ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ប្រឈម​​​​នឹង​​​​​ឧបសគ្គ​​​ផ្លូវ​ច្បាប់​​​​​ ប៉ុន្តែ​អាច​​ជាប់​ឆ្នោត​​​​​​​ជា​ប្រធានាធិបតី​ម្តង​​​​ទៀត


លោក Donald Trump ក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង Racine រដ្ឋ Wisconsin។ (AP)
លោក Donald Trump ក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង Racine រដ្ឋ Wisconsin។ (AP)

លោក Donald Trump​ ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិកតែម្នាក់គត់​ដែលត្រូវ​បាន​ចោទប្រកាន់ពីរដងនិងជា​ប្រធានាធិបតីតែ​ម្នាក់គត់ដែលត្រូវ​បានផ្តន្ទាទោសពី​បទព្រហ្មទណ្ឌ។

ប៉ុន្តែ​លោក Trump ដែល​នៅ​ពេលនេះអាយុ៧៨ឆ្នាំ​ក៏​ជិត​ទទួលបាន​ការ​តែងតាំង​ផ្លូវការ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់ការ​បោះឆ្នោតលើក​ទី​បី​បន្ត​បន្ទាប់គ្នា ​ហើយនៅខែវិច្ឆិកាលោកអាច​ជាប្រធានាធិបតី​សហរដ្ឋអាមេរិក​ទីពីរ​ដែលជាប់ឆ្នោត​លើកទីពីរ​សម្រាប់​អាណត្តិ​បួន​ឆ្នាំ ប៉ុន្តែ​មិនបន្ត​បន្ទាប់​គ្នា​ក្នុងសេតវិមាន ដែល​ជា​ជ័យជំនះ​មួយ​មិនមានទេ​តាំងពីលោក​ Grover Cleveland បានឈ្នះបែបនេះ​នៅ​ចុងទសវត្សរ៍​១៨០០មក។​

ក្រុមប្រជាធិបតេយ្យបានជេរ​ប្រមាថលោក ប៉ុន្តែ​អ្នក​ដើរតាម​លោក​រាប់​លាន​នាក់​ស្រឡាញ់លោក។ ពួកជន​ទាំងនេះបាន​បោះឆ្នោតឱ្យលោក​កាន់តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ២០១៦​ដោយ​សារលោក​បានសន្យា​នៅពេល​ឃោសនា​បោះឆ្នោត​ថា«ធ្វើ​ប្រទេស​អាមេរិកឱ្យ​អស្ចារ្យម្តងទៀត»។ មនុស្ស​ជា​ច្រើននាក់ក្នុង​ចំណោមជន​ទាំង​នេះនៅតែជឿការអះអាង​ខុសរបស់លោកដែលថា​លោកត្រូវបានគៃ​បន្លំ​មិនឱ្យ​បានកាន់​តំណែងក្នុង​អាណត្តិទីពីរ​កាលពីបួនឆ្នាំ​កន្លងទៅនេះ។ ជន​ទាំង​នេះជឿ​ការអះអាង​របស់លោក Trump ដោយប្រឆាំង​នឹងការរកឃើញ​ទាំងអស់​ដោយ​តុលាការ។

អតីតមហា​សេដ្ឋី​អចលនទ្រព្យ​រូបនេះនិង​ធ្លាប់​ជាអ្នក​ចាត់ចែង​កម្មវិធីទូរទស្សន៍ reality showលោក​ម្តងម្កាលភ្លេច​ខ្លួន​ទទួល​ស្គាល់​ថា​លោកមិនបាន​ឈ្នះ​ឆ្នោតក្នុង​ការ​បោះឆ្នោតលើកមុន​ ប៉ុន្តែ​ជាញឹកញាប់​លោកនិយាយថា លោកចាញ់​ឆ្នោតដោយសារ​មាន​ការ​គៃបន្លំក្នុងការរាប់សន្លឹកឆ្នោតប្រឆាំង​នឹង​លោក។​

នៅពេលនេះ ការ​ស្ទង់មតិជាតិ​បង្ហាញ​ថាលោក Trump និង​លោកប្រធានាធិបតី Joe Biden ​មានការគាំទ្រប្រហាក់ប្រហែល​គ្នា។ លោក​ Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ឈ្នះ​លោក Trump តែបន្តិចប៉ុណ្ណោះ​កាល​ពីឆ្នាំ២០២០។ លោក​ Trump បាន​នាំ​មុខ​លោក​ Biden បន្តិច​ដោយ​ទៀងទាត់នៅ​ក្នុង​រដ្ឋ​មាន​ការ​ប្រកួត​ប្រជែង​ខាងនយោបាយមួយចំនួន​ដែល​ទំនងជានឹង​សម្រេចអំពី​លទ្ធផល​នៃ​ការ​បោះឆ្នោតនៅ​ថ្ងៃទី​៥​វិច្ឆិកា។​

ការ​ស្ទង់មតិ​បង្ហាញ​ថាអ្នក​បោះឆ្នោត​ច្រើននាក់យល់​ថា​លោក Trump ចាត់ចែងសេដ្ឋកិច្ចសហរដ្ឋអាមេរិក​ដែល​ធំបំផុត​ក្នុងពិភពលោកល្អប្រសើរ​ជាងលោក Biden និង​ថា​លោក​ម៉ឺងម៉ាត់​និងមានជោគជ័យ​ក្នុង​ការ​រារាំង​លំហូរ​ក្រុម​ជនចំណាកស្រុកគ្មាន​ឯកសារ​ត្រឹមត្រូវ​ដែល​ចូលក្នុង​សហរដ្ឋអាមេរិក​ដោយ​ឆ្លងកាត់​ព្រំដែន​ភាគ​និរតី​ជា​មួយ​ប្រទេស​ម៉ិកស៊ិក។

