យុវជនជាង២០នាក់ កាលពីព្រឹកថ្ងៃពុធ បានជួបជុំគ្នានៅសួនវត្តបុទុមវតី ក្បែរព្រះបរមរាជវាំង ដើម្បីដាក់លិខិតមួយច្បាប់ស្នើសុំចូលគាល់ព្រះមហាក្សត្រ ក្នុងការថ្វាយព្រះពរ និងទូលថ្វាយអំពីបញ្ហាធនធានធម្មជាតិ បញ្ហាព្រៃឈើ បរិស្ថាន និងសិទ្ធិមនុស្សជាដើម។
ក្រុមយុវជនឱ្យដឹងថាពួកគេជឿជាក់ថាព្រះមហាក្សត្រនឹងអាចដោះស្រាយបញ្ហា ដែលជាក្តីកង្វល់របស់ពួកគេ ខណៈអស់ជំនឿចំពោះការបំពេញការងាររបស់ក្រសួងស្ថាប័នរដ្ឋមួយចំនួន។
ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២៩ ខែមីនានេះ ដែលទទួលដោយមន្រ្តីព្រះបរមរាជវាំង ក្រុមយុវជនសរសេរថា៖ «ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំសូមព្រះបរមរាជានុញ្ញាតទូលថ្វាយព្រះអង្គនូវបញ្ហាផ្សេងៗ អំពីសិទ្ធិមនុស្ស ធនធានធម្មជាតិ និងបរិស្ថាន ដែលកំពុងតែវិវត្តធ្ងន់ធ្ងរទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឱ្យទ្រង់អាចយកព័ត៌មានសំខាន់ៗទាំងអស់នេះ ទៅព្រះរាជតម្រិះ ដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋមូលដ្ឋាន និងបន្តគង់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រតរៀងទៅ»។
ក្រោយប្រគល់លិខិតមួយច្បាប់ដែលស្នើសុំគាល់ព្រះមហាក្សត្រទៅឱ្យមន្ត្រីព្រះបរមរាជវាំង លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ប្រាប់អ្នកសារព័ត៌មានថាគោលបំណងរបស់សកម្មជនសង្គម គឺដើម្បីសុំចូលគាល់ព្រះមហាក្សត្រក្នុងការថ្វាយព្រះពរ មុនពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរ និងដើម្បីទូលថ្វាយព្រះមហាក្សត្រអំពីបញ្ហាព្រៃឈើដែលកំពុងតែបាត់បង់ ជាពិសេសបញ្ហានៅព្រៃឡង់ និងបញ្ហាសង្គមផ្សេងៗទៀត។ លោករំពឹងថាព្រះមហាក្សត្រនឹងអនុញ្ញាតឱ្យក្រុមយុវជន ចូលគាល់។
លោកបញ្ជាក់ថា៖ «សូមឱ្យព្រះអង្គព្រះករុណាទ្រង់ជួយធ្វើយ៉ាងណាឱ្យសកម្មជនសង្គមយើង ដែលចូលរួមដោះស្រាយបញ្ហាសង្គមជាតិ បញ្ហាអំពើអយុត្តិធម៌ក្តី ការចាប់សកម្មជនសង្គមដាក់គុកក្តីនេះ សូមឱ្យព្រះករុណាទ្រង់ពិនិត្យលើរឿងហ្នឹងឡើងវិញ ដូចជាព្រះករុណាបិតា ដែលព្រះបរមរតនកោដ្ឋ ព្រះសីហនុ ដែលទ្រង់តែងតែបានធ្វើជារឿយៗ តែងតែលើកទឹកចិត្តដល់និស្សិត យុវជនឱ្យចូលរួមដោះស្រាយបញ្ហាជាតិ»។
លោក កើត សារ៉ាយ បន្ថែមថាក្រុមយុវជនមិនដែលឃើញក្រសួងពាក់ព័ន្ធឆ្លើយតប និងមានចំណាត់ការក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ និងលើកកម្ពស់សិទ្ធិសេរីភាពឱ្យបានប្រសើរនៅឡើយ។
