ប្រទេសកម្ពុជាបានទាមទារគុណបំណាច់ពីការចូលរួមចំណែករបស់ខ្លួន ក្នុងបេសកកម្មអន្តរជាតិនានា ជាពិសេសក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដើម្បីគេចចេញពីទណ្ឌកម្មសេដ្ឋកិច្ច ដែលសហគមន៍អន្តរជាតិគ្រោងនឹងដាក់ និងការរិះគន់នានាលើប្រវត្តិសិទ្ធិមនុស្សដែលមិនល្អ។
នៅក្នុងសុន្ទរកថាមួយនៅទីក្រុងញូវយ៉ក កាលពីចុងខែមីនា ទៅកាន់ក្រុមរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសចូលរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជាបានលើកឡើងពីគុណសម្បត្តិរបស់កម្ពុជា ដែលបានបញ្ជូនកងកម្លាំងរបស់ខ្លួនចូលរួមក្នុងបេសកកម្មមួកខៀវក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ។
លោកបានថ្លែងថា៖
«ទោះបីជាធនធានលទ្ធភាពនិងថវិកាការពារជាតិនៅមានកម្រិត និងជួបលំបាកខ្វះខាតយ៉ាងណាក្តី ក៏កម្ពុជានៅតែអាចឆ្លើយតបជាមួយនឹងតម្រូវការ អាចបញ្ជាក់នូវឆន្ទៈដ៏មោះមុត និងការប្តេជ្ញាដ៏ម៉ឺងម៉ាត់សម្រាប់ការចូលរួមចំណែកដើម្បីសន្តិភាព ស្ថិរភាព និងការងារមនុស្សធម៌ ក្នុងកម្រិតអន្តរជាតិយ៉ាងពេញលេញ។ ក្នុងហេតុផលនេះ កម្ពុជាគួរតែត្រូវបានភាពយុត្តិធម៌ និងទទួលបានការជ្រោមជ្រែងខ្លាំងក្លាថែមទៀត ដោយមិនត្រូវបានការបង្អាក់ដំណើរការអភិវឌ្ឍន៍ និងការប្តេជ្ញាចិត្តទាំងនោះទេ»។
លោក ទៀ បាញ់ បានអះអាងថា កម្ពុជាតែងតែលើកដម្កើងសេរីភាព សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យតាមរយៈការរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ ហើយថ្មីៗនេះមានការប្រារព្ធខួបលើកទី ២០ នៃការទទួលបានសន្តិភាពពេញលេញនៅកម្ពុជា បន្ទាប់ពីបញ្ចប់សង្គ្រាមស៊ីវិលដែលនេះកាន់តែបញ្ជាក់ច្បាស់នូវ «ការប្តេជ្ញាចិត្ត ថែរក្សាការពារសន្តិភាព សន្តិសុខនិងការបញ្ជាក់នូវភស្តុតាងសម្រាប់គោលនយោបាយដ៏ត្រឹមត្រូវរបស់កម្ពុជា»។
លោកបានបន្ថែមថា៖
«ដូច្នេះការខិតខំរកលេសណាមួយសម្រាប់ជាហេតុផលធ្វើឱ្យរាំងស្ទះដល់ដំណើរការខិតខំនេះជាទណ្ឌកម្មតាមរូបភាព ឬការរិះគន់ណាមួយពិតជាប៉ះពាល់ដល់ការរីកចម្រើន និងការប្រឹងប្រែងយ៉ាងខ្លាំងក្លា»។
ទស្សនាសុទ្ទរកថារដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ទាំងស្រុងដូចតទៅ៖
ប្រទេសកម្ពុជាបានចាប់ផ្តើមបញ្ជូនកម្លាំងចូលរួមក្នុងក្របខណ្ឌថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិតាំងពីឆ្នាំ ២០០៦ ដោយបញ្ជូនកម្លាំងបានជាង ៥០០០ នាក់ដែលមានជំនាញដោះមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ វិស្វកម្មនៅក្នុងប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់និងម៉ាលីជាដើម។ កម្ពុជាបានប្រើប្រាស់វេទិកាអង្គការសហប្រជាជាតិនេះ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនបន្តចូលរួមក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ ហើយអ្នកវិភាគមើលឃើញថា នេះក៏ជាការពង្រឹងអំណាចការទូតរបស់កម្ពុជាផងដែរ។
អតីតគណបក្សប្រឆាំងបានស្នើឱ្យបែងចែកគ្នារវាងបេសកកម្មរបស់អង្គការសហប្រជាជាតិ និងការរំលោភសិទ្ធិមនុស្ស។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនក្នុងសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ VOA ថាកាតព្វកិច្ចចូលរួមចំណែកក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ គឺប្រទេសសមាជិកដែលមានលទ្ធភាពត្រូវតែចូលរួម។ ប៉ុន្តែបើសិនជាប្រទេសនោះនៅបន្តរំលោភសិទ្ធិមនុស្សនៅផ្ទៃក្នុងប្រទេស គឺអង្គការអន្តរជាតិក៏មានកាត្វកិច្ចទាញមករកការគោរពសិទ្ធិមនុស្សវិញតាមច្បាប់អន្តរជាតិ។
