លោក Joe Biden បានកាន់តំណែងជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកអស់រយៈពេល ៣៦ឆ្នាំ ជាអនុប្រធានាធិបតីរបស់ប្រទេសអាមេរិករយៈពេល ៨ឆ្នាំ និងជាប្រធានាធិបតី ៤ឆ្នាំ ប៉ុន្តែនៅពេលនេះលោកស្វះស្វែងយកជោគជ័យនយោបាយចុងក្រោយបង្អស់គឺយកជ័យជំនះលើអតីតប្រធានាធិបតី Donald Trump ជាលើកទីពីរ។
នៅអាយុ ៨១ឆ្នាំ លោក Biden ចាស់ជាងពលរដ្ឋអាមេរិកាំងប្រមាណ ៩៦% ហើយលោកចាស់ជាងប្រមុខរដ្ឋទាំងអស់លើកលែងតែ ៨នាក់ ក្នុងបណ្តាប្រមុខរដ្ឋ ១៨៧នាក់ក្នុងពិភពលោក។ ជនជាតិអាមេរិកាំងជាច្រើននាក់ ជាពិសេសក្រុមអ្នករិះគន់ខាងគណបក្សសាធារណរដ្ឋស្រងាកចិត្តនឹងការនិយាយខុសរបស់លោក Biden ដោយសារលោកច្រឡំឈ្មោះមេដឹកនាំពិភពលោកស្លាប់យូរមកហើយជាមួយឈ្មោះមេដឹកនាំបច្ចុប្បន្ន។
ប៉ុន្តែ លោក Biden មានបេសកកម្មមួយដោយលោកបាននិយាយថា៖ «ប្រសិនបើ Trump មិនឈរឈ្មោះ ខ្ញុំមិនច្បាស់ថាខ្ញុំនឹងឈរឈ្មោះឬក៏អត់ទេ។ ប៉ុន្តែយើងមិនអាចឱ្យលោក Trump ឈ្នះឆ្នោតឡើយ»។
ហើយលោក Biden ប្រហែលឈ្នះឆ្នោតសម្រាប់អាណត្តិទីពីរ ដើម្បីកាន់តំណែងបួនឆ្នាំទៀតជាប្រធានាធិបតីដែលចាប់ផ្តើមនៅខែមករាឆ្នាំក្រោយ។ លោកអាចដោះស្រាយជាមួយអ្នកដែលប្រឆាំងលោកក្នុងគណបក្សប្រជាធិបតេយ្យយ៉ាងងាយស្រួល ដើម្បីទទួលការតែងតាំងជាផ្លូវការជាបេក្ខជនប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យនៅក្នុងមហាសន្និបាតជាតិរបស់បក្សនេះនៅខែសីហា។ ការស្ទង់មតិជាតិបង្ហាញថាលោក Biden និងលោក Trump មានការគាំទ្រប្រហាក់ប្រហែលគ្នា នៅពេលជិតដល់ពេលបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។
គេហទំព័រស្ទង់មតិ RealClearPolitics និយាយថាអ្នកបោះឆ្នោតតែ ៤០% គាំទ្រលោក Biden ជាមេដឹកនាំប្រទេស ហើយ ៥៥,៥% មិនគាំទ្រលោកទេ ដែលជាតួលេខអាក្រក់បំផុតសម្រាប់ប្រធានាធិបតីកំពុងកាន់តំណែងម្នាក់ដែលប្រឹងប្រែងឱ្យបានជាប់ឆ្នោតជាថ្មី។
ប៉ុន្តែអ្នកបោះឆ្នោតរាប់លាននាក់ក៏មិនចូលចិត្តលោក Trump ដែរ។ នៅពេលនេះលោកជាជនជាប់បទឧក្រិដ្ឋនៅក្រោយគណៈវិនិច្ឆ័យមួយនៅក្រុង New York ដែលបានរកឃើញថា លោកមានទោសកាលពីចុងខែឧសភា ដោយសារលោកបានប្រឹងប្រែងធ្វើឱ្យមានឥទ្ធិពលលើលទ្ធផលនៃការបោះឆ្នោតមានជោគជ័យរបស់លោកកាលពីឆ្នាំ ២០១៦ ដោយកែកំណត់ត្រាធុរកិច្ចដើម្បីលាក់បាំងការបង់ប្រាក់បំបិទមាត់ ១សែន ៣ម៉ឺនដុល្លារ ឱ្យដល់តារាភាពយន្តអាសអាភាសម្នាក់។
