នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រធានគណៈមេធាវីកម្ពុជាបានចាត់តាំងមេធាវីមួយរូបដើម្បីការពារក្ដីឲ្យជនជាប់ចោទឈ្មោះ ជួប សម្លាប់ ដែលបានសារភាពថាជាអ្នកបាញ់សម្លាប់ លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមនិងនយោបាយដ៏លេចធ្លោម្នាក់កាលពីខែកក្កដាឆ្នាំមុន។ មេធាវី យុង ផានិត ដែលទើបទទួលបានលិខិតចាត់តាំង លើកឡើងថា លោកអាចនឹងស្នើសុំពន្យារពេលសវនាការ ប្រសិនជាសំណុំរឿងនោះមានភាពស្មុគស្មាញ។
ប្រធានគណៈមេធាវីកម្ពុជា លោក សួន វិសាល បានចាត់តាំង លោកមេធាវី យុង ផានិត ដើម្បីការពារក្ដីឲ្យឈ្មោះ ជួប សម្លាប់ ក្នុងសំណុំរឿងឃាតកម្មលើលោក កែម ឡី ដែលនឹងត្រូវបើកសវនាការជំនុំជម្រះនាថ្ងៃទី១ ខែមីនាខាងមុខនេះ។ លោកមេធាវី យុង ផានិត លើកឡើងថា ប្រសិនជាសំណុំរឿងនេះមានភាពស្មុគស្មាញ នោះលោកនឹងស្នើឲ្យតុលាការពន្យារពេលសវនាការ ដើម្បីលោកមានពេលគ្រប់គ្រាន់ក្នុងការពិនិត្យមើលសំណុំរឿង។
លោក កែម ឡី អ្នកវិភាគនយោបាយ និងជាអ្នករិះគន់រដ្ឋាភិបាល ត្រូវបានគេបាញ់សម្លាប់ទាំងថ្ងៃ នៅម៉ាតមួយកន្លែងចំកណ្ដាលរាជធានីភ្នំពេញ កាលពីខែកក្កដាឆ្នាំមុន។ បន្ទាប់ពីការបាញ់សម្លាប់នោះ សមត្ថកិច្ចបានចាប់បុរសម្នាក់ដែលអះអាងថាខ្លួនមានឈ្មោះ ជួប សម្លាប់ ហើយបានសារភាពថា ខ្លួនជាអ្នកបាញ់សម្លាប់ លោក កែម ឡី ដោយសារលោក កែម ឡី ជំពាក់លុយខ្លួនចំនួន៣០០០ដុល្លារ មិនព្រមសង។
ក្រោយមកតុលាការ នគរបាល និងសារព័ត៌មាន បានរកឃើញថា បុរសម្នាក់នោះមានឈ្មោះពិតថា អឿត អាង អាយុ៤៣ឆ្នាំ រស់នៅក្នុងខេត្តសៀមរាប។ អឿត អាង ដែលត្រូវបានគេស្គាល់ថាជា ជួប សម្លាប់ នោះ ត្រូវបានតុលាការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយខុសច្បាប់ ដែលលោកអាចប្រឈមនឹងការជាប់ពន្ធនាគារមួយជីវិត ប្រសិនបើតុលាការរកឃើញថា មានកំហុសដូចការចោទនោះ។
ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មដ៏រន្ធត់នេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ថា ក្រសួងមិនមានការស៊ើបអង្កេតបន្ថែមទៀតនោះទេ។ លោកបញ្ជាក់ថា តុលាការជាអ្នកទទួលខុសត្រូវក្នុងសំណុំរឿងនេះ។
លោក សួស វិទ្យារ៉ាន់ឌី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បដិសេធមិនផ្ដល់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងសំណុំរឿងនេះ។ លោកប្រាប់ឲ្យអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋរង់ចាំចូលរួមសវនាការនៅខែមីនាខាងមុខ។
លោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា ប្រាប់ VOA នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា លោកទើបទទួលបានលិខិតស្នើសុំមេធាវីពីតុលាការដើម្បីការពារក្ដីឲ្យជនជាប់ចោទឈ្មោះ ជួប សម្លាប់ កាលពីថ្ងៃអង្គារ។
លោកបន្តថា លោកបានចាត់មេធាវី យុង ផានិត ដែលលោកអះអាងថា ជាមេធាវីជើងចាស់ម្នាក់ដើម្បីការពារក្ដីឲ្យឈ្មោះ ជួប សម្លាប់ ទៅតាមការស្នើសុំរបស់តុលាការ។
លោក យុង ផានិត មេធាវីមានបទពិសោធន៍ជិត២០ឆ្នាំ ដែលទើបទទួលបានលិខិតចាត់តាំងឲ្យការពារក្ដីជនជាប់ចោទក្នុងសំណុំរឿងឃាតកម្មលោក កែម ឡី ប្រាប់ VOA ថា លោកទទួលបានលិខិតចាត់តាំងពីប្រធានគណៈមេធាវីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
