ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនរង​គ្រោះ​ស្នើ​ឱ្យ​តុលាការ​លក់​ទ្រព្យ​សម្បត្តិ​​ក្រុមហ៊ុន​ប្រ៊ីលាន ដើម្បី​ឱ្យ​ពួកគេ​អាច​យក​ទៅ​ដោះ​បំណុល​ធនាគារ


រូបភាពមួយបង្ហាញសំណង់គេហដ្ឋានរបស់​ក្រុមហ៊ុន​ ប្រ៊ីលាន ស៊ីធី របស់ឧកញ្ញា ឡេង ចាន់ណា។ (Facebook/Oknha Leng Channa)
រូបភាពមួយបង្ហាញសំណង់គេហដ្ឋានរបស់​ក្រុមហ៊ុន​ ប្រ៊ីលាន ស៊ីធី របស់ឧកញ្ញា ឡេង ចាន់ណា។ (Facebook/Oknha Leng Channa)

​អ្នក​រង​គ្រោះ​ដោយសារ​ក្រុម​ហ៊ុន​ប្រ៊ីលាន​ស៊ីធីវើលដ៍​ស្នើ​តុលាការ​ខេត្ត​សៀមរាប​ចាប់​ខ្លួន​មេក្រុម​ទាំង​២៤​នាក់​ឱ្យ​បាន​ឆាប់​ និង​លក់​ឡាយ​ឡុង​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន ​ដើម្បី​យក​លុយ​ទាំង​នោះ​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ដោះ​បន្ទុក​ធនាគារ។

ពលរដ្ឋ​ដែល​អះអាង​ថា​ជា​អ្នក​រងគ្រោះ​និង​ចាញ់​បោក​ក្រុមហ៊ុន​ប្រ៊ីលាន​ស៊ីធីវើលដ៍ ​ស្នើ​តុលាការ​ខេត្ត​សៀមរាប ​ចាប់​ខ្លួន​មេក្រុម​ទាំង​២៤​នាក់​របស់​ក្រុមហ៊ុន​មួយ​នេះ​ឱ្យ​បាន​ឆាប់ ​និង​លក់​ឡាយ​ឡុង​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន​ដែល​សាលាដំបូង​ខេត្ត​សៀមរាប​បាន​បង្កក ​ដើម្បី​យក​លុយ​ទាំង​នោះ​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ដោះ​បន្ទុក​ធនាគារ។​

ពលរដ្ឋ​ទាំង​នោះ​ប្រាប់​វីអូអេ​ថា ​មេក្រុម​នៃ​ក្រុមហ៊ុន​ប្រ៊ីលាន​ស៊ីធីវើលដ៍​ មាន​ចំនួន​២៥​នាក់​ដែល​ជា​អ្នក​ប្រមូល​លុយ​ពី​ប្រជា​ពលរដ្ឋ​តាម​ក្រុម​តូចៗ ​ដើម្បី​យក​ទៅ​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ។ ​ចំពោះ​ការ​ទាមទារ​ឱ្យ​ចាប់​ខ្លួន​មេក្រុម​ទាំង​២៤​នាក់​នោះ​ គឺ​ដោយ​សារ​មេក្រុម​ម្នាក់​ក្នុង​ចំណោម​២៥​នាក់​នោះ ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​រួច​ហើយ ​ដូច​អ្នកស្រី​ ឡេង ចាន់ណា ​អគ្គ​នាយិកា​ក្រុមហ៊ុន​ប្រ៊ីលាន​ស៊ីធីវើលដ៍​ដែរ។​

ការ​ទាមទារ​របស់​ពួក​គេ​ធ្វើ​ឡើង ​បន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​សៀមរាប​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តីពី​«វឌ្ឍនភាព​ចំណាត់​ការ​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ប្រ៊ីលាន​ស៊ីធីវើលដ៍» ​ដោយ​សម្រេច​បង្កក​គណនី​ធនាគារ​ចំនួន​១៨៣​និង​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន ​និង​បាន​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​៥នាក់។

