កាលពីដើមខែមីនាកន្លងទៅ នៅសហរដ្ឋអាមេរិកមានការភ្ញាក់ផ្អើលដ៏ធំមួយ ដោយសាររឿងអាស្រូវក្លែងបន្លំ និងសូកប៉ាន់របស់ក្រុមគ្រួសារដែលមានទ្រព្យធនមួយចំនួន ដើម្បីឲ្យកូនៗរបស់ពួកគេបានចូលរៀនក្នុងសាកលវិទ្យាល័យល្បីឈ្មោះនៅសហរដ្ឋអាមេរិក។
រឿងអាស្រូវដ៏ស្មុគស្មាញមួយនេះ ក៏មានជាប់ពាក់ព័ន្ធនឹងអង្គការរៃអង្គាសប្រាក់មួយ ដែលជួយប្រាក់ឧបត្ថម្ភដល់អង្គការនានានៅកម្ពុជាដោយមិនដឹងខ្លួន។ ហើយការណ៍នេះជំរុញឲ្យមានការយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ លើប្រាក់ឧបត្ថម្ភបរទេសដល់អង្គការក្រៅរដ្ឋាភិបាលនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ ដូចជាកម្ពុជា។
រឿងអាស្រូវសូកប៉ាន់ដ៏ធំក្នុងប្រវត្តិសាស្ត្រអាមេរិកមួយនេះ ត្រូវបានទម្លាយដោយមានភស្តុតាងគ្រប់គ្រាន់តាមរយៈការស៊ើបអង្កេតរបស់ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក ឬហៅថា FBI កាលពីដើមខែមីនាកន្លងទៅ ដែលបានចោទប្រកាន់បទព្រហ្មទណ្ឌលើលោក William "Rick" Singer នាយកប្រតិបត្តិនៃមូលនិធិ The Key Worldwide Foundation (KWF)។
រដ្ឋអាជ្ញាទទួលបន្ទុករឿងក្តីនេះ បានចោទប្រកាន់លោក Rick Singer ថាបានប្រព្រឹត្តអំពើក្លែងបន្លំ និងសូកប៉ាន់ ជំនួសក្រុមគ្រួសារដែលមានទ្រព្យធន ដើម្បីជួយកូនៗរបស់ក្រុមគ្រួសារទាំងនេះ ទទួលបានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមលក្ខខណ្ឌរបស់សាកលវិទ្យាល័យល្បីៗ ដែលអាចឲ្យពួកគេចូលរៀននៅតាមសាកលវិទ្យាល័យទាំងនោះ។
ការបកស្រាយរបស់រដ្ឋអាជ្ញា បានឲ្យដឹងថា ក្រុមគ្រួសារដែលមានទ្រព្យធនបានផ្តល់ថវិកាដល់មូលនិធិ The Key Worldwide Foundation ដែលគ្រប់គ្រងដោយលោក Rick Singer។ លោក Rick Singer បានប្រើប្រាស់ថវិកាទាំងនេះដើម្បីសូកប៉ាន់គ្រូបង្វឹកខាងកីឡា និងមន្ត្រីនៃគណៈកម្មាការកីឡារបស់សាកលវិទ្យាល័យល្បីៗ ដើម្បីក្លែងបន្លំពិន្ទុប្រឡងចូលរៀនរបស់សិស្សដែលជាកូនរបស់អ្នកមានទ្រព្យធន។
លោក Rick Singer ដែលជាជនសង្ស័យចម្បងនៅក្នុងរឿងក្តីនេះ បានសម្រេចយល់ព្រមទទួលទោស ហើយរឿងក្តីដ៏អាស្រូវនិងដែលមានលក្ខណៈទ្រង់ទ្រាយធំមួយនេះ កំពុងតែបន្តដំណើរការនៅតុលាការរដ្ឋាភិបាលសហព័ន្ធ។ ក្រៅពីលោក Rick Singer បុគ្គលចំនួន ៥០ នាក់ផ្សេងទៀត កំពុងប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ដែលក្នុងនោះរួមមានតារាហូលីវូដ ក្រុមគ្រួសារដែលមានទ្រព្យធន មន្ត្រីនិងបុគ្គលមួយចំនួនផ្សេងទៀត ដែលមកពីស្ថាប័នអប់រំ និងអង្គការដែលត្រូវបានចោទប្រកាន់ថាបានទទួលយកលុយសំណូកពីមូលនិធិ KWF របស់លោក Rick Singer។