លោកបានបន្ថែមថា៖
«យ៉ាងណាមិញ ប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះដែលរបបលោក ហ៊ុន សែន ដែលក្នុងនោះមានលោក ទៀ បាញ់ ជារដ្ឋមន្ត្រីក្រសួងការពារជាតិបានចូលរួមសម្លាប់លទ្ធិប្រជាធិបតេយ្យ ដែលផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នោះគឺសហគមន៍អន្តរជាតិគេត្រូវតែមានវិធានការ ដើម្បីនាំកម្ពុជាមកកាន់របបប្រជាធិបតេយ្យ។ ច្បាប់គេមានច្រើនណាស់មានការដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្ម ឬសេដ្ឋកិច្ចដើម្បីចាប់បង្ខំរដ្ឋបាលមួយដែលកំពុងតែសម្លាប់លទ្ធិប្រជាធិបតេយ្យហ្នឹងងាកមករកផ្លូវត្រូវវិញ»។
រដ្ឋាភិបាលកម្ពុជាបានរៀបចំការបោះឆ្នោតជាតិកាលពីខែកក្កដា ឆ្នាំ ២០១៨ បន្ទាប់ពីរំលាយគណបក្សសង្គ្រោះជាតិដែលជាអតីតគណបក្សប្រឆាំងដ៏ធំ ក្រោយពីគណបក្សនេះទទួលបានការគាំទ្រយ៉ាងច្រើនក្នុងការបោះឆ្នោតពីរលើកចុងក្រោយ ក្នុងឆ្នាំ ២០១៣ និង ២០១៧។
លោក អេង ឆៃអ៊ាង ចាត់ទុកថា ការបោះឆ្នោតក្នុងពេលកន្លងមកគឺមិនត្រឹមត្រូវតាមច្បាប់ទេ ដូច្នេះពលរដ្ឋមានសិទ្ធិចេញមកតវ៉ាទាមទារដើម្បីឱ្យមានការបោះឆ្នោតដោយត្រឹមត្រូវ ដែលពួកគេអាចចូលរួមបោះឆ្នោតជ្រើសរើសតំណាងរបស់ពួកគេ តាមឆន្ទៈដែលក្នុងករណីនេះគឺកងកម្លាំងប្រដាប់អាវុធមិនត្រូវបង្ក្រាបទេ ព្រោះវាជាសិទ្ធិក្នុងការចង់បានយុត្តិធម៌។
លោកបានបន្ថែមថា៖
«អីចឹងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងតែកាន់កាំភ្លើងហ្នឹងគឺជាកងកម្លាំងប្រដាប់អាវុធបម្រើប្រជាពលរដ្ឋ ត្រូវការពារប្រជាពលរដ្ឋ មិនត្រូវការពារជនផ្តាច់ការឱ្យពួកជនដែលបានសម្លាប់ប្រជាធិបតេយ្យ ជនដែលរំលោភសិទ្ធិមនុស្សទេ។ អីចឹងហើយពួកជនផ្តាច់ការគេតែងតែយកលេសក្នុងករណីដែលមានការទាមទារណាមួយដោយសន្តិវិធី ដោយអហិង្សាហ្នឹងជាការផ្តួលរំលំ។ ការពិតរបបពួកហ្នឹងគឺជារបបខុសច្បាប់»។
សហគមន៍អន្តរជាតិដែលនាំមុខដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងតែពិនិត្យមើលលទ្ធភាពដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចលើប្រទេសកម្ពុជា ប្រសិនបើរដ្ឋាភិបាលបច្ចុប្បន្នមិនស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញទេ។ ក្នុងនោះមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងផ្តល់សិទ្ធិឱ្យអតីតអ្នកតំណាងរាស្ត្រជាង ១០០ នាក់បានធ្វើនយោបាយឡើងវិញ។
សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការដកឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» រីឯក្រុមអ្នកច្បាប់សហរដ្ឋអាមេរិកបានស្នើច្បាប់ដើម្បីសើរើឋានៈអនុគ្រោះពន្ធ GSP ដែលកម្ពុជាទទួលបានផងដែរ។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិក៏បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ កុំស្តាប់បញ្ជាពីថ្នាក់ដឹកនាំដែលលោកចាត់ទុកថាឡើងកាន់អំណាចដោយខុសច្បាប់។
