ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ​លោក កែម ឡី​ ទន្ទឹង​រង់ចាំ​យុត្តិធម៌ ក្រោយ​ការ​បាញ់​សម្លាប់​លោក កែម ឡី


ផ្ទះរបស់​លោក កែម ឡី ស្ថិត​ក្នុង​ខេត្ត​តាកែវ។ ក្រុមគ្រួសារ​របស់​លោក​បាន​បើក​ឲ្យ​ប្រជាជន​ទូទៅ​ចូល​មក​គោរព​និង​អុជធូប​ដល់​រូប​លោក​។
ផ្ទះរបស់​លោក កែម ឡី ស្ថិត​ក្នុង​ខេត្ត​តាកែវ។ ក្រុមគ្រួសារ​របស់​លោក​បាន​បើក​ឲ្យ​ប្រជាជន​ទូទៅ​ចូល​មក​គោរព​និង​អុជធូប​ដល់​រូប​លោក​។

លោកស្រី​ ភោគ សេ​ មាន​ប្រសាសន៍​បន្ថែម​ទាក់​ទង​នឹង​សវនាការ​ជំនុំ​ជម្រះ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​នេះ​ ដែល​ត្រូវ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែ​មីនា​ខាង​មុខ​ថា៖ «ឲ្យ​គេ​រក​ឲ្យ​ឃើញ ចង់ឲ្យ​​រក​យុត្តិធម៌​ឲ្យ​ណា»។

ម្ដាយ​របស់​លោក​បណ្ឌិត​ កែម​ ឡី ​គឺ​លោក​ស្រី ភោគ សេ អាយុ៧៧ឆ្នាំ នៅ​តែ​មាន​ចម្ងល់​ជាប់​ក្នុង​ចិត្ត​ជានិច្ច​ថា ​តើ​ហេតុ​អ្វី​បាន​ជា​កូន​ប្រុស​របស់​លោកស្រី ​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ។

លោកស្រី​ រស់​នៅ​ក្នុង​ស្រុក​កំណើត​របស់​លោក កែម ឡី ស្ថិត​នៅ​ក្នុង​ភូមិ​អង្គ​តាកុប ឃុំ​លាយបូរ​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។ លោក​ស្រី ភោគ សេ​ មាន​ប្រសាសន៍​ថា ​លោក​ស្រី​មិន​ជឿ​ថា​លោក កែម ឡី​ ជំពាក់​លុយ​គេ​៣០០០​ដុល្លារ​នោះ​ទេ។

លោក​ស្រី​ប្រាប់​ VOA ពេល​កំពុង​អង្គុយ​នៅ​លើ​ឥដ្ឋ​មុខ​ផ្នូរ​របស់​លោក ​កែម​ ឡី ​ថា៖

«ខ្ញុំ​មិន​ជឿ​ទេ! កូន​ខ្ញុំ​មិន​ដែល​ខ្ចី​លុយ​អាណា​ទេ។ ជំពាក់​លុយ​ គេ​ទារ​លុយ គេ​មិន​យក​ទៅ​សម្លាប់​អញ្ចឹង​ទេ»។

លោកស្រី ភោគ សេ ម្តាយ​របស់​អ្នក​វិភាគកែម ឡី តែងតែ​គេង​នៅ​លើ​ឥដ្ឋ​ខាង​មុខ​ផ្នូរ​របស់​កូនប្រុស ដែល​ត្រូវបាន​តម្កល់​នៅ​ក្នុង​ភូមិអង្គតាកុប ឃុំ​សំបូរ ស្រុកតាំកក់ ខេត្ត​តាកែវ។
លោកស្រី ភោគ សេ ម្តាយ​របស់​អ្នក​វិភាគកែម ឡី តែងតែ​គេង​នៅ​លើ​ឥដ្ឋ​ខាង​មុខ​ផ្នូរ​របស់​កូនប្រុស ដែល​ត្រូវបាន​តម្កល់​នៅ​ក្នុង​ភូមិអង្គតាកុប ឃុំ​សំបូរ ស្រុកតាំកក់ ខេត្ត​តាកែវ។

លោកស្រី​ ភោគ សេ​ មាន​ប្រសាសន៍​បន្ថែម​ទាក់​ទង​នឹង​សវនាការ​ជំនុំ​ជម្រះ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​នេះ​ ដែល​ត្រូវ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែ​មីនា​ខាង​មុខ​ថា៖ «ឲ្យ​គេ​រក​ឲ្យ​ឃើញ ចង់ឲ្យរក​យុត្តិធម៌​ឲ្យ​ណា»។

