ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​៣​នាក់​ឲ្យ​សុំ​ទោស​ជា​សាធារណៈ ​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍


លោក ផល្លា សារភាពកំហុសនៅក្នុងវីដេអូមួយដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ (ស៊ុន ណារិន/វីអូអេខ្មែរ)
លោក ផល្លា សារភាពកំហុសនៅក្នុងវីដេអូមួយដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ (ស៊ុន ណារិន/វីអូអេខ្មែរ)

សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​យ៉ាង​តិច​ ៣ ​នាក់ ​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ​ដោយ​ចាត់​ទុក​ថា​ ការ​រិះគន់​នោះ​មាន​លក្ខណៈ​ជេរ​ប្រមាថ​ដល់​កម្លាំង​សមត្ថកិច្ច។​

អ្នក​ទាំងបី​នាក់​នោះ​ត្រូវ​បាន​ដោះ​លែង ​ក្រោយ​ពួក​គេ​បាន​សារភាព​កំហុស​នៅ​ក្នុង​វីដេអូ​ ហើយ​មាន​ការ​ផ្តិត​មេដៃ​ជា​ការ​ទទួល​កំហុស។​ នេះ​បើ​តាម​វេបសាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។​

បើ​តាម​វេបសាយ​ ចាប់​តាំង​ពី​ថ្ងៃ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្ងៃ​ទី​ ១​ ខែ​ឧសភា​ បុរស​ម្នាក់​ឈ្មោះ​ ផល្លា ​ជា​មនុស្ស​ទី៣​ហើយ ​ដែល​សមត្ថ​កិច្ច​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​ «ករណី​ផុស​ព័ត៌មាន​មិន​ពិត​និង​ជេរ​ប្រមាថ ​មើល​ងាយ​មក​លើ​សមត្ថកិច្ច​អនុវត្ត​ច្បាប់»។​

សមត្ថកិច្ច​បាន​លើក​ឡើង​ថា​ បុរស​នោះ​បាន​បង្ហោះ​ព័ត៌មាន ​«ជេរ​ប្រមាថ​មើល​ងាយ​យ៉ាង​ខ្លាំង​មក​លើ​សមត្ថកិច្ច​អនុវត្ត​ច្បាប់» កាល​ពី​ថ្ងៃ​ទី ៤​ ខែ​ឧសភា ​ឆ្នាំ​ ២០២០។​

បើ​តាម​វេបសាយ​នោះ ​សមត្ថកិច្ច​បាន​ភ្ជាប់​ការ​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក ​ផល្លា ដោយ​មាន​រូប​ថត​លោក​ឈរ​ក្បែរ​ម៉ូតូ​របស់​លោក ​ដែល​មាន​កម្លាំង​ ១៥៥ CC។ ​លោក​បាន​ប្រើ​ពាក្យ​មួយ​ចំនួន ​មាន​ដូច​ជា​ពាក្យ ​«អញ» ​«ងាប់​អញ»​ និង​ «ពួក​អាប្រែត ​ចុះ​នរក​១៨​ជាន់» ​ដែល​ទំនង​ជា​សំដៅ​លើ​នគរបាល ​នៅ​ក្នុង​សារ​នោះ។ ​លោក​លើក​ឡើង​ថា ​លោក​មិន​អាច​បើក​ម៉ូតូ​បាន ​ដោយ​សារ​តម្រូវ​ឲ្យ​មាន​បណ្ណ​បើក​បរ។​

លោក ​ផល្លា​ បាន​ចូល​ខ្លួន​មក​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​ផែន​សន្តិសុខ​ នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​សួរ​នាំ ​ហើយ​លោក​ក៏​បាន​សារ​ភាព​កំហុស​នៅ​ក្នុង​វីដេអូ។ ​បើ​តាម​វីដេអូ​នោះ​លោក ផល្លា ​និយាយ​ថា​ លោក​បាន​បង្ហោះ​រូបភាព​ និង​ខ្លឹម​សារ ​«មើល​ងាយ​និង​ប្រមាថ»​ កាល​ពី​ថ្ងៃ​ទី ​៤​ ខែ​ឧសភា ​ឆ្នាំ​ ២០២០។​

លោក​មាន​ប្រសាសន៍​ថា៖ ​«អត្ថ​ន័យ​ក្នុង​ការ​បង្ហោះ​នេះ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ និង​មជ្ឈដ្ឋាន​ទូទៅ​មាន​ការ​យល់​ច្រឡំ ​ជាពិសេស ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​សមត្ថ​កិច្ច​ និង​មន្រ្តី​សាធារណៈ​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់»។ ​លោក​ ផល្លា បន្ថែម​ថា៖ ​«ដោយ​ខ្វះ​ការ​ពិចារណា​ខ្ញុំ​បាទ​សូម​ទទួល​កំហុស ​និង​សុំ​ទោស​ចំពោះ​កំហុស​ដែល​បាន​ធ្វើ​នេះ»។​

