កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅបន្តជាធាតុសំខាន់មួយដើម្បីរក្សាសន្តិភាពនិងកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយអ្នកវិភាគនិងមេដឹកនាំអង្គការសង្គមស៊ីវិលថ្លែងថា រដ្ឋាភិបាលមិនអាចមើលរំលងកិច្ចព្រមព្រៀងសន្តិភាពនេះបានឡើយ ដោយពលរដ្ឋខ្មែរទូទៅនៅផ្តល់តម្លៃដល់ខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពកាលពី២៥មុននេះ។
អ្នកវិភាគ និងមេដឹកនាំអង្គការសង្គមស៊ីវិលនៅកម្ពុជា ក៏បាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពនេះនៅបន្តមានសុពលភាពជានិច្ចសម្រាប់ប្រទេសកម្ពុជា ទោះជាមានការអះអាងពីរដ្ឋាភិបាលថា ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ត្រូវបានរំលាយចូលទៅក្នុងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាក្តី។
តាមរយៈការធ្វើបទបង្ហាញរបស់លោក កែវ រ៉ាន់ចា បុគ្គលិកវិទ្យាស្ថានសន្តិភាពកម្ពុជា ដែលបានធ្វើឡើងកាលថ្ងៃសុក្របានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរជាង៥០ភាគរយ យល់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានសារៈសំខាន់សម្រាប់កម្ពុជា។ ប្រជាពលរដ្ឋខ្មែរស្ទើរតែជិត៩០ភាគរយក៏បានទទួលស្គាល់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់ការកសាងសន្តិភាព និងលទ្ធិប្រជាធិបតេយ្យយូរអង្វែងសម្រាប់កម្ពុជា។
លោកបញ្ជាក់ថា៖
«ចំពោះសំណួរដែលសួរថា តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាងសន្តិភាពនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គាត់តាមយោបល់របស់គាត់ គាត់យល់ស្របឬអត់ អញ្ចឹងយើងឃើញថា ចំនួនច្រើនមែនទែនដែលគាត់យល់ស្រប គឺមានទៅដល់៨៩ភាគរយ គឺគាត់យល់ឃើញថា ពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា»។
ប្រទេសចំនួន១៨ ជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានចុះនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ ដើម្បីបញ្ចប់ជម្លោះខ្មែរដែលមានបួនភាគី។ ភាគីទាំងនោះរួមមានរណសិរ្សរួបរួមជាតិដើម្បីឯករាជ្យ អព្យាក្រឹត សន្តិភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា ហៅកាត់ថា Funcinpec ដឹកនាំដោយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ រណសិស្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដឹកនាំដោយលោក សឺន សាន រដ្ឋកម្ពុជា ដឹកនាំដោយនាយករដ្ឋមន្ត្រីខ្មែរបច្ចុប្បន្នលោក ហ៊ុន សែន និងកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ លោក ខៀវ សំផន។
