ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ថាច់ សេដ្ឋា​ សុំ​តុលាការ​កំពូល​​​នៅ​ក្រៅ​ឃុំ​ដើម្បី​​​ព្យាបាល​ជំងឺ​ដោយ​​តម្កល់​ប្រាក់​ប្រមាណ​៣​ម៉ឺនដុល្លារ


លោក​ ថាច់​ សេដ្ឋា​ ផ្តល់បទសម្ភាសន៍នៅក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​ VOA
លោក​ ថាច់​ សេដ្ឋា​ ផ្តល់បទសម្ភាសន៍នៅក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​ VOA

អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀនលោក ​ថាច់ សេដ្ឋា ​ដែល​មាន​បញ្ហា​សុខភាព​ នៅ​ថ្ងៃ​សុក្រ​នេះ​ ​បាន​ស្នើ​សុំ​តុលាការ​កំពូល​ឱ្យ​ប្រើ​ឆន្ទានុ​សិទ្ធិសម្រេច​ ឱ្យ​លោក​បាន​នៅ​ក្រៅឃុំ​ ដោយ​សំអាង​ថា​មិន​គេច​វេស​ ​និង​សូមតម្កល់​ប្រាក់​ចំនួន​៣​ម៉ឺន​ដុល្លារ​អាមេរិក​ ឬ​ច្រើន​ជាង​នេះ​ទៅ​តាម​ការ​សម្រេច​របស់​ចៅ​ក្រម។​

លោក​ ថាច់ សេដ្ឋា​ អតីត​សមាជិក​ព្រឹទ្ធ​សភាអតីត​គណបក្ស​សង្គ្រោះជាតិ បាន​ជាប់​ពន្ធនាគារ​ជិត​៤​ខែ​ ក្រោយ​លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ កាល​ពី​ដើម​ឆ្នាំ​២០២៣​នេះ ​ពាក់ព័ន្ធ​នឹង​ការ​ចេញ​សែក​គ្មាន​សាច់​ប្រាក់។​ ​

​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ក្នុង​តុលាការ​កំពូល​ លោក ​ថាច់ សេដ្ឋា​ ពន្យល់​តុលាការ​ថា​ លោក​ត្រូវ​ការ​នៅ​ក្រៅឃុំដើម្បី​អាច​ឱ្យ​រូប​លោក​បាន​សម្រាក​ព្យាបាល​ជំងឺ​ប្រចាំ​កាយដែល​បណ្តាល​មក​ពី​ការ​ដាក់​«បេះ​ដូង​សិប្ប​និមិ្មត» ​និង​ដើម្បី​អាច​ឱ្យ​លោក​មាន​ពេល​រក​លុយដើម្បី​សង​ទៅក្រុម​ហ៊ុន​រិនឆាយ ផនសប​(Rin Chhay Pawn Shop)​ ដែល​ទាម​ទារ​សំណង​ជាង​៥​ម៉ឺន​ដុល្លារនោះ។​

លោក ​ថាច់ សេដ្ឋា ​ដែលពាក់​អាវ​ដៃ​វែង​ពណ៌​ទឹក​ក្រូ​ច ​និង​មាន​ពុក​ចង្កាស្កូវ​ស្រមូម​ ហើយ​ឈរ​ក្នុង​ក្រចក​សេះ ​បាន​ប្រាប់​តុលាការ​ទៀត​ថា​ លោក​ធានា​ថា​នឹងមិន​គេចវេះ​ពី​នីតិវិធី​តុលាការ​ នៅ​ពេល​លោក​ត្រូវ​បាន​ដោះលែង​ឱ្យ​បាន​ស្ថិតនៅ​ក្រៅ​ឃុំ ​ហើយ​បានធានាតម្កល់​ប្រាក់​ចំនួន៣​ម៉ឺន​ដុល្លារ​អាមេរិក​ ​ឬ​ច្រើន​ជាង​នេះ ​យោង​ទៅ​តាម​ការ​សម្រេច​របស់​ចៅក្រម។​

នៅ​ក្រៅ​តុលាការ​កំពូល ភរិយា​លោក ​ថាច់ សេដ្ឋា​ គឺអ្នកស្រី ​ថាច់ សុខបុប្ផា​ក៏​ស្នើ​សុំតុលាការ​កំពូល​ដោះ​លែងស្វាមី​ឱ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ ដោយ​ហេតុ​ថា ​សុខ​ភាព​ស្វាមីទ្រុឌ​ទ្រោម​ខ្លាំង​ ពេល​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​(ម១)។​

