ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាល្លឺម៉ង់​​ផ្ដល់​ជំនួយ​ជិត​៦​លាន​ដុល្លារ​ ​ឱ្យ​កម្ពុជា​ពង្រឹង​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល


រូបឯកសារ៖ អង្គការ​សង្គម​ស៊ីវិល​ ​ក្រុម​សហជីព និង​សកម្មជន និងប្រជាពលរដ្ឋ​នានា​ ចូលរួម​ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរ​ជាតិ១០ធ្នូ ​លើក​ទី៧០, នាទីលាន​ប្រជាធិបតេយ្យ​, នៅរាជធានីភ្នំពេញ​,​ នៅថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​​/ VOA)
រូបឯកសារ៖ អង្គការ​សង្គម​ស៊ីវិល​ ​ក្រុម​សហជីព និង​សកម្មជន និងប្រជាពលរដ្ឋ​នានា​ ចូលរួម​ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរ​ជាតិ១០ធ្នូ ​លើក​ទី៧០, នាទីលាន​ប្រជាធិបតេយ្យ​, នៅរាជធានីភ្នំពេញ​,​ នៅថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​​/ VOA)

នៅ​សប្ដាហ៍​នេះ​​ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់​​៥​លាន​អឺរ៉ូ ដែល​ស្មើ​នឹង​ជាង​៥.៦​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

រដ្ឋាភិបាល​អាល្លឺម៉ង់​ផ្ដល់​ថវិកាជិត​៦​លាន​ដុល្លារអាមេរិក​ដល់កម្ពុជា​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាងរដ្ឋាភិបាល​និង​សង្គម​ស៊ីវិលនៅ​កម្ពុជា​ ព្រមទាំង​រំឭក​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ខិតខំ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ការ​នាំ​ចេញ​ទំនិញកម្ពុជា​ទៅ​អឺរ៉ុប។

ការ​ផ្ដល់​ថវិកា​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​នេះ ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Norbert Barthle​ សមាជិក​សភា​សហព័ន្ធ​អាល្លឺម៉ង់​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ កាលពី​ថ្ងៃអង្គារ​ ដោយ​បាន​ជួប​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ ស​ ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក​ ឈៀង យ៉ាណារ៉ា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​នីតិ​សម្បទា​និង​អភិវឌ្ឍន៍​កម្ពុជា។

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ​បញ្ជាក់​ថា រដ្ឋាភិបាល​អាល្លឺម៉ង់​បានផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន ៥លាន​អឺរ៉ូ ឬ​ស្មើ​នឹង​ជាង​៥.៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​កម្ពុជា ​សម្រាប់​អនុវត្ត​គម្រោងមាន​ឈ្មោះ​ថា​ «ក្របខ័ណ្ឌ​គណនេយ្យ​ភាព​សង្គម (I-SAF)» ដែល​ជា​គម្រោង​មួយ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល។ គម្រោង​នេះ​នឹង​ផ្ដល់​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា​ ADB។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​បាន​ស្រង់​សម្ដី​របស់​លោក Nobert Barthle បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «កំណើន​សេដ្ឋកិច្ច​សំខាន់ ប៉ុន្តែ​វា​មិន​ទាន់​គ្រប់គ្រាន់​ទេ។ សង្គម​ស៊ីវិល​រស់​រវើក ជា​កម្លាំង​ចលករ ដែល​រុញ​ច្រាន​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ និង​ការ​វិវត្ដ​ទៅ​មុខ»។​

អ្នកនាំពាក្យ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ប្រាប់​ VOA ​ដោយ​មិន​បញ្ចេញ​ឈ្មោះ តាម​រយៈ​សារ​អេឡិចត្រូនិក​ ឬ​អ៊ីមែល​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក ​Nobert Barthle ​មក​កាន់​ប្រទេស​កម្ពុជា និង​ជា​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ ​របស់​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៅ​កម្ពុជា។

