ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា-ឡាវ ពិចារណាបើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ថ្មី​បន្ថែម​ទៀត​ ​ឆ្លើយ​តប​នឹង​កំណើន​ទេសចរ​និង​ពាណិជ្ជកម្ម


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith ចាប់ដៃស្វាគមន៍គ្នា នៅវិមានរដ្ឋាភិបាលកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith ចាប់ដៃស្វាគមន៍គ្នា នៅវិមានរដ្ឋាភិបាលកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។

លោក​ផាត​សុផានិត​ ប្រធាន​នាយកដ្ឋាន​ទំនាក់​ទំនង​អន្ដរជាតិ​នៃ​ក្រសួង​មហាផ្ទៃ​ បាន​​បញ្ជាក់​ឲ្យ​ដឹង​ថា​ ភាគី​ប្រទេស​ទាំង​ពីរ​កំពុង​សិក្សា​រួមគ្នា​ដើម្បី​បើក​ច្រកព្រំដែន​ថ្មី​​ ដែល​អាច​នឹង​ធ្វើ​ឡើង​នៅខេត្ត​រតនគិរី​​ ឬ​ស្ទឹងត្រែង​។

រដ្ឋាភិបាល​ខ្មែរ-ឡាវ​ នៅថ្ងៃ​អង្គារ​នេះ​ បាន​បង្ហាញ​ការ​ចង់​បាន​រួម​គ្នា​ដើម្បីបង្កើត​ច្រក​ព្រំដែន​អន្តរជាតិ​ថ្មី​បន្ថែម​ទៀត​សម្រាប់​ចេញ​ចូល​ប្រទេស​ទាំងពីរ​ និង​ដើម្បី​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រជាជន​ប្រទេស​ទាំងពីរ​ ទាំងក្នុង​ការ​ធ្វើដំណើរ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម។ នេះបើ​យោង​តាម​សេចក្តី​រាយការណ៍​សង្ខេប​មួយ​របស់​អគ្គស្នងការដ្ឋាននគរបាល​ជាតិ។

សព្វ​ថ្ងៃ​នេះ​ ប្រទេស​កម្ពុជា ​និង​ឡាវ ​មាន​ច្រក​អន្ដរជាតិ​រួមគ្នា​តែ១​ប៉ុណ្ណោះ​ គឺ​ច្រក​ត្រពាំង​គ្រៀល-ណងណុង​ឃៀន​ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ ដែល​មាន​ព្រំប្រទល់​ជាប់​ទឹកដី​ខេត្ត​អាត់តាពើ ​របស់ប្រទេស​ឡាវ។

សេច​ក្តី​រាយការណ៍​របស់​អគ្គស្នងការដ្ឋាននគរបាល​ជាតិ​ចេញផ្សាយ​នៅថ្ងៃ​អង្គារនេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ លោក​ស ខេង ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ បាន​ជួប​ពិភាក្សា​ជាមួយ​ ឧត្តម​សេនីយ៍ឯក​ Vilay Lakhamephong​ រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​ ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​ ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​ ឆ្នាំ​២០១៩​របស់​ប្រទេស​ទាំង​ពីរ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​ក្នុង​រាជធានី​ភ្នំពេញ។​

នៅ​ក្រោយ​ការ​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​សហប្រតិបតិ្តការ​នោះ​ លោក​ផាត​សុផានិត​ ប្រធាន​នាយកដ្ឋាន​ទំនាក់​ទំនង​អន្ដរជាតិ​នៃ​ក្រសួង​មហាផ្ទៃ​ បានបញ្ជាក់​ឲ្យ​ដឹង​ថា​ ភាគី​ប្រទេស​ទាំង​ពីរ​កំពុង​សិក្សា​រួមគ្នា​ដើម្បី​បើក​ច្រកព្រំដែន​ថ្មី ដែល​អាច​នឹង​ធ្វើ​ឡើង​នៅខេត្ត​រតនគិរី ឬ​ស្ទឹងត្រែង​។

លោក​ផាត សុផានិត​ បាន​បញ្ជាក់​ថា៖​

«ភាគី​ទាំងពីរ​បាន​ឯកភាព​ដើម្បី​ធ្វើ​យ៉ាង​ណា​ពិនិត្យ​លទ្ធភាព​ ដើម្បី​ពង្រីក​ការ​បើក​ច្រកទ្វារ​ព្រំដែន​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​ការ​ផ្លាស់​ប្ដូរ​រវាង​ប្រជាជន​ និង​ប្រជាជន​ សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​ ដែល​នេះ​ជា​ទិសដៅ​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​ដែល​បាន​ព្រមព្រៀង​គ្នា»។​

ឧត្តម​សេនីយ៍​ឯក​ផាត សុផានិត​ ដែល​ជា​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ផងនោះ​ មាន​ប្រសាសន៍​ប្រាប់​ VOA ​បន្ថែម​នៅ​រសៀល​ថ្ងៃអង្គារនេះ​ថា​ កំណើន​ទេសចរ និង​ការ​កើនឡើង​នៃ​ការផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​-ឡាវ បាន​ញ៉ាំងឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​សម្រេចសិក្សា​បើក​ច្រក​ព្រំដែន​បន្ថែម​លើ​ច្រក​ដែល​មាន​នាពេល​បច្ចុប្បន្ននេះ។

«ចេតនា​ក្នុងការ​បង្កើត​ឲ្យ​មាន​ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ថែម​ទៀត​នេះ​ ដោយ​សារ​យើង​មាន​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ជាប់​គ្នា​ ដោយ​ខេត្ត​នៅ​ខាង​កម្ពុជា​យើង​បីខេត្ត​ ហើយ​ខេត្ត​ឡាវ​ ពីរ​ខេត្ត»។​

