ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​ថ្មី​ចោទ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្បាប់​នានា​ដើម្បី​រឹត​ត្បិត​កាន់​តែ​ខ្លាំង​លើ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត


រូបឯកសារ៖ មនុស្ស​ម្នាក់​ប្រើ​ទូរស័ព្ទ​ស្មាតហ្វូន​ដើម្បី​បើក​ចូល​មើល​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ភោជនីយដ្ឋាន​មួយ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។

របាយ​ការណ៍​ថ្មី​មួយ​ស្តី​ពី​សេរី​ភាព​លើ​ប្រព័ន្ធ​អ៊ីនធឺ​ណិត​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីន​ធឺណិត​ថ្នាក់​ជាតិ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ដោយ​ចោទ​ថា​ជា​មធ្យោបាយ​មួយ​ដើម្បី​រឹត​ត្បិត​សេរី​ភាព បន្ថែម​លើ​សេចក្តី​ព្រាង​ច្បាប់​ផ្សេងៗ​ទៀត ដែល​រដ្ឋាភិបាល​កំពុង​តែ​បង្កើត។

នេះ​ជា​របាយ​ការណ៍​ចេញ​ផ្សាយ​ដោយ​មជ្ឈ​មណ្ឌ​ល​អាស៊ី​(Asia Center)ដែល​មានមូលដ្ឋាន​នៅ​ទីក្រុង​បាង​កក​ប្រទេស​ថៃ។ របាយការណ៍​នេះ​មាន​ចំណង​ជើង​ថា«A gateway to control»​«ច្រក​ទ្វារ​ដើម្បី​គ្រប់​គ្រង»។ របាយការណ៍​បាន​លើក​ឡើង​ថា​អាជ្ញាធរ​កម្ពុជា​បាន​បង្កើន​ការ​បង្កើត​ច្បាប់​និង​បទ​ដ្ឋាន​នានា ក្នុង​គោល​ដៅ​រឹត​ត្បិត​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា។

របាយការណ៍​បញ្ជាក់​ថា​៖ «ការ​ប្រើ​ប្រាស់​អ៊ីនធឺ​ណិត​និង​ទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្សេង​ទៀត ដែល​ជា​លម្ហ​សេរីភាព​ពលរដ្ឋ​បាន​គំរាម​កំហែង​ការ​ដឹកនាំ​បែប​ផ្តាច់​ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បង្ក​ឲ្យ​មាន​ផល​វិបាក[​ដល់​ការ​កាន់​អំណាច​របស់​បក្ស​នេះ]​»។

របាយ​ការណ៍​បាន​លើក​យក​អនុក្រឹត្យ​របស់​រដ្ឋាភិ​បាល​នៃការ​បង្កើត«​ច្រក​ទ្វារ​អ៊ីន​ធឺណិត​ថ្នាក់​ជាតិ»​ដែល​គ្រោង​នឹង​អនុវត្ត​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ២០២២ ថា​នឹង​រឹត​ត្បិត​បន្ថែម​ទៀត​លើ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​សម្រាប់​ទិន្នន័យ​ឯកជន​ភាព ខណៈ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ត្រូវ​បាន​តាម​ដាន​កាន់​តែ​ខ្លាំង​ឡើង។

របាយ​ការណ៍​នេះ​ក៏​បាន​ស្នើ​ឲ្យ​សមាជិក​សភា​ធានា​ថា​សេចក្តី​ព្រាង​ច្បាប់​នានា​ដែល​កំពុង​រៀបចំ​ឡើង​ ដើរ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា និង​ស្តង់ដារ​អន្តរ​ជាតិ​នៃ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ។ មួយ​វិញ​ទៀត របាយ​ការណ៍​ក៏​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ឬ​ក៏​ទម្លាក់​ចោល​ច្បាប់ ឬ​លិខិត​បទដ្ឋាន​ទាំង​នោះ​តែ​ម្តង។

របាយ​ការណ៍​បញ្ជាក់​ថា៖ «ការ​ដើរ​ស្រប​នេះ​នឹង​អនុ​ញ្ញាត​សម្រាប់​ការការពារ​សេរីភាព​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា ហើយ​និង​ផ្តល់​នូវ​លម្ហ​សេរីភាព​ចាំបាច់​សម្រាប់​បុគ្គល​ អ្នក​សារ​ព័ត៌មាន​ និងក្រុម​សង្គម​ស៊ីវិល ដើម្បី​ឲ្យ​ពួកគេ​សម្តែង​ការ​រិះ​គន់​ដោយ​មិន​ភ័យ​ខ្លាច​ សម្រាប់​ការ​រីក​ចម្រើន​ដំណើរ​ការ​ប្រជាធិប​តេយ្យ​របស់​កម្ពុជា»។

សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​នៅ​លើ​គេហ​ទំព័រ​របស់​អង្គការ​Asia Center ឲ្យ​ដឹង​ថា៖ «រដ្ឋាភិបាល​បាន​ខំ​ប្រឹង​គ្រប់គ្រង​យ៉ាង​តឹង​ទៅ​លើ​មាតិកា​លើ​ប្រព័ន្ធ​អន​ឡាញ​ទាំង​អស់ និង​ប្រើ​ប្រាស់​ការ​ប្រឆាំង​នឹង​ការ​បរិហារ​កេរ្តិ៍ ឬ​ក៏​លក្ខខណ្ឌ​សន្តិ​សុខ​ជាតិ ដើម្បី​បំបិទ​ការ​រិះគន់​ប្រឆាំង​នឹង​ខ្លួន»។

អនុក្រឹត្យស្តី​ពី​អ៊ីនធឺណិត​ថ្នាក់​ជាតិត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរគមនាគមន៍ ហើយ​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១។ អនុក្រឹត្យ​នេះ​តម្រូវ​ឲ្យ​មាន​ការ​ផ្តល់​របាយ​ការណ៍​ពី​អ្នក​ផ្គត់​ផ្គង់​អ៊ីន​ធឺណិត​ដល់​រដ្ឋាភិបាល​និង​ផ្តល់​ការ​សហ​ការ​ក្នុង​ការ​ចូល​រួម​បង្រ្កាប​សកម្មភាព​ដែល​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ​និង​សណ្តាប់ធ្នាប់។

ក្នុង​ពិធី​ដាក់​សម្ពោធ​របាយ​ការណ៍​នោះ លោក វិទិត ម៉ុន​តារបន​(Vitit Muntarbhorn)​ អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ថ្លែង​ថា​តំណាង​រាស្រ្ត​នៅ​រដ្ឋសភា​កម្ពុជា​ គឺ​នៅក្រោម​បក្ស​តែ​មួយ ខណៈ​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​តុលា​ការ​នៅ​តែ​ជា​សំណួរ។ លោក​ក៏​បារម្ភ​អំពី​បរិយា​កាស​នៃ​ការ​បំភិត​បំភ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ហើយ​លោក​សង្ឃឹម​ថា​នឹង​មាន​លម្ហ​សេរី​ភាព​របស់​ពលរដ្ឋ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ និង​សេរី​ភាព​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​រូប​នោះ បាន​បញ្ជាក់​ថា​ការ​ប្រើ​ប្រាស់​ពាក្យ​នៅ​ក្នុង​ច្បាប់​នានា ដើម្បី​ធានា​«សន្តិ​សុខ​ជាតិ»នៅ​ក្នុង​ប្រទេស​ផ្សេង ក៏​ដូ​ចជា​ប្រទេស​កម្ពុជា គឺ​«ប្រើ​ប្រាស់​លើស​ហួស​ហេតុ» ដើម្បី​រឹត​ត្បិត​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ ដែល​ហួស​ពី​ស្តង់​ដារ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ។

លោក​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​«​បើ​កចិត្ត​ទូលាយ​» «មាន​ភាព​អត់​ធ្មត់​បន្ថែម»និង​«បើក​សេរី​ចំពោះ​មតិ​ខុស​គ្នា»។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា និង​ជា​ព្រឹទ្ធសមាជិក​មួយ​រូប បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​លើ​រដ្ឋាភិបាល​ក្នុង​ការ​រឹត​ត្បិត​សេរី​ភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​អះអាង​ថា​ប្រជា​ជន​កម្ពុជា​មាន​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ ប៉ុន្តែ​ត្រូវ​ស្រប​តាម​ច្បាប់​នានា​។ លោក​បន្ថែម​ថា​ការ​បង្កើត​ច្បាប់ ឬ​លិខិត​បទ​ដ្ឋាន​នានា​ក្នុង​ប្រទេស គឺ​«ដើម្បី​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោ​បាយ និង​សេចក្តី​សុខ​ក្សេម​ក្សាន្ត​របស់​ប្រជា​ពលរដ្ឋ»។

