចឹង​ទេដល់​ទីបញ្ចប់​ហើយ។

VOA៖ លោក​ថា​លោក​បារ៉ូគឺ​ជាអតីត​ឆ្មាំ​សន្តិសុខ​ក្នុង​ទីក្រុង​ឡុងដ៍​តើ​ពលរដ្ឋ​រំពឹង​ថា​គាត់​អាច​ជួយ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​បាន​ទេ?

អាប់ឌូរ៉ាម៉ាន់៖ នេះគឺ​ជាក្តីសង្ឃឹម​ហើយ​គាត់​បាន​សន្យា​ថា​គាត់​កាន់​អំណាច​តែបី​ឆ្នាំ​ទេ​គឺ​មិន​កាន់​រហូត​ពេញ​អណត្តិ​ប្រាំឆ្នាំ​ទេ​បន្ទាប់​ពីនោះ​គឺ​នឹង​រៀបចំ​ការបោះឆ្នោត​សារជាថ្មី។ បើ​ធ្វើ​អីចឹង​បាន​មែន​គេ​នឹង​ចងចាំ​គាត់​ថា​ជា​មនុស្ស​ដែល​មិន​ស្រឡាញ់អំណាច​ដែល​ជា​រឿង​មួយ​អស្ចារ្យ​នៅ​តំបន់​អាហ្វ្រិក​។

VOA៖ ប៉ុន្តែ​លោ​ក​ជេម៉េ​ក៏និយាយអីចឹង​ដែរ​នៅពេល​ដែល​លោក​ធ្វើ​រដ្ឋ​ប្រហារ​នៅឆ្នាំ​១៩៩៤។ មែនទេ?

អាប់ឌូរ៉ាម៉ាន់៖ ជា​ការពិត​មែន។ ប៉ុន្តែ​ឥឡូវនេះ​ពេល​វេលាខុសពីមុន។ លោក​បារ៉ូមិនមែន​ធ្វើ​រដ្ឋ​ប្រហារ​ទេ​គឺ​គាត់​ជាប់ឆ្នោត ​ហើយ​គ្មាន​អ្នកណា​ម្នាក់​បង្ខំ​គាត់​ថា​ត្រូវ​តែ​ធ្វើការ​សន្យា​អីចឹង​ទេ។

VOA៖ តើ​អង្គការ​ក្នុង​តំបន់​ដើរ​តួនាទី​យ៉ាងម៉េច​ខ្លះ​ក្នុងការ​ដោះស្រាយ​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​ហ្គំប៊ី?

អាប់ឌូរ៉ាម៉ាន់៖ អង្គការ​ក្នុង​តំបន់​ដើរ​តួនាទី​យ៉ាងសំខាន់​ពីព្រោះ​បើ​ពួកគេ​មិន​សម្រេច​ថា​នឹងដាក់​ទ័ព​ពេល​គ្មាន​ដំណោះស្រាយ​នយោបាយ​នោះគឺ​ជេម៉េ​ពិតជានឹង​មិន​ចាកចេញទេពីព្រោះ​គាត់​ចាកចេញនៅថ្ងៃ​ដែល​កងទ័ព​មកដល់ក្នុងប្រទេស​ហើយ​។ នេះគឺជាអ្វី​ដែល​យើងកម្រនឹង​ឃើញ​ថា​កើត​មានអីចឹង​ដែរ។ ប្រទេស​សេណេហ្កាល់​បាន​ដើរតួនាទីយ៉ាងសំខាន់ព្រោះ ប្រទេស​សេណេហ្កាល់គឺជា​ប្រទេស​ជិតខាងតែមួយ​គត់របស់​ហ្គំប៊ី។ ពួកគេ​ឆ្លៀតឱកាសនេះ​ដោយ​សារតែ​ពួកគេ​បាន​ចោទ​លោក​ជេម៉េ​ថា​បាន​គាំទ្រ​ក្រុម​បះបោរ​នៅ​ផ្នែក​ខាងត្បូងប្រទេស​។​ ដូច្នេះ​នេះគឺ​ជា​ឱកាស​ដែល​ជំរុញ​មេដឹកនាំ​ក្នុង​តំបន់​ថា​យើង​ត្រូវ​តែ​បណ្តេញ​បុគ្គលនេះ​ចេញពីអំណាចដើម្បី​អាច​មាន​សន្តិភាព​នៅក្នុង​តំបន់។

VOA៖ សូមអរគុណ​លោក​អាប់ឌូរ៉ាម៉ាន់ ឌៀ ​ដែល​បាន​ផ្តល់​សម្ភាស​នេះ​ដល់​វីអូអេ​ខេមរភាសា។

អាប់ឌូរ៉ាម៉ាន់៖ បាទ​មិន​អី​ទេ!

XS
SM
MD
LG