តុលាការ​ក៏​បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​២​នាក់​ និង​បង្គាប់​ឱ្យ​ចូល​ខ្លួន​ចំនួន​២៤​នាក់​ផ្សេង​ទៀត ​ចាប់ពី​ថ្ងៃទី​១៨​ខែ​មេសា​ ដល់​ថ្ងៃទី​១៧ ​ខែ​ឧសភា ​ឆ្នាំ​២០២៤។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ដំបូង​ខេត្ត​សៀមរាប ​ចុះ​ថ្ងៃទី​១៧​ ខែ​មេសា ​ឆ្នាំ​២០២៤។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​ តុលាការ​បាន​ចេញ​ដីកា​ចាត់​ឱ្យ​ស៊ើប​សួរ​ជំនួស​ ដោយ​បង្គាប់​ឱ្យ​ស្រាវជ្រាវ​ទ្រព្យ​សម្បត្តិ​ និង​សាវតា​ជាតិ​របស់​ជន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី។​

អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​សៀមរាប​ លោក​ យិន ស្រាង ​សុំ​មិន​អត្ថាធិប្បាយ​អ្វី​បន្ថែម​នោះ​ទេ ​ព្រោះ​លោក​ថា​វា​អាច​ប៉ះ​ពាល់​ដល់​នីតិវិធី​ស៊ើបសួរ​របស់​ចៅក្រម។​

ចំណែក​ពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា​ ពួកគេ​កំពុង​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ខ្លាំង ​និង​អ្នក​ខ្លះ​ទៀត​បាន​បង្ខំ​ចិត្ត​លក់​ផ្ទះ​សម្បែង​ដើម្បី​ដោះ​បន្ទុក​ធនាគារ។​

លោក ​ពៅ សុភ័ណ្ឌ ​អាយុ​៣៨​ឆ្នាំ ​បាន​ដាក់​លុយ​ជាមួយ​ក្រុមហ៊ុន​ប្រ៊ីលាន​ស៊ីធីវើលដ៍​ចំនួន​២​ម៉ឺន​ដុល្លារ​អាមេរិក​ ដើម្បី​អាច​ទទួល​បាន​ការ​ប្រាក់​៥%​ក្នុង​មួយ​ខែ។ ​ប៉ុន្តែ​លោក​ថា​ តាំងពី​ដាក់​ប្រាក់​ជា​មួយ​ក្រុមហ៊ុន​ចាប់​តាំងពី​ខែ​តុលា ​ឆ្នាំ​២០២៣​មក ​គឺ​លោក​មិន​ដែល​ទទួល​បាន​ការ​ប្រាក់​សូម្បី​តែមួយ​លើក។​

ចំពោះ​មូលហេតុ​ដែល​លោក​ដាក់​លុយ​ជាមួយ​ក្រុមហ៊ុន​នេះ ​គឺ​លោក​បញ្ជាក់​ថា​ ដោយសារ​អ្នកភូមិ​របស់​លោក​ដែល​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​នេះ ​បាន​ធានា​អះអាង​ថា​ ដាក់​លុយ​ជាមួយ​ក្រុមហ៊ុន​ពិតជា​បាន​ការ​ប្រាក់​៥%។ ​លោក​ស្នើ​តុលាការ ​ចាប់​ខ្លួន​មេ​ក្រុម​ទាំង​២៤​នាក់​ទៀត​ឱ្យ​បាន​ឆាប់​ដើម្បី​ស្វែង​រក​ទ្រព្យ​សម្បត្តិ ​និង​លក់​ឡាយ​ឡុង​ យក​លុយ​មក​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ ដោះ​បំណុល​ធនាគារ។​

