ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​អ្នក​ញុះញង់​គូស​សន្លឹក​ឆ្នោត​ចោល ខណៈ​ពលរដ្ឋ​ជាង​៨​លាន​នាក់​បាន​បោះ​ឆ្នោត


មន្ត្រីរៀបចំការបោះឆ្នោត ក្នុងមណ្ឌលមួយក្នុងរាជធានីភ្នំពេញ លើកបង្ហាញ​សន្លឹកឆ្នោត​ដែល​ត្រូវ​​បាន​គូស​ចោល និងរាប់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
មន្ត្រីរៀបចំការបោះឆ្នោត ក្នុងមណ្ឌលមួយក្នុងរាជធានីភ្នំពេញ លើកបង្ហាញ​សន្លឹកឆ្នោត​ដែល​ត្រូវ​​បាន​គូស​ចោល និងរាប់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

បន្ទាប់ពី​បាន​ដឹង​ថា​មាន​ពលរដ្ឋ​ជាង​ ៨​លាន ​២​សែន​នាក់​ បាន​ចេញ​ទៅ​បោះ​ឆ្នោត ខណៈ​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​បាន​គូស​សន្លឹក​ឆ្នោត​ចោល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ឱ្យ​ក្រុម​អ្នក​ញុះញង់​គូស​សន្លឹក​ឆ្នោត​ចោល​ចូល​សារភាព ប្រសិន​បើ​ចង់​រួច​ពី​ការ​ចាប់​ខ្លួន។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃ​អាទិត្យ​នេះ បាន​ព្រមាន​ចាប់​ខ្លួន​អ្នក​ដែល​ញុះញង់​ឲ្យ​គូស​សន្លឹក​ឆ្នោត​ចោល ខណៈ​លោក​បាន​សាទរ​ការណ៍​ដែល​ប្រជា​ពលរដ្ឋ​បាន​នាំ​គ្នា​ចេញ​ទៅ​បោះ​ឆ្នោត​ក្នុង​ចំនួន​ច្រើន​លើស​លប់ ដែល​មាន​រហូត​ដល់​ប្រមាណ​ ៨​លាន​ ២​សែន​នាក់ បើ​ទោះបី​ជា​អវត្តមាន​គណបក្ស​ប្រឆាំង។

នៅ​ក្នុង​សារ​ជា​សំឡេង​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ លោក​ ហ៊ុន សែន បាន​ថ្លែង​ថា​ អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ប្រមាណ​ ៨៤% នៃ​ចំនួន​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត។ ​លោក​ចាត់​ទុក​ថា​ នេះ​ជា​ជោគ​ជ័យ​មួយ ហើយ​ជា​បរាជ័យ​របស់​មេដឹកនាំ​ជំទាស់​នៅ​ក្រៅ​ប្រទេស។

លោក​បន្ថែម​ថា​ ចំនួន​នេះ​ច្រើន​លើស​លប់ ដែល​លើស​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០២២ ដែល​កាល​នោះ​ ចំនួន​អ្នក​បាន​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ប្រមាណ ​៨០% នៃ​ចំនួន​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត។ ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ថា​ លោក​នឹង​រង់ចាំ​មើល​ថា ​តើ​សន្លឹក​ឆ្នោត​គូស​ខ្វែង​ចោល​មាន​ប៉ុន្មាន​សន្លឹក។

លោក​ថ្លែង​ថា៖ «ប្រជាពលរដ្ឋ​គឺ​បាន​ចូលរួម​នៅ​ក្នុង​ចលនា​ប្រជាធិបតេយ្យ​យ៉ាង​ច្បាស់។ ប្រជា​ពលរដ្ឋ​ពិត​ជា​ចង់​ទទួល​បាន​នូវ​សេចក្តី​សុខ សេចក្តី​ចម្រើន​ជាមួយ​នឹង​ដំបូល​សន្តិភាព​ដែល​កំពុង​មាន ហើយ​ចង់​ចេញ​ចាក​ឆ្ងាយ​ពី​ក្រុម​ជ្រុល​និយម ដែល​ពួកគេ​តែង​តែ​បាន​បំផ្លាញ»។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្នុងខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (Photo by TANG CHHIN SOTHY / AFP)
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្នុងខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (Photo by TANG CHHIN SOTHY / AFP)

