អភិបាលរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រី Muriel Bowser កាលពីថ្ងៃសុក្រ បានប្ដូរឈ្មោះជាផ្លូវការនូវផ្លូវមួយឆ្ពោះទៅកាន់សេតវិមានទៅជា “Black Lives Matter Plaza” ដែលជាភាសាខ្មែរមានន័យថា «ជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ»។
ការប្ដូរឈ្មោះផ្លូវនេះគឺដើម្បីលើកទឹកចិត្តដល់ក្រុមបាតុករដែលជំរុញឲ្យមានកំណែទម្រង់នានា ក្រោយពីលោក George Floydដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក បានស្លាប់កាលពីពេលថ្មីៗនេះនៅពេលស្ថិតក្នុងការឃាត់ខ្លួនរបស់ប៉ូលិស នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក។
វិចិត្រករក្នុងស្រុកម្នាក់បានចូលរួមជាមួយនឹងក្រុមការងាររៀបចំក្រុងនៅពេលព្រឹកព្រហាមស្រាងៗដើម្បីសរសេរឃ្លា «ជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ» ជាអក្សរពណ៌លឿងធំៗ នៅលើដងផ្លូវប្រហែលជាពីរប្លុកឆ្ពោះទៅកាន់ឧទ្យាន Lafayette ដែលនៅទល់មុខនឹងសេតវិមាន។
នៅក្នុងពិធីដ៏ខ្លីមួយ ក្រុមការងាររៀបចំក្រុងបានលើកស្លាកសញ្ញាឈ្មោះផ្លូវថ្មីនេះឡើង ហើយអ្នកស្រី Bowser បានថ្លែងទៅកាន់ក្រុមមនុស្សជាច្រើនថា៖ «នៅក្នុងសហរដ្ឋអាមេរិក អ្នកទាំងអស់គ្នាអាចប្រមូលផ្ដុំគ្នាធ្វើបាតុកម្មដោយសន្ដិវិធីបាន»។
អ្នកស្រី Bowser កាលពីថ្ងៃព្រហស្បតិ៍ បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ មួយថ្ងៃក្រោយមក បន្ទាប់ពីប៉ូលិសក្រុងបានរាយការណ៍ថា មានការតវ៉ានៅយប់ថ្មីទៀតដោយគ្មានការចាប់ខ្លួនបាតុករ ហើយអ្នកស្រីក៏បានស្នើឲ្យលោក ត្រាំ ដកកងកម្លាំងអនុវត្តច្បាប់សហព័ន្ធ និងយោធាចេញពីរដ្ឋធានីវ៉ាស៊ីនតោនផងដែរ៕