ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Jammeh​ នៃ​ប្រទេស​ហ្គំប៊ី​យល់​ព្រម​ផ្ទេរ​អំណាច​និង​និរទេស​ខ្លួន​ចេញ​ពី​ប្រទេស


លោកក Yahya Jammeh មេដឹកនាំ​ដែល​ចាញ់​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ហ្គំប៊ី​ លើក​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ ខណៈ​លោក​ចាក​ចេញ​ពី​ព្រលាន​យន្តហោះ​នៅ​ទីក្រុង​បង់ហ្សុល​ប្រទេស​ហ្គំប៊ី កាល​ពី​ថ្ងៃ​ទី​២១ មករា។

មេដឹកនាំ​ដែល​ចាញ់​ឆ្នោត​របស់​ហ្គំប៊ី​ លោក ​Yahya Jammeh ​បាន​និរទេស​ខ្លួន​ឯង​កាល​ពី​យប់​ថ្ងៃ​សៅរ៍។ ការនិរទេស​ខ្លួន​នេះ​បញ្ចប់​ការ​កាន់​អំណាច​ដោយ​ប្រើ​កង​កម្លាំង​យោធា​អស់​រយៈ​ពេល​២២​ឆ្នាំ ​និង​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ​ ដែល​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​អាហ្វ្រិក​ខាង​លិច​ត្រៀម​ប្រើ​យោធា​ដើម្បី​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​តំបន់​នេះ។

លោក ​Jammeh ​មិន​បាន​ថ្លែង​សុន្ទរកថា​អ្វី​ទាំង​អស់ ​ខណៈ​ដែល​លោក​និង​ក្រុម​គ្រួសារ​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី​បង់ហ្សុល​ តាមរយៈ​យន្ត​ហោះ​មួយ​គ្រឿង។ ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក យន្តហោះ​នោះ​បាន​ចុះចត​នៅ​ប្រទេស​ហ្គីណេអេក្វាទ័រ។ លោក ​Jammeh ត្រូវ​បាន​អម​ដំណើរ​ដោយ​ប្រធានាធិបតី​ហ្គីណេ ​លោក Alpha Conde ​ដែល​បាន​ស្វះ​ស្វែង​ចរចា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ដើម្បី​រក​ដំណោះស្រាយ​នយោបាយ។

ដំណើរ​ចាក​ចេញ​របស់​លោក ​Jammeh​ ដែល​បាន​ដណ្តើម​អំណាច​តាមរយៈ​ការធ្វើ​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ​១៩៩៤ ​បាន​បញ្ចប់​ភាព​តាន​តឹង​ដែល​មាន​រយៈ​ពេល​រាប់​សប្តាហ៍។ ភាព​តានតឹង​នោះ​បាន​ចាប់​ផ្តើម​នៅ​ពេល​ដែល​លោក​បាន​បដិសេធ​មិន​ព្រម​ចាកចេញ​ពី​តំណែង ក្រោយ​ពី​លោក​បរាជ័យ​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី​១​ខែ​ធ្នូ​កន្លង​ទៅ​នេះ។

ដំណើរ​ចាកចេញ​នោះ​ក៏​បាន​បញ្ចៀស​ការគំរាម​កំហែង​ប្រើ​ចំណាត់ការ​យោធា​ដែល​មាន​កង​កម្លាំង​ចំនួន​៧០០០​ពី​ប្រទេស​សេណេហ្គាល់​ និង​នីហ្សេរីយ៉ា ដែល​បាន​មក​ដល់​ប្រទេស​ហ្គំប៊ី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ប្រឈម​ជាមួយ​នឹង​យោធា​ដែល​ស្មោះស្ម័គ្រ​នឹង​លោក Jammeh៕

XS
SM
MD
LG