លោក ហ៊ុន សែន ក៏​ព្រមាន​ឲ្យ​អ្នក​ដែល​បាន​ធ្វើ​សកម្មភាព​ញុះញង់​ឲ្យ​មាន​ការ​បំផ្លាញ​សន្លឹក​ឆ្នោត ចូល​មក​សារភាព បើ​មិន​ចង់​រង​ការ​ចាប់​ខ្លួន។

លោក​បញ្ជាក់​ថា៖ «ហើយ​សូម​អ្នក​ទាំង​ឡាយ​ដែល​មាន​ការ​ពាក់​ព័ន្ធ​កុំ​រត់​ចោល​ស្រុក​អី សូម​ប្រញាប់​ចេញ​មក​សារភាព ទទួល​យក​នូវ​កំហុស​ដែល​ខ្លួន​ប្រព្រឹត្ត​តាម​មេដឹកនាំ​ជា​ឧទ្ទាម​ក្រៅ​ច្បាប់»។

អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ស៊ឹង សែនករុណា ប្រាប់ វីអូអេ​ថា​ លោកព្រួយ​បារម្ភ​ពាក់ព័ន្ធ​ជាមួយ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី និង​ជំរុញ​កុំ​ឱ្យ​មាន​ការ​ចាត់​វិធានការ។

លោក​ថ្លែង​ថា៖ «ក្នុងនាម​យើ​ងជាសង្គម​ស៊ីវិល​ យើង​មាន​ការ​ព្រួយ​បារម្ភ យើង​អត់​ចង់​ឃើញ​រូបភាព​វិធានការ​ណា​មួយ​ទេ គឺនាំ​តែ​ប៉ះ​ពាល់​ទៅ​ដល់​ប្រមុខ​រដ្ឋាភិបាល​ទៅ​វិញ​ទេ​ ពីព្រោះ​ការ​បោះ​ឆ្នោត​វា​បាន​កើត​ឡើង​ទៅ​ហើយ»។

ការ​មិន​ទៅ​បោះ​ឆ្នោត និង​ការ​គូស​សន្លឹក​ឆ្នោត​ចោល បាន​ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស រហូត​ដល់​មាន​ការ​លើក​ឡើង​ថា​ ការ​គូស​ចោល​នេះ​អាច​ត្រូវ​ជាប់​ពន្ធនាគារ​ផង​ដែរ។

នៅ​ថ្ងៃ​អាទិត្យ​នេះ លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ក៏​បាន​បង្ហោះ​សន្លឹក​ឆ្នោត​គូស​ចោល ដោយ​ក្នុង​នោះ​ក៏​មាន​ការ​ប្រើប្រាស់​សារ​វាយ​ប្រហារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ។

លោក សម រង្ស៊ី ក៏​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោកថា​ មាន​ការ​បិទ​ទ្វារ និង​បិទ​បង្អួច​ការិយាល័យ​បោះ​ឆ្នោត «ភាគ​ច្រើន​លើស​លប់» នៅ​ពេល​រាប់​សន្លឹក​ឆ្នោត «ហើយ​នៅ​តែ​គំរាម​ប្រជាពលរដ្ឋ ឲ្យ​ទៅ​ឆ្ងាយ​ពី​ការិយាល័យ​បោះ​ឆ្នោត​ទាំង​នោះ។ លោក​បន្ថែម​ថា៖ «គ្មាន​នរណា​អាច​ជឿ​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ថ្ងៃ​នេះ»។

គួរ​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ ជា​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ១២៥​រូប​នៅ​រដ្ឋសភា​ជាតិ ដែល​មិន​មាន​វត្តមាន​គណបក្ស​ប្រកួត​ប្រជែ​ង​ដ៏​ចម្បង គឺ​គណបក្ស​ភ្លើង​ទៀន៕

XS
SM
MD
LG