នៅ​មុខ​ផ្ទះ​ តាម​បណ្ដោយ​ផ្លូវ​កៅស៊ូ ​រូបថត​និង​សារ​ជា​គំនិត​របស់​លោក កែម ឡី​ ត្រូវ​បាន​ព្យួរ​ ដើម្បី​ឲ្យ​សាធារណជន​បាន​ឃើញ​ នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់។

នៅ​ពេល​ចូល​ទៅ​ក្នុង​ផ្ទះ គេ​សង្កេត​ឃើញ​រូប​សំណាក​របស់​លោក​ កែម​ ឡី ត្រូវ​បាន​ដាក់​បញ្ឈរ​នៅ​ជាប់​នឹង​ផ្ទះ។ ផ្នូរ​របស់​លោក​ កែម ឡី ស្ថិត​នៅ​ចំហៀង ​ខាង​ក្រោយ​ផ្ទះ ដោយ​មាន​រូប​ថត​មួយ​ចំនួន​ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​ទីនោះ។ ក្នុង​នោះ​ មាន​រូបថត​របស់​លោក​ ពេល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ។​

លោក ​កែម​ ឡី​ ធ្លាប់​ជា​អ្នក​វិភាគ​នយោបាយ​និង​សង្គម មិន​សំចៃ​មាត់​ដ៏​ល្បីល្បាញ។ លោក​ត្រូវ​បាន​គេ​បាញ់​សម្លាប់​តែ​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​លោក​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ Global​ Witness​ ដែល​មាន​ទីតាំង​នៅ​ក្នុង​ទី​ក្រុង​ឡុងដ៏​ប្រទេស​អង់គ្លេស។​

របាយការណ៍​របស់​អង្គការ​នេះ បាន​លាត​ត្រដាង​ពី​ចំនួន​ទឹកប្រាក់​ក្នុង​អាជីវកម្ម​យ៉ាងតិច​២០០​លាន​ដុល្លារ​ របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន។

ម្ដាយ​របស់​លោក ​កែម​ ឡី កំពុង​តែ​គេង​នៅ​ម៉ោង​ប្រមាណ​២រសៀល​ ចម្ងាយ​ប្រមាណ​៥​ម៉ែត្រ​ពី​ផ្នូរ​របស់​កូន​ប្រស​លោក​ស្រី។ ១០​នាទី​ក្រោយ​មក​ ប្អូន​ប្រុស​របស់​លោក​ កែម ​ឡី គឺ ​លោក ​កែម​ រិទ្ធិសិត ​ អាយុ​៤៦​ឆ្នាំ ​ដែល​រស់​នៅ​ជាមួយ​លោក​ស្រី​ ក៏​បាន​ចូល​មក​ដល់។ លោក​មាន​ប្រសាសន៍​ថា​ក្រុម​គ្រួ​សារ​របស់​លោក​បាន​អនុញ្ញាត​ឲ្យ​សាធារណជន​ជិត​ឆ្ងាយ​ចូល​មក​គោរព ​និង​អុជ​ធូប​ជូន​បង​ប្រុស​របស់​លោក​ ដោយ​សេរី។

លោក​បន្ថែម​ថា​ មាន​មនុស្ស​ចាប់​ពី​៣០​ទៅ​៥០​នាក់ ​មក​គោរព​និង​អុជ​ធូប​ជូន​លោក ​កែម​ ឡី ​ជា​ពិសេស​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ។ លោក ​កែម​ រិទ្ធិសិត បាន​ឲ្យ​ដឹង​ទៀត​ថា​ កាល​ពី​សប្ដាហ៍​មុន​ អាជ្ញាធរ​ភូមិ​បាន​ណែនាំ​រូប​លោក​ឲ្យ​រាយការណ៍​ពី​ចំនួន​មនុស្ស​ដែល​ចូល​មក​គោរព​លោក កែម​ ឡី ជា​រៀងរាល់​សប្ដាហ៍​ ឬ​ក៏​ជា​រៀង​រាល់​ខែ។

ប៉ុន្តែ លោក​មិន​ដឹង​ពី​មូល​ហេតុ​ដែល​អាជ្ញាធរ​ចង់​ដឹង​ពី​ទិន្នន័យ​នៃ​ចំនួន​អ្នក​ចូល​មក​អុជ​ធូប​ និង​គោរព​សព​នោះ​ទេ។​

