ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ឲ្យ​កម្ពុជា​បង្កើត​សួន​កសិឧស្សាហ​កម្ម ​ខណៈ​ប្រទេស​ទាំង​ពីរ​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី ​មុន​ថ្ងៃ​EBA ​ត្រូវ​ដក


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា ​លោក ​ហោ ណាំហុង​ បាន​ថ្លែង​ថា ​កម្ពុជា​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​(FTA)​ជាមួយ​ប្រទេស​ចិន​នៅខែ​ក្រោយ​នេះ​ឲ្យ​បាន​មុន​ថ្ងៃ​ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​(EBA)​ត្រូវដក។​

លោក ​ហោ ណាំហុង ​ដែល​ជា​ប្រធាន​នៃ​ក្រុម​ការងារ​ចរចា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជាមួយ​ភាគីចិន​ បាន​ថ្លែង​បែប​នេះ ​កាល​ពី​សប្តាហ៍​មុន ​ក្រោយ​ការ​សន្ទនា​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​លោក​ វ៉ាង យី ​(Wang Yi)​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ។​

លោក​ ហោ ណាំហុង​ បាន​ថ្លែង​ថា ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា​ចិន​នេះ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ប្រទេស​ចិន​ឲ្យ​បាន​មុន​ថ្ងៃទី​១២​ខែ​សីហា​ដោយ​លោក​បញ្ជាក់​ថា ​ចុះ​ឲ្យ​បាន​មុន​ពេល​ដែល​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ​ហើយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន។​ មន្រ្តី​កម្ពុជា​មិន​ទាន់​អាច​បញ្ជាក់​ពេល​វេលា​ជាក់លាក់​នៅ​ឡើយ​ទេ។​

លោក ​ហោ ណាំហុង​ ឲ្យ​ដឹង​ទៀត​ថា ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ក៏​បាន​សន្យា​ថា នឹង​ជួយ​កម្ពុជា​«ជា​បន្ទាន់​និងជា​អាទិភាព»​លើ​ការ​ស្ថាបនា​ផ្លូវ ធ្វើ​ប្រព័ន្ធ​ទឹក​ រោងចក្រ​ស្តុក​និង​សម្ងួត​ស្រូវ​និង​ការ​បន្ត​ពង្រីក​ទីផ្សារ​កសិផល​របស់​កម្ពុជា​ រួម​មាន​ស្រូវ ​ស្វាយ ​ចេក​ ទុរេន​ ផ្លែ​មៀនប៉ៃលិន ​កៅស៊ូ ​ម្សៅ​ដំឡូងមី​ និង​ទឹកមាត់​ត្រចៀកាំ​ជាដើម។​

លោក​បន្ត​ថា៖​«ទីមួយ ​គាត់​[រដ្ឋមន្រ្តី​ការ​បរទេស​ចិន]​ស្នើ​ឲ្យ​ក្រសួង​កសិកម្ម​រៀបចំ​ផែនការ​បន្ទាន់​បំផុត។​ ទីមួយ​ផែន​ការ​អភិវឌ្ឍន៍​ទំនើប​កម្ម​កសិកម្ម។​ ទីពីរ​ ធ្វើសួន​កសិ-ឧស្សាហ​កម្ម​ ដោយសារ​កសិកម្ម​យើង​ វា​អាច​ក្លាយ​ជា​កសិឧស្សាហ​កម្ម​ហើយ»។​

អតីត​រដ្ឋមន្រ្តី​ការ​បរទេស​រូប​នោះ​បញ្ជាក់​ថា មិត្តភាព​រវាង​កម្ពុជា​ចិន​បាន​ដល់​«កម្រិត​ខ្ពស់​បំផុត»​នៅពេល​នេះ ​ហើយ​ថ្នាក់​ដឹកនាំ​ប្រទេស​ចិន​ប្តេជ្ញា​ជួយ​កម្ពុជា​«តាម​ការ​ត្រូវ​ការ​របស់​កម្ពុជា»។​

ប្រទេស​កម្ពុជា​និង​ចិន​ធ្លាប់​បាន​អះអាង​ថា ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។​

កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​នឹង​រងគ្រោះ​ ដោយសារ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប ​នៅ​ថ្ងៃ​ទី១២​ ខែ​សីហា ​ឆ្នាំ​២០២០ ​ខាង​មុខ ​ដែល​នឹង​នាំ​ឲ្យ​កម្ពុជា​ខាត​បង់ទឹក​ប្រាក់​អនុគ្រោះពន្ធដែល​ត្រូវ​កាត់​២០%ក្នុង​មួយ​ឆ្នាំ ​ហើយ​កម្មករ​រាប់ម៉ឺន​នាក់​បាត់បង់​ការងារ។​ ការ​ដក​ទណ្ឌកម្ម​ EBA​នេះ​ធ្វើ​ឡើង​ដោយសារ​សហភាព​អឺរ៉ុប​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

គួរ​បញ្ជាក់​ថា​ ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​ចិន​មាន​ទឹក​ប្រាក់​ប្រមាណ​ ៧,៤​ ពាន់​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៨។​ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា។ នៅ​ក្នុង​នោះ​កម្ពុជា​មាន​ឱនភាព​ដោយសារ​តែ​ការ​នាំចូល​ពី​ប្រទេស​ចិន​មាន​ទំហំ​ប្រមាណ​ ៦ ពាន់​លាន​ដុល្លារ​ទៅ​ហើយ ​ដែល​ខុស​គ្នា​ប្រមាណ​ ៨០ ​ភាគ​រយ។​ ប្រទេស​ទាំង​ពីរ​គ្រោង​បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ដល់​ ១០​ ពាន់​លាន​ដុល្លារ ​ត្រឹម​ឆ្នាំ​ ២០២៣៕

XS
SM
MD
LG