ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ ​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្ពាន​ជ្រោយចង្វា​ទី១​ឡើង​វិញ​ ក្រោយ​ជួស​ជុល​រួច


ទិដ្ឋភាព​នៃ​ស្ពានមិត្តភាពកម្ពុជា-ជប៉ុន​ (ជ្រោយចង្វាទី១)​ ដែល​ត្រូវបាន​ជួសជុល​ក្រោម​ការ​ឧបត្ថម្ភដោយ​រដ្ឋាភិបាលជប៉ុន។ (រូបថត៖ ហ្វេសប៊ុកក្រសួងសាធារណការនិងដឹកជញ្ជូន)
ទិដ្ឋភាព​នៃ​ស្ពានមិត្តភាពកម្ពុជា-ជប៉ុន​ (ជ្រោយចង្វាទី១)​ ដែល​ត្រូវបាន​ជួសជុល​ក្រោម​ការ​ឧបត្ថម្ភដោយ​រដ្ឋាភិបាលជប៉ុន។ (រូបថត៖ ហ្វេសប៊ុកក្រសួងសាធារណការនិងដឹកជញ្ជូន)

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ឡើងវិញ​ស្ពាន​ប្រវត្តិសាស្ត្រ​ជ្រោយចង្វា ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ប្រទេស​ជប៉ុន ​បន្ទាប់​ពី​ស្ពាន​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ជួសជុល​ឡើងវិញ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​នោះ។

នៅ​ថ្ងៃ​ពុធ​នេះ​ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្ពាន​ជ្រោយ​ចង្វា​ទី​មួយ​ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ ក្រោយ​ពី​បិទ​ជួសជុល​ជាង​១ឆ្នាំ។

​ក្នុង​សារ​មួយ​ដែល​ចុះ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុកផ្ទាល់​ខ្លួន​លោក​ ​លោក​ ​ហ៊ុន សែន​ក៏​បាន​ស្នើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ស្ពាន​នេះ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​គ្រប់ៗ​គ្នា​ផង​ដែរ។

ការ​ដាក់​ឲ្យ​ដំណើរ​ការ​ស្ពាន​ប្រវត្តិសាស្ត្រ​ឡើង​វិញ​នេះ​ ​កើត​មានឡើង​មុន​ពីរ​ខែ​នៃ​ផែនការ​ដែល​បានគ្រោងទុក។​ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ បាន​បញ្ជាក់​ឲ្យដឹង​កាលពី​ពេល​កន្លង​មក​ថា​ ការដ្ឋាន​សម្រាប់​ជួស​ជុល​ស្ពាន​ជ្រោយ​ចង្វា​ទី​មួយបាន​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​ ១៥​ ខែ​កញ្ញា​ ឆ្នាំ​ ២០១៧ ​និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​ ១៤​ ខែ​មិថុនា​ ឆ្នាំ ​២០១៩។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន​ បាន​សរសេរ​ថា​លោក​ ហ៊ុន សែន​ ​និង​លោក​ Hidehisa Horinouchi​ ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ បាន​អញ្ជើញ​កាត់​ខ្សែ​បូ​រួមគ្នា​បើក​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​មិត្ត​ភាព​កម្ពុជា​-ជប៉ុន​ (ស្ពាន​ជ្រោយ​ចង្វា​ទី១) ​បន្ទាប់​ពី​បាន​ជួសជុល​កែ​លម្អ​សោភ័ណភាព​ និង​សុវត្ថិភាព​រួច​រាល់។

ទំព័រ​ហ្វេសប៊ុក​របស់​លោក ​ហ៊ុន សែន​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ស្ពាន​ជ្រោយ​ចង្វា​ទី១​ គឺ​ជា​ស្ពាន​ដ៏​សំខាន់​ឆ្លង​កាត់​ទន្លេសាប​ ដែល​ជា​តម្រូវការ​ចាំបាច់​បំផុត​របស់​ប្រទេសជាតិ។ ​ស្ពាន​នេះ​មាន​ប្រវែង​ ៩៧១​ម៉ែត្រ​ និង​ទទឹង​ ១៣ម៉ែត្រ។ ស្ពាន​នេះ​គឺ​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​មួយ​របស់​ប្រទេស​ជាតិ»។

លោក​ ហ៊ុន សែន​ បាន​ស្នើ​អ្នក​ប្រើ​ប្រាស់​ស្ពាន​ជ្រោយ​ចង្វា​ទី​មួយ​ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្នក្នុង​ការ​បើកបរ​លើ​ស្ពានដែល​ទើប​តែ​ជួស​ជុល​រួច​ហើយ​នេះ។

​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖

«សូម​បងប្អូន​ជន​រួម​ជាតិ​ បើក​បរ​គោរព​ច្បាប់​ចរាចរណ៍​ កុំ​បើក​វ៉ា​ប្រជែង​លើ​ស្ពាន​ និង​កុំ​ដឹក​ទំនិញ​លើស​ទម្ងន់​ដែល​បាន​កំណត់​លើ​ស្ពាន។​ យើង​ចូលរួម​ថែរក្សា​ស្ពាន​ថ្នល់​ឲ្យ​នៅ​បាន​គង់​វង្ស​នៅ​គ្រប់​ទីកន្លែង​ ដើម្បី​ជា​ប្រ​យោជន៍​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​ត​កូន​ត​ចៅ»។

VOA ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ គង់ វិមាន​ អនុ​រដ្ឋ​លេខាធិការ​ និង​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

ស្ពាន​ជ្រោយ​ចង្វា​ទី​មួយ​ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​ ១៩៦៦​ តែ​ស្ពាន​ដែល​ឆ្លង​កាត់​ទន្លេ​សាប​មួយ​នេះ​ ធ្លាប់​ត្រូវ​បាន​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​សារ​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ១៩៧២ និង​ឆ្នាំ ១៩៧៣​ នៅ​ពេល​ក្រុម​ខ្មែរ​ក្រហម​ដាក់​គ្រាប់​មីន​ផ្ដាច់​ស្ពាន​នេះ។

ស្ពាន​ដែល​មាន​ប្រវែង ​៩៧១​ម៉ែត្រ​ និង​មាន​អាយុ​កាល​ប្រាំ​ទសវត្សរ៍​នេះ​ ត្រូវ​បាន​សាងសង់​ឡើង​វិញ​ដោយ​ប្រទេស​ជប៉ុន​នៅ​ទសវត្សរ៍​ ១៩៩០ ហើយ​ក៏​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ដោយ​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះបាទ​ នរោត្តម សីហនុ​ ទៅ​ជា​ ​«ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន»​ ដែល​ប្រជាជន​ទូទៅ​ហៅថា​ស្ពាន​ជ្រោយចង្វា​នេះ។

អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​ បាន​លើកឡើង​កាល​ពី​ពេល​កន្លង​មក​ថា​ ប្រទេស​ជប៉ុន​ បាន​បង្ហាញ​នូវ​សន្តាន​ចិត្ត​ល្អ​ចំពោះ​ប្រជាជន​កម្ពុជា​ ព្រោះ​ប្រទេសមហា​អំណាច​សេដ្ឋកិច្ច​ទីបី​នៅ​ក្នុង​ពិភពលោក​នេះ ​បាន​ផ្ដល់​ជំនួយ​ជាថ្មី​ ស្តារ​ស្ពាន​នេះ​ឡើងវិញ។​ យ៉ាង​ណា​ក៏​ដោយ​ រដ្ឋាភិបាល​កម្ពុជា​គួរ​រៀប​ចំ​ឲ្យ​មាន​វិធាន​ការ​ជួស​ជុល​ស្ពាន​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ប្រ​ទេស​ជា​មិត្ត​នានា​ ជាជាង​រង់ចាំ​តែ​គេ​ជួយ​ ដើម្បី​បញ្ចៀស​ពី​ការ​រិះគន់។

រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ បាន​ចំណាយ​ថវិកា​ប្រមាណ​ ៣០​លាន​ដុល្លារ​អាមេរិក ​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ខ្លួន​ដើម្បី​ជួសជុល​ស្ពាន​ជ្រោយចង្វា​ទី​មួយ​នេះ៕

XS
SM
MD
LG