ពលរដ្ឋនៅទីក្រុងភ្នំពេញ និងអ្នកដែលមកពីបណ្តាខេត្តនៅកម្ពុជា នឹងចូលរួមនៅក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនាពេលខាងមុខដូចធម្មតា បើទោះបីជាស្ថានភាពនយោបាយនៅកម្ពុជាមានភាពតានតឹងក្តី បន្ទាប់ពីការប្រកាសធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង។
លោក ប៊ុន កុសល វ័យ៥០ឆ្នាំ ជាកម្មករសំណង់ នៅការដ្ឋានមួយនៅកោះពេជ្រ។ លោកកំពុងសម្រាកពីការងារ និងដើរលំហែកាយនៅសួនច្បារជិតកោះពេជ្រ បាននិយាយប្រាប់វីអូអេថា លោកមិនបារម្ភថាមានការប៉ះទង្គិចណាមួយ ដែលអាចកើតឡើងនោះទេ បើទោះលោក សម រង្ស៊ី វិលចូលប្រទេសវិញក្នុងអំឡុងពេលខាងមុខក៏ដោយ។
លោកថា «ហួសសម័យហើយ» នយោបាយដែលប្រឈមមុខដោយអាវុធ។
បុរសដែលមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ក្បែរព្រំដែនខ្មែរ-ថៃរូបនេះបាននិយាយថា៖ «ឃើញមានទាហាន មានអីនៅតាមជាយដែន ជាយអី ខ្ញុំអត់មានបារម្ភទេ។ ខ្ញុំបារម្ភ បារម្ភខ្លាចរឿងជំនាន់មុន។ កាលហ្នឹង ខ្ញុំអត់បានទេគ្រាន់តែឭថាចេះមួយចុះមួយ ទៅដល់ផ្ទះភ្លាម ព្រោះអីវាមានខ្មែរក្រហមមានអីអញ្ចឹង តែទៅដឹងតែវាយគ្នាតែម្តង។ សម័យឥឡូវដូចអត់មានអីផង»។
ទោះបីជាយ៉ាងណាក៏ដោយ លោកថាក្នុងថ្ងៃបុណ្យអុំទូកនេះ លោកបានសម្រេចចិត្តត្រឡប់ទៅស្រុកវិញ ដើម្បីជួយភរិយារបស់លោកច្រូតស្រូវ។
អ្នកស្រី ម៉ៅ សុខកាយ៉ា វ័យ ៤០ឆ្នាំ ទើបទំនេរដៃពីរៀបចំតូបត្រៀមលក់ដូរប្រហិតចៀន មីស៊ុប និងគុយទាវ នៅឯកោះពេជ្រ។ អ្នកស្រីបានប្រាប់វីអូអេថា អ្នកស្រីមិនមានការបារម្ភអំពីស្ថានភាពនយោបាយពេលបច្ចុប្បន្នឡើយ។ អ្នកស្រីបារម្ភពីតួនាទីជាម្តាយដែលត្រូវរកចំណូលដើម្បីឲ្យចិញ្ចឹមគ្រួសារ។
អ្នកស្រី ប្រាប់វីអូអេយ៉ាងដូច្នេះថា៖ «យើងមិនមែនមានឋានៈជាមន្ត្រីរាជការដូចអស់លោកផង។ គេជជែកអីជជែកទៅយើងអាចក់អាចែម យើងគិតតែពីលក់ចិញ្ចឹមជីវិតយើងទៅមានសេចក្តីសុខបាត់ទៅហើយ»។
អ្នកប្រកបរបរលក់ដូរចំណីអាហារ រូបនេះបានបន្ថែមទៀតថា៖ «អត់មានបារម្ភរឿងអីក្រៅពី អាយុជីវិតខ្លួនយើង លក់ទៅដើម្បីចិញ្ចឹមក្រពះយើងរាល់ថ្ងៃឲ្យរួចមួយពេលៗ កុំឲ្យដើរបុលគេបានហើយ ជំពាក់គេតែប៉ុណ្ណឹង យើងគិតតែពីគ្រួសារយើងថ្ងៃហ្នឹងមានម្ហូបអីញ៉ាំបាន ប៉ុណ្ណឹងទៅ»។
យុវជន សឿន សុផល ឆ្នាំ២១ឆ្នាំ មុខរបរកម្មករសំណង់នៅក្រុងភ្នំពេញ បានប្រាប់ VOA ថា លោកមានគម្រោងនៅទីក្រុងភ្នំពេញ ដើម្បីចូលរួមក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនាពេលខាងមុខនេះ។ តែលោកមិនច្បាស់ថា អ្នកមកពីខេត្តក្រុងដទៃនឹងមកចូលរួមច្រើនឬយ៉ាងណា។
