ក្នុងកិច្ចចាប់ផ្តើមការប្រជុំពិគ្រោះយោបល់ជាមួយអង្គការអន្តរជាតិក្នុងប្រទេសកម្ពុជាលើកទី១ ដែលមានអ្នកចូលរួមប្រមាណជា៣០០នាក់ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាថ្លែងថា វេទិកានេះអាចផ្តល់ឲ្យរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ រួមគ្នាកំណត់នូវបញ្ហាប្រឈមនានា និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឲ្យកាន់តែមានប្រសិទ្ធភាពសក្តិសមជានីតិរដ្ឋ។ លោកបន្តថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានរៀបចំឡើងក្នុងគោលបំណងការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជាដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋនិងផលប្រយោជន៍សាធារណៈ ដើម្បីអភិវឌ្ឍន៍សង្គមកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
លោក ប្រាក់ សុខុន បានបញ្ជាក់ក្នុងសុន្ទរកថាបើកការប្រជុំថា៖
«សូមជៀសវាងជាដាច់ខាតនូវសកម្មភាពទាំងឡាយណាដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ ដែលបានកំណត់ឡើងដោយក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ ដើម្បីជៀសផុតពីការធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះរបស់ស្ថាប័ននេះ និងកុំឲ្យមានជាបច្ច័យអវិជ្ជមានដល់កម្ពុជាយើង លើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយជាដើម»។
បើតាមលោក ប្រាក់ សុខុន ឲ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ អង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន៣៨៦ នៅមានសុពលភាព ដោយអង្គការទាំងនោះមកពីប្រទេសផ្សេងៗនៃទ្វីបអាស៊ី អាមេរិក អឺរ៉ុប និងអូស្រ្តាលី ដែលមានគម្រោងសំខាន់ៗផ្តោតលើវិស័យ អប់រំ សុខាភិបាល សង្គមកិច្ច កសិកម្ម បណ្តុះបណ្តាលវិជ្ជាជីវៈ អភិវឌ្ឍន៍សហគមន៍ បរិស្ថាន និងបោសសម្អាតមីន។
ក្រោយបញ្ចប់ការថ្លែងបើកកិច្ចពិភាក្សារបស់រដ្ឋមន្រ្តី ប្រាក់ សុខុន ក្រុមអ្នកសារព័ត៌មានត្រូវបានប្រាប់ឱ្យចេញក្រៅបន្ទប់ប្រជុំ ដោយអះអាងថាជាការពិគ្រោះយោបល់ដោយមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មាននៅស្តាប់។ យ៉ាងណាក៏ដោយ មិនមានការបញ្ជាក់លទ្ធផលនៃកិច្ចពិភាក្សាដល់អ្នកសារព័ត៌មាននោះទេ ក្រោយបញ្ចប់កិច្ចពិភាក្សាបិទទ្វារនាព្រឹកថ្ងៃអង្គារនេះ។
កន្លងមកក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួនតែងបង្ហាញអំពីផលវិបាកក្នុងការបំពេញការងារ បន្ទាប់ពីច្បាប់ស្តីពីការគ្រប់គ្រងសមាគម និងអង្គការសង្គមស៊ីវិលចាប់អនុវត្ត ដោយពួកគេលើកឡើងថាច្បាប់នោះតម្រូវឲ្យអង្គការមិនមែនរដ្ឋាភិបាលទាំងអស់បង្ហាញអំពីព័ត៌មាន និងរបាយការណ៍ហិរញ្ញវត្ថុ។
ក្រុមមន្រ្តីអង្គការការពារសិទ្ធិមនុស្សទាំងជាតិ និងអន្តរជាតិបានលើកឡើងថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានធ្វើឲ្យរាជរដ្ឋាភិបាលក្លាយជាអ្នកចម្រោះយកសង្គមស៊ីវិលណាដែលស្របនឹងរដ្ឋាភិបាល ហើយអាចចោទប្រកាន់បទល្មើសព្រហ្មទណ្ឌទៅលើអ្នកណាដែលអាជ្ញាធររដ្ឋមិនអនុញ្ញាតឲ្យចុះបញ្ជី។ ពួកគេលើកឡើងថាការណ៍នេះគឺជាការគំរាមកំហែង រាប់ចាប់តាំងពីក្រុមប្រជាពលរដ្ឋមូលដ្ឋានដល់ថ្នាក់អន្តរជាតិ។
អ្នកស្រី Edith Van Wijingaaden តំណាងប្រចាំប្រទេសនៃអង្គការ Humanity and Inclusion ប្រាប់អ្នកសារព័ត៌មាន ក្នុងពេលសម្រាកថាអ្នកស្រីរំពឹងថាកិច្ចពិភាក្សានេះនឹងផ្តល់ផលវិជ្ជមានក្នុងការសហការរវាងរដ្ឋាភិបាលកម្ពុជានិងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ។ អ្នកស្រីបន្ថែមថា អ្នកស្រីក៏រំពឹងថានឹងមានការពន្យល់ឲ្យច្បាស់ពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងរបាយការណ៍ និងពន្ធដារផ្សេងៗ ដែលអង្គការមួយចំនួនក៏ដូចជាអង្គការរបស់អ្នកស្រីកំពុងប្រឈម។