ក្រោយពេល២៥ឆ្នាំ នៃការចុះព្រមព្រៀងសន្តិភាពនេះ ប្រទេសកម្ពុជា ត្រូវគេមើលឃើញថា ពុំអាចបំពេញបានទៅតាមខ្លឹមសាររបស់កិច្ចព្រមព្រៀងនេះទេ ពាក់ព័ន្ធនឹងកសាងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការការពារសុខភាព និងសន្តិសុខផ្លូវចិត្តរបស់ប្រជាពលរដ្ឋ។ ហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មេដឹកនាំកម្ពុជា ជារឿយៗបានព្រមានអំពីការផ្ទុះសង្គ្រាម ប្រសិនបើគណបក្សដែលកំពុងកា្តប់អំណាចបច្ចុប្បន្ន ខកខានមិនបានដឹកនាំប្រទេសបន្តទៀតនោះ។
អ្នកវិភាគឯករាជ្យលោក ឡៅ ម៉ុងហៃ ថ្លែងនៅក្នុងកិច្ចពិភាក្សាស្តីពី រយៈពេល២៥ ឆ្នាំ ក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថា អ្នកនយោបាយកម្ពុជាមិនគោរពកិច្ចសន្យានានាដែលមានសរសេរក្នុងកិច្ចព្រមព្រៀងប៉ារីស ដែលមានបំណងសំខាន់មួយក្នុងការកសាងនីតិរដ្ឋ និងលទ្ធិប្រជាធិបេតយ្យសេរីពហុបក្សនៅកម្ពុជា។ លោកបន្តថា ក្នុងពេលដែលអ្វីដែលបានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនទាន់ត្រូវបានគោរពឲ្យបានហ្មត់ចត់នោះ នោះកិច្ចព្រមព្រៀងសនិ្តភាពដ៏សំខាន់នេះ នឹងនៅតែមានសុពលភាពជានិច្ច។
អ្នកវិភាគជើងចាស់រូបនេះបញ្ជាក់ថា៖ «អ្នកណាទៅធានា តែមួយឆ្នាំ ពីរឆ្នាំ រួចបើថា ឥឡូវថា វាអស់សុពលភាព អញ្ចឹងគេឈប់ធានាហើយ»។
លោក ឡៅ ម៉ុងហៃ បន្តថា៖ «អញ្ចឹងយើងអនុញ្ញាតឲ្យគេហើយ គេរួចខ្សែចងហើយ យើងថា អស់សុពលភាពហើយ ដូច្នេះកិច្ចព្រមព្រៀងទីក្រុងប៉ារីស លែងចងគេហើយ លែងចងប្រទេសជិតខាងហើយ អាហ្នឹងខ្ញុំថា បើនិយាយឲ្យហួសទៅណ៎ា សុំទោសអ្នកណាថាប៉ះពាល់ ណ្ហើយឡប់សតិទេ។ អាគេធានាឲ្យហើយ យើងថានែ៎ឈប់ទៅ មិនបាច់ធានាទៀតទេ មិនបាច់ទទួលស្គាល់ទៀតទេបូរណភាពទឹកដី យើងគិតមើលទៅ គ្មានសមហេតុផលទេ»។
លោកបានបន្ថែមថា ដោយសារការមិនគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ កម្ពុជាមកទល់ពេលនេះ មិនទាន់មានតុលាការឯករាជ្យ ដែលបានធ្វើឲ្យប៉ះពាល់ដល់កិច្ចពង្រឹងសិទ្ធិមនុស្សក្នុងប្រទេស។ លោកអះអាងថា ការគោរពសិទ្ធិមនុស្សកម្ពុជា នៅបន្តស្ថិតក្រោមអាណាព្យាបាលរបស់អង្គការសហប្រជាជាតិ។
កញ្ញា ស្រី សុធារី នាយិកាអង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ មើលឃើញពីដំណើរយឺតយ៉ាវរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ក្រោយពេល២៥ ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលបើកផ្លូវឲ្យមានសេដ្ឋកិច្ចទីផ្សារសេរីនៅក្នុងប្រទេស។
ប្រធានអង្គការរូបនេះថ្លែងថា៖
