ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​នឹង​ឆ្ពោះ​ទៅ​រក​កំណែប្រែ​រដ្ឋធម្មនុញ្ញ​បែប​សន្តិភាព​និយម បន្ទាប់​ពី​ជ័យជម្នះ​នៅ​ក្នុង​ការបោះឆ្នោត


រូបភាពឯកសារ៖ អ្នកតវ៉ាកំពុងកាន់ផ្លាកប្រឆាំងនឹងសង្គ្រាម ខាងមុខអគារ National Diet ក្នុងក្រុងតូក្យូ កាលពីថ្ងៃទី ៣០ សីហា ២០១៥។
រូបភាពឯកសារ៖ អ្នកតវ៉ាកំពុងកាន់ផ្លាកប្រឆាំងនឹងសង្គ្រាម ខាងមុខអគារ National Diet ក្នុងក្រុងតូក្យូ កាលពីថ្ងៃទី ៣០ សីហា ២០១៥។

នាយករដ្ឋមន្ត្រី​ជប៉ុនលោក Shinzo Abe បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទនេះ​ថា ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​នៅ​ក្នុង​ការបោះឆ្នោត​ក្នុង​ប្រទេស​ជប៉ុន នឹង​មិន​ធានា​នោះ​ទេ ថា​សំណើ​ដ៏​ចម្រូងចម្រាស​របស់​លោក​នឹង​ត្រូវ​បាន​គេ​អនុម័ត​ ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ​បែប​សន្តិភាព​និយម​របស់​ប្រទេស​នេះ​ឬ​យ៉ាង​ណា។ ​

លោក Abe បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា «ការកែប្រែ​រដ្ឋធម្មនុញ្ញ​គឺ​ជា​កាតព្វកិច្ច​របស់​ខ្ញុំ​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី LDP។ នេះ​មិនមែន​ជា​ការងាយស្រួល​នោះ​ទេ ដោយសារ​តែ​ការកែប្រែ​នេះ​តម្រូវ​ឲ្យ​មាន​សម្លេង​ភាគច្រើន ដែលស្មើរនឹង ២ភាគ​៣ នៅ​ក្នុង​សភា​ទាំង​២​ថ្នាក់ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថាការពិភាក្សា​ដេញដោល​គ្នា​នឹង​ជួយ​ដល់​ដំណើរការ​នេះ។»​

គណបក្ស​ចម្រុះ​ដែល​កាន់​អំណាច​ឈ្នះ​បាន​អាសនៈ​ចំនួន​៧០​ក្នុង​ចំណោម​អាសនៈ​១២១ នៅ​ក្នុង​ការបោះឆ្នោត​ក្នុង​ឆ្នាំ​នេះ បើ​ទោះ​បី​ជា​សេដ្ឋកិច្ច​មាន​ភាពទន់ខ្សោយ​និង​មាន​ការប្រឆាំង​យ៉ាង​ខ្លាំង​ទៅ​លើ​ជំហរ​របស់​លោក Abe ក្នុង​ការកែប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី​ពង្រីក​អំណាច​និង​ទំហំយោធា​ក៏​ដោយ។

មាន​តែ​អាសនៈ​ពាក់​កណ្តាល​អាសនៈ​សរុប​ចំនួន​២៤២​នៃ​សភា​ជាន់ខ្ពស់​ដែល​គេ​ហៅ​ថា National Diet ប៉ុណ្ណោះ ដែល​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ជា​រៀងរាល់​៣​ឆ្នាំ​ម្តង។ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​សេរី​របស់​លោក Abe ទទួល​បាន ៥៦អាសនៈ ហើយ​គណបក្ស Komeito ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក​ទទួល​បាន១៤​អាសនៈ។

គណបក្ស​ចម្រុះ​ដែល​កាន់​អំណាច​នេះ​គ្រប់គ្រង​សភា​ជាន់​ទាប​ដែល​មាន​អំណាច​ជាង​នេះ ប៉ុន្តែ​ជ័យជម្នះ​នៅ​ក្នុង​ការបោះឆ្នោតសភា​ជាន់ខ្ពស់​កាល​ពី​ថ្ងៃ​អាទិត្យ​គឺ​ចាំបាច់ ដើម្បី​ទទួល​បាន​សម្លេង​ភាគច្រើន ២​ភាគ​៣ នៅ​ក្នុង​សភា​ទាំង​២​ថ្នាក់ ជាមួយ​នឹង​ការបោះឆ្នោត​ប្រជាមតិ​នៅ​ទូទាំង​ប្រទេស​ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ។ ​

លោក​នាយករដ្ឋមន្ត្រី​បាន​និយាយ​ថា នៅ​ទីបំផុត​ប្រជាជន​ជប៉ុន​នឹង​សម្រេច​អំពី​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ក្នុង​ដំណាក់កាល​បោះឆ្នោត​ប្រជាមតិ​ថ្នាក់​ជាតិ៕

XS
SM
MD
LG