អតីតរដ្ឋមន្ត្រីបន្ទោសលោកហ៊ុន សែនដែលបណ្តោយឲ្យកម្ពុជាក្លាយជាជម្រកជួញដូរមនុស្ស
របាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ២០២២របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញថាស្ថានភាពជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជាកាន់តែអាក្រក់ជាងឆ្នាំមុន។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានទម្លាក់ឋានៈកម្ពុជាមកកម្រិតទី៣ដែលជាកម្រិតទាបជាងគេបំផុតសម្រាប់ចាត់ចំណាត់ថ្នាក់ប្រទេសដែលមិនអាចបំពេញបានតាមស្តង់ដារអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្ស ហើយមន្ត្រីនៃប្រទេសនោះថែមទាំងឃុបឃិតក្នុងបទល្មើសទៀតផង។ អ្នកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិនិងជាអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានប្រាប់លោកម៉ែន គឹមសេងក្នុងកម្មវិធី«ប្រភពច្បាស់ការណ៍» របស់វីអូអេថាគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលទទួលខុសត្រូវក្នុងការបណ្តែតបណ្តោយឲ្យកម្ពុជាក្លាយជាទីជម្រកនៃការជួញដូរមនុស្ស៕