អ្នកស្រី ថាច់ សុខបុផា ភរិយា​របស់​លោក ថាច់ សេដ្ឋា ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន នៅ​ក្រៅ​តុលាការ​កំពូល ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី ថាច់ សុខបុផា ភរិយា​របស់​លោក ថាច់ សេដ្ឋា ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន នៅ​ក្រៅ​តុលាការ​កំពូល ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

​អ្នកស្រី​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា៖​ «សូម​ស្នើ​តុលាការ​ដោះ​លែង​ប្តី​ខ្ញុំ​ ឱ្យ​នៅ​ក្រៅ​ឃុំ ​ដោយ​សារ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ ​[សុខភាព]​ទ្រុឌ​ទ្រោម​...​ ដឹង​ស្រាប់ហើយ​បេះដូង ​គាត់​លេប​ថ្នាំ​[ជា]​ប្រចាំ​ ហើយ​មួយ​ទៀត ​ដូច​ថា​ ឃុំ​ពន្ធនាគារ​ ក្តៅហើយ​ហប់​ ក្តៅ។​ អ៊ីចឹង​ ដូច​ថា ​សុខ​ភាព​គាត់​មិន​ប្រក្រតី»។

បើ​តាម​ដីកា​របស់​តុលាការ​រាជធានី​ភ្នំពេញ ​ចេញ​ដោយ​ចៅ​ក្រម​ស៊ើប​សួរ​ឈ្មោះ ​ទិត ដាលីន ​ចុះ​ថ្ងៃទី​១៦​ ខែ​មករា ​ឆ្នាំ​២០២៣ ​លោក ​ថាច់ សេដ្ឋា ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​«មិន​បាន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន»​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ ​កាល​ពី​អំឡុង​ឆ្នាំ​២០១៩ ​តាម​ច្បាប់​ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន ​និង​ប្រតិបត្តិ​ការ​ទូទាត់​សង។​

​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ក្រោយ​ការ​សម្រេច​ឃុំ​ខ្លួន​លោក​ ថាច់ សេដ្ឋា ​ដោយ​លើក​ឡើង​ថា​ កាលពី​ថ្ងៃទី​២៦ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ក្រុមហ៊ុន ​រិនឆាយ ផនសប ​(Rin Chhay Pawn Shop) ​ដែល​ប្តឹង​លោក ​ថាច់ សេដ្ឋា ​ពី​រឿង​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ចំនួន​៥​សន្លឹក។ ​តុលាការ​បញ្ជាក់​ថា ​លោក​ ថាច់ សេដ្ឋា ​មិន​បាន​ចូល​ខ្លួន​បំភ្លឺ​តាម​ដីកា​ចំនួន​២​លើក ​ដោយ​ពុំ​មាន​មូលហេតុ។​

​លោក ​សំ សុគង់ ​សហ​មេធាវី​មួយ​រូប​ការ​ពារ​ក្តី​ឱ្យ​លោក ​ថាច់ សេដ្ឋា ​បាន​លើក​យក​មាត្រា​ជាច្រើន​ក្នុងក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​ មក​ធ្វើ​ជា​អង្គ​ច្បាប់​ ក្នុង​ការ​ការ​ពារ​ ដោយ​រួម​មាន​មាត្រា​៧ ​មាត្រា​១២ ​មាត្រា​២០៩ ​មាត្រា​៤៨៨ ​មាត្រា​២០៣​ និងមាត្រា​២២៣​ជា​ដើម។ ​លោក​មេធាវី​រូប​នេះ ​ក៏​លើក​យក​ហេតុ​ផល ​ដូច​ទៅ​អ្វី ​ដែល​លោក ​ថាច់ សេដ្ឋា ​លើក​ឡើង ​ដូចជា​ជំងឺ​ប្រចាំ​កាយ ​និង​ការ​ធានា​អះ​អាង​តម្កល់​ប្រាក់ ​និង​បញ្ហា​ផ្សេងៗ​ទៀត ​ដើម្បី​ស្នើ​តុលាការ​ពិចារណា​ ឱ្យ​កូន​ក្តី​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ​ផង​ដែរ។​

