ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​ហ្គំប៊ី​ជា​ច្រើន​អបអរ​ស្វាគមន៍​ការ​វិល​ត្រឡប់​នៃ​ប្រធានាធិបតី​ថ្មី​របស់​ខ្លួន​ មក​កាន់​រដ្ឋធានី Banjul វិញ


លោក​ប្រធានាធិបតី​ហ្គំប៊ី Adama Barrow ចុះ​ពេល​លើ​យន្តហោះ​ នៅ​ពេល​លោក​ទៅ​ដល់​ព្រលាន​យន្ត​ហោះ Banjul ក្នុង​ប្រទេស​ហ្គំប៊ី កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧។

ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ហ្គំប៊ី​ លោក Adama Barrow បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​លោក​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អម​ជា​មួយ​នឹង​ការ​ការពារ​សន្តិសុខ​ដ៏​តឹងរ៉ឹង​ ហើយ​ក៏​ត្រូវ​បាន​ស្វាគមន៍​ដោយ​ហ្វូង​មនុស្ស​អបអរ​យ៉ាង​ច្រើន​ផង​ដែរ។

លោក Barrow បាន​ហោះ​ទៅ​កាន់​ទីក្រុង Banjul ពី​ប្រទេស​សេណេហ្គាល់ កន្លែង​ដែល​លោក​ស្នាក់​នៅ​ចាប់​តាំង​ពី​មាន​ចលាចល​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ហ្គំប៊ី​ ក្រោយ​ពេល​ដែល​លោក​ប្រធានាធិបតី​ដ៏​យូរ​អង្វែង​គឺ​លោក Yahya Jammeh បដិសេធ​មិន​ព្រម​ចុះ​ចេញ​ពី​តំណែង​ក្រោយ​ពេល​លោក​ចាញ់​ការ​បោះឆ្នោត​កាលពី​ខែ​ធ្នូ។

លោក Barrow ដែល​យន្តហោះ​របស់​លោក​ត្រូវ​បាន​ការពារ​ដោយ​កង​កម្លាំង​របស់​ប្រទេស សេណេហ្គាល់​និង​នីហ្សេរីយ៉ា ក្រោយ​ពេល​ដែល​យន្តហោះ​នេះ​បាន​ចុះ​ចត​នៅ​ក្នុង​រដ្ឋធានី ហើយ​បាន​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​និង​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​សំឡេង​ស្រែក​អបអរ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​អ្នក​សារព័ត៌មាន​មួយ​រូប​ដែល​មាន​វត្តមាន​នៅ​ទី​នោះ។ ពលរដ្ឋ​ហ្គំប៊ី​ រាប់​រយ​នាក់​បាន​ឈរ​ជា​ជួរ​នៅ​តាម​ដង​ផ្លូវ​ពី​អាកាសយានដ្ឋាន​មុន​នឹង​លោក​អញ្ជើញ​ទៅ​ដល់​ ដោយ​មាន​ការ​រាំរែក​និង​ស្រែក​ហ៊ោរ​គាំទ្រ​ផង​ដែរ។

លោក Halifa Sallahអ្នក​នាំ​ពាក្យ​មួយ​រូប​របស់​លោក Barrow បាន​ថ្លែង​ថា​ នឹង​មាន​ពិធី​អបអរ​ស្វាគមន៍​លោក Barrow ជា​ច្រើន​បន្ថែម​ទៀត​ដែល​កំពុង​រៀបចំ​ធ្វើ​ឡើង។
លោក Barrow បាន​ស្បថ​ចូល​កាន់​តំណែង​នៅ​ក្នុង​ស្ថានទូត​ហ្គំប៊ី ក្នុង​ប្រទេស​សេណេហ្គាល់​កាលពី​សប្តាហ៍​មុន។ ប្រធានាធិបតី​ថ្មី​រូប​នេះ​បាន​ស្នើ​សុំ​ឲ្យ​កង​កម្លាំង​សន្តិសុខ​របស់​បណ្តា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​នៅ​ក្នុង​អាហ្វ្រិក​ភាគ​ខាង​លិច​ឲ្យ​បន្ត​ស្ថិត​នៅ​ក្នុង​ប្រទេស​ហ្គំប៊ី នៅ​៦ខែ​បន្ត​ទៅ​ទៀត នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​មន្ត្រី​មួយ​រូប​របស់​អង្គការ​សហប្រជាជាតិ៕

XS
SM
MD
LG