ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវ​ជន​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ពី​ខេត្ត​សៀមរាប​មក​ភ្នំពេញ ដើម្បី​ជំរុញ​រដ្ឋាភិ​បាល​គោរព​សិទ្ធិ​មនុស្ស


ក្រុមយុវជនចាប់ផ្តើមយុទ្ធនាការជិះកង់ ចេញពីមុខអង្គរវត្ត ខេត្តសៀមរាប មករាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ (រូបភាពផ្តល់ឱ្យ​៖ លោក ហូយ ម៉េងទៀង បុគ្គលិក CYN)
ក្រុមយុវជនចាប់ផ្តើមយុទ្ធនាការជិះកង់ ចេញពីមុខអង្គរវត្ត ខេត្តសៀមរាប មករាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ (រូបភាពផ្តល់ឱ្យ​៖ លោក ហូយ ម៉េងទៀង បុគ្គលិក CYN)

នៅ​មុន​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ ក្រុម​យុវ​ជន៣០​នាក់​បាន​ចាប់​ផ្តើមយុទ្ធនា​ការ​ជិះ​កង់ ក្នុង​ចម្ងាយ​ផ្លូវ​ជាង​៣០០​គីឡូ​ម៉ែត្រ ​ចេញពី​មុខ​អង្គរ​វត្តក្នុងខេត្តសៀម​រាប ​មក​កាន់​រាជ​ធានី​ភ្នំពេញ ​ក្នុង​គោល​បំណង​ជំរុញ​ឱ្យរដ្ឋា​ភិបាល គោរព និង​ផ្តល់​សិទ្ធិ​សេរី​ភាពដល់​ពល​រដ្ឋ ​ឱ្យ​ដូច​ទៅ​នឹង​អ្វី​ដែល​មា​ន​ចែង​ក្នុងរដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា។

​យុទ្ធនា​ការ​ជិះកង់​ដើម្បី​សិទ្ធិ​មនុស្ស​នេះ មានរយៈ​ពេល​៥​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី៦ដល់​ថ្ងៃ​ទី​១០ ​ខែធ្នូ ដែលនឹង​មក​ដល់​រាជ​ធានី​ភ្នំពេញ​នៅថ្ងៃ​១០ ​ខែធ្នូ ​ដើម្បីចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត ដែល​គ្រោង​ជួបជុំ​មនុស្ស​ប្រមាណ​២​ពាន់​នាក់ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ក្នុង​រាជធានី​ភ្នំពេញ។

​លោក ​ហេង គឹមហុង ​ប្រធាន​កម្ម​វិធី​ផ្នែក​ស្រាវ​ជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមា​គម​បណ្តាញ​យុវជន​កម្ពុជា​(CYN)​ដែល​បាន​ដឹក​នាំ​យុវ​ជន​ចំនួន​៣០​នាក់​ធ្វើ​យុទ្ធនា​ការ​ជិះ​កង់ដើម្បី​សិទ្ធិ​មនុស្ស​នេះ​ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​យុទ្ធនា​ការនេះ គឺ​ដើម្បី​ផ្សព្វ​ផ្សាយ​ និង​ទាមទារ​ឱ្យរដ្ឋា​ភិបាល​គោរព និង​ផ្តល់​សិទ្ធិ​សេរី​ភាព​ដល់​ប្រជា​ពល​រដ្ឋឱ្យ​បាន​ពេល​លេញ​ ​ស្រប​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​ ព្រោះ​លោ​ក​កត់​សម្គាល់​ថា​ប្រជា​ពល​រដ្ឋនៅ​តែ​រង​ការ​រឹត​ត្បិត​ទាក់​ទង​ការ​អនុវត្ត​សិទ្ធិ ដូច​ជាសិទ្ធិ​បញ្ចេញ​មតិ​ ​សិទ្ធិ​នយោ​បាយ​ជាដើម​។

លោក​ថ្លែង​ថា៖ ​«យើង​មើល​ឃើញ​ថា លំដាប់​នីតិ​រដ្ឋ​របស់​កម្ពុជា​មាន​ការ​ធ្លាក់ចុះ​ ហើយ​ការ​គោរព​សិទ្ធិ​ជាមូ​ល​ដ្ឋាន​ផ្សេង​ៗ រងការ​រឹតត្បិត​ រួមមាន​សិទ្ធិផ្នែកនយោបាយ តាមរយៈរូប​ភាព​រំលាយ​អតីត​គណ​បក្ស​ប្រឆាំង​ជាដើម។ ហើយ​ក្រៅពី​នេះ យើង​ឃើញថា​សិទ្ធិសហគមន៍​ សិទ្ធិជួបជុំ សិទ្ធិកូដកម្ម ដែល​បាន​កំណត់ដោ​យ​រដ្ឋធម្មនុញ្ញ តែង​តែ​រឹត​ត្បិតចំពោះ​ការ​អនុវត្ត​ មាន​ការ​រំលោភ​សិទ្ធិ​ជា​ដើម ដែល​ធ្វើ​ឱ្យ​យើង​ទាំង​អស់ដែល​ជាក្រុម​យុវជន​សម្រេច​ចិត្ត​ធ្វើ​យុទ្ធនា​ការ​នេះ​ឡើង​ ដើម្បី​ផ្សព្វ​ផ្សាយ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អនុ​វត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​គោលការណ៍​បី [គឺ​] គោរព ការ​ពារ​ និង​លើក​កម្ពស់​ សិទ្ធិ​មនុស្ស ​ដែល​ជា​បទ​ដ្ឋាន​សិទ្ធិ​សកល​សម្រាប់​ពិភពលោក​ ហើយ​កម្ពុជា​បាន​ផ្តល់​បរិយា​ប័ន្ន​»។ ​