«សម្រាប់ខ្ញុំ អត់មានព្រួយបារម្ភ ព្រោះថាសម័យនេះប្រទេសយើងមានសន្តិភាពល្អ។ អញ្ចឹងអត់មានបញ្ហាអីកើតឡើងថា គឺគេដោះស្រាយដោយសន្តិវិធីហើយ»។
លោក ពុំ មោក អាយុ ៤៨ឆ្នាំ មកពីស្រុកកោះធំ ខេត្តកណ្តាល បាននាំក្រុមគ្រួសារមកលេងភ្នំពេញនៅមុនពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ។ តែលោកមានគម្រោងនៅជួបជុំសាច់ញ្ញាតិបងប្អូននៅស្រុកកំណើត នៅអំឡុងថ្ងៃបុណ្យឈប់សម្រាកខាងមុខ។
ចំពោះលោក ពុំ មោក លោកគិតថា នៅថ្ងៃបុណ្យអុំទូកខាងមុខនឹងមានពលរដ្ឋចូលរួមច្រើន ហើយលោកមិនបារម្ភពីបញ្ហាអសន្តិសុខដែលអាចកើតមានឡើងនោះទេ។
«ទេ ខ្ញុំអត់ទេ។ អត់គិតទេ។ គិតតែដើរលេងសប្បាយ»។
អ្នកស្រី សុខ ចន្ទដឿន អ្នកលក់នំនៅតាមមាត់ទន្លេ មិនសង្ឃឹមថា អ្នកស្រីលក់ដាច់នោះទេ នៅអំឡុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនាពេលខាងមុខនេះ។ អ្នកស្រី ចន្ទដឿន ថ្លែងដូចនេះ ដោយសារអ្នកស្រីគិតថា ពលរដ្ឋខ្លះមានការភ័យខ្លាច ហើយពួកគាត់ជ្រើសធ្វើដំណើរទៅស្រុកកំណើតអំឡុងពេលថ្ងៃបុណ្យឈប់សម្រាកទៅមុខ។
«មានអ្នកខ្លះគេភ័យខ្លាច។ អ្នកខ្លះទៅ ប្រហែលជា ថ្ងៃ៨ អីទៅផ្ទះអស់ច្រើនដែរ។ តាមឮៗអ្នកស្រុកខ្ញុំ។ លក់ម៉ាត្រឹមមើលគេមើលឯង មិនទៅចង់បានអីច្រើនទេ។ បើមានមនុស្សច្រើនក៏ច្រើនទៅ ប៉ុន្តែមើលទៅប្រហែលជាគ្មានមនុស្សទេ។ អ្នកលក់ក៏មិនសូវមាន អ្នកដើរលេងក៏មិនសូវមានដែរ»។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រាប់ VOA ថា ដោយសារតែបទពិសោធន៍ធ្លាប់ឆ្លងកាត់សង្គ្រាម ពលរដ្ឋកម្ពុជាមានភាពប្រយ័ត្នប្រយែង។
«ខ្ញុំថា ប្រជាជនមានការប្រុងប្រយ័ត្នដោយសារការដកពិសោធន៍ មេរៀនជីវិត។ វាអស់ជាង ៤០-៥០ឆ្នាំមក ប្រជាជនយើង ដោយសារបទពិសោធន៍នេះគាត់មានការប្រុងប្រយ័ត្ននៅក្នុងការធ្វើសុភវិនិច្ឆ័យណាមួយ នៅក្នុងប្រតិកម្មទៅលើហេតុផលណាមួយ។ អញ្ចឹងវាអាចជាភាពវិជ្ជមានក៏អាចថាបាន ដោយសារតែគាត់ធ្លាប់ឆ្លងកាត់គាត់យល់ ហើយគាត់មិនប្រតិកម្មហួសពីអ្វីដែលជាប្រតិកម្ម។
លោក ឆាំង យុ បានបន្ថែមថា ភាពភ័យខ្លាចគឺជាអ្វីដែលមាននៅក្នុងសង្គមកម្ពុជា ហើយវាអាស្រ័យលើចំណេះដឹងរបស់ពលរដ្ឋនៅក្នុងការវិនិច្ឆ័យទៅលើអ្វីដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ៕