លោកថ្លែងថា៖ «ចុងក្រោយមានតែព្រះករុណា ជាស្តេចហ្នឹងហើយ ដែលអាចជួយជាប្រជានុរាស្ត្របាន [ជួយ]អ្នករងគ្រោះបាន។ ហើយបើព្រះករុណា អត់អាចជួយយើងបានទៀត ខ្ញុំមិនដឹងទៅណាទៀតទេ ព្រោះក្រសួងអី យើងដាក់លិខិតរឿងព្រៃឈើ យើងដាក់អស់ហើយ តែលទ្ធផលនៅតែប៉ុណ្ណឹង។ រឿងសកម្មជន សិទ្ធិក្នុងការសម្តែងមតិ សិទ្ធិចូលរួមក្នុងកិច្ចការងារសង្គម ពេលដែលធ្វើទៅតែងតែមានការចាប់ខ្លួនជាដើម យើងគ្មានការរំពឹងថានឹងមានការអន្តរាគមន៍ពីស្ថាប័នជំនាញ ឬស្ថាប័នពាក់ព័ន្ធណាទេ ក្រៅពីព្រះមហាក្សត្រ»។
លោកបន្ថែមថាបើទោះបីព្រះមហាក្សត្រទ្រង់មិនកាន់អំណាច ក៏ប៉ុន្តែលោកជឿថាព្រះមហាក្សត្រក៏នៅតែអាចជួយដោះស្រាយក្តីកង្វល់របស់ក្រុមយុវជនបាន។
លោកថ្លែងថា៖ «ក្នុងរដ្ឋធម្មនុញ្ញ ត្បិតចែងថា ព្រះមហាក្សត្រមិនកាន់អំណាចក៏ពិតមែន ប៉ុន្តែព្រះអង្គជាអ្នកធានានូវគ្រប់យ៉ាង បូរណភាពទឹកដី ការឯកភាពជាតិ ការផ្សះផ្សារជាតិ ផ្សះផ្សាយនយោបាយ គឺព្រះអង្គជាអ្នកធានា»។
ចំណែកយុវត្តី ដែលមកចូលរួមដាក់លិខិតសូមចូលគាល់ព្រះមហាក្សត្រនេះដែរ កញ្ញា មាន លីសា អាយុ២០ឆ្នាំ ជាយុវត្តីនៃក្រុមចលនាមាតាធម្មជាតិ ជឿជាក់ថាព្រះមហាក្សត្រដែលជាព្រះប្រមុខរដ្ឋនឹងអាចជួយដោះស្រាយបញ្ហាប្រឈម និងក្តីកង្វល់របស់យុវជនបាន។
កញ្ញាថ្លែងថា៖ «ក្រសួងពាក់ព័ន្ធដែលធ្វើការងារផ្ទាល់មិនថាបរិស្ថានអី គឺមិនមានដំណោះស្រាយឱ្យពួកយើង ដូច្នេះយើងមើលឃើញពីម្លប់របស់ព្រះមហាក្សត្រ ដែលជាម្លប់ដល់ប្រជាពលរដ្ឋ ក្នុងការជួយអន្តរាគមន៍ឱ្យមានការគោរពសិទ្ធិមនុស្សជាងនេះ។ ព្រះអង្គមានតួនាទីជាអាជ្ញាកណ្តាល ព្រះអង្គអាចស្នើឱ្យមានការជួយដោះស្រាយដល់ពួកយើងបាន បើសិនជាព្រះអង្គពិតជាយកបញ្ហារបស់ពួកយើង យកទៅធ្វើជាព្រះតម្រិះ ថាតើវាដល់ស្ថានការណ៍កម្រិតណា»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក គង់ សំអុល រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំងបាននៅឡើយទេ។
លោក អ៊ុំ ដារ៉ាវុធ នាយកខុទ្ទកាល័យព្រះមហាក្សត្របានបង្វែរសំណួរទៅលោក គង់ សំអុល នៅពេលវីអូអេទាក់ទងទៅ។
ក្រុមយុវជនដែលបានមកចូលរួមដាក់លិខិតសុំចូលគាល់ព្រះមហាក្សត្រ បង្ហាញក្តីរំពឹងថាព្រះមហាក្សត្រនឹងរាជានុញ្ញាតឱ្យពួកគេបានចូលគាល់ និងស្តាប់ការលើកឡើងអំពីក្តីកង្វល់របស់ពួកគេ៕