លោក ទៀ បាញ់ ក៏មានសារព្រមានដល់អតីតគណបក្សប្រឆាំងនៅប្រទេសកម្ពុជាផងដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយនឹង VOA លោក ទៀ បាញ់ បានបញ្ជាក់ថា៖
«ចំណែកឯកងកម្លាំង កងទ័ព ចង់អំពាវនាវឱ្យទៅផ្តួលរដ្ឋាភិបាលស្របច្បាប់ ខ្ញុំចាត់ទុកថាជារឿងខុសឆ្គងធំណាស់ ហើយនេះជាការងារមួយមិនអាចទទួលយកបានទេ ហើយអាចមានទោសថែមទៀត។ និយាយឱ្យមែនទែន គឺមានទោសថែមទៀតព្រោះនេះឈានទៅដល់ការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ មិនអនុញ្ញាតជាដាច់ខាត»។
ប៉ុន្តែលោក ទៀ បាញ់ បន្ថែមថា បើការតវ៉ាក្នុងន័យសម្តែងមតិនឹងបញ្ហាក្នុងសង្គមគឺទាហានមិនចេញមកបង្ក្រាបនោះទេ។
«បើសិនជាការទាមទារហ្នឹងថាជាការទាមទារដីធ្លី ទាមទារពីការឡើងប្រាក់បៀវត្សរ៍ នោះ គឺជារឿងធម្មតាទេ តែទាមទារដែលមានលក្ខណៈផ្តួលរំលំ គឺអត់អនុញ្ញាតជាដាច់ខាត ហើយចាត់ទុកថាខុសច្បាប់ទៀត»។
អតីតអ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់ចំនួន ៩ នាក់បានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដោយពួកគេខ្លះអះអាងថា ចង់បន្តសកម្មភាពនយោបាយដោយសារក្នុងពេលកន្លងមកមិនអាចធ្វើអ្វីបាន សូម្បីតែជួបជុំគ្នាទទួលទានកាហ្វេក៏ត្រូវបានអាជ្ញាធរតាមដានមើលផងដែរ។
លោកស្រី ទេព សុទ្ធី អតីតអ្នកតំណាងរាស្រ្តមណ្ឌលតាកែវ ដែលទើបទទួលបានសិទ្ធិធ្វើនយោបាយវិញ បានបញ្ជាក់ប្រាប់ VOA ថា អ្នកស្រីបានផ្ញើលិខិតទៅស្ថានទូតសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កាលពីដើមខែមេសា ដើម្បីស្នើសុំកុំឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ច។
លោកស្រីបានបញ្ជាក់ប្រាប់ VOA ថា៖
«លិខិតហ្នឹងគ្រាន់តែថា ក្នុងចិត្តខ្ញុំ ខ្ញុំធ្វើនយោបាយចំណេញៗ។ គោលបំណងនៃលិខិតរបស់ខ្ញុំទៅឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីព្យាយាមស្វែងរកដំណោះស្រាយដែលរក្សាបាននូវ EBA ហើយនឹង GSP ហើយក្នុងពេលដូចគ្នានេះដែរ យើងស្តារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
នៅក្នុងលិខិតចម្លងដែលផ្ញើមក VOA លោកស្រីបានបញ្ជាក់ថា៖ «ប្រសិនបើការលុបបំបាត់ពាណិជ្ជកម្មពិសេសត្រូវបានលុបចោល ឬផ្អាកកម្មកររោងចក្រ និងកសិកររាប់លាននាក់ នឹងទទួលរងផលប៉ះពាល់ខាងសេដ្ឋកិច្ច»។
លោកស្រី ទេព សុទ្ធី បញ្ជាក់ថា មិនទទួលសម្ពាធពីគណបក្សកាន់អំណាចក្នុងការធ្វើលិខិតនេះទេ ហើយក៏មិនមានការពិគ្រោះជាមួយនឹងអតីតសហការី ដែលបានសុំសិទ្ធិនយោបាយរួមគ្នាក្នុងពេលកន្លងមកដែរ។
លោកស្រីបន្ថែមថា៖
«នេះជាសកម្មភាពប្រជាធិបតេយ្យដើម្បីបង្ហាញសាធារណជនថា នេះជាវិធីមួយទៀតដែលលទ្ធិប្រជាធិបតេយ្យស្ថិតនៅក្នុងសកម្មភាពមិនមែនគ្រាន់តែស្ថិតនៅក្នុងកូដកម្ម ឬបាតុកម្មទេ។ ខ្ញុំមិនអាចរង់ចាំអ្នកណាម្នាក់ ឬអ្វីមួយលេខធ្លោនៅមុខខ្ញុំ។ ហ្នុងមិនមែនជាការចូលរួមយ៉ាងសកម្មក្នុងលទ្ធិប្រជាធិបតេយ្យទេ»។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែនិយាយម្តងហើយម្តងទៀតថា ការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបមិនបានធ្វើឱ្យប្រទេសកម្ពុជាមានបាននោះឡើយ ហើយកម្ពុជាមិនលះបង់អធិបតេយ្យភាពរបស់ខ្លួនជាថ្នូរនឹងឋានៈអនុគ្រោះពន្ធនេះដែរ។ លោក ហ៊ុន សែន ក៏មានប្រវត្តិរិះគន់បេសកកម្មអង្គការសហប្រជាជាតិនៅកម្ពុជាថា មិនបាននាំមកនូវសន្តិភាពពិតប្រាកដដល់កម្ពុជាឡើយ៕