លោកបន្តថា លោកនឹងពិចារណាថា នឹងចូលការពារតាមការកំណត់របស់តុលាការ ឬត្រូវស្នើសុំពន្យារពេលសវនាការ ដោយលោកថា ការទើបទទួលបានការចាត់តាំងនេះ កៀកថ្ងៃសវនាការខ្លាំងពេក ។
លោកបញ្ជាក់ថា៖ «ប្រសិនបើសំណុំរឿងមិនសូវស្មុគស្មាញ ខ្ញុំអាចឡើងសវនាការបាន ប៉ុន្តែប្រសិនបើសំណុំរឿងស្មុគស្មាញ ខ្ញុំនឹងពិចារណាទៅលើបញ្ហានីតិវិធីថា ខ្ញុំត្រូវពន្យារពេលដើម្បីសិក្សាសំណុំរឿងឲ្យបានច្បាស់លាស់។ ប៉ុន្តែដោយសារសំណុំរឿងអត់ទាន់បាន ខ្ញុំអត់ហ៊ានទាន់មានការសម្រេចចិត្តយ៉ាងណាទេ»។
លោក យុង ផានិត បន្ថែមថា លោកនឹងពិនិត្យមើលគ្រប់ភស្តុតាងទាំងអស់ដែលពាក់ព័ន្ធនឹងកូនក្តីរបស់លោក រួមទាំងវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពដែលយកចេញពីម៉ាតនោះផង។
លោកបន្ថែមថា លោកនឹងទៅជួបលោក ជួប សម្លាប់ បន្ទាប់ពីតុលាការប្រគល់ភស្តុតាងទាំងនោះឲ្យលោកពិនិត្យមុននឹងការពារក្ដី។
ទោះបីជាតុលាការប្រកាសបើកសវនាការជាសាធារណៈនៅដើមខែមីនានេះ ក្រុមគ្រួសារ និងសាច់ញាតិរបស់ជនជាប់ចោទ ជួប សម្លាប់ និងសាច់ញាតិរបស់លោក កែម ឡី អះអាងថា ពួកគេនឹងមិនចូលរួមក្នុងសវនាការនោះទេ។
អ្នកស្រី ហឿម ហ៊ត់ ភរិយារបស់ជនជាប់ចោទ ជួប សម្លាប់ ដែលបានអះអាងថា ខ្លួនបាញ់សម្លាប់លោក កែម ឡី ដោយសារលោក កែម ឡី ជំពាក់លុយ៣០០០ដុល្លារ ប្រាប់ថា អ្នកស្រីគ្មានលុយដើម្បីធ្វើដំណើរចូលរួមមើលសវនាការនោះទេ។
ប្អូនប្រុសរបស់លោក កែម ឡី គឺលោក កែម រិទ្ធិសិត បាននិយាយថា លោកព្រមទាំងសាច់ញាតិផ្សេងទៀតនឹងមិនចូលរួមសវនាការនោះទេ ប្រសិនបើតុលាការរកមិនឃើញសាក្សី និងភស្តុតាងថ្មី។
លោកបញ្ជាក់ថា៖ «នៅក្នុងលក្ខខណ្ឌថា ឥលូវហ្នឹងគេបញ្ចេញកាមេរ៉ាសុវត្ថិភាពឲ្យយើងមើល ហើយគេមានសាក្សីផ្សេងទៀតមក ហើយគេមានភស្តុតាងច្បាស់លាស់ ហើយគេអញ្ជើញយើងចូលរួមក្នុងនាមជនរងគ្រោះ អាហ្នឹងយើងចូលរួម»។
លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួនពីរគ្រាប់ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។ ការបាញ់សម្លាប់នេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក កែម ឡី ធ្វើអត្ថាធិប្បាយទៅលើរបាយការណ៍ថ្មីចុងក្រោយមួយរបស់អង្គការ Global Witness ដែលមានទីតាំងនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
របាយការណ៍ដែលមានចំណងជើងថា Hostile Takeover: The corporate empire of Cambodia's ruling family នោះបានលាតត្រដាងពីអាជីវកម្មរបស់គ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានទឹកប្រាក់យ៉ាងហោចណាស់២០០លានដុល្លារ។
តុលាការបានប្រកាសបិទការស៊ើបអង្កេតក្នុងសំណុំរឿងឃាតកម្មលើលោក កែម ឡីកាលពីខែធ្នូ ដោយមិនបានបង្ហាញពីលទ្ធផលនៃការស៊ើបអង្កេតនោះទេ។
ប្រជាពលរដ្ឋ សង្គមស៊ីវិលជាតិ និងអន្តរជាតិ បានទាមទារឲ្យសមត្ថកិច្ចបង្ហាញកាមេរ៉ាសុវត្ថិភាពក្នុងម៉ាតនោះ ដែលពួកគេថា អាចជាភស្តុតាងសំខាន់ដើម្បីបង្ហាញការពិត។ ប៉ុន្តែរហូតមកដល់ពេលនេះ វីដេអូដែលកំពុងស្ថិតក្នុងដៃតុលាការ មិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយ៕