លោក​បាន​បន្ថែម​ថា៖​

«អ៊ីចឹង ដោយ​មើល​ឃើញ​នៃ​កំណើន​ពាណិជ្ជកម្ម​ កំណើន​ទេស​ចរ​ កំណើន​អ៊ីចឹង​ ហើយ​អ៊ីចឹងក៏ជា​ផល​ប្រយោជន៍​ ទៅវិញ​ទៅមក​ផង​ ក៏​ភាគី​ទាំង​ពីរ​ គឺ​ថា​គាត់​ឯកភាព​ជា​ ជា​ស្មារតី​គឺ​ថា​ មាន​បំណង​ឲ្យ​មាន​ ច្រក​បន្ថែម​ទៀត​ ប៉ុន្តែ​គ្រាន់​ថា​ រយៈពេល​ ឬក៏​ទីតាំង​ណាមួយ​ជាក់​លាក់​ហ្នឹង​ គឺ​យើង​នឹង​ត្រូវការ​ពេល​វេលា​ ដើម្បី​សិក្សា​ និង​ឯកភាពគ្នា​ទៀត»។​

យោង​តាម​សេចក្តី​រាយការណ៍​ដដែល​របស់អគ្គស្នងការដ្ឋាននគរបាល​ជាតិ​ បាន​ដកស្រង់​ប្រសាសន៍​បន្ថែម​របស់​លោក​ ផាត សុផានិត​ ដែល​បាន​ថ្លែង​ឲ្យដឹង​ទៀតថា​ ភាគី​កម្ពុជា​-ឡាវ​ បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ លើ​ការ​បង្ការ​ បង្ក្រាប​ និង​ទប់ស្កាត់​បញ្ហា​គ្រឿង​ញៀន។ លោកថា​ ភាគី​ទាំងពីរ​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ មិន​ឲ្យ​បញ្ហា​គ្រឿង​ញៀន​មក​គ្រប​ដណ្តប់​លើ​ប្រជាជន​នោះ​ឡើយ។​

សេចក្តី​រាយការណ៍​ ក៏​បាន​បញ្ជាក់​ទៀតថា​ កម្ពុជា-ឡាវ​ នៅ​តែបន្ដ​សន្យា​ជាមួយ​គ្នា ​ខិតខំ​បង្ក្រាប​ និង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ ដែលកើត​ឡើង​នៅ​តាម​ខណ្ឌសីមា​របស់​ប្រទេសទាំង​ពីរ​ ដើម្បី​រក្សា​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​ របៀបរៀបរយ​ ក្នុង​ន័យ​រក្សា​សុវត្ថិភាព​ជូនជាតិ​ និង​ប្រជាជន​ផងដែរ។​

ប្រទេស​កម្ពុជា​ និងឡាវ​ ធ្លាប់​បាន​ប្រឈម​ភាព​រកាំរកូស​ រឿង​ព្រំដែន​នៅត្រង់​ម្តុំ​អូតាង៉ាវ​ ក្នុង​ស្រុក​សៀងប៉ាង​ ​ខេត្ត​ស្ទឹងត្រែង ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្ត​ Attapeu ​របស់​ឡាវ។​

តំបន់​ខាង​លើនេះ ធ្លាប់​មាន​ការ​ប្រទាញ​ប្រទង់​ផ្នែក​យោធា​រវាង​កម្ពុជា​ ​និង​ឡាវ​កាល​ពី​ឆ្នាំ​២០១៧ ដោយ​នាយ​ឧត្តមសេនីយ៍​ផុតលេខ​ផ្កាយ​មាស​៥របស់​កម្ពុជា គឺ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ បាន​ព្រមាន​រដ្ឋាភិបាល​ទីក្រុង​វៀង​ច័ន្ទន៍​ ​ជាមួយការ​ប្រើ​កម្លាំង​យោធា​ ប្រសិន​បើ​ភាគី​ឡាវ​នៅ​តែ​គឃ្លើន​ មិន​ព្រម​ដក​កងទ័ព​ខ្លួន​ចេញ​ពី​ទឹក​ដី​ប្រទេស​កម្ពុជា​ ​ត្រង់​តំបន់​អូរតាង៉ាវ​ដែល​ជា​ទីតាំង​ទំនាស់​នោះ។​

ប៉ុន្តែ​ក្រោយ​ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ​នៅ​ប្រទេស​ឡាវ​ កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ដក​ចេញ​ពី​ទី​តាំង​ជម្លោះ​ ហើយ​បាន​ឯកភាព​គ្នា​ ​ស្នើ​ឱ្យ​ប្រទេស​បារាំង​បញ្ជូន​ផែនទី​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ បញ្ជូន​អ្នក​បច្ចេកទេស​ ​និង​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​នានា​ ​ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​ និង​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​កម្ពុជា-ឡាវ។​

នៅ​ចុង​ឆ្នាំ​២០១៧​ រដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​ប្រកាស​បង្កើត​កង​អន្តរាគមន៍​មួយ​ប្រចាំ​នៅ​ខេត្ត​ស្ទឹងត្រែង​ជាប់​នឹង​ព្រំដែន​ឡាវ​ ដែល​មាន​ទាហាន​ដល់​ទៅ​ជាង​៣​ពាន់​នាក់។​

លោក​ ផាត សុផានិត​ បញ្ជាក់​បន្ថែម​ថា​ ដំណើរ​ការ​សិក្សា​បង្កើត​ច្រក​ព្រំដែន​ថ្មី​រវាង​ប្រទេស​ទាំងពីរ​នេះ​ គឺ​ជា​កិច្ចការ​ដាច់​ដោយ​ឡែក​ពីប​ញ្ហា​ព្រំដែន​នៅត្រង់​តំបន់​អូតាង៉ាវ​នេះ៕

XS
SM
MD
LG