«ថ្មីៗ​នេះ ខ្ញុំ​មាន​ព័ត៌មាន​ពី​ខាង​រដ្ឋ​អំណាច អ្នក​ខាង​លើ​ភូមិ សូម​ឲ្យ​ប្រធាន​ភូមិ​ស្ទង់​ចំនួន​អ្នក​ចូល​រួម​ក្នុង​មួយ​ថ្ងៃៗ គឺ​ឲ្យ​ប្រធាន​ភូមិ​តាម​ដាន»។

មេឃុំ​លាយបូរ​ លោក​ ញ៉ែម​ ឆន​ មាន​ប្រសាសន៍​ថា ​នគរបាល​ និង​ឃុំ​ចង់​ដឹង​ពី​ទិន្នន័យ​ទាំង​នោះ​ ដូច្នេះ​ហើយ​បាន​ជា​លោក​ស្នើ​សុំ​ឲ្យ​ក្រុម​គ្រួសារ​លោក​ កែម​ ឡី​ ផ្ដល់​ទិន្នន័យ​នៃ​ចំនួន​អ្នក​ចូល​អុជ​ធូប​ទាំង​នោះ។

«ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​ថា​ព័ត៌មាន ស្ថិតិ​ ឬ​ក៏​ទិន្នន័យ​ ក្នុង​ឃុំ​ប៉ុណ្ណឹង​ទេ ខ្ញុំ​អត់​មាន​ចង់​យក​ទៅ​ណា​ទេ។ ​គ្រាន់​តែ​ចង់​ដឹង​ព័ត៌មាន​ដែល​គាត់​មក​អុជ​ធូប​ហ្នឹង»។

ប្អូនប្រុស​របស់​លោក កែម ឡី គឺលោក កែម រិទ្ធិសិត អាយុ៤៦ឆ្នាំ រស់នៅ​ក្នុង​ខេត្ត​តាកែវ ជាមួយ​ម្តាយ​របស់​លោក កែម ឡី​។
ប្អូនប្រុស​របស់​លោក កែម ឡី គឺលោក កែម រិទ្ធិសិត អាយុ៤៦ឆ្នាំ រស់នៅ​ក្នុង​ខេត្ត​តាកែវ ជាមួយ​ម្តាយ​របស់​លោក កែម ឡី​។

លោក​ កែម ឡី ត្រូវ​បាន​បាញ់​សម្លាប់​នៅ​វេលា​ម៉ោង​ប្រមាណ​៩ព្រឹក ថ្ងៃ​ទី​១០ ខែ​កក្កដា កាល​ពី​ឆ្នាំ​មុន នៅ​ក្នុង​ម៉ាត​របស់​ស្ថានីយ​ចាក់សាំង​កាល់តិច​ ក្បែរ​ភ្លើងស្តុប​បូក​គោ នៅ​ពេល​លោក​កំពុង​ពិសា​កាហ្វេ​ពេល​ព្រឹក។

ការ​បាញ់​សម្លាប់​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ករណី​បាញ់​សម្លាប់​ក្នុង​មូលហេតុ​នយោបាយ។ ភ្លាមៗ​បន្ទាប់​ពី​ការ​បាញ់​សម្លាប់​នោះ ​សមត្ថកិច្ច​បាន​ចាប់​បុរស​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​មាន​ឈ្មោះ​ជួប សម្លាប់។​ ប្រជាពលរដ្ឋ ​និង​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​មាន​មន្ទិល​សង្ស័យ​ពី​ឈ្មោះ​របស់ ​ជួប​ សម្លាប់ ​ដែល​បាន​អះអាង​ថា​ខ្លួន​ជា​អ្នក​បាញ់​លោក​ កែម ​ឡី​ នោះ។

វីដេអូ​នៃ​ការ​សារភាព​របស់​បុរស​ដែល​អះអាង​ថា​ខ្លួន​ឈ្មោះ ​ជួប​ សម្លាប់ នោះ ​ត្រូវ​បាន​ចុះផ្សាយ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​មួយ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល។ នៅ​ក្នុង​វីដេអូ​នោះ​ ជួប​សម្លាប់​បាន​សារភាព​ថា​ខ្លួន​សម្លាប់​ លោក កែម​ ឡី ដោយសារ​តែ​លុយ​៣០០០​ពាន់​ដុល្លារ​ដែល​លោក​ កែម ​ឡី​ ជំពាក់​ខ្លួន​ហើយ​មិន​ព្រម​សង។

