ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ កាលពីថ្ងៃទី ៣០ ខែមេសា កន្លងទៅនេះ នៅក្នុងបរិវេណស្ថានទូតផ្ទាល់។
ប្រជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងសហរដ្ឋអាមេរិក និងប្រជាពលរដ្ឋអាមេរិកាំងដទៃទៀតរាប់រយនាក់ បានអញ្ជើញចូលរួមនៅក្នុងពិធីចូលឆ្នាំថ្មីនេះ។
ការប្រារព្ធពិធីចូលឆ្នាំប្រពៃណីខ្មែរនេះ គឺជាឱកាសមិនត្រឹមតែសម្រាប់ប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋអាមេរិកាំង ដែលរស់នៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន ក៏ដូចជាប្រជាពលរដ្ឋមកពីរដ្ឋផ្សេងៗទៀតនៅក្នុងសហរដ្ឋអាមេរិក ចូលរួមជួបជុំសប្បាយទាំងអស់គ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់រំឭកដល់វប្បធម៌ ប្រពៃណីដ៏យូរលង់របស់ប្រជាពលរដ្ឋខ្មែរទៀតផង។
លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានបង្ហាញសេចក្ដីសប្បាយរីករាយ និងថ្លែងអំណរគុណដល់អ្នកដែលបានចូលរួមនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ។
«ទូលបង្គំខ្ញុំបាទ ដែលជាឯកអគ្គរាជទូតវិសាមញ្ញ និងពេលសមត្ថភាពនៃព្រះរាជាណាចក្រយើង មានកិត្តិយសណាស់ថ្ងៃនេះ ដែលបានមកជួបជុំបងប្អូនមកពីគ្រប់ទិសទី ដើម្បីប្រារព្ធពិធីបុណ្យអបអរថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ ២០១៧»។
លោកអគ្គរាជទូត ជុំ ប៊ុនរ៉ុង បានបញ្ជាក់ថា មូលហេតុដែលស្ថានទូតខ្មែររៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ ក្រោយថ្ងៃចូលឆ្នាំពិតប្រាកដនោះ គឺដោយសារលោកជាប់រវល់ចូលរួមនៅក្នុងកម្មវិធីចូលឆ្នាំខ្មែរ តបតាមការអញ្ជើញរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅតាមរដ្ឋផ្សេងៗ ដូចជារដ្ឋ California រដ្ឋ Pennsylvania រដ្ឋ Florida រដ្ឋ Texas ជាដើម។
សារៈសំខាន់នៃការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរនេះ គឺជា «មោទនភាពរបស់ខ្មែរ ដើម្បីឲ្យគេដឹងថា ខ្មែរយើងធ្វើពិធីចូលឆ្នាំប្រពៃណីជាតិ»។ នេះបើតាមការបញ្ជាក់របស់លោក ហោ ជូ ប្រធានសមាគមពាណិជ្ជកម្មខ្មែរ ប្រចាំទីក្រុង Philadelphia។
អ្នកស្រី ម៉ី ភារម្យ មកពីរដ្ឋ Maryland ដែលបានមកចូលរួមនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៅឯស្ថានទូតខ្មែរ នេះអស់រយៈពេល ៣ ឆ្នាំ ជាប់ៗគ្នាកន្លងមក បាននិយាយថា ពិធីបុណ្យចូលឆ្នាំនេះ មានគោលបំណងសម្រាប់ឲ្យកូនខ្មែរ ដែលកើតនៅសហរដ្ឋអាមេរិក អាចស្វែងយល់បានកាន់តែច្បាស់ថែមទៀតអំពីវប្បធម៌ប្រពៃណីខ្មែរ។
«[ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនៅស្ថានទូតនេះ] ជួយឲ្យកូនខ្មែរ ដែលកើតនៅស្រុកហ្នឹងឲ្យដឹងឭថា ប្រពៃណីខ្មែរយើងយ៉ាងម៉េច ដើម្បីរំឭកពីទំនៀមទម្លាប់ខ្មែរ»។
អ្នកស្រីបន្ថែមថា ការរៀបចំពិធីចូលឆ្នាំនេះ ក៏ជាឱកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងសហរដ្ឋអាមេរិក ជួបជុំគ្នាផងដែរ។