ចំណែក​បុរស​ម្នាក់​ទៀត​ ដែល​ត្រូវ​បាន​នាំ​មក​សាក​សួរ​ លោក​ រស់ ដារ៉ា ​បាន​សារភាព​នៅ​ក្នុង​វីដេអូ​ថា ​ រូប​លោក​បាន​បង្ហោះ​រូបភាព​ដែល​ប៉ូលិស​បាន​ផាក​ពិន័យ​រូប​លោក​កាល​ពី​ឆ្នាំ ​២០១៨។ ​បើ​តាម​ហ្វេសប៊ុក​នោះ ​លោក​បង្ហោះ​សារ​រិះគន់​ការ​មិន​មាន​បណ្ណ​សម្គាល់​ម៉ូតូ ​ដោយ​សារ​ម៉ូតូ​បង់​រំលស់​ ហើយ​ឯកសារ​មិន​នៅ​ជា​មួយ​ម្ចាស់​ម៉ូតូ​ទេ។ សារ​រិះគន់​របស់​លោក​នោះ​មាន​បាន​ភ្ជាប់​ជាមួយ​រូបភាព​ចាស់ ​ដែល​លោក​ត្រូវ​បាន​ផាក​ពិន័យ។​

លោក ​ដារ៉ា ​និយាយ​ក្នុង​វីដេអូ​ថា៖ ​«ដោយ​ខ្វះ​ការ​ពិចារណា ខ្ញុំ​សូម​ទទួល​កំហុស​ទាំង​ស្រុង​ចំពោះ​ទង្វើ​ដែល​ខ្ញុំ​បាន​ធ្វើ​នេះ។​ ខ្ញុំ​សូម​សន្យា​ថា​ នឹង​មិន​ប្រព្រឹត្ត​អំពើ​បែប​នេះ​ត​ទៅ​ទៀត​ទេ។ ​ដូច្នេះ​ សូម​ប្រជា​ពលរដ្ឋ​មេត្តា​អនុគ្រោះ ​និង​លើក​លែង​ទោស​ដល់​រូប​ខ្ញុំ​បាទ​ផង»។​

ចំណែក​មនុស្ស​ម្នាក់​ទៀត​ គឺ​ជា​ស្រ្តី​ម្នាក់​ឈ្មោះ ​គួក ស្រីណា ​ដែល​ជា​អ្នក​លេង​ TikTok។ ​កញ្ញា​ត្រូវ​បាន​រាយ​ការណ៍​ថា ​បាន​បង្ហោះ​វីដេអូ​ចាស់​នៅ​លើ​ TikTok​ ជា​ការ​រិះគន់​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍។​

អ្នក​ទាំង​៣​នោះ​ត្រូវ​បាន​ដោះ​លែង ​ក្រោយ​ពី​សមត្ថ​កិច្ច​បាន​ណែនាំ​ អប់រំ​ និង​ឲ្យ​ធ្វើ​កិច្ច​សន្យា​ដោយ​ផ្តិត​មេដៃ​រួច​មក។​

បើ​តាម​វេបសាយ​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ ​សមត្ថ​កិច្ច​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ជួយ​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត​ និង​ចូលរួម​សហការ​ទប់​ស្កាត់​រាល់​ព័ត៌មាន​មិន​ពិត។ ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ព្រមាន​ថា​ អាជ្ញាធរ​នឹង​បន្ត​អនុវត្ត​តាម​ច្បាប់​ចំពោះ​បុគ្គល​ណា​ ដែល​បង្ហោះ​ព័ត៌​មាន​មិន​ពិត​ ជា​ពិសេស​ព័ត៌មាន​ដែល​មាន​លក្ខណៈ​ «មើលងាយ ​និង​ជេរ​ប្រមាថ​មក​លើ​ច្បាប់​និង​សមត្ថកិច្ច»។ ​អាជ្ញាធរ​បញ្ជាក់​ថា៖​ «បើ​ក្នុង​ករណី​មិន​រៀង​ចាល សមត្ថ​កិច្ច​នឹង​រៀបចំ​សំណុំ​រឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់»។​

សកម្មភាព​ផាក​ពិន័យ​បទ​ល្មើស​ចរាចរ​របស់​ប៉ូលិស​នៅ​ព្រឹក​ ថ្ងៃទី​០១ ឧសភា ឆ្នាំ២០២០​ ​បន្ទាប់ពី​មាន​ការរឹតបន្តឹង​និង​តម្លៃ​ផាកពិន័យ​បាន​កើនឡើង​ តាម​ផ្លូវក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/វីអូអេខ្មែរ)
សកម្មភាព​ផាក​ពិន័យ​បទ​ល្មើស​ចរាចរ​របស់​ប៉ូលិស​នៅ​ព្រឹក​ ថ្ងៃទី​០១ ឧសភា ឆ្នាំ២០២០​ ​បន្ទាប់ពី​មាន​ការរឹតបន្តឹង​និង​តម្លៃ​ផាកពិន័យ​បាន​កើនឡើង​ តាម​ផ្លូវក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/វីអូអេខ្មែរ)

