ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន​ជ្រោយចង្វា​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរ​ការ​ឡើងវិញ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ


ទិដ្ឋភាព​នៃ​ស្ពានមិត្តភាពកម្ពុជា-ជប៉ុន​ (ជ្រោយចង្វារទី១)​ ដែល​ត្រូវបាន​ជួសជុល​ក្រោម​ការ​ឧបត្ថម្ភដោយ​រដ្ឋាភិបាលជប៉ុន។ (រូបថត៖ ហ្វេសប៊ុកក្រសួងសាធារណការនិងដឹកជញ្ជូន)
ទិដ្ឋភាព​នៃ​ស្ពានមិត្តភាពកម្ពុជា-ជប៉ុន​ (ជ្រោយចង្វារទី១)​ ដែល​ត្រូវបាន​ជួសជុល​ក្រោម​ការ​ឧបត្ថម្ភដោយ​រដ្ឋាភិបាលជប៉ុន។ (រូបថត៖ ហ្វេសប៊ុកក្រសួងសាធារណការនិងដឹកជញ្ជូន)

ស្ពាន​ជ្រោយ​ចង្វា​ដែល​ត្រូវ​បាន​បិទ​ដើម្បី​ជួស​ជុល​ឡើងវិញ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៧​ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​នៅ​ដើម​ខែ​មេសា​ឆ្នាំ​នេះ។ ​គិត​រហូត​មក​ដល់​ពេលនេះ​ ការងារ​ស្តា​និង​ជួសជុល​ស្ពាន​នេះ​ឡើង​វិញ​ សម្រេច​បាន​៩៧% ហើយ។

ការ​ជួស​ជុល​ស្ពាន​ជ្រោយចង្វា​ទី​មួយ​ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ប្រទេស​ជប៉ុន នឹង​បញ្ចប់​ជាស្ថាពរ​នា​ពេល​ឆាប់ៗ​ខាងមុខ​ ហើយ​រដ្ឋាភិបាល​ខ្មែរ​គ្រោង​ដាក់​ស្ពាន​នេះ​ឲ្យ​ដំណើរ​ការ​ឡើង​វិញ នៅ​មុន​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ដែល​នឹង​ចូល​មក​ដល់នៅ​ពាក់​កណ្ដាល​ខែ​មេសា។​ នេះ​បើ​យោង​តាមព័ត៌មាន​សង្ខេប​មួយ​ ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​នៅ​ក្នុង​សប្ដាហ៍​នេះ​ និង​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​ដដែល​នេះ។

អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​ សាទរ​ចំពោះ​សន្តាន​ចិត្ត​ល្អ​របស់​ប្រទេស​ជប៉ុន​ដែល​បាន​ផ្ដល់​ជំនួយ​ជាថ្មី​ ស្តា​ស្ពាន​នេះ​ឡើងវិញ​ តែ​ថា​ រដ្ឋាភិបាល​ខ្មែរ​គួរ​រៀប​ចំ​ឲ្យ​មាន​វិធាន​ការ​ជួស​ជុល​ស្ពាន​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជា​មិត្ត​នានា។

ព័ត៌មាន​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ កាលពី​ថ្ងៃ​ទី​៦​ ខែ​មីនា​ ឆ្នាំ​២០១៩​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ លោក​ ស៊ុន​ ចាន់ថុល​ រដ្ឋ​មន្ត្រីក្រសួង​សាធារណ​ការ​ និង​ដឹកជញ្ជូន​ បាន​ធ្វើ​ទស្សនកិច្ចពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការ​ជួស​ជុល​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន​ ឬ​ស្ពាន​ជ្រោយចង្វា​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ក្រសួង​ តំណាង​ក្រុម​ហ៊ុន​ជួសជុល​សាងសង់​ និង​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស។

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ដដែល​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ក្នុង​ន័យ​ដើម​ថា៖

«គិត​រហូត​មក​ដល់​ពេលនេះ​ ការងារ​ស្តា​ និង​ជួសជុល​ស្ពាន​នេះ​ឡើង​វិញ​សម្រេច​បាន​៩៧% ហើយ​ និង​គ្រោង​បើក​ឱ្យ​ដំណើរ​ការ​នៅ​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាង​មុខ​នេះ»។