​ចំពោះ​គោល​បំណង​ផ្សេង​ទៀត​នៃ​យុទ្ធនាការ​ជិះ​កង់​នេះ គឺ​ដើម្បី​អបអរ​សាទរ​ ខួប​លើក​ទី​៧៤​នៃទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ឆ្នាំ​២០​២២​ផង​ដែរ​។

​នៅ​ថ្ងៃ​ទី​១០ ខែធ្នូ​ ខាង​មុខ​ ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ចំនួន​២៤​ស្ថាប័ន ​រួម​មាន​អង្គការ​អាដហុក ​សង់​ត្រាល់ ​និង​ CHRAC ​នឹង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ នៅ​ទីលាន​ប្រជាធិប​តេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​លម្ហ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​សិទ្ធិ​ពលរដ្ឋ ​និង​នយោ​បាយ​ជា​ដើម​។ ​នេះ​បើ​យោង​តាម​លោក​ រស់ សុដ្ឋា ​នាយក​ប្រតិ​បត្តិ​អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ហៅ​កាត់​ថា​ CHRAC។ ​

លោក​ រស់ សុដ្ឋា ​ប្រាប់​វីអូអេ​ថា​នៅ​ថ្ងៃ​១០​ធ្នូ ​នៃទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ អង្គការ​សង្គម​ស៊ីវិល​បាន​រៀប​ចំ​ដាក់​លិខិត​ជូនដំណឹង​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ ដើម្បី​សុំ​ជួប​ជុំ​មនុស្ស​ចំនួន​២​ពាន់​នាក់ ​ដែល​ក្នុង​នោះ​មាន​សហ​ជីព អង្គការ​សង្គម​ស៊ីវិល អ្នក​ការ​ពារ​សិទ្ធិមនុស្ស អ្នកស្រឡាញ់​បរិស្ថាន​ រួម​ទាំង​ជន​រង​គ្រោះ​ដែល​ប្រឈម​បញ្ហា​នានា​ជា​ដើម។

លោក​បញ្ជា​ក់ថា៖ ​«​បង្កើត​ជា​វេទិកា​មួយ ​ឱ្យគាត់​អាច​ឱ្យ​រៀន​សូត្រ ​បញ្ចេញ​មតិ​របស់​គាត់​ ជុំវិញ​ស្ថាន​ភាព​សិទ្ធិ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ឱ្យ​អ្នក​ពាក់ព័ន្ធ​បាន​ឭ​។ ហើយ​ក៏ដូចជា​ការ​ជំរុញ​ឱ្យរដ្ឋា​ភិបាល ក៏​ដូច​ជា​អ្នក​ពាក់​ព័ន្ធ​ យក​ទៅ​ធ្វើ​ការ​កែ​លម្អ»។

​លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ ​មិន​ទាន់​អាច​បញ្ជាក់អ្វី​បាន​នៅឡើយ​ទេ ដោយ​លោក​ថា​ចាំ​ជួប​ជា​មួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ពិភាក្សា​គ្នា​អំពី​រឿង​នេះ​ជា​មុន​សិន​។ ​

​លោក​ ជិន ម៉ាលីន​ អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​និង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ​ចាត់​ទុក​ការ​ទាមទាររបស់​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ និង​សេរី​ភាព​ពលរដ្ឋ​ថា​ជា​ការ​ទាញ​យក​ផល​ចំណេញ​នយោបាយ ឬ​ផល​ប្រយោជន៍​ផ្សេង។ ​លោក​ការ​ពារ​ថាលម្ហ​សេរី​ភាព ឬប្រជា​ធិប​តេយ្យ​មិន​មាន​ការ​រឹត​ត្បិត ឬ​រួម​តូ​ច​អ្វី​នោះ​ទេ ដោយប្រជាពល​រដ្ឋ​ច្រើន​លើស​លប់​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ និង​ប្រកប​របរ​រកស៊ី​ដោយ​សេរី​ ស្រប​ទៅ​តាម​ច្បាប់​មិន​មានបញ្ហា​អី​នោះ​ទេ។