ក្រោយ​មក​តុលាការ​ នគរបាល ​និង​សារព័ត៌មាន​បាន​រក​ឃើញ​ថា​ បុរស​ម្នាក់​នោះ​តាម​ពិត​មាន​ឈ្មោះ​ថា​ អឿត ​អាង ​អាយុ​៤៣​ឆ្នាំ​ និង​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប។ អឿត ​អាង​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ជួប​ សម្លាប់​ នោះ ​ត្រូវ​បាន​តុលាការ​ប្រកាន់​ពី​បទ​ល្មើស​ឃាតកម្ម​គិត​ទុក​ជាមុន​ និង​កាន់​អាវុធ​ដោយ​ខុសច្បាប់​ ដែល​លោក​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​មួយ​ជីវិត ​ប្រសិន​បើ​រក​ឃើញ​កំហុស។

កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦​ តុលាការ​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​នេះ។ ទោះ​ជា​យ៉ាងណា​ ក្រុម​សិទ្ធិ​មនុស្ស​ និង​គ្រួសារ​និយាយ​ថា​ ពួកគេ​មិន​ជឿ​លើ​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ និង​សមត្ថកិច្ច​នោះ​ទេ។

ប្អូន​ប្រុស​របស់​លោក កែម​ ឡី​ គឺ​លោក កែម​ រិទ្ធិសិត មាន​ប្រសាសន៍​ថា ​លោក​នឹង​មិន​ចូល​រួម​សវនាការ​នៅ​ដើម​ខែ​ក្រោយ​នោះ​ទេ ​ដោយ​សារ​លោក​មិន​ត្រូវ​បាន​តុលាការ​អញ្ជើញ​ចូល​រួម​ និង​ដោយសារ​សមត្ថកិច្ច​មិន​បញ្ចេញ​កាមេរ៉ា​សុវត្ថិ​ភាព​នៅ​ម៉ាត​ដែល​ជា​កន្លែង​លោក​ កែម ឡី​ ត្រូវ​បាន​គេ​បាញ់​សម្លាប់​នោះ។

«ប៉ុន្តែ ​បើ​ខ្ញុំ​ចូល​រួម​លុះ​ត្រា​តែ​គេ​មាន​សាក្សី​មួយ​ចំនួន​ទៀត​ ហើយ​និង​ភស្តុតាង​មួយ​ចំនួន​ទៀត​ ហើយ​បន្ទាប់​មក គេ​នឹង​បញ្ចេញ​កាមេរ៉ា​សុវត្ថិភាព​ជា​សាធារណៈ​ ហើយ​គេ​មាន​ការ​អញ្ជើញ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «ប្រសិន​បើ​គេ​ចង់​រក​យុត្តិធម៌ គឺ​គេ​រក​តាំង​ពី​ថ្ងៃ​ បន្ទាប់​ពី​កើត​ហេតុ​មក។ វា​អត់​មាន​អី​ពិបាក​រក​ទេ រឿង​យុត្តិធម៌​នោះ។ ការ​សម្លាប់​នេះ យើង​សម្លាប់​នៅ​ទីប្រជុំជន»។

ប្អូន​ប្រុស​របស់​លោក​ កែម ឡី​ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​មិន​ជឿ​ថា​លោក​ កែម​ ឡី​ ជំពាក់​លុយ​ជួប​ សម្លាប់​ចំនួន​ ៣​ពាន់​ដុល្លារ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖ «ពិត​ក៏​មិន​ថា​ មិន​ពិត​ក៏​មិន​ថា​ ប៉ុន្តែបើ​សិន​ពិត​ សូម​ឲ្យ​បញ្ចេញ​មក​ ភស្តុតាង​ សាក្សី ​កាមេរ៉ា​សុវត្ថិភាព​ ហើយ​សម្លាប់​ហ្នឹង​សម្លាប់​ដើម្បី​អី»?