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ ​«តាំងពី​ចាប់​ខ្លួន ​ឡេង ចាន់ណា ​មក​ គឺ​ក្រុមហ៊ុន​ហ្នឹង​បាន​ផ្អាក​សកម្មភាព​ទាំងអស់​ ស្ងាត់​ជ្រាប ​ប៉ុន្តែ​គ្រាន់​តែថា​ មេ​២៤​នាក់​នៅ​ក្រៅឃុំ​ហ្នឹង ​មិន​ដឹង​រត់​ទៅ​ដល់​ណា ​ដល់​ណី​អស់​ទេ​បង។​ អ្វី​ដែល​ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​តែ​មេ២៤​នាក់​ទៀត​អាច​រត់ចេញ​ក្រៅ​ប្រទេស ​ឬ​ក៏​អាច​ផ្ទេរទ្រព្យ​សម្បត្តិ​ឱ្យ​បងប្អូន​ សាច់​ញាតិ​ អី​អស់​អ៊ីចឹង»។​

បើតាម​បុរស​វ័យ​៣៨​ឆ្នាំ​រូប​នេះ លោក​ទើបតែ​លែងលះ​ជា​មួយ​ភរិយា ​ដោយសារ​លោក​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ខ្លាំង​ដោយសារ​តែ​ក្រុមហ៊ុន​មួយ​នេះ ​ហើយ​លោក​កំពុង​ដាក់​លក់​ផ្ទះ​របស់​លោក ​នៅ​ឃុំ​បឹងល្វា ​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​ ដើម្បី​យក​ទៅ​ដោះ​បន្ទុក​ធនាគារ។​

លោក​លើក​ឡើង​ថា៖ ​«ហើយ​ណា​មួយ​ឥឡូវ​នេះ ​ខ្ញុំ​អស់​លទ្ធភាព​បង់​ធនាគារ​ដែរ​ ព្រោះ​ដោយ​សារតែ​ក្រុមហ៊ុន​នេះ​ធ្វើ​បាប​ខ្ញុំ។​ ខ្ញុំ​ត្រូវ​លក់ឡាយ​ឡុង​ទ្រព្យ​សម្បត្តិ​ខ្ញុំ ​ដើម្បី​យកលុយ​សង​ធនាគារ ​ពីមួយ​ខែ​ទៅ​មួយ​ខែៗ​ ឥឡូវ​អស់​ពី​ខ្លួន​ហើយ​បង ​នៅ​សល់​តែ​ផ្ទះ។ ​ផ្ទះ​ដាក់​ស្លាក​លក់​ លក់​អត់​ទាន់​ចេញ​ទៀត»។​

ជាមួយ​គ្នា​នេះ ​អ្នកស្រី ​រ៉េត សុធីតា​ អាយុ​៣២​ឆ្នាំ​ រស់​នៅ​ស្រុក​វ៉ារិន ​ខេត្ត​សៀមរាប​ បាន​ដាក់​លុយ​ចំនួន​១៨០០០​ដុល្លារ​អាមេរិក ​ជាមួយ​ក្រុមហ៊ុន​ប្រ៊ីលាន​ស៊ីធីវើលដ៍ ​តាំង​ពី​ខែ​ឧសភា ​ឆ្នាំ​២០២៣។​

អ្នកស្រី​ក៏​ស្នើ​ឱ្យ​តុលាការ​បង្ហាញ​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន​ឱ្យ​ពលរដ្ឋ​រងគ្រោះ​បាន​ដឹង ​និង​លក់​ឡាយ​ឡុង​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន ​ដើម្បី​យកលុយ​ឱ្យ​ជន​រងគ្រោះ​បង់សង​ធនាគារ។​

អ្នកស្រី​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖​ «ខ្ញុំចង់​ឱ្យ​ខាង​តុលាការ​ធ្វើការ​បង្កក​ទ្រព្យ​ និង​បង្ហាញ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ហើយ​ ធ្វើការ​លក់​ឡាយ​ឡុង។ ​ហើយ​អ្នក​ក្រោយៗ​ទៀត ​គិតគូរ​ឱ្យ​គាត់​ក្រោយៗ​ទៀត​ទៅ ​ព្រោះអី​យើង​ក៏​អត់​ទាន់​បាន​ឃាត់​ខ្លួន​មេ​២៤​នាក់​ទៀត​ដែរ។ ​ហើយ​ក៏អត់​ដឹង​ថា​ ទ្រព្យ​សម្បត្តិ​មេ២៤​នាក់​ដែល​នៅ​សល់​ហ្នឹង​មាន​អី​ខ្លះ​ទេ ​ដែល​គាត់​បាន​យក​លុយ​ប្រជា​ពលរដ្ឋ​ទៅ​ប្រើប្រាស់​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​គាត់»។​