លោក​បញ្ជាក់​ថា​៖ ​«បើ​យើង​សង្កេត​ឱ្យ​គ្រប់​ទិដ្ឋភាព​ទៅ យើង​ឃើញ​ ​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​ ដូច​ជា​គេ​ប្រកប​របរ​រក​ស៊ី​ គេ​បញ្ចេញ​មតិ ដូចជា​មិន​ដែល​មាន​បញ្ហា​អ្វីទេ​ គេ​មិន​យក​ចិ​ត្ត​ទុក​ដាក់​ផង មែន​ទែន​ទៅ​គេ​ប្រើ​ប្រាស់​សិទ្ធិ និង​ធ្វើ​សកម្មភាព​តាម​ផ្លូវ​ច្បាប់ អ៊ីចឹង​គេ​មិន​មាន​ការ​បារម្ភ​អ្វី​ទេ។ ប៉ុន្តែ​យើង​ឃើញ​ថា​អ្នក​ដែល​បារម្ភ ហើយ​ធ្វើការ​រិះគន់​តែមួយ​ក្រុម​តូច ហើ​យ​ក្រុម​នេះ តែងតែ​ធ្វើ​សកម្ម​ភាព​មាន​ចេត​នា​នយោ​បាយ​ ចេតនា​ទុច្ច​រិត​នៅ​ក្រោយ​ អ៊ីចឹង​ហើយ​បាន​ចេះ​តែ​មាន​ខ្លួន ហើយចេះតែ​មាន​ការ​ភ័យខ្លាច»។ ​

ចំណែក​ លោក ​រស់ សុដ្ឋា ​នាយក​ប្រតិ​បត្តិ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​ថា​ពលរដ្ឋ​កម្ពុជា​មាន​សិទ្ធិ ប៉ុន្តែ​មិន​ទាន់​មាន​សេរី​ភាព​ពេញ​លេញ​ក្នុង​កា​រ​បញ្ចេញ​នូវអ្វី​ដែលពួក​គេ​ចង់​និយាយ ឬចង់​ធ្វើនៅ​ឡើយ​ទេ ដូច្នេះ​រដ្ឋាភិ​បាល​គួរ​បង្ក​បរិយា​កាស​ល្អ​ប្រសើរ និង​ធានា​ថា​ពល​រដ្ឋ​អាច​ប្រើប្រាស់​សិទ្ធិ និង​សេរី​ភាព​របស់​ខ្លួន ដោយ​មិន​មាន​ការភ័យ​ខ្លាច​។ ​

​លោក​ថ្លែង​ថា​៖ ​«សិទ្ធិ​មាន​ហើយ​ មាន​គ្រប់​តែ​គ្នា​ហ្នឹង ភាគច្រើនគឺមាន​ តែយើង​អត់​មាន​សេរី។ អ៊ីចឹង​បើ​រដ្ឋា​ភិបាល​ចង់ឱ្យ​លម្ហ​ប្រជាធិប​តេយ្យ​ ឬសិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដំណើរ​ការ​បាន​ល្អ ហើយ​ពេញ​លេញ​ គឺ​យើង​បើក​សេរី​ភាព​ឱ្យ​បាន​ច្រើន​ ពេល​នោះ​កម្ពុជា​យើង​នឹង​បាន​ដើរ​តាម​គន្លង​មួយ​ ដែល​យើង​ចង់​បាន​តាម​ផ្លូវ​សិទ្ធិ​មនុស្ស​»។

លោក​បន្ត​ថា​មិន​មែន​មាន​តែ​អង្គការ​សង្គម​ស៊ីវិល ដែល​មើល​ឃើញ​ថា​សិទ្ធិ​សេរី​ភាព​របស់​ពលរដ្ឋ​កម្ពុជា​នៅ​រង​ការរឹតត្បិត​ គឺ​សូម្បី​តែ​អង្គការ​សហ​ប្រជា​ជាតិ សហភាព​អឺរ៉ុប សហ​រដ្ឋអាមេរិក ក៏​លើក​ឡើង​អំពី​បញ្ហា​នេះ​ផង​ដែរ។

​លិខិត​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ​របស់​អង្គការ​សង្គម​ស៊ីវិល ជូន​ដំណឹង​ទៅអភិបាល​រាជ​ធានីភ្នំពេញ ក្នុង​ការ​ជួប​ជុំ​មនុស្ស​ប្រមាណ២ពាន់​នាក់ នៅ​ថ្ងៃទី​១០ ធ្នូ ​ខួប​៧៤ឆ្នាំនៃទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ បញ្ជាក់​ថា​គោល​បំណង​នៃ​ការជួបជុំ​នេះ​ គឺ​ដើម្បី​បង្កើន​ការ​ចង​ចាំ​នូវ​សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ សិទ្ធិ​នយោបាយ និង​ដើម្បី​ពលរដ្ឋ​បាន​បញ្ចេញ​សំឡេងពី​កង្វល់ និង​សំណូម​ពរ​ផ្សេង​ៗ​ទៅ​កាន់​រដ្ឋា​ភិបាល​ ទាក់​ទិន​នឹង​សិទ្ធិ​នយោ​បាយ​ ស្រប​តាម​គោល​នយោ​បាយប្រទេស​កម្ពុជា៕

XS
SM
MD
LG