​ចំណែក​មេធាវី​ការ​ពារ​ក្តី​ឱ្យ​ក្រុម​ហ៊ុន ​រិន ឆាយ ផនសប ​(Rin Chhay Pawn Shop) ​ក៏​បាន​តទល់​ជាមួយ​ក្រុម​មេធាវី​ការពារក្តី​លោក​ ថាច់ សេដ្ឋា​ ដោយ​បាន​ប្រាប់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ឱ្យ​បដិសេដ​បណ្តឹង​សារទុក្ខ​របស់​លោក​ ថាច់ សេដ្ឋា ដោយ​យោង​តាម​មាត្រា​៤១៨​ នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ។​

ក្នុង​អំឡុង​ពេល​ដំណើរ​ការ​សវនាការ​រឿង​ក្តី​លោក ​ថាច់ សេដ្ឋា ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ​តំណាង​អយ្យ​ការ​នៃ​តុលាការ​កំពូល ​លោក ​ង៉ែត សារ៉ាត់ ​បាន​លើក​ឡើង​ថា ​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍ត្រឹមត្រូវ​ និង​ស្នើឱ្យ​តម្កល់​ទុក​ជា​បាន​ការ។​ លោក​លើក​យកអំណះ​អំណាងការពារ​ និង​តវ៉ា​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក ​ថាច់ សេដ្ឋា ​និងមេធាវី​ការពារ​ឱ្យ​លោក ​ថាច់ សេដ្ឋា ​ថា​ បើទាក់​ទង​បញ្ហា​សុខ​ភាព​ ​នៅក្នុង​ពន្ធនាគារ​ គឺ​មាន​ពេទ្យ​សម្រាប់​ព្យាបាល​ទាន់ពេល ​ហើយ​បើ​ចំពោះ​ការ​ស្នើ​ចេញ​ក្រៅ​ឃុំ​ដើម្បី​រក​ប្រាក់សង​ក្រុមហ៊ុន លោក​ ង៉ែត សារ៉ាត់ ថ្លែង​ថា៖ ​«បើ​ចង់​រក​ប្រាក់​សង​គឺ​រក​ស​ង​យូរ​មក​ហើយ ​មិន​មែន​ដល់​ពេល​ឃុំ​ខ្លួន​ បាន​ត្រូវ​ចំ​ពេល​រក​សង​នោះ​ទេ»​ និង​បាន​លើក​ឡើង​ចំណុច​មួយ​ចំនួន​ទៀត។​

​ប៉ុន្តែ​លោក​មេធាវី សំ សុគង់ ​បាន​ការពារ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​តំណាង​អយ្យការ​ថា ​កូនក្តី​របស់​លោក​បាន​ដាក់​ប្លង់​បញ្ចាំ​ចំនួន​៦​ ​នៅ​ក្រុមហ៊ុន ​រិន ឆាយ ផន​សប ​ដូច្នេះ​បើ​កូនក្តី​របស់​លោក​មិន​សង​ប្រាក់ ​គួរណាស់​តែ​ក្រុមហ៊ុន​ប្តឹង​ទៅ​តុលាការក្នុង​សំណុំ​រឿង​រដ្ឋប្បវេណី ​ក្នុង​ការ​ទាម​ទារ​រឹប​អូស។​

លោក​សំ សុគង់ ​ក៏​ទទូច​សុំ​ឱ្យ​តុលាការ​ដោះលែង​កូនក្តី​ឱ្យ​បាន​ស្ថិត​នៅ​ក្រៅឃុំ​ ដោយលើក​ឡើង​ថា​ ​ដើម្បី​ធានា​ថា ​កូន​ក្តី​របស់​លោក​នៅ​ពេល​ចេញ​ក្រៅ​ឃុំ​មិន​រត់​គេច​ទៅ​ណា​ ហើយ​តុលាការ​គួរ​តែ​កំណត់​ឱ្យ​កូន​ក្តី​ស្នាក់​នៅ​ទីតាំង​ណា​មួយ​ ឬ​បង្ហាញ​ខ្លួន​តាម​ពេល​កំណត់​តាម​ការត្រួត​ពិនិត្យ​របស់​តុលាការ​ ឬ​ដក​លិខិត​ឆ្លងដែនដែល​ជា​ជម្រើស​ល្អ ​ហើយ​បើ​ឃុំ​ខ្លួន ​ដើម្បីតែ​សវនាការ​គឺ​ជា​ការ​បាត់​បង់​សេរី​ភាព​ និង​ខាត​ពេល​រក​ប្រាក់​ដើម្បី​ទូទាត់​សង​ក្រុមហ៊ុន។​