អ្នកស្រីបញ្ជាក់ថា៖
«វាគ្រាន់តែជាសំណួរនៃការបំភ្លឺដើម្បីឲ្យដឹងច្បាស់ពីអ្វីដែលជាកាតព្វកិច្ចរបស់យើងនិងរដ្ឋាភិបាល។ ចំណុចមួយចំនួនគឺមិនច្បាស់។ ដូចខ្ញុំបានប្រាប់អ្នកអញ្ចឹង។ ដូចខ្ញុំប្រាប់ ឧទាហរណ៍ថាប្រសិនបើយើងផ្ញើរបាយការណ៍ យើងមិនដឹងច្បាស់ថាតើទម្រង់របៀបណាដែលពួកគេចង់ឲ្យយើងប្រើ។ គឺបញ្ហាទាំងនេះ។ យើងចង់ឲ្យមានការបញ្ជាក់»។
ការជួបជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេសជាលើកដំបូងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងរងនូវការរិះគន់ពីបណ្តាស្ថាប័នសិទ្ធិមនុស្សអន្តរជាតិ និងរដ្ឋាភិបាលនៃប្រទេសលទ្ធិប្រជាធិបតេយ្យធំៗមួយចំនួន ពាក់ព័ន្ធនឹងការបង្ក្រាបលើសំឡេងប្រឆាំង អង្គការសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ។
ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៧ ពោលគឺក្រោយការបោះឆ្នោតឃុំសង្កាត់ ដែលពេលនោះ គណបក្សសង្គ្រោះជាតិ ដែលមានលោកសម រង្ស៊ី និងលោក កឹម សុខា ជាមេដឹកនាំ ទទួលបានការគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសនោះ គេឃើញរដ្ឋាភិបាលចាប់ផ្តើមរឹតបន្តឹងការធ្វើសកម្មភាពការងាររបស់ក្រុមសង្គមស៊ីវិល និងសំឡេងប្រឆាំង ព្រមទាំងសិទ្ធិសេរីភាពនៃការបញ្ចេញមតិផ្សេងៗ។
អង្គការជាតិនិងអន្តរជាតិមួយចំនួនដែលធ្វើការងារពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូចជាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ជាដើម ត្រូវបានបិទ និងបណ្តេញចេញពីកម្ពុជា ព្រមទាំងមានការចោទប្រកាន់អង្គការសង្គមស៊ីវិលមួយចំនួនថា មានជាប់ពាក់ព័ន្ធនឹងការធ្វើបដិវត្តន៍ពណ៌ និងរងការព្រមានបិទ និងមានទាំងការចាប់ខ្លួនមន្រ្តីការពារសិទ្ធិមនុស្សដាក់ពន្ធនាគារ។
ចំណែកសារព័ត៌មានឯករាជ្យ ដែលមិនរណបរដ្ឋាភិបាល ត្រូវទទួលរងសម្ពាធរហូតបិទលែងមានប្រតិបត្តិការ ដូចជាកាសែតឌឹខេមបូឌាដេលី និងវិទ្យុអាស៊ីសេរី ព្រមទាំងការបិទវិទ្យុជាច្រើនដែលជួលម៉ោងផ្សាយឲ្យវិទ្យុអាស៊ីសេរី និងសំឡេងសហរដ្ឋអាមេរិកជាដើម។
ការរឹតត្បិតនាពេលនោះបានបន្តរហូតដល់ពាក់កណ្តាលឆ្នាំ២០១៨ ពោលគឺក្រោយការបោះឆ្នោតដែលមិនមានការចូលរួមពីគណបក្សប្រឆាំង ហើយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឈ្នះការបោះឆ្នោតនោះយ៉ាងភ្លូកទឹកភ្លូកដី និងកំពុងដឹកនាំប្រទេសដោយឯកបក្ស។
ការណ៍នេះបានធ្វើឲ្យរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសពីបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនថា កំពុងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារងនូវភាពខ្ទេចខ្ទី និងផ្ទុយពីច្បាប់អន្តរជាតិ រហូតមានការព្រមានដាក់ទណ្ឌកម្មផ្សេងៗ។
សហរដ្ឋអាមេរិកបានព្រមានដាក់ទណ្ឌកម្មដល់ក្រុមមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់របស់កម្ពុជា ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សតាមរយៈការមិនផ្តល់ទិដ្ឋាការចូលសហរដ្ឋអាមេរិក និងការបង្កកទ្រព្យសម្បត្តិជាដើម។
សហភាពអឺរ៉ុបក៏បានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ ដែលហៅកាត់ថា EBA ដែលផ្តល់ផលចំណេញដល់កម្ពុជាដោយការមិនបង់ពន្ធប្រមាណជា៧០០លានដុលា្លរក្នុងមួយឆ្នាំៗ។
យ៉ាងណាក្តី ទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល សុទ្ធតែបានអះអាងថា រាល់ការបង្រ្កាប ទាំងទៅលើសំឡេងប្រឆាំង សង្គមស៊ីវិល និងបណ្តាញសារព័ត៌មាននានា គឺធ្វើឡើងទៅតាមច្បាប់ ស្របតាមប្រទេសនីតិរដ្ឋប៉ុណ្ណោះ៕