«បើតាមរដ្ឋាភិបាលលើកឡើងរីកចម្រើន ហើយប្រសើរនៅក្នុងតំបន់អាស៊ាន។ ប៉ុន្តែបើសិនជាយើងមើលអំពីស្ថានភាពជាក់ស្តែង របស់ប្រជាពលរដ្ឋភាគច្រើនដែលគាត់នៅតាមតំបន់មូលដ្ឋាន យើងឃើញថា មានការលំបាកច្រើន មានការចំណាកស្រុក មានអីច្រើន អញ្ចឹងយើងឃើញសេដ្ឋកិច្ចនៅមានបញ្ហា។ ហើយថ្មីៗដូចរឿង នាំជ្រូកនាំអីចូលអញ្ចឹង អញ្ចឹងយើងឃើញថា មានចលនា មានការចូលរួមរបស់ប្រជាពលរដ្ឋ ទៅក្នុងការប្រឆាំង ទៅលើអ្វីដែលជាសេដ្ឋកិច្ចរបស់ផងខ្លួនហ្នឹង។ អញ្ចឹង យើងឃើញថា នៅតែមានការតវ៉ា មានការប្រឆាំងអីច្រើន»។
អ្នកស្រី ធីតា ឃឹះ នាយិកាប្រតិបត្តិនៃអង្គការសីលការ ដែលធ្វើការងារលើការពង្រឹងអភិបាលកិច្ចសាធារណៈ ថ្លែងថា កម្ពុជាមិនទាន់មានការផ្សះផ្សាគ្នាពេញលេញ ក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ ព្រោះតែអ្នកនយោបាយមិនទាន់ប្រកាន់នូវជំហរទទួលយកគំនិតផ្ទុយគ្នា ដែលជាផ្នែកមួយនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
អ្នកស្រី ធីតា ឃឹះ ថ្លែងថា៖
«នៅពេលដែលយើងជានាគ្នា និន្នាការ ចំណង់ចំណូលចិត្តខុសៗគ្នា មែនទេ? ជានាគ្នា។ តើយើងសព្វថ្ងៃនេះ ទាំងខ្លួនយើង ទាំងខ្លួនគេ យើងបានទៅរៀន ទទួលស្គាល់អាហ្នឹងហើយឬនៅ យើងទទួលស្គាល់អ្នកដែលគិតខុសពីយើងមិនមែនជាសត្រូវរបស់យើងហើយឬនៅ។ អ្នកដែល ចូលទៅក្នុងបក្សផ្សេង មិនមែនជាសត្រូវរបស់យើង ហើយឬនៅ យើងគិតហើយនៅ?»។
នៅឆ្នាំ២០១២ រដ្ឋាភិបាលបានលុបថ្ងៃ២៣តុលាពីប្រតិទិនថ្ងៃបុណ្យជាតិដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមជំទាស់។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយពីសម្តេចព្រះបាទ នរោត្តម សីហនុ បានយាងចូលទិវង្គតនៅឆ្នាំ ២០១២ រដ្ឋាភិបាលបានប្រកាសទទួលស្គាល់ថ្ងៃ ២៣ តុលា ជាថ្ងៃបុណ្យជាតិឡើងវិញ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ប្រាប់ VOA នៅថ្ងៃសុក្រនេះថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលែងមានសុពលភាពតទៅទៀតហើយ ក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ ដែលជួយរៀបចំដោយអង្គការសហប្រជាជាតិ។ លោកលើកឡើងថា ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ក៏បានរលាយចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។ សម្រាប់ដំណើរការគ្រប់គ្រងប្រទេស លោកបានការពាររដ្ឋាភិបាលថា បានធ្វើកិច្ចការជាច្រើនដើម្បីស្តារប្រទេស ប៉ុន្តែការងារទាំងនោះ មិនអាចធ្វើទៅបានដោយល្អឥតខ្ចោះនោះទេ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖
«ចំពោះដំណើរការគ្រប់គ្រងរដ្ឋ អាហ្នឹងវាតែងតែមានចំណុចខ្សោយ ហើយវាជៀសមិនរួចទេ ទោះនរណាក៏ដោយ។ បាទមិនអាចបន្ទោសបានទេ។ មនុស្សហ្នឹងគឺថា គ្រប់គ្រងក្នុងគ្រួសារ តែមួយគ្រាន់រកការឯកភាពនៅក្នុងក្រុមគ្រួសារហ្នឹង ក៏ពិបាកផង ចុះទម្រាំនៅក្នុងជាតិទាំងមូល គឺថា គាត់និយាយ ចង់ឲ្យអី ស្អីទាំងអស់ ឥតខ្ចោះទាំងអស់ អាហ្នឹងទៅមិនរួចទេ អាហ្នឹងជាទ្រឹស្តីទេ ក៏ប៉ុន្តែការអនុវត្តជាក់ស្តែង