លោក សឺន ជុំជួន សហមេធាវី​ការពារ​ក្តី​ឱ្យ​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន នៅ​ខាងក្រៅ​តុលាការ​កំពូល ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក សឺន ជុំជួន សហមេធាវី​ការពារ​ក្តី​ឱ្យ​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន នៅ​ខាងក្រៅ​តុលាការ​កំពូល ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

សហ​មេធាវី​មួយ​រូបទៀត​ ដែល​ការ​ពារ​ក្តី​ឱ្យលោក ​ថាច់ សេដ្ឋា គឺ​លោក​ សឺន ជុំជួន ប្រាប់​អ្នក​សារ​ព័ត៌មាន​ នៅ​ខាងក្រៅ​តុលាការ​កំពូល​ថា​ ​ក្រុមហ៊ុន ​រិនឆាយ ផនសប​ ដែល​ជា​ដើម​បណ្តឹង​ បាន​ប្តឹងទាមទារ​ជាង​៥ម៉ឺន​ដុល្លារ​អាមេរិក​ជា​សំណង​ជំងឺ​ចិត្ត​ និង​ការ​ខូច​ខាត​ផ្សេង​ទៀត។​ ទោះ​យ៉ាងណា លោក​សង្ឃឹម​ថា​ តុលាការ​កំពូល​នឹង​ពិចារណា ​ដោយសម្រេច​ឱ្យ​លោក ​ថាច់ សេដ្ឋា ​បាន​នៅ​ក្រៅឃុំ ​ដោយ​ថា​ កូន​ក្តីរបស់​លោក​មាន​ជំងឺ​«បេះដូង​សិប្ប​និមិ្មត»​ ដែលអាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ប្រសិន​បើ​មិន​មាន​ការ​ព្យាបាល​ត្រឹម​ត្រូវ។

​លោក​ថ្លែង​ថា៖ «ក្នុង​នាម​ជា​សហ​មេធាវី ​គឺ​យើង​មាន​ក្តី​សង្ឃឹម​ថា​ តុលាការ​ នឹង​ពិចារណា​ដើម្បី​ឱ្យ​គាត់​មាន​សេរី​ភាព​ឡើង​វិញ»។​

លោក​បន្ថែម​ថា៖​ «ពាក្យ​បណ្តឹង​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី​គឺ​ទាមទារ​ជាង​៥​ម៉ឺន​ដុល្លារ។​ ទាម​ទារ​ជាង​៥ម៉ឺន​ដុល្លារ ​រួម​ទាំង​សំណង​ជំងឺ​ចិត្តបូក​ជាមួយ​គ្នា ​ហើយ​យើង​ ក្នុង​នាមជា​សហ​មេធាវី​ ក៏​យើង​បាន​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​ដែរ​ ដើម្បី​រក​លទ្ធភាព​តម្កល់​ប្រាក់​នេះ ​៣​ម៉ឺន​ដុល្លារ​ ឬ​អាច​ជាង​៣​ម៉ឺន​ដុល្លារ»។​

​លោក ​ថាច់ សេដ្ឋា ​ប្រាប់ ​អ្នក​សារ​ព័ត៌មាន ​នៅ​ពេល​លោកចេញ​ពី​បន្ទប់​សវនាការថា លោក​សង្ឃឹម​ថា​ អំណាច​ឆន្ទានុ​សិទ្ធិ​របស់​ចៅក្រម​តុលាការ​កំពូល​អាច​ឲ្យ​លោក​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ។ ​លោក​ឱ្យ​ដឹង​ទៀតថា ​លោកត្រូវ​បាន​សាលា​ដំបូង​រាជធានី​ចោទ​ប្រកាន់​ចំនួន​២​បទ​ចោទ​ផ្សេង​ទៀត ​គឺបទ​ «ញុះញង់ ​និង​រើស​អើង»។​