«មានអារម្មណ៍សប្បាយរីករាយណាស់។ ក្នុងមួយឆ្នាំ មានតែម្ដងទេ។ ពួកខ្ញុំតែងតែមកស្ថានទូតខ្មែរហ្នឹង មកចូលរួមជុំខ្មែរៗទាំងអស់គ្នា»។
សម្រាប់លោក ភីថឺ ក្លេន ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ដែលជាអ្នកបើករថយន្តដឹកសិស្សឲ្យសាលារៀនរដ្ឋនៅក្នុងទីក្រុង Arlington រដ្ឋ Virginia ការចូលរួមនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលរៀបចំដោយស្ថានទូតខ្មែរនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននេះ គឺជាលើកទីមួយហើយសម្រាប់រូបលោក។
«មានអារម្មណ៍សប្បាយរីករាយ ប្លែកភ្នែក។ អត់ដែលធ្លាប់មកសោះ។ នេះជាលើកទីមួយហើយ។ ឆ្នាំក្រោយ ខ្ញុំនឹងមកទៀត នាំកូន នាំប្រពន្ធមកលេងឲ្យសប្បាយម្ដង»។
នៅក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនេះ គេក៏ឃើញមានការសម្ដែងសិល្បៈរបាំបុរាណ និងល្បែងប្រជាប្រិយខ្មែរផ្សេងៗផងដែរ។ សមាគមរក្សាមរតកខ្មែរនៅសហរដ្ឋអាមេរិក ដែលបានបង្កើតឡើង និងដឹកនាំដោយលោក ទេស សារឿម ជាសមាគម ដែលស្ម័គ្រចិត្តជួយរៀបចំចាត់ចែងការសម្ដែងសិល្បៈបុរាណ និងល្បែងប្រជាប្រិយខ្មែរ ដោយមិនយកប្រាក់កម្រៃនៅក្នុងពិធីអបអរសាទរចូលឆ្នាំខ្មែរនៅឯស្ថានទូតខ្មែរនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នាឆ្នាំ ២០១៧ នេះ។
លោក ទេស សារឿម បានមានប្រសាសន៍ថា គោលបំណងធំនៃការបង្ហាញសិល្បៈ វប្បធម៌ខ្មែរលើកនេះ គឺដើម្បីផ្ដល់ឱកាសជាពិសេសឲ្យប្រជាពលរដ្ឋអាមេរិកាំង អាចស្វែងយល់អំពីប្រភេទសិល្បៈ និងវប្បធម៌ប្រពៃណីបរមបុរាណដ៏ផូរផង់របស់ខ្មែរ។
«សមាគមរក្សាមរតកខ្មែរនៅសហរដ្ឋអាមេរិក មានសេចក្ដីរីករាយណាស់ ដើម្បីចូលរួម ទោះបីពុំមានផលកម្រៃអ្វីក៏ដោយ ក៏ដើម្បីបង្ហាញវប្បធម៌ និងសិល្បៈរបស់ខ្មែរយើងឲ្យប្រជារាស្ត្រនៅក្នុងសហរដ្ឋអាមេរិកនេះ ជាពិសេសប្រជារាស្ត្រអាមេរិកាំង ដើម្បីឲ្យគេឃើញថាតើសិល្បៈយើង វប្បធម៌យើង មានសម្រស់ មានភាពថ្កុំថ្កើងប៉ុណ្ណាពីសម័យបុរាណ»។
ក្រៅពីនេះ ក៏មានការរៃអង្គាសថវិកាសប្បុរសធម៌ ដែលរៀបចំឡើងដោយអង្គការមិត្តសម្លាញ់គ្មានព្រំដែន (Friends Without A Border) ដែលជាអង្គការក្រៅរដ្ឋាភិបាល មានមូលដ្ឋាននៅក្នុងទីក្រុង New York ផងដែរ។ គោលបំណងនៃការរៃអង្គាសថវិការបស់អង្គការនេះ គឺដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក សុខ សុគន្ធ អ្នកស្ម័គ្រចិត្តដើររៃអង្គាសថវិកាមួយរូបឲ្យអង្គការមិត្តសម្លាញ់គ្មានព្រំដែននេះ។
«ការរៃអង្គាសប្រាក់នេះ គឺរៀបចំឡើងដោយអង្គការមិត្តសម្លាញ់គ្មានព្រំដែន ជាភាសាអង់គ្លេសហៅថា Friends Without A Border ដែលជាអង្គការមិនយកកម្រៃ។ លោក Kenro Izu ជាស្ថាបនិកដំបូង ដែលផ្ដួចផ្ដើមកសាងមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប ប្រទេសកម្ពុជា»។
លោកបានបន្ថែមថា៖ «កម្មវិធីនេះ គឺផ្សព្វផ្សាយដើម្បីឲ្យសប្បុរសជន ប្រុសស្រី ក្មេងចាស់ ទាំងខ្មែរអាមេរិកាំង ទាំងបរទេស ចូលចាប់កុសល ដើម្បីជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ»។