ទិដ្ឋភាព​នៃ​ស្ពានមិត្តភាពកម្ពុជា-ជប៉ុន​ (ជ្រោយចង្វារទី១)​ ដែល​ត្រូវបាន​ជួសជុល​ក្រោម​ការ​ឧបត្ថម្ភដោយ​រដ្ឋាភិបាលជប៉ុន។ (រូបថត៖ ហ្វេសប៊ុកក្រសួងសាធារណការនិងដឹកជញ្ជូន)
ទិដ្ឋភាព​នៃ​ស្ពានមិត្តភាពកម្ពុជា-ជប៉ុន​ (ជ្រោយចង្វារទី១)​ ដែល​ត្រូវបាន​ជួសជុល​ក្រោម​ការ​ឧបត្ថម្ភដោយ​រដ្ឋាភិបាលជប៉ុន។ (រូបថត៖ ហ្វេសប៊ុកក្រសួងសាធារណការនិងដឹកជញ្ជូន)

ការ​សម្រេច​ជួសជុល​ស្ពាន​ចំណាស់​នេះ​ បាន​ធ្វើ​ឡើង​នៅ​ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​ និង​លំហូរ​ចរាចរណ៍​ កើន​ឡើងជា​លំដាប់ ។ រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ បាន​ចំណាយ​ថវិកា​ប្រមាណ​៣០​លាន​ដុល្លារ​អាមេរិក ​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ខ្លួន​ដើម្បី​ជួសជុល​ស្ពាន​ជ្រោយចង្វា​ទី​មួយ​នេះ។

ការដ្ឋាន​សម្រាប់​ជួស​ជុល​បាន​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៧ ​និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០១៩។​ នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន។

អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត​មាស នី​ មាន​ប្រសាសន៍​ប្រាប់​ VOA ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ប្រទេស​ជប៉ុន​បាន​បង្ហាញ​ ​កាយវិការ​មនុស្ស​ធម៌​មួយ​ក្នុង​ការ​ជួយ​ជួស​ជុល​ស្ពាន​ដែល​ជា​ជំនួយ​របស់​ខ្លួន។

​ក៏ប៉ុន្តែ​លោក​បារម្ភថា​ រដ្ឋាភិបាល​កម្ពុជា នឹង​ត្រូវ​គេ​មើល​ឃើញ​ក្នុង​ផ្លូវ​អវិជ្ជមាន​ថា​ មិន​មាន​វិធាន​ការ​ថែទាំ​ និង​ជួសជុល​សមិទ្ធផល​ហេដ្ឋារចនាសម្ពន្ធ​ស្ពាន​ និង​ផ្លូវ​ដែល​ប្រទេស​ជា​មិត្ត​បាន​ផ្ដល់​ឲ្យ​នោះ។

លោក ​មាស នី​ មានប្រសាសន៍​ថា៖​

«ខ្ញុំ​និយាយ​នេះ​ មិនមែន​មាន​បំណង​បង្អាប់​ខ្មែរ​យើង​ទេ​ណ៎ា!​ ក៏ប៉ុន្តែ​យើង​មាន​ករណី​មួយ​ចំនួន​ដែល​យើង​សង្កេតឃើញ​ថា​ នៅ​ពេល​ដែល​គេ​ជួយ​យើង​ គឺ​យើង​អត់​សូវ​បាន​ប្រឹង​ខ្លួន​ឯង​នៅ​ក្នុង​ការ​រក​មធ្យោបាយ​ដើម្បី​ជំនួស​គេ​ទេ​បាទ»។​

​លោក​បាន​ថ្លែង​បន្ថែម​ថា៖​

«លុះត្រាតែ​ដល់​ពេលណា​ដែល​គេ​ដក​ចេញ​ អា​ហ្នឹង​ បាន​យើង​ហ្នឹង​ត្រថេះត្រថះ​ ហើយ​សកម្ម​ភាព​នេះ​ ខ្ញុំ​មើល​ឃើញ​សម្លឹង​មើល​បច្ចុប្បន្ន​ក្នុង​សង្គម​យើង​ មិនមែន​កើត​មាន​តែ​ក្នុងវិស័យ​រដ្ឋ​ទេ​ សូម្បីតែ​វិស័យ​នៃ​ការងារ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ NGO​ ហ្នឹង​ ក៏​មាន​រឿង​ស្រដៀង​គ្នា​នឹង​ករណី​ស្រដៀង​គ្នា​នេះ​ច្រើន​ណាស់​ ដែល​ជំនួយ​របស់​គេ​មក​ហ្នឹង​ យើង​មិន​សូវ​បាន​ប្រឹង​ប្រែង​អំពី​រៀប​ចំ​ខ្លួន​ប្រើ​ប្រាស់​ជំនួយ​របស់​គេ​ ដើម្បី​ឲ្យ​មាន​និរន្តរភាព​ទេ​ គឺ​យើង​ពឹង​ទៅលើ​គេ​ទាំង​ស្រុង​ ដល់​ពេល​ដែល​គេ​ដក​ចេញទៅ​ យើង​អត់​មាន​ធនធាន​អី​សម្រាប់​ជំនួស»។