​ទាក់ទិន​បទ​ចោទ​ប្រកាន់​បន្ថែម​នេះ​ លោក​មេធាវី ​សំ សុគង់ ​ប្រាប់​អ្នក​កាសែត​ថា៖​«ទាក់ទង​ទៅ​នឹង​រឿងឯកឧត្តម ​ថាច់ សេដ្ឋា ​គឺ​ត្រូវ​បាន​តុលាការ​ គាត់​បើក​ការ​ស៊ើប​សួរ​ ២​បទ​ចោទ​ទៀត ​គឺ​ បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង។ ហើយ​ថ្ងៃ​នេះ​ ចៅក្រម​ស៊ើប​សួរ​ដែល​កាន់​សំណុំ​រឿង​ដដែល​នេះ ​បាន​កោះ​ហៅ​គាត់​ដើម្បី​មក​ធ្វើការ​សាកសួរ​ ប៉ុន្តែ​ឯក​ឧត្តម​ ថាច់ សេដ្ឋា ​ដែល​ជា​កូនក្តី​សម្រេចចិត្តដាក់ពន្យារ​ពេល​សវនាការ»។​

​បើ​តាម​លោក ​សំ សុគង់ ​អង្គ​ហេតុ​នៃបទ​ចោទ​ទាំង​២​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ថ្លែង​របស់​លោក ​ថាច់ សេដ្ឋា ​នៅ​តាម​វេទិការ​សាធារណៈ​នានា​កាល​ពី​កន្លង​មក។​ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​លម្អិត​ថា ​អ្នក​ណា​ជា​អ្នក​ប្តឹងទាក់​ទង​ការ​ថ្លែង​របស់​លោក​ ថាច់ សេដ្ឋា​កាល​ពី​ពេល​មុនៗ​នោះទេ។

សកម្ម​ជន​គណបក្ស​ភ្លើងទៀន​នៅ​ខេត្ត​ព្រៃវែង ​លោក​ ស៊ាប ពិសិដ្ឋ​ អាយុ​៣៤​ ឆ្នាំ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ក្នុង​នាម​លោក​ជា​សមាជិក​គណបក្ស​ភ្លើងទៀន​មួយ​រូប​ លោកចង់​ឃើញ​ថ្នាក់​ដឹកនាំ​ដែល​មាន​ប្រជា​ប្រិយភាព​ ដែល​ហ៊ាន​លះបង់​ ​ដូច​លោក ​ថាច់ សេដ្ឋា មាន​សេរីភាព​ពេញលេញ ​ដើម្បី​អាចចូលរួម​ឃោសនា​នយោបាយ​ និង​ឈាន​ទៅ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣​នេះ។​

លោក​ថ្លែង​ថា៖ ​«ចិត្ត​របស់​ខ្ញុំ​ ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ ក៏ដូច​ជា​សកម្ម​ជន​ដទៃ​ទៀត​ គឺ​ចង់​ឃើញ​លោក​អនុ​ប្រធាន ​ថាច់ សេដ្ឋា​ នៅ​ក្រៅ​ឃុំ ហើយ​មាន​ឱកាស​ធ្វើ​នយោបាយ​ ទាមទារ​សិទ្ធិ​ឱ្យ​ប្រជា​ពលរដ្ឋ ​កុំ​មាន​ការភ័យ​ខ្លាច ​ហើយ​គិត​ថា ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខមាន​សិទ្ធិ​សេរីភាព​ពិត​ប្រាកដ។ ​បើ​សិន​ជា​អត់​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ ដែល​មាន​ការ​គាំទ្រ​ ក៏ដូច​ជា​ឥស្សរ​ជន​នយោបាយ​ជាន់​ខ្ពស់​ហ្នឹង​មាន​សិទ្ធិ​សេរី​ភាព​ទេ ​អាហ្នឹង​សម្រាប់​ខ្ញុំ​ ​គឺ​មាន​អារម្មណ៍​មួយ​ថា ​ដូចជា​ការ​បិទ​សិទ្ធិ​សេរីភាព​ នយោបាយ​មុន​ការ​បោះឆ្នោត​នេះ»។​

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​យី សុខសាន្ត ​លើក​ឡើង​ថា ​ការ​កត់​សម្គាល់​លើអង្គ​ហេតុ អង្គច្បាប់ ​និង​តាម​អ្វី​ដែល​លោក ​ថាច់ សេដ្ឋា ​និង​មេធាវីការ​ពារ​ក្តី​លើក​ឡើង បាន​បង្ហាញ​ថា ករណី​ឃុំ​ខ្លួន​លោក ​ថាច់ សេដ្ឋា ​ហាក់​ដូច​មាន​ចរិត​នយោបាយ​ច្រើន​ជាង​ ព្រោះ​ករណី​នេះ​កើត​ចេញ​ពី​រឿង​ខ្ចី​លុយ​តែ​ប៉ុណ្ណោះ​ ដែល​គួរ​ដោះស្រាយ​តាម​ច្បាប់​រដ្ឋប្បវេណី។​