លោក​អះអាង​ថា​ មាន​អ្នក​នៅ​ពី​ក្រោយ​ការ​រៀប​ចំ​គម្រោង​សម្លាប់​បង​ប្រុស​របស់​លោក។

រូបឯកសារ៖ អ្នក​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ម្នាក់ កាន់​រូបភាព​លោក កែម ឡី នៅ​ក្នុង​អំឡុង​ពិធី​បុណ្យ​សព​របស់​លោក កាលពី​ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦។
រូបឯកសារ៖ អ្នក​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ម្នាក់ កាន់​រូបភាព​លោក កែម ឡី នៅ​ក្នុង​អំឡុង​ពិធី​បុណ្យ​សព​របស់​លោក កាលពី​ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦។

អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ដែល​រួម​ទាំង VOA ផង​នោះ​ បាន​ស៊ើប​អង្កេត​ក្រុម​គ្រួសារ​បុរស​ឈ្មោះ​ អឿត អាង ហៅ​ ជួប សម្លាប់ ​រហូត​ដល់​ខេត្ត​សៀមរាប។

ម្ដាយ​ ប្រពន្ធ ​និង ​អ្នក​ជិត​ខាង​របស់ អឿត អាង ដែល​ធ្លាប់​ស្នាក់​នៅ​នៅ​ជាមួយ​នោះ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា អឿត អាង ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ និងជា​មនុស្ស​ក្រីក្រ​ខ្លាំង ​និង​គ្មាន​មុខ​របរ​ច្បាស់លាស់។​

កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ​លោក​ សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្ហោះ​សេចក្ដី​សម្រេច​មួយ​របស់​តុលាការ​អាមេរិក​ ដែល​អនុញ្ញាត​ឲ្យ​លោក សម ​រង្ស៊ី ​អាច​ចេញ​សំណើ​របស់​លោក​ទៅ​ក្រុម​ហ៊ុន​ប្រេង Chevron ដើម្បី​ឲ្យ​បង្ហាញ​កាមេរ៉ា​សុវត្ថិភាព​ដែល​អាច​លាតត្រដាងការ​ពិត​នៃ​ការ​ធ្វើ​ឃាត​លោក ​កែម​ ឡី។

លោក​ Brad Adams ​នាយក​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​ ជំរុញ​ឲ្យ​តុលាការ​ និង​អាជ្ញាធរ​វែកមុខ​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​នេះ។

លោក​បាន​ថ្លែង​ប្រាប់​ប្រាប់ ​VOA​ ថា៖ «គាត់​(ជួប​ សម្លាប់) ប្រហែល​អាច​ជា​អ្នក​បាញ់​សម្លាប់ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ចង់​ដឹង​ថា​តើ​នរណា​បញ្ជា​ឲ្យ​បាញ់​សម្លាប់​និង​ចំណាយ​លុយ​សម្រាប់​ឃាត​កម្ម​នេះ។ នេះ​យើង​មិន​ដឹង​ទេ។ ប្រសិនបើ​ប៉ូលិស​ពិត​ជា​ចង់​រក​ឃាតក​មែន ពួកគេ​អាច​រក​ឃើញ»។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា​ពួក​គេ​មិន​មាន​បំណង​រក​អ្នក​នៅ​ពី​ក្រោយ​នោះ​ទេ»។

លោក Adams មិន​មាន​ជំនឿ​ទេ​ថា​ អាជ្ញាធរ​អាច​រក​យុត្តិធម៌​ពិត​សម្រាប់​ក្រុម​គ្រួសារ​លោក​ កែម​ ឡី ​នោះ​ ដោយ​លោក​បាន​លើក​ឡើង​ពី​បទ​ពិសោធន៍​នៃ​ការ​បាញ់​សម្លាប់​បែប​នយោបាយ​នេះ​កាល​ពី​អតីត​កាល។

«ការ​បាញ់​សម្លាប់​នេះ​ចម្លែក​ណាស់។ ហេតុ​អ្វី​អ្នក​បាញ់​សម្លាប់​គ្រាន់​តែ​ដើរ​ចេញ​ពី​កន្លែង​បាញ់​សម្លាប់​ហើយ​ឲ្យ​គេ​ចាប់​ ដោយ​មិន​មាន​គម្រោង​រត់​គេច។ នេះ​ហាក់​ដូច​ជា​ការ​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​ខ្ញុំ។​ ខ្ញុំ​នៅ​តែ​អត់​យល់»។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ការ​បាញ់​សម្លាប់​លោក​ កែម ​ឡី​ វីដេអូ​មួយ​ផ្សេង​ទៀត​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​គេហទំព័រ​បណ្ដាញ​សង្គម​ Facebook ។