លោក Biden បានចាត់ទុកការបោះឆ្នោតនៅឆ្នាំ ២០២៤ នេះថា មិនមែនគ្រាន់តែជាការប្រឹងប្រែងរបស់លោកដើម្បីឱ្យឈ្នះលោក Trump ប៉ុណ្ណោះទេ ប៉ុន្តែក៏ជា «ការប្រយុទ្ធមួយដើម្បីលទ្ធិប្រជាធិបតេយ្យ» ដែរ។ លោកបានពណ៌នាការប្រយុទ្ធនេះថាជា «ការងារនៃអាណត្តីទីមួយរបស់ខ្ញុំ» ប៉ុន្តែជាការងារមួយដែលមិនទាន់ចប់និងត្រូវរងការគំរាមកំហែងដោយលទ្ធភាពដែលលោក Trump អាចក្លាយជាប្រធានាធិបតីទី ២ ដែលឈ្នះឆ្នោតអាណត្តិទីពីរប៉ុន្តែមិនបន្តបន្ទាប់គ្នានៅក្នុងសេតវិមាន ដែលជាជ័យជំនះមួយមិនមានទេតាំងពីចុងទសវត្សរ៍ឆ្នាំ ១៨០០ មក។
លោកបានមានប្រសាសន៍កាលពីឆ្នាំទៅក្នុងការប្រកាសយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកថា៖ «នៅពេលខ្ញុំឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីកាលពីបួនឆ្នាំមុន ខ្ញុំបាននិយាយថាយើងប្រយុទ្ធដើម្បីព្រលឹងប្រទេសអាមេរិក។ ហើយយើងនៅតែប្រយុទ្ធតទៅទៀត»។
លោកប្រធានាធិបតី Biden បានចោទប្រកាន់ «ក្រុមជ្រុលនិយម»គាំ ទ្រលោក Trump ថាប្រឹងប្រែងធ្វើឱ្យរង្គោះរង្គើដល់ «គ្រិះដ៏រឹងមាំនៃសេរីភាពនៅក្នុងប្រទេស» ដោយកាត់ការបន្ថយពន្ធដារសម្រាប់ពលរដ្ឋអាមេរិកាំងដែលមានធនធានច្រើនបំផុត ដោយកម្រិតថែមទៀតលើសិទ្ធិរំលូតកូននៅក្នុងរដ្ឋនានា ក្រោយពីតុលាការកំពូលក្នុងឆ្នាំ ២០២២ បានប្រែក្រឡាស់សិទ្ធិរដ្ឋធម្មនុញ្ញរបស់ជាតិក្នុងដំណើរការនេះ ហាមប្រាមសៀវភៅនានា វាយប្រហារសិទ្ធិក្រុមជនស្រឡាញ់មនុស្សមានភេទដូចគ្នានិងដាក់កំហិតថ្មីៗលើការបោះឆ្នោតថែមទៀតផង។
ទោះជាពីដំបូងក្រុមអ្នកឃោសនាបោះឆ្នោតឱ្យលោក Biden រារែកមិនចង់និយាយអំពីការកាត់ទោសពីបទព្រហ្មទណ្ឌមិនធ្លាប់មានពីពេលមុនរបស់លោក Trump ក៏ដោយ ក៏នៅពេលនេះក្រុមនេះផ្សព្វផ្សាយការឃោសនាវាយប្រហារខ្លាំងៗប្រឆាំងនឹងលោក Trump នៅក្នុងរដ្ឋមានការប្រកួតប្រជែងខ្លាំងដែលទំនងនឹងជាអ្នកសម្រេចលទ្ធផលនៃការប្រកួតប្រជែងគ្នានៅឆ្នាំ ២០២៤ នេះ។
អ្នកនិយាយនៅក្នុងការឃោសនានេះថ្លែងថា៖ «យើងឃើញលោក Donald Trump ជាមនុស្សបែបណា។ លោកត្រូវបានរកឃើញថាមានទោសលើបទឧក្រិដ្ឋចំនួន ៣៤ ត្រូវបានរកឃើញថាជាអ្នកទទួលខុសត្រូវលើបទល្មើសខាងភេទនិងថាបានប្រព្រឹត្តបទល្មើសខាងផ្នែកហិរញ្ញវត្ថុថែមទៀតផង»។
ការឃោសនារបស់លោក Biden ចែងថា៖ «ការបោះឆ្នោតនេះគឺរវាងឧក្រិដ្ឋជនម្នាក់ដែលគិតតែពីខ្លួនលោកនិងប្រធានាធិបតីម្នាក់ដែលប្រយុទ្ធដើម្បីគ្រួសារលោកអ្នក»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វេទិកាបញ្ចេញមតិ