ក៏ប៉ុន្តែ​លោក គង់ វិមាន​ អនុ​រដ្ឋ​លេខាធិការ​ និង​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ​មាន​ប្រសាសន៍​ថា​ ថ្នាក់​ដឹកនាំ​ក្រសួង​បាន​គិតគូរ​ជាមុន​ផង​ដែរ​ ក្នុង​ការ​ជួស​ជុល​ស្ពាន​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​មួយ​នេះ។

លោក​ថា​ ប្រសិន​បើ​ជប៉ុន​មិន​ផ្ដល់​លុយ​ទេ ក៏​ដំណើរ​ការ​ជួស​ជុល​នឹង​កើត​មាន​ ព្រោះផែន​ការ​ជួស​ជុល​នេះ​ បាន​ស្ថិត​ក្នុង​ការ​ពិចារណា​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​រួច​ទៅ​ហើយ។

«ដូច​ជា​មិន​ជា​អី​ទេ​ រឿង​ហ្នឹង​ ដូច​ជា​មិន​អី​ ព្រោះ​ថ្នាក់​ដឹកនាំ​ ក៏បាន​គិត​ហើយ​រឿង​ហ្នឹង​បាទ»។​

​នៅ​ពេល​ VOA ​សួរ​បន្ត​ថា​ ប្រសិនបើ​ស្ពាន​នេះ​ ត្រូវ​ជួសជុល​បន្ត​ទៀត​នៅ​ពេល​ខាងមុខ​នោះ​ ​តើ​រដ្ឋាភិបាល​ នឹងដោះស្រាយយ៉ាង​ណា​ អ្នក​នាំ​ពាក្យ​បាន​ថ្លែង​ថា​ ការណ៍​នេះ​ ​ស្ថិត​លើសេចក្ដី​សម្រេច​របស់​ថ្នាក់​ដឹកនាំ​ក្រសួង។

«ការងារ​ហ្នឹង​ គឺ​អាស្រ័យ​លើ​ថ្នាក់​ដឹកនាំ​ ដែល​លោក​បាន​ធ្វើ​ការងារ​ហ្នឹង​ជាមួយ​ខាង​ភាគី​ជប៉ុន»។

យ៉ាងណា​ក៏ដោយ​ លោក ​គង់ វិមាន​ អះអាង​ថា​ ​ស្ពាន​ជ្រោយចង្វា​ទី​មួយ​នឹង​ដាក់​ឲ្យ​សាធារណ​ជន​ប្រើ​ប្រាស់​ជា​ផ្លូវការ​ឡើងវិញ​នៅ​ដើម​ខែ​មេសា​ឆ្នាំ​២០១៩ ​ខាង​មុខ​នេះ។

«បាទ ប្រហែល​ជា​ដើម​ខែ​ បាទ​ដើម​ខែ​មេសា​បាទ​ ប្រហែល​ជា​ខ្ទង់​ ដើមខែ​មេសា​ យើង​អាច​ដាក់​ដំណើរ​ការ​ហើយ​បាទ»។

ស្ពាន​ជ្រោយចង្វា​ទី​មួយ​ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​១៩៦៦​ តែ​ស្ពាន​ដែល​ឆ្លង​កាត់​ទន្លេ​សាប​មួយ​នេះ​ ធ្លាប់​ត្រូវ​បាន​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​សារ​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧២ និង​ឆ្នាំ១៩៧៣​ នៅ​ពេល​ក្រុម​ខ្មែរ​ក្រហម​ដាក់​គ្រាប់មីន​ផ្ដាច់​ស្ពាន​នេះ។

ស្ពាន​ដែល​មាន​ប្រវែង​៩៧១​ម៉ែត្រ​ និង​មាន​អាយុ​កាល​ប្រាំ​ទសវត្សរ៍​នេះ ត្រូវ​បាន​សាងសង់​ឡើង​វិញ​ដោយ​ប្រទេស​ជប៉ុន​នៅ​ទសវត្សរ៍​១៩៩០ ហើយ​ក៏​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ដោយ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​នរោត្តម សីហនុ​ ទៅ​ជា​ «ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន» ដែល​ប្រជាជន​ទូទៅ​ហៅថា​ស្ពាន​ជ្រោយចង្វា​នេះ៕

XS
SM
MD
LG