ក្នុង​វីដេអូ​នោះ​ គេ​ឃើញ​ឈ្មោះ​ ជួប​ សម្លាប់ ​រត់​ត្រឹកៗ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ ពី​កន្លែង​កើត​ហេតុ​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​នៃ​ផ្លូវ​នរោត្តម។ គេ​អាច​មើល​ឃើញ​ច្បាស់​នៅ​ក្នុង​វីដេអូ​នោះ​ថា​ ជួប ​សម្លាប់ រត់​មិន​ទាន់​បាន​ចម្ងាយ​ឆ្ងាយ​ផង​ អាជ្ញាធរ​បាន​ជិះ​ម៉ូតូ​តាម​ពី​ក្រោយ ហើយ​ក្រោយមក​ក៏​ឲ្យ​ ជួប សម្លាប់ ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ដើម្បី​ឲ្យ​ផុត​ពី​ការ​វាយ​ប្រហារ​របស់​មហាជន។

រូបឯកសារ៖ ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក​កែម ឡី​ ត្រូវ​បាន​នាំ​មក​បង្ហាញ​ដល់​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជន​សង្ស័យ​នេះ​បាន​បាញ់​ប្រហារ​លោក​កែម ឡី​ ជាមួយ​នឹង​អាវុធ​ម៉ាក Glock កាល​ពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក​កែម ឡី​ ត្រូវ​បាន​នាំ​មក​បង្ហាញ​ដល់​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជន​សង្ស័យ​នេះ​បាន​បាញ់​ប្រហារ​លោក​កែម ឡី​ ជាមួយ​នឹង​អាវុធ​ម៉ាក Glock កាល​ពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​លោក​ ខៀវ​ សុភ័គ​ បដិសេធ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ ដោយ​ថា​ ករណី​នេះ​ស្ថិត​នៅ​លើ​ដៃ​តុលាការ។

អ្នក​នាំ​ពាក្យ​អយ្យ​ការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក លី ​សុផាណា ​ មាន​ប្រសាសន៍​ថា ​តុលាការ​កំពុង​រៀប​ចំ​នីតិវិធី​កោះ​ហៅ​ជន​ជាប់​ចោទ​ ភាគី​នៃ​រឿង​ក្ដី​ សាក្សី​ អ្នក​ជំនាញ ​និង​មន្ត្រី​នគរ​បាល​យុត្តិធម៌​ដើម្បី​ចូល​រួម​សវនាការ។ លោក​បញ្ជាក់​បន្ថែម​ថា៖

«សវនាការ​ជា​ការ​ជំនុំជម្រះ​ដោយ​ត្រូវ​ដំណើរ​ការ​កិច្ច​ពិភាក្សា​ដេញ​ដោល​ ស្ដាប់​ចម្លើយ​បុគ្គល​ដែល​បាន​កោះ​ហៅ ​ពិនិត្យ​ភស្តុតាង​នានា ​និង​ការ​ដាក់​សេចក្ដី​សន្និដ្ឋាន»។

លោក ​ហ៊ាង ​ណារិទ្ធិ​ អាយុ​៤៥​ឆ្នាំ​ ជា​សន្តិសុខ​បម្រើ​ការ​នៅ​ហាង Global Art ចម្ងាយ​ប្រមាណ​២០ម៉ែត្រ​ពី​កន្លែង​សម្លាប់​លោក​ កែម​ ឡី ​មាន​ប្រសាសន៍​ថា​ លោក​បាន​ឮ​សំឡេង​បាញ់​ពីរ​គ្រាប់​ចេញ​ពី​កន្លែង​ដែល​ឃាតក​សម្លាប់​លោក កែម​ ឡី។

លោក​បន្ថែម​ថា​បន្ទាប់​មក​លោក​បាន​ឃើញ​បុរស​ម្នាក់​បាន​រត់​ចេញ​ ក្នុង​សភាព​មិន​ប្រញាប់​នោះ​ទេ​ តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង។ លោក​បញ្ជាក់​ថារូបរាង​បុរស​ដែល​លោក​បាន​ឃើញ​នោះ ហាក់​ដូច​ជា​ ជួប​ សម្លាប់ ​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និង​បណ្ដាញ​សារព័ត៌មាន។

លោក​មាន​ប្រសាសន៍​ថា៖ «គេ​ថា​បាញ់​កែម ឡី បាញ់​ កែម​ ឡី ​អញ្ចឹង​ ដល់​អញ្ចឹង​ខ្ញុំ​ទៅ​មើល​ កែម ឡី ហើយ​ឃាតក រត់​កាត់​មុខ​ខ្ញុំ។ ប៉ុន្តែ​យើង​អត់​សូវ​បាន​ចំណាំ អត់​សូវ​បាន​ចាប់​អារម្មណ៍»។

