ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ពិធី​មាឃបូជា​​ដើម្បី​រំឭក​ដល់​​កំណើត​ពុទ្ធ​សាសនា


ព្រះសង្ឃ​នៅ​វត្ត​បទុម​វត្តី​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ក្បួន​មួយ​នៅ​ថ្ងៃ​បុណ្យ​មាឃបូជា នៅ​ក្រុង​ភ្នំពេញ នា​ថ្ងៃ​អង្គារ ទី​១៩ ខែ​កុម្ភៈ​ ឆ្នាំ២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
ព្រះសង្ឃ​នៅ​វត្ត​បទុម​វត្តី​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ក្បួន​មួយ​នៅ​ថ្ងៃ​បុណ្យ​មាឃបូជា នៅ​ក្រុង​ភ្នំពេញ នា​ថ្ងៃ​អង្គារ ទី​១៩ ខែ​កុម្ភៈ​ ឆ្នាំ២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

ពុទ្ធ​សាសនិក​រាប់​ម៉ឺន​នាក់​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​មាឃបូជា​នៅ​តាម​វត្ត​អារាម​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ស្រប​ពេល​ការ​ផ្សព្វ​ផ្សាយ​​អំពី​ពុទ្ធសាសនា​កំពុង​តែ​កើន​ឡើង​នៅ​ក្នុង​សង្គម​កម្ពុជា។

នៅ​ថ្ងៃ​អង្គារ​ទី​១៩​ខែ​កុម្ភៈ​នេះ​ កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា ​ដែល​ជា​ពិធី​បុណ្យ​សាសនាដ៏​មាន​សារៈសំខាន់​មួយនៃ​ព្រះ​ពុទ្ធ​សាសនា​ ដោយ​មាន​ការ​សូត្រធម៌​ បួងសួង​ និង​មាន​ការ​ចូលរួម​ពី​សំណាក់​ពុទ្ធសាសនិក​រាប់​ម៉ឺន​នាក់​នៅ​តាម​វត្ត​អារាម​នានានៅ​ទូទាំង​ប្រទេស។

លោក​ សេង សុ​មុនី ​អ្នក​នាំពាក្យ​ក្រសួង​ធម្មការ​ និង​សាសនា​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​ក្រសួង​បាន​ចេញ​សារាចរផ្សព្វ​ផ្សាយដើម្បី​បង្កើន​ចំនួនពលរដ្ឋ​កាន់​ពុទ្ធ​សាសនា​ចូលរួម​ក្នុង​ពិធី​បុណ្យ​មាឃបូជា​នេះ។​

អ្នក​នាំពាក្យ​រូប​នេះ​ក៏​បាន​បន្ត​ថា ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កាន់​តែ​ច្រើន ​និង​បច្ចេកវិទ្យា​កាន់​តែ​ជឿន​លឿន​ជា​ចលករ​មួយ​ជំរុញ​ឲ្យ​ពលរដ្ឋ ជា​ពិសេស​យុវជន​ ​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​ពុទ្ធ​សាសនា។​

លោក​មាន​ប្រសាសន៍​ថា៖​

«សម័យ​មុន​យើង​សិក្សា​តាម​បែប​ត​មាត់​ អី​អ៊ីចឹងទៅ! ក្មេងៗ​សួរ​ចាស់ៗ​អី​អ៊ីចឹង​ទៅ!​ សម័យ​បច្ចុប្បន្ន​នេះ​គឺ​មាន​គម្ពីរស្រាវជ្រាវ ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ​ព្រះ​ពុទ្ធ​សាសនា​យើង​ក៏​មាន​ការ​បញ្ចូល​ព័ត៌មាន​ហ្នឹង​តាម​បណ្តាញ​សង្គម​នានា​ហ្នឹង ​ដើម្បី​ផ្សព្វផ្សាយ។​ វិទ្យុ​ ទូរទស្សន៍​ក៏​យើង​បាន​ផ្សព្វ​ផ្សាយ។​ អ៊ីចឹង​ការ​យល់​ដឹង​របស់​យុវជន​ ជា​ពិសេស​នា​សម័យ​នេះ​ គឺ​មាន​កម្រិត​ខ្ពស់ ​បើ​យើង​វាយ​តម្លៃ​ទៅ​លើ​ការ​យល់​ដឹង​ពី​ពុទ្ធ​សាសនា​នោះ»។​

នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​នេះ​ ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​ក៏​បាន​លើក​ឡើង​ពី​តួនាទី​សំខាន់​របស់​ព្រះ​ពុទ្ធ​សាសនា​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់លោក​ក្នុង​ន័យ​ដើម​ថា៖

«ព្រះពុទ្ធ​សាសនា ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​យើង​រួម​រស់​ជាមួយ​គ្នា​ ដោយ​សុខសាន្ត​ខាង​ផ្លូវ​ស្មារតី​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បាន​រួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ពង្រឹង​សណ្តាប់ធ្នាប់​ សិ្ថរភាព​សង្គម​ ការ​អភិវឌ្ឍ​លើ​គ្រប់វិស័យ ​និង​ថែ​រក្សា​អត្តសញ្ញាណ​ជាតិ​ទៀត​ផង»។​

ចំណែក​ឯ​លោក ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា​ បាន​ដឹក​នាំ​សមាជិក​ព្រឹទ្ធ​សភា ​រដ្ឋ​សភា​និង​ក្រុម​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​ ក៏ដូច​ជា​ពុទ្ធ​សាសនិក​ ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជានៅ​ព្រះ​សក្យ មុនីចេតិយ​ ភ្នំ​ព្រះ​រាជទ្រព្យ​ ដែល​គេស្គាល់ថា​ជា​ ភ្នំ​ឧដុង្គ ​ស្ថិត​នៅ​ឃុំ​ផ្សារ​ដែក ​ស្រុក​ពញាឭ​ ខេត្ត​កណ្តាល។ នេះ​បើ​តាមសេចក្តី​រាយ​ការណ៍​របស់​អង្គភាព​ព័ត៌មាន​ Fresh News ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។​

ពិធី​បុណ្យ​មាឃ​បូជា​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ពេញ​បូណ៌មី​ទី​១៥កើត​ ខែ​មាឃ ​ដើម្បី​រំឭក​អំពី​ថ្ងៃ​ដែល​ព្រះពុទ្ធ​បង្កើត​ព្រះពុទ្ធសាសនាឡើងនៅ​ក្នុង​មហា​សន្និបាត​មួយ​ កាល​ពី៥៨៨ឆ្នាំមុន​គ្រិស្ត​សករាជ​នៅ​ប្រទេស​ឥណ្ឌា។​ មហា​សន្និបាត​នេះមាន​ការ​ជួប​ប្រជុំ​ភិក្ខុ១២៥០​អង្គ​ ដែល​មិន​មាន​ការ​ណាត់​ជួប​ទុក​ជា​មុន​ ក្នុង​រយៈពេល​៩​ខែ​ បន្ទាប់​ពី​ព្រះ​ពុទ្ធ​ទ្រង់​បាន​ត្រាស់​ដឹង៕

XS
SM
MD
LG