អ្នកនាំពាក្យ​រូប​នេះ​បន្ថែម​ថា កម្ពុជា​គឺជា​ដៃគូ​អភិវឌ្ឍន៍​របស់​អាល្លឺម៉ង់ និង​ថា​ អាល្លឺម៉ង់​គាំទ្រ​កម្ពុជា​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​សុខភាព​សាធារណៈ ជំរុញ​ការ​អភិវឌ្ឍ​ជន​បទ និង​ជួយ​កម្ពុជា​ក្នុង​ដំណើរ​វិមជ្ឈការ។

អ្នកនាំពាក្យ​ស្ថានទូត​អាល្លឺម៉ង់​ដដែល​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ផ្ដល់​លុយ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​សង្គម​ស៊ីវិល​តាម​ន័យ​ដើម​ថា៖​

«យើង​មើល​ឃើញ​ថា​ការ​ជឿ​ទុកចិត្ត​ជាច្រើន​បាន​បាត់បង់ ​ហើយ​យើង​មើល​ឃើញ​ពី​តម្លៃ​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​ឡើង​វិញ​រវាង​រាជ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល»។

កាល​ពី​ពាក់​កណ្ដាល​ខែ​មករា​ ​ឆ្នាំ២០១៩​នេះ​ ​ក្រសួង​មហាផ្ទៃ​បាន​រៀបចំ​វេទិកា​ស្ដីពី​ភាព​ជា​ដៃ​គូ​រវាង​រដ្ឋាភិបាល ​និង​អង្គការ​សង្គម​ស៊ីវិល​ជា​លើក​ទី២​ ​ក្នុង​គោល​បំណង​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

ការ​រៀបចំ​វេទិកា​នា​ពេល​នោះ ធ្វើ​ឡើង​បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​បាន​លើក​ឡើង​ថា​ ​រដ្ឋាភិបាល​ បានភ្ជាប់​ពួកគេ​ទៅ​នឹង​ចលនា​បដិវត្តន៍​ពណ៌​ ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ​នៅ​អំឡុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨។

កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ២០១៧ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​ផ្សាយ​សៀវភៅ «ស» រៀបរាប់​ថា កម្ពុជា​កំពុង​កើត​មាន​នូវ​បដិវត្តន៍​ពណ៌ រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ថា​មាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជា​ ៣០០ ​បាន​ចូលរួម​ក្នុង​បដិវត្តន៍​ពណ៌នោះ​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

លោក​ សឿង សារឿន​ ​នាយក​ប្រតិបត្តិ​អង្គការ​គណៈកម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា (Cooperation Committee for Cambodia ឬCCC) ប្រាប់ ​VOA ​ថា លោក​គាំទ្រ​ការ​ផ្ដល់​ជំនួយ​របស់​អាល្លឺម៉ង់​ដើម្បី​ពង្រឹង​ការ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

លោក​បន្ត​ថា កន្លង​មករដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​សង្គម​ស៊ីវិល​តែង​មាន​ភាព​រកាំរកូស​ដោយ​សារ​មិន​មាន​ការ​ទុកចិត្ត​គ្នា និង​ខ្វះខាត​យន្ត​ការ​ធ្វើ​ការងារ​ជាមួយ​គ្នា។​

លោក​បញ្ជាក់​ថា៖​

«ក្រោម​ការ​ដឹកនាំ​របស់​ក្រសួង​មហាផ្ទៃ​ មាន​កម្មវិធី I-SAF ហ្នឹង​ឯង ដែល​ជា​ច្រក​មួយ​ដ៏​សំខាន់​ដែល​នឹង​អាច​កសាង​ជំនឿ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​រវាងអង្គការ​សង្គម​ស៊ីវិល និង​រាជ​រដ្ឋាភិបាល។ ហើយ​ជាពិសេស​គឺជា​លំហ​ប្រជាធិបតេយ្យ​ដ៏​សំខាន់​មួយ ដែល​អាច​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ថ្នាក់​មូលដ្ឋាន​ហ្នឹង​លោក​អាច​ចូលរួម​ក្នុង​ការ​កសាង​ផែនការ ក៏​ដូចជា​ការ​តាមដាន​ត្រួត​ពិនិត្យ​ការ​អនុវត្ត​សកម្មភាព ឬក៏​គម្រោង​កម្មវិធី​នានា​របស់​រដ្ឋាភិបាល​ថ្នាក់​ក្រោម​ជាតិ»។