​លោក​ថា​ តុលាការគួរតែ​ផ្តល់​សិទ្ធិ​ឱ្យ​លោក ​ថាច់ សេដ្ឋា ​បាន​ចេញ​នៅ​ក្រៅ​ឃុំ ​ដើម្បី​ព្យាបាលជំងឺ​បេះ​ដូង​របស់​គាត់។​

លោក​ថ្លែង​ថា៖​ «រឿង​នេះ ​ហាក់​ដូច​ជា​មាន​ចរិត​នយោបាយ។ ​ធម្មតា ​អ្នក​ខ្ចី​លុយ​ ហើយ​ម្ចាស់​បំណុល​ចង់​បាន​លុយ​មកវិញ ​ប៉ុន្តែ​ហាក់​ដូចជា​នៅ​ពេល​ដែល​កូន​បំណុល​យក​លុយ​ទៅ​ឱ្យ​វិញ ​ហាក់​ដូច​ជា​មិន​ចង់​យក។ ​ចំណុចនេះ​ហាក់​មាន​លក្ខណៈ​នយោបាយ។ ​ទី២ ​យើង​មើល​ឃើញ​មួយ​ទៀត​ថា ​កូន​បំណុល ​ជាពិសេស​លោក​ ថាច់ សេដ្ឋា ​បាន​ខ្ចី​លុយ​តាំង​ឆ្នាំ២០១២ ​ហើយ​លោក​បាន​ធ្វើ​កិច្ច​សន្យា​ម្តង​ទៀត នៅ​ឆ្នាំ​២០១៦ ​ហើយ​ដោយ​មាន​ប្លង់​តម្កល់​ដល់​ទៅ​៦។ ​ដូច្នេះ​ ធម្មតាបើ​សិនជា​មាន​តម្កល់​ប្លង់​ នៅ​ពេល​ដែល​កូន​បំណុល​ហ្នឹង​គ្មាន​លុយ​ទេ ​គេ​អាច​លក់​ឡៃឡុង ​តុលាការ​អាច​សម្រេច​លក់​ឡៃឡុង​ប្លង់​ហ្នឹង​ដើម្បី​កាត់​ទូទាត់សងនូវ​បំណុល។​ វា​ចប់​បាត់​ហើយ»។

​លោក​បន្ថែម​ថា៖ ​«ហើយ​មួយ​ទៀត​គឺ​ បើ​សិន​ជា​លោក​ ថាច់ សេដ្ឋា ​លោក​គេច​វេះ​ ​ហេតុ​អ្វី​ពី​ឆ្នាំ​មុនៗ ពី​ឆ្នាំ​២០១៦​មក ​ដែល​ថា​ លោក ​សេដ្ឋា​ ​មិន​សង ​ម៉េច​ក៏​មិន​ចាប់​ពី​ពេល​ហ្នឹង? ​ហើ​យ​នៅ​ពេល​លោក​ចូល​ធ្វើ​នយោបាយ ​ស្រាប់​តែ​ដើម​បណ្តឹង ​ស្រាប់​តែ​ចាប់​ផ្តើម​ប្តឹង​ពាក់ព័ន្ធ​សែក។ ​ហើយ​បើ​តាម​សែក​ហ្នឹង​ បើ​តាម​មេធាវី​បញ្ជាក់​មិញ​ថា ​គេ​បាន​ទាត់​ចោល​ តាំង​ពី​សាលាដំបូង​ សាលា​ឧទ្ធរណ៍​បាន​ទាត់​ចោលហើយ»។​

ក្រោយ​ការ​សួរ​ដេញ​ដោល​ក្នុង​សាល​សវនាការ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​លោក ​ជីវ កេង ​ប្រធាន​អង្គ​ជំនុំ​ជម្រះ ​បាន​ថ្លែង​ថា​ តុលាការ​កំពូល​នឹង​ប្រកាស​សាល​ក្រម​ករណី​របស់​លោក ​ថាច់ សេដ្ឋា ​នៅ​ថ្ងៃទី៣ ​ខែ​ឧសភា ឆ្នាំ​២០២៣ ​វេលា​ម៉ោង​៨​ព្រឹក៕

XS
SM
MD
LG