សន្តិសុខ​រូប​នេះ និយាយ​ថា លោក​ក៏​ចង់​ឲ្យ​អាជ្ញាធរ​វែក​មុខ​អ្នក​បញ្ជា​ពី​ក្រោយ​ការ​សម្លាប់​នេះ​ដែរ។

«(ខ្ញុំ)ចង់​សំណូម​ពរ​ធ្វើ​ម៉េច​ឲ្យ​វែក​មុខ​ឲ្យ​ដឹង​អ្នកណា​បញ្ជា​អី​ពី​ក្រោយ។ តាម​ការពិត​បុគ្គល​ហ្នឹង​មិន​អ្នក​ធ្វើ​ដោយ​ចិត្ត​ឯង​ តាម​ខ្ញុំ​គិត។​ គាត់​ហ្នឹង​មិន​អាច​ជំពាក់​លុយ​អា​គាត់​ហ្នឹង​បាន​ទេ។ យើង​មើល​ទៅ​ខុស​ពណ៌​ ខុស​សម្បុរ​គ្នា​ណាស់។ អាការ​ចោទ​ប្រកាន់​ថា​ជំពាក់​លុយ​៣០០០​ដុល្លារ​ ជា​ការ​ប្រឌិត​ទេ»។

ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន បុរស​ជា​សន្តិសុខ​ម្នាក់​ទៀត​ដែល​យាម​នៅ​ម៉ាត​មួយ​ចម្ងាយ​ប្រហែល​៤០ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ បាន​និយាយ​ថា​ លោក​បាន​ឃើញ​បុរស​ម្នាក់​ដើរ​ឈ្ងោក​តាម​ផ្លូវ​កាត់​កន្លែង​យាម​របស់​លោក​ ដោយ​មាន​មនុស្ស​តាម​ពី​ក្រោយ។

លោក​បន្ត​ថា ​បើ​តាម​ពិនិត្យ​មើល​រូប​ដែល​គេ​បង្ហោះ​លើ​ហ្វេសប៊ុក​ លោក​ថា​អាច​ជា​អ្នក​ដែល​គេ​ដេញ​ចាប់ ដោយ​សារ​ឯកសណ្ឋាន​ដែល​ស្លៀក​ពាក់​នោះ​ដូចគ្នា។

មក​ដល់​ពេល​នេះ ​កាមេរ៉ា​សុវត្ថិភាព​នៅ​កន្លែង​ដែល​លោក ​កែម ​ឡី ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នោះ ​មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ​នៅ​ឡើយ​នោះ​ទេ។ បុគ្គលិក​នៅ​កន្លែង​ចាក់​សាំង​និង​ម៉ាត​ ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​អំពី​ការ​បាញ់​សម្លាប់​នេះ​ដែរ។

ចំណែក​បុគ្គលិក​ចាក់សាំង​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ​សមត្ថកិច្ច​បាន​ហៅ​អ្នក​គិត​លុយ​ អ្នក​លក់​កាហ្វេ​ និង​បុគ្គលិក​ផ្សេង​ទៀត​ដែល​ធ្វើ​ការ​នៅ​ក្នុង​ម៉ាត ទៅ​សាក​សួរ​ជា​បន្តបន្ទាប់។

លោក​បន្ត​ថា ​តាម​ការ​បញ្ជាក់​ពី​បុគ្គលិក​ដែល​ស្គាល់​គ្នា ជួប សម្លាប់​ ពិត​ជា​មនុស្ស​ដែល​បាន​បាញ់​សម្លាប់​លោក​ កែម​ ឡី។ តែ​ទោះ​ជា​យ៉ាង​ណា​ លោក​ថា​ មាន​តែ​កាមេរ៉ា​សុវត្ថិភាព​ទេ​ដែល​អាច​បញ្ជាក់​ពី​ភាព​ពិត​នៃ​រឿង​នេះ​បាន។

«កាមេរ៉ា​មាន​ទាំង​អស់​តើ តែ​ប៉ូលិស​គេ​យក​ទៅ​បាត់​ហើយ»។

អ្នក​ចាក់​សាំង​រូប​នេះ ​មាន​ប្រសាសន៍​បន្ថែម​ថា៖ «គាត់​ជំពាក់​លុយ​គេ​ម៉េច ​គាត់​មក​ចាក់​សាំង​កន្លែង​ខ្ញុំ ​រួស​រាយ ​មិន​វាយ​ឫក​ទេ។ ហើយ​តែង​តែ​ឲ្យ​លុយ​១ដុល្លារ ធីប ពេល​មក​ចាក់​សាំង»។

