ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ មាន​ការតក់ស្លុត​ពី​សេចក្តី​រាយការណ៍​នៃ​ការសម្លាប់​ជន​ស៊ីវិល​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា


នៅក្នុងរូបថតផ្តល់ដោយកងកម្លាំងការពារជាតិ Karenni (KNDF) នេះ ផ្សែងនិងអណ្តាតភ្លើងបានហុយចេញពីយានជំនិះនៅទីក្រុង Hpruso រដ្ឋ Kayah ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ (AP)
នៅក្នុងរូបថតផ្តល់ដោយកងកម្លាំងការពារជាតិ Karenni (KNDF) នេះ ផ្សែងនិងអណ្តាតភ្លើងបានហុយចេញពីយានជំនិះនៅទីក្រុង Hpruso រដ្ឋ Kayah ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ (AP)

មន្ត្រី​អង្គការ​សហប្រជាជាតិ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​មាន​ការតក់ស្លុត​អំពី​សេចក្តីរាយការណ៍​ដែល​អាច​ទុកចិត្ត​បាន​ថា ជន​ស៊ីវិល​យ៉ាងតិច​ណាស់​ក៏៣០​នាក់​ដែរ បាន​ត្រូវ​គេ​សម្លាប់​ហើយ​សាកសព​របស់​ពួកគេ​បាន​ត្រូវ​គេ​ដុត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាប់ផ្តើម​ស៊ើបអង្កេតទៅ​លើ​រឿង​នេះ​។ នេះ​បើ​តាម​សេចក្តីរាយ ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បុគ្គលិក​២នាក់​ដែល​ធ្វើការ​ឲ្យ​អង្គការជួយ​សង្គ្រោះ​កុមារ​ឬ Save the Childrenដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះនៅតែ​បាត់​ខ្លួន​បន្ទាប់ពី​រថយន្ត​របស់​ពួកគេ​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​បាន​រងការវាយ​ប្រហារ​និង​ដុត​កំទិច​នៅ​ក្នុង​ឧបទ្ទវហេតុ​នៅ​រដ្ឋ Kaya ភាគ​ខាង​កើត​ប្រទេស​មីយ៉ាន់ម៉ា​នោះ​។

ក្រុម​ឃ្លាំមើល​និង​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក បាន​ស្តីបន្ទោស​ការវាយ​ប្រហារ​នោះ​ទៅលើ​ពួក​យោធា។

លោក Martin Griffiths អគ្គលេខាធិការ​រង​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​មនុស្ស​ធម៌ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា «ខ្ញុំ​ថ្កោល​ទោសចំពោះ​ឧបទ្ទវហេតុដ៏​ទុក្ខព្រួយ​នេះ​និងការវាយ​ប្រហារ​ទាំង​អស់​ប្រឆាំង​នឹង​ជន​ស៊ីវិល​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា»។

លោក​បាន​អំពាវនាវ​ឲ្យ​មាន«ការស៊ើបអង្កត​ឲ្យ​បាន​ល្អិតល្អន់​និង​ប្រកបដោយ​តម្លាភាព»។

មីយ៉ាន់ម៉ា បាន​ស្ថិត​នៅ​ក្នុង​ភាព​ច្របូកច្របល់​ចាប់តាំង​ពីរដ្ឋប្រហារ​ខែ​កុម្ភៈ​មក ដោយ​មាន​មនុស្ស​ជាង១ពាន់៣រយ​នាក់​បាន​ត្រូវ​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ។ នេះ​បើ​តាម​ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្សមួយ​នៅ​ក្នុងប្រទេស​មីយ៉ាន់ម៉ា​។

កងកម្លាំង​ការពារ​របស់​ប្រជាពលរដ្ឋ​ឬ PDF បាន​ករកើត​ឡើង​នៅ​ទូទាំង​ប្រទេស​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ពួក​យោធា​ហើយ​ធ្វើ​ឲ្យ​ពួក​យោធា​ធ្លាក់ចូល​ក្នុង​ការប៉ះទង្គិច​បង្ហូរ​ឈាម​និង​ការវាយ​ប្រហារ​តបត​វិញ។

កាលពី​ថ្ងៃ​សៅរ​សប្តាហ៍​មុន រូបថត​ដែល​បាន​បង្ហាញ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​បាន​បង្ហាញ​រថយន្ត​ធំ​២គ្រឿង​និង រថយន្ត​ធម្មតា​មួយ​គ្រឿង​បាន​ឆេះ​នៅ​លើ​ផ្លូវ Highway នៅ​ក្នុង​ទីប្រជុំ​ជន Hpruso ក្នុងរដ្ឋ Kayah ដោយ​មាន​សាកសព​មនុស្ស​នៅ​ក្នុង​រថយន្ត​ទាំង​នោះ៕

XS
SM
MD
LG