ទាក់​ទង​នឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ លោក សុខ ឥសាន បញ្ជាក់​ថា​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរី​ភាព​ដូច​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ប៉ុន្តែ​ត្រូវ​ធានា​ថា​កុំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ និង​សន្តិសុខ​ជាតិ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​៖ «ការ​បញ្ចេញ​មតិ វា​ផ្អែក​ទៅ​លើ​ការ​យល់​ឃើញ ដែល​មាន​និន្នា​ការ​នយោបាយ​ផ្សេងៗ​គ្នា អាហ្នឹង​គេ​ចេះ​តែ​និយាយ​ទៅ។ ក៏​ប៉ុន្តែ​សមត្ថកិច្ច​រាជរដ្ឋាភិបាល​លោក​អនុវត្ត​ទៅ​តាមខ្លឹម​សារ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ»។

​កម្ពុជា​បាន​អនុម័ត​ច្បាប់​ទូរ​គមនាគមន៍ ​និង​កំពុង​រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​ឯក​សារ​គតិយុត្តិ​ផ្សេងៗ​ទៀត។ ក្រុម​សង្គម​ស៊ីវិល​ជាតិ​បាន​អះអាង​ថា​ច្បាប់​ទាំង​នោះផ្តល់​អំណាច​កាន់​តែ​ច្រើនឡើងៗ​ដល់​រដ្ឋា​ភិបាល ដើម្បី​ប្រើ​ប្រាស់​អ៊ីន​ធឺណិត «ជា​ឧបករណ៍​បង្រ្កាប​ និង​រារាំង​ដល់​សក្តានុ​ពល​របស់​អ៊ីន​ធឺណិត ដែល​ជា​វេទិកា​ដ៏​សំខាន់​សម្រាប់​ការ​អនុវត្ត​សេរីភាព​ជា​មូលដ្ឋាន»។

ក្រុម​សង្គម​ស៊ីវិល​ក៏​បាន​រិះគន់​អនុក្រឹត្យ​ច្រក​ទ្វារ​អ៊ីនធឺណិត​ថា​នឹង​«​សម្រប​សម្រួល​ឲ្យ​មាន​ការ​ឃ្លាំ​មើល​និង​តាម​ដាន​សកម្មភាព​តាម​អ៊ីន​ធឺណិត ផ្តល់​សិទ្ធិ​អំណាច​ដល់​ការ​តាម​ដាន និង​ការ​ត្រួត​ពិនិត្យ​ការ​ប្រាស្រ័យទាក់​ទង​តាម​ប្រព័ន្ធ​ឌីជី​ថល និង​ជួយ​ដល់​ការ​ប្រមូល រក្សា​ទុកនិង​ចែក​រំលែក​ទិន្នន័យផ្ទាល់​ខ្លួន ដែល​ជា​មូល​ដ្ឋាន​នាំ​ឲ្យ​មាន​ការ​គំរាម​កំហែង​ដល់​សិទ្ធិ​ឯក​ជន​ភាព សេរីភាព​ខាង​ការ​បញ្ចេញ​មតិ និង​ទទួល​ព័ត៌មាន»។

ប៉ុន្តែ​ក្រសួង​ប្រៃសណីយ៍​កម្ពុជា​ធ្លាប់​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ក្រុម​សិទ្ធិ​មនុស្ស ដោយ​ថា​«គ្មាន​មូល​ដ្ឋាន មាន​ចរិត​នយោ​បាយ ផ្ទុយ​នឹង​ការ​ពិត ហើយ​ខុស​ពី​គោល​បំណង​ដែល​បាន​ចែង​ក្នុង​អនុក្រឹត្យ​[ស្តីពី​ការ​បង្កើត​ច្រកទ្វារ​អ៊ីន​ធឺណិត]​នេះ»។ ក្រសួងបន្ថែម​ថា​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីន​ធឺណិត​ជាតិនេះ នឹង​ជួយទប់​ស្កាត់​ការ​លួច​ត​ភ្ជាប់​បណ្តាញ​ឆ្លង​ដែន​ខុស​ច្បាប់ ល្បែង​ស៊ី​សង​អន​ឡាញខុស​ច្បាប់ ការគំរាម​កំហែង​តាម​អ៊ីន​ធឺណិត រូប​ភាព​អាស​អា​ភាស និង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ជា​ដើម៕

XS
SM
MD
LG