VOA​ មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ស ថេត ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។​

លោក​ អំ សំអាត​ មន្រ្តី​ជាន់​ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​ថ្លែង​ប្រាប់ ​VOA​ ថា ​លោក​គាំទ្រ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ហើយ​ប្រជា​ពលរដ្ឋ​ត្រូវ​មាន​ក្រម​សីលធម៌​ក្នុង​ការ​បញ្ចេញ​មតិ ​ដោយ​ការ​ស្ថាបនា។ ​លោក​បន្ត​ថា​ ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ ដែល​មិន​បាន​យល់​ដឹង​ច្បាប់​ចរាចរណ៍​ទូលំទូលាយ​ មាន​ការ​ខឹង​សម្បា​ចំពោះ​ការ​អនុវត្ត​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ ​«ដោយ​សារ​តែ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​កន្លង​មក​ហ្នឹង​ គឺ​យើង​អត់​បាន​ធ្វើ​ជា​ជំហានៗ។ នៅ​ពេល​ដែល​រឹត​បន្តឹង​តែ​ម្តង ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​ ខ្លះ​គាត់​មាន​ការ​ខឹង​សម្បា​អ៊ីចឹង​ដែរ»។​

លោក​ អំ សំអាត ​ចាត់​ទុក​ការ​បង្ហោះ​វីដេអូ​សារភាព​តាម​ហ្វេសប៊ុក​ជា​ការ​ប៉ះពាល់​សិទ្ធិ​របស់​ពួក​គាត់​ បើ​ទោះ​ថា​ អាជ្ញាធរ​យល់​ថា​ នេះ​ជា​ការ​បង្ហាញ​គំរូ​មួយ​ក៏​ដោយ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«អាហ្នឹង​គឺ​ជា​ការ​ផ្ញើ​សារ​មួយ។ ​ ក៏​ប៉ុន្តែ​មាន​មួយ​ចំណែក ​បើ​យើង​គិត​ពី​បញ្ហា​សិទ្ធិ​មនុស្ស ​គឺ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សេរីភាព​ និង​សិទ្ធិ​របស់​ពួក​គេ។​ បើ​សិន​ជា​អត់​មាន​បទ​ល្មើស​អី​ផង ​ហើយ​យើង​គ្រាន់​តែ​អប់រំ​ឲ្យ​ត្រឡប់​ទៅ​វិញ ​ហើយ​យើង​ធ្វើ​ការ​បង្ហោះ​ជា​វីដេអូ​ ជា​អី​ទៅ ​ វា​នាំ​ឲ្យ​ទៅ​ប៉ះពាល់​សិទ្ធិ​បុគ្គល​ជា​ដើម ​ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​របៀប​ហ្នឹង​បាទ»។​

កាល​ពី​ខែ​មករា​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ថ្លែង​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​តែ​ពិចារណា​លទ្ធភាព​នៃ​ការ​បង្កើត​ច្បាប់​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ ​ដោយ​លោក​បាន​លើក​ឡើង​ថា ​ប្រទេស​ផ្សេងៗ​ដូច​ជា​ ប្រទេស​សិង្ហបុរី​ បាន​បង្កើត​ច្បាប់​នេះ​រួច​ទៅ​ហើយ ​ដូច្នេះ​លោក​ថា​ ​រដ្ឋាភិបាល​របស់​លោក​ក៏​ទំនង​ជា​នឹង​អាច​ធ្វើ​ដូចគ្នា​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ឥឡូវ​នេះ​ ពិភពលោក​កំពុង​ខ្វាយ​ខ្វល់​អំពី​ព័ត៌មាន​ក្លែងក្លាយ។​ ប្រទេស​ខ្លះ​នៅ​ក្នុង​តំបន់​របស់​យើង​ សាំងហ្គាពួរ​ជា​អ្នក​បង្កើត​ច្បាប់​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​មុន​គេ។​ ឯ​យើង​អត់​ទាន់​មាន​ទេ។​ យើង​កំពុង​តែ​ពិនិត្យ​ពិចារណា​ថា​ គប្បី​ធ្វើ​ ឬ​មិន​ធ្វើ។ ​ប៉ុន្តែ​ប្រហែល​មាន​លទ្ធភាព​ធ្វើ​ច្រើន​ជាង»៕

XS
SM
MD
LG