វាមិនបានដូចទ្រឹស្តីទេបាទ»។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នត្រូវគេជឿថា មិនត្រឹមតែខកខាន មិនបានអនុវត្តត្រឹមត្រូវនៃស្មារតីរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏ប៉ុន្តែរដ្ឋាភិបាលថែមទាំងបានបំភិតបំភ័យប្រជាពលរដ្ឋអំពីការផ្ទុះសង្គ្រាមជាញយដងនៅមុនការបោះឆ្នោតមកដល់។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) បានប្រាប់ VOA ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានទំនាក់ទំនងជាមួយគោលដៅទី១៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដែលផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការមានស្ថាប័នសន្តិភាព យុត្តិធម៌ និងការទទួលខុសត្រូវ។
ដូចេ្នះលោកជឿថា ប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នឹងពិនិត្យមើលហេតុផលដែលអាចនាំឲ្យកម្ពុជាបានបាត់បង់សន្តិភាព ឬក៏លទ្ធភាពនៃការផ្ទុះសង្គ្រាម ដែលនឹងប៉ះពាល់យ៉ាងខ្លាំងដល់ការសម្រេចឲ្យបានគោលដៅទី១៦ នៅឆ្នាំ២០៣០។
«គេនឹងពិនិត្យមើលទាក់ទងនឹងមូលហេតុនៃ មូលហេតុអីខ្លះដែលអាចមានសង្គ្រាមហ្នឹងបាទ ឬមួយសង្គ្រាមហ្នឹងកើតឡើង ពេលដែលគេធ្វើអន្តរាគមន៍។ ដូច្នេះយើងជឿជាក់អន្តរជាតិគេនឹងពិនិត្យមើលទាក់ទងមូលហេតុច្បាស់លាស់ ក្នុងករណីដែលបើមានសង្គ្រាមកើតឡើងមែន ហើយគេនឹងធ្វើការពិចារណាថា តើគេនឹងជួយធ្វើអន្តរាគមន៍នៅក្នុងកម្រិតណា»។
កញ្ញា ខែម ដាវ៉ុន វ័យ ២៥ ឆ្នាំ និយាយថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងនៅតែត្រូវបានគេប្រើប្រាស់ ដើម្បីការពារប្រទេសកម្ពុជាពីការយាយីនានា។ កញ្ញានិយាយថា ប្រសិនបើគ្មានការអនុវត្តកិច្ចព្រមព្រៀងនេះឲ្យបានពេញលេញនោះទេ ប្រទេសកម្ពុជានឹងមានការខាតបង់បូរណភាព ជាពិសេសគឺជាមួយភាគីវៀតណាម។
ទាក់ទិនការបំភិតបំភ័យរបស់រដ្ឋាភិបាលអំពីការផ្ទុះសង្គ្រាម ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនបានដឹកនាំប្រទេសនោះ កញ្ញាថ្លែងថា ប្រទេសមួយចំនួន ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះ នឹងមិនបណ្តោយឲ្យកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមម្តងទៀតនោះឡើយ។
«ខ្ញុំគិតថា វាមិនអាចកើតឡើងសង្រ្គាមបានទៅរួចទេ ដោយសារតែយើងមានប្រទេសទាំង១៨ដែលគាត់នៅក្នុងកិច្ចព្រមព្រៀងហ្នឹងដែរ ខ្ញុំជឿថា គាត់នឹងជួយយើង»។
កិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ២៣តុលាឆ្នាំ១៩៩១ បានធ្វើឲ្យភាគី៤ឈប់បាញ់គ្នា បង្កឲ្យមានសន្តិភាព ធានាបូរណភាពដែនដី អធិបតេយ្យភាពជាតិ ការអភិវឌ្ឍជាដើមផងនោះ គឺជាស្នាព្រះហស្តរបស់សម្តេចឳព្រះ នរោត្តមសីហនុ ដែលជាអ្នកផ្តួចផ្តើម៕