ឯកសារពន្ធដារលេខ ៩៩០ របស់មូលនិធិ KWF សម្រាប់កាតព្វកិច្ចបង់ពន្ធជូនរដ្ឋក្នុងចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦ អះអាងថា មូលនិធិមួយនេះបានទទួលប្រាក់ឧបត្ថម្ភពីក្រុមគ្រួសារដែលមានទ្រព្យធន ចំនួនជាង ៧លានដុល្លារ ហើយថា មូលនិធិរបស់ខ្លួនបានផ្តល់ការឧបត្ថម្ភដល់ស្ថាប័នអប់រំ អង្គការក្រៅរដ្ឋាភិបាល និងអង្គការរៃអង្គាសប្រាក់ជាច្រើន ក្នុងទឹកប្រាក់ចំនួនជិត ៥លានដុល្លារ។
ក៏ប៉ុន្តែមកទល់ពេលនេះ អង្គការមិនយកប្រាក់កម្រៃ និងអង្គការរៃអង្គាសប្រាក់ជាច្រើន បានបដិសេធថា មិនធ្លាប់បានទទួលប្រាក់ឧបត្ថម្ភ ហើយមិនមានជាប់ពាក់ព័ន្ធនឹងមូលនិធិ KWF និងលោក Rick Singer ដូចដែលឯកសារពន្ធដាររបស់មូលនិធិអះអាងនោះទេ។
នៅក្នុងចំណោមស្ថាប័នអប់រំ និងអង្គការ ដែលមូលនិធិ KWF បានអះអាងថាបានផ្តល់ប្រាក់ឧបត្ថម្ភឲ្យ រួមមានអង្គការរៃអង្គាសប្រាក់តូចមួយ ដែលផ្តល់ការឧបត្ថម្ភផ្នែកសិក្សាអប់រំដល់កុមារនៅកម្ពុជា ដែលមានឈ្មោះថា Friends of Cambodia។
អង្គការរៃអង្គាសប្រាក់មួយនេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយប្តីប្រពន្ធជនជាតិអាមេរិកពីររូប គឺលោក Elia Van Tuyl និងលោកស្រី Halimah Van Tuyl បន្ទាប់ពីលោក Elia បានធ្វើដំណើរទស្សនកិច្ចមួយនៅប្រទេសកម្ពុជា កាលពីឆ្នាំ ២០០៥។ អ្នកទាំងពីរបានចូលនិវត្តន៍ពីការងារជាគ្រូបង្រៀន និងអ្នកវាយតម្លៃទីផ្សារអចលទ្រព្យ ហើយកំពុងរស់នៅទីក្រុង Palo Alto រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ទស្សនាវីដេអូដែលលោក Elia បានផលិត បន្ទាប់ពីលោកបានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា អំពីកុមាររើសសំរាមនៅស្ទឹងមានជ័យ និងកិច្ចការរបស់មណ្ឌលកុមារដើម្បីសុភមង្គល ដែលអង្គការរៃអង្គាសប្រាក់ Friends of Cambodia បានផ្តល់ការឧបត្ថម្ភនាពេលកន្លងមក
ឯកសារបង់ពន្ធដាររបស់មូលនិធិ KWF នេះ បានអះអាងថា អង្គការរៃអង្គាសប្រាក់ Friends of Cambodia បានទទួលថវិកាឧបត្ថម្ភចំនួនពីរលើកពីមូលនិធិ KWF ដែលលើកទី១ គឺនៅឆ្នាំ២០១៥ ជាមួយនឹងទឹកប្រាក់ចំនួន ១៩,២០០ ដុល្លារអាមេរិក និងលើកទី២ នៅឆ្នាំ២០១៦ ជាមួយនឹងទឹកប្រាក់ចំនួន ១៨,៥៥០ ដុល្លារអាមេរិក។
លោកស្រី និងលោក Van Tuyl បានបដិសេធថា មិនបានទទួលប្រាក់បរិច្ចាគទាំងនោះ ដូចដែលបានចុះនៅក្នុងឯកសារពន្ធដារលេខ ៩៩០ នោះទេ ហើយថា អ្នកទាំងពីរមិនធ្លាប់ស្គាល់លោក Rick Singer និងមូលនិធិ KWF នេះទេ។
លោក Elia Van Tuyl បានថ្លែងប្រាប់អ្នកសារព័ត៌មាន NBC កាលពីពាក់កណ្តាលខែមីនា នៅគេហដ្ឋានរបស់លោក ក្នុងទីក្រុង Palo Alto ថា៖ «យើងមិនធ្លាប់ទទួលបានការបរិច្ចាគប្រាក់ទាំងនេះទេ។ យើងច្បាស់ជាដឹង បើសិនជាការបរិច្ចាគក្នុងទឹកប្រាក់ច្រើនបែបនេះកើតមានមែន ណាមួយអង្គការយើងមិនធំទេ»។
បើយោងតាមការស៊ើបអង្កេតរបស់រដ្ឋាភិបាលសហព័ន្ធ អង្គការរៃអង្គាសប្រាក់ Friends of Cambodia មិនត្រូវបានចោទពីបទព្រហ្មទណ្ឌដែលពាក់ព័ន្ធនឹងរឿងអាស្រូវសូកប៉ាន់នេះទេ។
លោក Elia ស្ថាបនិកនៃអង្គការ Friends of Cambodia ក៏បានបញ្ជាក់ប្រាប់សារព័ត៌មាន NBC ថា អង្គការរៃអង្គាសប្រាក់របស់លោក ដំណើរការដោយស្របច្បាប់និងត្រឹមត្រូវ។ ជាទូទៅ អង្គការនេះទទួលប្រាក់បរិច្ចាគក្នុងចន្លោះ ២៥០ដុល្លារ ទៅ ៥០០ដុល្លារប៉ុណ្ណោះ នេះបើតាមការបញ្ជាក់របស់លោក Elia ទៅកាន់សារព័ត៌មាន NBC។ ហើយការបរិច្ចាគថវិកានានាមកកាន់អង្គការ Friends of Cambodia គឺធ្វើឡើងតាមរយៈ Give to Asia ដែលជាបណ្តាញរៃអង្គាសប្រាក់ដ៏ធំបំផុតទៅកាន់តំបន់អាស៊ី។
ចាប់តាំងពីឆ្នាំ២០០៧មក អង្គការរៃអង្គាសប្រាក់របស់លោក Elia និងលោកស្រី Halimah Van Tuyl បានផ្តល់ប្រាក់ឧបត្ថម្ភ និងសម្ភារៈសិក្សាដល់មណ្ឌលកុមារដើម្បីសុភមង្គល ឬជាភាសាអង់គ្លេសថា Centre for Children's Happiness ដែលមានលោក ម៉ិច សុខា ជាស្ថាបនិកនិងប្រធាន។ លោក ម៉ិច សុខា បានបញ្ជាក់ប្រាប់ VOA ថា តាមរយៈលោកស្រីនិងលោក Van Tuyl អង្គការ Friends of Cambodia ពិតជាបានផ្តល់ការឧបត្ថម្ភមកដល់អង្គការរបស់លោកកាលពីពេលកន្លងទៅ។
ការក្លែងបន្លំរបស់មូលនិធិ KWF នៅក្នុងឯកសារពន្ធដារ ៩៩០ ដោយអះអាងថា អង្គការរៃអង្គាសប្រាក់ Friends of Cambodia ទទួលបានថវិកាឧបត្ថម្ភពីខ្លួននេះ ក៏ជំរុញឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀតពីអង្គការមិនរកប្រាក់កម្រៃនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដូចជាកម្ពុជា ក្នុងការពិនិត្យភាពត្រឹមត្រូវនិងស្អាតស្អំនៃប្រាក់ឧបត្ថម្ភពីបរទេស៕