បើគិត​ជា​ទឹក​ប្រាក់​ដែល​ពលរដ្ឋ​ប្រមាណ​១២​ម៉ឺន​នាក់​ដាក់​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ប្រ៊ីលាន​នេះ​គឺ​មាន​ទំហំ​ប្រមាណ​ជាង​២០០​លាន​ដុល្លារ​អាមេរិក។​ នេះ​បើ​តាម​ជន​រងគ្រោះ។​

ដោយ​ឡែក​បើ​គិត​តែ​ទឹក​ប្រាក់​ដែល​ពលរដ្ឋ​ជាង​១.៧០០​នាក់​ដែល​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ដើម​សង​វិញ ​គឺ​មាន​ចំនួន​ជាង​២០​លាន​ដុល្លារ​អាមេរិក។​ នេះ​បើ​តាម​អ្នកស្រី​ រ៉េត សុធីតា ​ដែល​ជា​ជន​រង​គ្រោះ​ម្នាក់។​

អ្នកស្រី ​ឡេង ចាន់ណា ​អគ្គ​នាយិកា​ក្រុមហ៊ុន​ប្រ៊ីលាន​ស៊ីធីវើលដ៍​ដែល​គ្រប់​គ្រង​បុរី​ឈ្មោះ​ប្រ៊ីលាន​ស៊ីធី ​នៅ​ក្រុង​សៀមរាប ​និង​បក្ខ​ពួក​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សៀមរាប​ចាប់​ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ ​កាល​ពី​ថ្ងៃ​ទី១២​ខែ​មីនា​ តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​តុលាការ។​

ក្រោយ​មក ​តំណាង​អយ្យការ​អមសាលា​ដំបូង​ខេត្តសៀមរាប​បាន​សម្រេច​ចោទ​ប្រកាន់​អ្នកស្រី ​ឡេង ចាន់ណា ​អាយុ​៣៦​ឆ្នាំ ​លោក ​ចាន់ ឃឺន​ អាយុ​៣០​ឆ្នាំ​តួនាទី​ជា​អគ្គ​នាយក​រង ​លោក ​ផុន សាមាន​ អាយុ​៣១​ឆ្នាំ​ តួនាទី​ជា​អគ្គ​នាយក​រង​ និង​បក្ខពួក​ផ្សេង​ពី​បទ​«ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស ​មិន​បាន​បំពេញ​កិច្ច​ឧបករណ៍​ដែល​អាច​ជួញ​ដូរ​បាន​ និង​សម្អាត​ប្រាក់»។ ​នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តំណាង​អយ្យការ​ចុះ​ថ្ងៃ​ទី១៣​ ខែ​មីនា។​

ទាក់ទង​នឹង​វឌ្ឍនភាព​ចំណាត់​ការ​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ប្រ៊ីលាន​ស៊ីធីវើលដ៍​នេះ ​សាលា​ដំបូង​ខេត្ត​សៀមរាម​អះអាង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ​ដែល​ចុះ​ថ្ងៃ​ទី​១៧​ ខែ​មេសា ​ថា ​សំណុំ​រឿង​នេះ​ទាមទារ​ពេល​វេលា​សមរម្យ​ក្នុង​ការ​ស្រាវ​ជ្រាវ​ឱ្យ​អស់​លទ្ធភាព​ក្នុង​ន័យ​ស្វែង​រក​ការណ៍​ពិត​ ដោយ​ត្រូវធ្វើ​ការ​ស៊ើបសួរ​ទៅ​លើ​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធ​ច្រើន​នាក់​បន្ត​ទៀត ​ខណៈ​ជន​រងគ្រោះ​ក៏​មាន​ច្រើន​ផង​ដែរ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG