លោក Michael Cohen ដែលជាមេធាវីផ្ទាល់ខ្លួនយូរមកហើយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃពុធត្រូវបានកាត់ទោសជាប់ពន្ធនាគារ៣ឆ្នាំ បន្ទាប់ពីលោកបានសារភាពប្រាប់ចៅក្រមទីក្រុងញ៉ូវយ៉កថា លោកបានស្មោះស័្មគ្រទាំងងងឹតងងល់ទៅលើមេដឹកនាំសហរដ្ឋអាមេរិកដែលបានដឹកនាំឲ្យលោកជួយលាក់បាំងទង្វើគ្មានសីលធម៌របស់លោក។
ចៅក្រមសហរដ្ឋអាមេរិកលោក William Pauley បានដាក់ទោសលោក Cohen ក្រោមបទចោទឧក្រិដ្ឋនានារួមទាំងតួនាទីរបស់លោកនៅក្នុងការរៀបចំបង់លុយចំនួន២៨០.០០០ដុល្លារទៅឲ្យស្រី្តពីរនាក់ដែលបានចោទប្រកាន់ថា ពួកគេធ្លាប់មានរឿងអាស្រូវផ្លូវភេទជាមួយលោក Trump ព្រមទាំងបទចោទប្រកាន់ថា លោកបាននិយាយមិនពិតប្រាប់ទៅសភាអំពីកិច្ចខំប្រឹងប្រែងរបស់លោក Trumpដើម្បីសង់អាគារនៅក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ ចៅក្រមបានប្រាប់លោក Cohen ដែលមានវ័យ៥២ឆ្នាំថា លោកទង្វើទាំងនេះបានធ្វើឲ្យលោកបាត់បង់សីលធម៌។
លោក Cohen ដែលបានធ្វើការឲ្យលោក Trump អស់រយៈពេល១២ឆ្នាំមកហើយនោះ ធ្លាប់បាននិយាយថាលោកសុខចិត្តពាំងគ្រាប់កាំភ្លើងដើម្បីការពារលោក Trump។ ក៏ប៉ុន្តែនាពេលថ្មីៗនេះ លោក Cohen បានត្រឡប់ទៅប្រឆាំងនឹងលោក Trumpវិញដោយបាននិយាយនៅអំឡុងពេលកាត់ទោសថា ធ្វើការជាមួយលោក Trump ហាក់ដូចជាប់ទោសទាំងរាងកាយ និងផ្លូវចិត្ត។ ឥឡូវនេះលោក Cohen ក៏កំពុងជាប់ពាក់ព័ន្ធនឹងករណីផ្សេងទៀតដែលលោកគឺជាតួអង្គម្នាក់មានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយលោក Trump ដែលត្រូវបានកាត់ទោសជាប់ពន្ធនាគារនៅក្នុងការស៊ើបអង្កេតទៅលើការជាប់ពាក់ព័ន្ធរវាងយុទ្ធនាការរបស់លោក Trump កាលពីឆ្នាំ២០១៦ទៅនឹងប្រទេសរុស្ស៊ី និងថាតើលោកប្រធានាធិបតី Trump ធ្លាប់បានប្រើប្រាស់ឋានៈជាប្រធានាធិបតីរារាំងដល់ក្រសួងយុត្តិធម៌ដោយព្យាយាមឲ្យបញ្ឈប់ការស៊ើបអង្កេតដោយរដ្ឋអាជ្ញាសហព័ន្ធនិងដោយរដ្ឋអាជ្ញាពិសេសលោក Robert Mueller ឬយ៉ាងណា៕