ពលរដ្ឋអាមេរិកាំងជាច្រើននាក់ មកពីរដ្ឋផ្សេងៗនៅក្នុងសហរដ្ឋអាមេរិក ក៏បានចូលរួមនៅក្នុងពិធីបុណ្យអបអរឆ្នាំថ្មី ដែលរៀបចំដោយស្ថានទូតខ្មែរ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននាឆ្នាំនេះដែរ។ ពលរដ្ឋអាមេរិកាំងទាំងនោះមានការចាប់អារម្មណ៍ខ្លាំងចំពោះវប្បធម៌ប្រពៃណីខ្មែរ។
ក្នុងចំណោមនោះ លោក Ken Washington លេខារដ្ឋបាល នៃក្រុមប្រឹក្សា Philadelphia, AFL-CIO ដែលជាអង្គការបណ្ដាញសហជីពកម្មករ មានមូលដ្ឋាននៅក្នុងទីក្រុង Philadelphia ជាអ្នកដែលស្រលាញ់ប្រជាពលរដ្ឋខ្មែរ និងវប្បធម៌ប្រពៃណីខ្មែរដ៏ខ្លាំងក្លាម្នាក់។
ដោយបានចាត់ទុកខ្លួនលោកថាជាជនជាតិខ្មែរមួយរូប លោកបានបញ្ជាក់ថា លោកត្រូវតែចូលរួមនៅក្នុងកម្មវិធីណាដែលរៀបចំឡើងដើម្បីខ្មែរ។ លោកបាននិយាយយ៉ាងដូច្នេះថា៖
«ក្នុងបេះដូងខ្ញុំ ខ្ញុំគឺជាខ្មែរ។ បងប្អូនខ្មែរនៅក្នុងទីក្រុង Philadelphia បានចិញ្ចឹមបីបាច់ថែរក្សាខ្ញុំ។ ខ្ញុំបានចូលរួមនៅក្នុងកម្មវិធីនានា ដែលខ្មែររៀបចំឡើង។ ខ្ញុំចាត់ទុកលោកអគ្គរាជទូតខ្មែរជាបងប្រុសរបស់ខ្ញុំ។ ដូច្នេះ ពេលដែលលោកអញ្ជើញឲ្យចូលរួម ខ្ញុំមកចូលរួម»។
លោកក៏បានបញ្ជាក់ទៀតថា លោកគ្រោងនឹងធ្វើដំណើរទៅលេងប្រទេសកម្ពុជាក្នុង «រយៈពេលប៉ុន្មានខែខាងមុខនេះ» ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ថែមទៀតពីស្រុកខ្មែរ ក្រោយពីគម្រោងទៅលេងស្រុកខ្មែររបស់លោក កាលពីឆ្នាំមុន ត្រូវបានលុបចោល ដោយសារតែលោកជាប់រវល់ការងារ។
ជាងនេះទៅទៀត នៅក្នុងសន្ទរកថាបើកកម្មវិធីចូលឆ្នាំថ្មីនេះ លោកអគ្គរាជទូត ជុំ ប៊ុនរ៉ុង បានលើកឡើងពីការប្រឹងប្រែងរបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងសហរដ្ឋអាមេរិក ក្នុងការលើកមុខមាត់ប្រទេសកម្ពុជា និងវប្បធម៌ប្រពៃណីខ្មែរ នៅក្នុងសហរដ្ឋអាមេរិក តាមរយៈការសម្រេចជោគជ័យផ្សេងៗនៅក្នុងអាជីពការងាររបស់ពួកគេ ក៏ដូចជាការកសាងវត្តអារាមព្រះពុទ្ធសាសនាចំនួនជិត ៣ រយ វត្តអារាម នៅទូទាំងសហរដ្ឋអាមេរិកផងដែរ។
លោកបានបន្ថែមថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះមានសភាពប្រសើរខ្លាំងជាងមុន។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកមានសភាពរឹងមាំខ្លាំងណាស់ ដោយសារតែក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានភ្ញៀវទេសចរអាមេរិកាំងជាង ៣ សែននាក់ ទៅទស្សនាប្រទេសកម្ពុជា និងភ្ញៀវទេសចរខ្មែរជិត ៥ ពាន់នាក់ មកទស្សនាសហរដ្ឋអាមេរិក។
មានក្រុមហ៊ុនអាមេរិកាំងជាង ៥០ ក្រុមហ៊ុន បោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្នុងទឹកប្រាក់សរុបចំនួនជិត ១ ពាន់លានដុល្លារអាមេរិក។ សហរដ្ឋអាមេរិកនាំចូលទំនិញពីប្រទេសកម្ពុជា ដូចជាសម្លៀកបំពាក់ជាដើម ក្នុងទឹកប្រាក់ចំនួនច្រើនជាង ៣ ពាន់លានដុល្លារអាមេរិក។ ប្រទេសកម្ពុជានាំចូលទំនិញផ្សេងៗពីសហរដ្ឋអាមេរិក ដូចជាគ្រឿងម៉ាស៊ីនជាដើម ក្នុងទឹកប្រាក់ចំនួនជិត ៣ រយលានដុល្លារអាមេរិក»៕