​លោក​ សឿង សារឿន​ បន្ថែម​ថា​ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​កម្ពុជា​មាន​ទំនាក់​ទំនងល្អ គ្រប់​ភាគី​ទាំង​អស់​ត្រូវ​រួម​គ្នាធ្វើ​កំណែ​ទម្រង់​រដ្ឋបាលសាធារណៈ ដើម្បី​ឲ្យ​មន្ត្រី​រាជការ​ថ្នាក់​ក្រោម​ជាតិ​បំពេញ​ការងារ​ដោយ​តម្លាភាព និង​ឯករាជ្យ​ភាព។ ​កំណែ​ទម្រង់​ទៅ​លើ​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​ផ្ទេរ​មុខងារ​ និង​ក្របខ័ណ្ឌ​ការងារ​ដល់​ថ្នាក់​ក្រោម​ជាតិ និង​កំណែ​ទម្រង់​ទៅ​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដើម្បី​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​មាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​កៀរគរ​ហិរញ្ញវត្ថុ​ និង​អនុវត្ត​គម្រោង​ផ្សេងៗ​ដោយ​ខ្លួន​ឯង។

នៅ​ថ្ងៃ​អង្គារ​នោះ​ដែរ​ ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​បាន​បង្ហោះ​សារ​ខ្លី​មួយ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​សរសេរ​ថា ក្រោយ​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក Nobert Barthle ​លើកឡើង​ថា កម្ពុជា​នៅ​តែ​មាន​ឱកាស​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ហៅ​កាត់​ថា EBA ​ដើម្បី​នាំ​ទំនិញ​ទៅ​កាន់​ទី​ផ្សារ​អឺរ៉ុប​ដដែល ប្រសិនបើ​កម្ពុជា​បើក​ចំហ​បរិយាកាស​នយោបាយ​ និង​សិទ្ធិ​សង្គម​ស៊ីវិល​ឡើងវិញ។

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​បាន​ទេ នៅ​ថ្ងៃ​ពុធ​នេះ។

ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៧ ពោល​គឺ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ ដែល​ពេល​នោះ ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ដែល​មាន​លោក​ សម រង្ស៊ី និង​លោក​ ​កឹម សុខា​ ​ជា​មេដឹកនាំ​ ​ទ​ទួល​បាន​ការ​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​នោះ​ ​គេ​ឃើញ​រដ្ឋាភិបាល​ចាប់​ផ្ដើម​រឹត​បន្តឹង​ការ​ធ្វើ​សកម្មភាព​ការងារ​របស់​ក្រុម​សង្គម​ស៊ីវិល ​និង​សំឡេង​ប្រឆាំង ​ព្រម​ទាំង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ផ្សេងៗ។

អង្គការ​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​ដូចជា​ ​National Democratic Institute ឬNDI ​ជាដើម ​ត្រូវ​បាន​បិទ ​និង​បណ្ដេញ​ចេញ​ពី​កម្ពុជា​ ​ព្រម​ទាំង​មាន​ការ​ចោទ​ប្រកាន់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា​ ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ ​និង​រង​ការ​ព្រមាន​បិទ​ ​និង​មាន​ទាំង​ការ​ចាប់​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ដាក់​ពន្ធនាគារ​ជាដើម។​

ការណ៍​នេះ​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​សម្រេចព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«‍សព្វមុខ​ទំនិញ​លើកលែង​តែ​អាវុធ»​ ​ដែល​ហៅ​កាត់​ថា​ ​EBA ​ដែល​ផ្ដល់​ផល​ចំណេញ​ដល់​កម្ពុជា​ដោយ​ការ​មិន​បង់​ពន្ធ​ប្រមាណ​ជា​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

យ៉ាង​ណា​ក្ដី​ ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយលោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែនបាន​អះអាង​ថា​ រាល់​ការ​បង្ក្រាប​ ទាំង​ទៅ​លើ​សំឡេង​ប្រឆាំង​ សង្គម​ស៊ីវិល ​និង​បណ្ដាញ​សារ​ព័ត៌មាន​នានា ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​ ​ស្របតាម​ប្រទេស​នីតិរដ្ឋ​ប៉ុណ្ណោះ៕

XS
SM
MD
LG