វ៉ាស៊ីនតោន — តំណាងក្រុមពលរដ្ឋប្រកបរបរក្រៅប្រព័ន្ធស្នើឱ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ដល់ជីវភាពរបស់ពួកគេ ក្នុងពេលដែលសកម្មភាពសេដ្ឋកិច្ចនានាបានធ្លាក់ចុះ ដោយសារតែការភ័យខ្លាចជំងឺកូវីដ១៩។
សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានសមាជិកជាង ២០០០នាក់ ជាអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កកង់បី ស្នើឱ្យរដ្ឋាភិបាលផ្តល់ជាកញ្ចប់ថវិកាខ្លះ ដើម្បីដោះស្រាយតម្រូវការចាំបាច់ដែលមានដូចជាអាហារប្រចាំថ្ងៃនិងថ្លៃសាំង។
លោក សុខ ឈុនអឿង អនុប្រធានសមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបញ្ជាក់ ប្រាប់វីអូអេ កាលពីថ្ងៃពុធ ថា៖ «ក្នុងពេលកន្លងមក គឺជាយុទ្ធសាស្ត្រល្អរបស់សម្តេចនាយក ដែលបានជួយសមាគមស៊ីក្លូ ហើយអ្វីដែលយើងមើលឃើញល្អ គឺចង់ឱ្យជួយមកបងប្អូនក្រៅប្រព័ន្ធ ជាពិសេសអ្នករត់ម៉ូតូឌុប ក៏ដូចជាអ្នករត់រ៉ឺម៉ក»។
ការអំពាវនាវរបស់លោក ឈុន អឿង ធ្វើឡើងក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែត្រៀមលក្ខណៈទប់ទល់នឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ដែលបង្កឡើងដោយវីរុសកូរ៉ូណា ដោយបានចាត់វិធានការបិទក្លឹបកំសាន្ត សាលារៀន និងផ្អាកការធ្វើដំណើរឆ្លងខេត្តជាដើម។ វិធានការដ៏តឹងរ៉ឹងនេះដើម្បីបង្កាការឆ្លងវីរុសនៅកម្រិតសហគមន៍ ជាពិសេសនៅពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
អ្នកប្រកបរបររត់រ៉ឺម៉ក និងម៉ូតូឌុប ខ្លះក៏បានផ្អាកការងារដោយខ្លួនឯងផងដែរ ដោយព្រួយបារម្ភពីសុខភាពដែលធ្វើឱ្យពួកគេបាត់បង់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារ។ នេះបើតាមការបញ្ជាក់របស់លោក សុខ ឈុនអឿង។
លោក ឈុនអឿង បានបន្ថែមថា៖ «ការជួយមានដូចជាផ្តល់ថ្លៃសាំងថ្លៃបាយ តាមរយៈសមាគម តាមរយៈសហជីព ដើម្បីជួយកាត់បន្ថយពួកគាត់ ក្នុងការគេចផុតពីកូវីដ ពីព្រោះពួកគាត់មួយចំនួនធំអត់ហ៊ានចេញប្រកបមុខរបរព្រោះគាត់ខ្លាចការឆ្លងមេរោគកូវីដ ១៩នេះដែរ»។
ប្រទេសកម្ពុជាមានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ១១៩នាក់ ភាគច្រើននៃចំនួននេះ គឺជាទេសចរបរទេសដោយរួមទាំងជនជាតិបារំាង និងអង់គ្លេសផងដែរ។ ក្នុងចំណោមនេះ គឺមានអ្នកជាសះស្បើយចំនួន ៧២នាក់ ហើយកម្ពុជានៅមិនទាន់មានការឆ្លងកម្រិតសហគមន៍នៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។
កាលពីដើមសប្តាហ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលគ្មានលទ្ធភាពជួយដោះស្រាយអ្នកប្រកបរបរកក្រៅប្រព័ន្ធទេ។