រូបឯកសារ៖ អ្នកស្រី ប៊ូ រចនា ភរិយា​សព​លោក​ កែម ឡី​ ​កាន់​ឱប​រូបថត​ស្វាមី​អ្នកស្រី​ ខណៈ​ពេល​អម​ដំណើរ​ដោយ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​រួម​ជូន​ដំណើរ​សពលោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​។​
រូបឯកសារ៖ អ្នកស្រី ប៊ូ រចនា ភរិយា​សព​លោក​ កែម ឡី​ ​កាន់​ឱប​រូបថត​ស្វាមី​អ្នកស្រី​ ខណៈ​ពេល​អម​ដំណើរ​ដោយ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​រួម​ជូន​ដំណើរ​សពលោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​។​

កាល​ពី​ថ្ងៃ​ចន្ទ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ បាន​ប្ដឹង​អ្នក​វិភាគ​មួយ​រូប​គឺ​លោក គឹម សុខ​ ដែល​ទើប​លេច​មុខ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ថា​ លោក​បាន​អះអាង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពី​ក្រោយ​ការ​សម្លាប់​លោក កែម​ ឡី។

ក្រៅ​ពី​លោក​ គឹម​សុខ​ លោក ហ៊ុន សែន ក៏​បាន​ប្ដឹង​លោក​ស្រី​ ថាក់ ​ឡានី​ សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រឆាំង​និង​លោក​ សម​ រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ទៅ​លើ​ការ​ធ្វើ​អត្ថាធិប្បាយ​ស្រដៀង​គ្នា​នេះ។

លោក​ Brad Adams ​នាយក​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ចាត់​ទុក​ការ​ប្ដឹង​នេះ​ជា​ការ​បំបិទ​សំឡេង​អ្នក​រិះគន់។

លោក​ ហ៊ុន សែន​ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​កោះ​ធំ​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា៖

«គណបក្ស​ប្រជាជន​សម្លាប់​មនុស្ស​ចប់​ហើយ។ វា​មាន​រឿង​អី​ទៀត។ អ្នក​ណា អ្នក​ចំណេញ​ពី​សោកនាដកម្ម​ នៅ​ក្នុង​ការ​ស្លាប់​មនុស្ស​នៅ​ក្នុង​ដំណាក់​កាល​ដែល​ខ្លួន​កំពុង​កាន់​អំណាច»។

យ៉ាង​ណា​ក៏​ដោយ ព្រះ​តេជ​ព្រះ​គុណ​ប៊ុត​ ប៊ុន​ទិញ​ ដែល​ជា​សកម្មជន​សង្ឃ​មួយ​អង្គ​និង​ជា​អ្នក​ធ្លាប់​ស្គាល់​លោក​ កែម​ ឡី​ មាន​សង្ឃដីកា​ថា​ ជួប​ សម្លាប់​ អាច​ជា​អ្នក​ស៊ី​ឈ្នួល​សម្លាប់​លោក​ កែម ​ឡី ។

ព្រះអង្គ​មាន​សង្ឃ​ដីកា​ថា៖

«យុត្តិធម៌​អាច​មាន​ តែ​យុត្តិធម៌​ក្នុង​ល្ខោន​ហ្នឹង។ យើង​មើល​តាំងពី​ដំណើរការ​នៃ​ការ​ស៊ើប​អង្កេត​ ហើយ​បិទ​ករណី​ស៊ើប​អង្កេត​ហ្នឹង​ ក៏​បិទ​ដោយ​ស្ងាត់ៗ ហើយ​ស៊ើប​អង្កេត​ហ្នឹង​ក៏​មិន​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ពាក់ព័ន្ធ​ចូល​រួម​ទេ»។

លោក​ស្រី ប៊ូ រចនា ភរិយា​របស់​លោក​ កែម​ ឡី​ និង​កូន​ប្រុស​៥នាក់ បាន​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៦​ ដោយសារ​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព។

ពេល​នេះ លោក​ស្រី​កំពុង​តែ​រៀប​ចំ​ឯកសារ​មួយ​ចំនួន​ ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​ចេញ​ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលី៕

XS
SM
MD
LG