ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រិត​នៃការបញ្ចេញ​ជាតិ​ពុល​ក្នុង​បរិយាកាស​នៅ​ប្រទេស​អូស្ត្រាលី​កើន​ឡើង​ជា​ថ្មី


រូបថត​ឯកសារ​៖ ទូកក្តោង​បរកាត់​វិមាន​សាល​សម្តែងល្ខោន​ Sydney Opera House ស្រប​ពេលមាន​ផ្សែងភ្លើង​ឆេះ​ព្រៃ​គ្រប​ដណ្តប់លើ​ទីក្រុង។
រូបថត​ឯកសារ​៖ ទូកក្តោង​បរកាត់​វិមាន​សាល​សម្តែងល្ខោន​ Sydney Opera House ស្រប​ពេលមាន​ផ្សែងភ្លើង​ឆេះ​ព្រៃ​គ្រប​ដណ្តប់លើ​ទីក្រុង។

តួ​លេខថ្មី​បង្ហាញ​ថា ការបញ្ចេញ​ជាតិ​ពុល​ផ្ទះ​កញ្ចក់​នៅ​ប្រទេស​អូស្ត្រាលី បាន​កើន​ឡើង​ជា​ថ្មី។ ការណ៍​នេះ នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​ការអះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​ថា ប្រទេស​អូស្ត្រាលី​នឹង​គោរព​តាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​បាន​យ៉ាង​ឆាប់​រហ័ស​នោះ ឬ យ៉ាង​ណា។ ក្រុម​អ្នករិះគន់ បាន​និយាយ​ថា តួលេខ​នៃ​ការបញ្ចេញ​ជាតិ​ពុល​ថ្មី​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​មាន​ការចោទ​សួរ​លើ​គោលនយោបាយ​អាកាសធាតុ​ដែល​មាន​ស្រាប់។

នៅ​ចុង​ត្រីមាស​ទី៤ នៃ​ឆ្នាំ២០១៨ កន្លង​ទៅ​នេះ​ ការបញ្ចេញ​ជាតិ​ពុល​ផ្ទះ​កញ្ចក់​ក្នុង​ប្រទេស​អូស្ត្រាលី បាន​កើន​ចំនួន​ ០.៨​ភាគរយ។ វា​ជា​កំណើន​មួយ ដែល​ចាប់ផ្តើម​កើន​តាំង​ពី​ឆ្នាំ២០១៣​មក។ ការ​កើន​ឡើង​នៃ​ការបញ្ចេញ​ជាតិ​ពុល​នេះ បណ្តាល​មក​ពី​ការកើន​ឡើង​នៃ​វិស័យ​ដឹកជញ្ជូន និង​ការ​រុករករ៉ែ​ បើ​ទោះ​ជា​ភាព​ក្តៅ​ហួតហែង​មួយ​រយៈ បាន​បង្អាក់​ការបញ្ចេញ​ជាតិ​ពុល​ក្នុង​វិស័យ​កសិកម្ម​ក៏​ដោយ។

អង្គការ​សហ​ប្រជាជាតិ​បាន​ប៉ាន់ស្មាន​ថា ការបញ្ចេញ​ជាតិ​កាបូន​ឌីអុកស៊ីត​សរុប​របស់​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​ ២០១៨ មាន​ប្រមាណ​ជា​៥៣៧លាន​តោន។ នេះ​ជា​ការ​កើន​ឡើង បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៧។

ក្នុង​ឆ្នាំ​២០១៧ កិច្ចព្រម​ព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ បាន​ប្រមូល​ប្រទេស​ទាំងអស់​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​ជា​ឯកច្ឆន្ទ ដើម្បី​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។

ក្រុមអ្នក​ជំនាញ​ជឿជាក់​ថា​ ស្ថិតិ​ថ្មីៗ​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ប្រទេស​អូស្ត្រាលី​នឹង​មិន​អាច​គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​សន្ធិសញ្ញា​បរិស្ថាន​នេះ​ទេ។

លោក​ Bill Hare ជា​អ្នក​វិទ្យាសាស្ត្រ​អាកាស​ធាតុ និង​ជា​នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​ឯករាជ្យ​មួយ ដែល​ធ្វើ​ការ​លើ​ការវិភាគ​អាកាសធាតុ បាន​ថ្លែង​ថា៖

«មក​ទល់​ពេល​នេះ ស្ទើរ​តែ​គ្មាន​គោលនយោបាយ​ណា​មួយ ដែល​គេ​យក​មក​អនុវត្ត​នៅ​ឡើយ​ទេ ហើយ​បើ​តាម​ការប្រមើល​មើល​នោះ ឃើញ​ថា ប្រទេស​អូស្ត្រាលី​នឹង​មិន​អាច​គោរព​តាម​កិច្ចព្រមព្រៀង​នេះ​ឡើយ។​ ជាក់ស្តែង រដ្ឋាភិបាល​មិន​បាន​ត្រៀម​វិធានការ​អ្វី​នោះ​ទេ។ បើ​មិន​មាន​ការ​ផ្លាស់ប្តូរ​នោះ​ទេ វា​ទំនង​ថា ការ​បញ្ចេញ​ជាតិ​ពុល​របស់​យើង​នឹង​បន្ត​កើន​ឡើង ហើយ​យើង​នឹង​មិន​អាច​ទៅ​ដល់​គោលដៅ​របស់​យើង​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​នោះ​ទេ»។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ រដ្ឋាភិបាល​ជឿជាក់​ថា ទិន្នន័យ​អាកាសធាតុ​ចុងក្រោយ​នេះ គឺ​អាច​បង្ហាញ​ពី​ជោគជ័យ​នា​ពេល​អនាគត។ ក្រុម​មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា ការ​កើន​ឡើង​នៃ​ការ​បញ្ចេញ​ជាតិពុល ភាគច្រើន​កើត​ចេញ​ពី​សកម្មភាព​ពាណិជ្ជកម្ម​លើ​ឧស្ម័ន​ធម្មជាតិ​ ដែល​យក​មក​ផលិត​ចេញ​ជា​ឧស្ម័ន​ហ្គាស​នៅ​ប្រទេស​អូស្ត្រាលី។ ការ​ផលិត​ឧស្ម័ន​ហ្គាស បាន​បង្កើន​ការ​បញ្ចេញ​ឧស្ម័ន​កាបូន។ ក្រុម​មន្ត្រី​បាន​បញ្ជាក់​ថា នេះ គឺ​ដោយសារ​តែ​ឧស្ម័ន​ហ្គាស ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​តាម​បណ្តា​ប្រទេស​ផ្សេងៗ ដើម្បី​ជំនួស​ការ​ប្រើប្រាស់​ធ្យូងថ្ម​នោះ។ ហេតុ​នេះ​ហើយ វា​ផ្តល់​ផល​ប៉ះពាល់​លើ​ការ​កាត់បន្ថយ​ការបញ្ចេញ​ជាតិ​ពុល​ក្នុង​ពិភពលោក។

ប្រទេស​អូស្ត្រាលី គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​ដែល​មាន​ការ​បញ្ចេញ​ជាតិ​ពុល​ឧស្ម័ន​ផ្ទះ​កញ្ចក់​ខ្លាំង​ជាង​គេ៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​

XS
SM
MD
LG