«រដ្ឋាភិបាលទៅមិនរួចទេ និយាយដោយត្រង់។ គ្រាន់តែអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធនេះ រដ្ឋាភិបាលស្ទើរតែរកលុយមិនបានទៅហើយ។ បន្ថែមទៅដោយតាំងពីអ្នករត់ម៉ូតូឌុប តាំងពីអ្នករត់ឡានឈ្នួលអីទៀតងាប់រដ្ឋាភិបាលហើយ»។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាច្រើនជួយដល់អ្នកក្រីក្រទូទៅដោយមិនសំដៅតែលើអ្នកប្រកបរបរក្រៅប្រព័ន្ធទេ។
លោក ហ៊ុន សែនបានឆ្លើយបន្ថែមនឹងសំណួររបស់អ្នកសារព័ត៌មានថា៖
«អ្នកដែលមានបណ្ណក្រីក្ររដ្ឋនឹងធ្វើអន្តរាគមន៍ប៉ុន្តែដូចដែលក្មួយសួរមកពូថាអ្នកដែលរត់ម៉ូតូឌុបគាត់ត្អូញត្អែរទៅតើមានរដ្ឋប៉ះប៉ូវទេ។ លក់ម៉ូតូសិនទៅទិញអង្ករស៊ីសិន»។
អ្នកប្រកបរបររត់ម៉ូតូឌុបត្រូវបានចាត់ទុកថា ជាក្រុមងាយរងគ្រោះដោយសារតែពួកគេរកចំណូលបានមួយថ្ងៃសម្រាប់មួយថ្ងៃដោយមាន ប្រាក់សន្សំតិចតួចខ្លះសម្រាប់បង់រំលោះម៉ូតូដែលពួកគេបានខ្ចីបុលពីស្ថាប័នមីក្រូហិរញ្ញវត្ថុដើម្បីទិញប្រកបការងារ។
លោក សុខ ឈុនអឿង បានបន្ថែមថា៖ «តាមពិតកម្មករក្រៅប្រព័ន្ធ គាត់មិនអាចទៅលក់មូ៉តូ ហើយទៅទិញអង្ករដូចប្រសាសន៍របស់សម្តេចបានទេពីព្រោះតាមធម្មតាគាត់អាចលក់ពីម៉ូតូថ្មីទៅទិញម៉ូតូចាស់ក៏អាចបាន។ ប៉ុន្តែ បើលក់ម៉ូតូទិញស្រូវទុកហូប គឺមិនអាចទេ»។
មួយថ្ងៃក្រោយមកអាជ្ញាធរកម្ពុជាបានបញ្ជាក់ថាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី គឺគ្រាន់តែជាការលេងសើចប៉ុណ្ណោះហើយបានចាប់ឃាត់ខ្លួននិពន្ធនាយកសារព័ត៌មានតាមអនឡាញម្នាក់ឈ្មោះសុវណ្ណ រិទ្ធី នៃស្ថាប័ន TVFB ដែលបានសរសេរដកស្រង់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។
តុលាការក៏បានចោទអ្នកសារព័ត៌មាននោះពីបទញុះញ៉ង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាថ៍។ រីឯក្រសួងព័ត៌មានក៏បានដកអាជ្ញាបណ្ណរបស់ស្ថាប័ននោះផងដែរ។
អតីតគណបក្សប្រឆាំងបានរិះគន់ចំពោះការមិនយកចិត្តទុកដាក់នេះ ដោយបន្ថែមថាអ្នករត់ម៉ូតូឌុបខ្លះ គឺជាមន្ត្រីរាជការដែលឆ្លៀតពេលរកចំណូលបន្ថែមក្រៅពីម៉ោងធ្វើការរដ្ឋក៏ព្រោះតែជីវភាពខ្វះខាត។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់វីអូអេថាពេលនេះមិនមែនជាការលេងសើចទេហើយបើទោះបីជាលេងសើចក៏ដោយក៏មិនអាចជៀសផុតពីទំនួលខុសត្រូវក្នុងការដាក់ចេញនូវគោលការណ៍ជួយពលរដ្ឋដែរ។
«លេងក៏ដោយ មិនលេងក៏ដោយ សូមបញ្ចេញថវិកាដែលលោកមានប្រសាសន៍ថា មានដល់៨០០លាន ២០០០លានយកមកប្រើមកហេតុអ្វីបានជាឱ្យពលរដ្ឋខ្លួនឯងគាត់ទៅរកលក់ស្រែលក់ចម្ការលក់ម៉ូតូឌុបយកមកទិញអង្ករចិញ្ចឹមជីវិតទៅវិញ។ នោះវាមិនត្រឹមត្រូវ»។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានលើកឡើងថាដោយសារតែ ហេតុផលកម្ចាត់ជំងឺកូវីដ១៩គឺរដ្ឋជាច្រើនបានដាក់កំហិតលើសិទ្ធិពលរដ្ឋសាមញ្ញ ដោយធ្វើបាបអ្នករិះគន់និងពង្រឹងអំណាចខ្លួនបន្ថែម។ អង្គការនេះក៏បានស្នើឱ្យដោះលែងអ្នកសារព័ត៌មាននោះ៕