លោក Trump បាន​សន្យា​ដល់ក្រុម​អ្នក​បោះឆ្នោត​ឱ្យ​លោកថា​នឹង​សងសឹកដោយសារការចាញ់​ឆ្នោត​កាលពី​ឆ្នាំ​២០២០ ហើយលោក​បាន​ថ្លែង​ថា លោក​អាច​ជា​អ្នក​កាន់​អំណាចផ្តាច់ការ​ម្នាក់ ប៉ុន្តែ​តែ​នៅ​ថ្ងៃ​ទីមួយ​នៃ​អាណត្តិ​ប្រធានាធិបតី​ថ្មីប៉ុណ្ណោះ។​

លោក Trump បាន​និយាយ​ប្រាប់លោក Sean Hannity អ្នកធ្វើ​អត្ថាធិប្បាយ​អភិរក្សនិយមថា«យើង​បិទព្រំដែន​ជា​មួយ​ម៉ិកស៊ិកហើយយើងខួង​រក​ប្រេង។ បន្ទាប់មក ខ្ញុំមិនមែន​ជា​មនុស្ស​ផ្តាច់ការ​ទេ មែនទេ?»។​

កាល​ពី​ឆ្នាំទៅ លោក​ Trump បាន​និយាយ​ប្រាប់ពួកអ្នកគាំទ្រ​នៅ​ក្នុងការប្រជុំ​អភិរក្ស​និយមមួយថា«កាល​ពី​ឆ្នាំ២០១៦​ ខ្ញុំ​បាន​ប្រកាស​ថា​៖ ខ្ញុំ​ជាសំឡេង​របស់​លោកអ្នក។ នៅថ្ងៃ​នេះ ខ្ញុំ​បន្ថែមថា៖​ខ្ញុំជា​អ្នកចម្បាំង​អង់អាច​របស់លោកអ្នក។ ខ្ញុំ​ជា​អ្នក​រក​យុត្តិធម៌​ឱ្យលោកអ្នក។​ ហើយ​សម្រាប់​ជន​ទាំង​ឡាយណាដែល​ត្រូវ​ចោទប្រកាន់​ខុស​និង​ត្រូវក្បត់៖ខ្ញុំ​ជា​អ្នក​សងសឹក​ឱ្យលោកអ្នក»។

លោកបានបន្ថែមថា«យើងនឹង​បញ្ចប់​អ្វី​ដែលយើង​បានចាប់ផ្តើម។ យើង​បានចាប់ផ្តើមអ្វីដែលជា​អព្ភូតហេតុមួយ។ យើងនឹងបញ្ចប់​បេសកកម្ម​នេះ។​ យើង​នឹងឃើញការប្រយុទ្ធនេះ​រហូតដល់ជ័យជំនះ​ផ្តាច់ព្រាត់។ យើងនឹង​ធ្វើឱ្យប្រទេស​អាមេរិក​អស្ចារ្យ​ម្តងទៀត»។

លោក Trump ថា​ក្នុង​អាណត្តិទី​ពីរលោក​នឹងតែងតាំង«រដ្ឋអាជ្ញា​ពិសេសពិត​ប្រាកដ​ម្នាក់​ដើម្បី​ចាប់កំហុស»លោក Joe Biden និង​គ្រួសារលោកនិង«ពួកជន​ទាំង​ឡាយ​ដែលទាក់ទិន​នឹង​ការ​បំផ្លាញ​ការ​បោះឆ្នោត​ ព្រំដែននិង​ប្រទេស​យើង»។​

លោក​ Trump ​បាន​ថ្លែង​ថា លោក​នឹងចាប់ខ្លួន​និងបញ្ជូន​ទៅ​ប្រទេសពួក​គេ​វិញ​នូវ​ជនអន្តោប្រវេសន៍​គ្មានឯកសារ​រាប់លាននាក់ ដែល​ច្រើន​នាក់បានរស់​ក្នុង​សហរដ្ឋអាមេរិក​ច្រើនឆ្នាំ ច្រើនទសវត្សរ៍ ដោយមិនមាន​សញ្ជាតិ​អាមេរិកាំង។ លោក​អំពាវនាវ​ឱ្យ​មានការ​យកពន្ធដារច្រើន​លើទំនិញ​នាំ​ចូល​ ដើម្បី​ការពារ​ក្រុម​អ្នក​ផលិត​អាមេរិកាំង។ លោក​ក៏​ពោល​ដែរ​ថា​លោកគ្រោងនឹងជំរុញ​ជា​ថ្មី​ដើម្បីវាយ​តម្លៃជា​ថ្មី​អំពីគោលដៅ​និង​បេសកកម្មរបស់អង្គការអូតង់​ ដែលជាសម្ព័ន្ធភាព​យោធា​សំខាន់​មួយ​ក្រោយ​សង្គ្រាម​លោក​លើកទីពីរ​ដែល​មាន​ការគាំទ្រ​ពី​កម្លាំង​យោធា​អាមេរិកាំង៕

ប្រែសម្រួល​ដោយ​លោក ឈឹម​ សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG