ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​កើន​លើស​ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ SARS


អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្នុង​ប្រទេស​ចិន ក្រោយ​ការ​ផ្ទុះ​រាលដាល​មេរោគ​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២០។

ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​នៅ​ប្រទេស​ចិន​ដី​គោក​បាន​កើន​ដល់ ៨១១ នាក់​ហើយ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ គឺ​លើស​ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ SARS កាល​ពី​ឆ្នាំ ២០០២ និង ២០០៣ ទៅ​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ចិន​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។

គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា សម្រាប់​ថ្ងៃ​សៅរ៍​ម្សិលមិញ គឺ​មាន​មនុស្ស ៨៩ នាក់​បាន​ស្លាប់​ដោយសារ​មេរោគ​នេះ។

កាល​ពី​ឆ្នាំ ២០០២ និង ២០០៣ មេរោគ SARS ត្រូវ​បាន​គេ​ជឿ​ថា​បាន​សម្លាប់​មនុស្ស​អស់​ជាង ៧៧៤ នាក់ និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជិត ៨ ពាន់ ១ រយ​នាក់​ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​ប្រទេស​ចិន និង​ទីក្រុង​ហុងកុង។

គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន​បាន​រាយការណ៍​ថា ករណី​ឆ្លង​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​នេះ​សរុប​មាន​ចំនួន ៣ ម៉ឺន ៧ ពាន់ ១៩៨ ករណី គិត​ត្រឹម​ថ្ងៃ​សៅរ៍​ម្សិលមិញ។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​លោក Tedros Adhanom Ghebreyesus បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​នឹង​បញ្ជូន​អ្នក​ស៊ើប​អង្កេត​អន្តរជាតិ​មួយ​ក្រុម​ទៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ច័ន្ទ ឬ​ក៏​ថ្ងៃ​អង្គារ​ខាង​មុខ។

ពលរដ្ឋ​អាមេរិកាំង​អាយុ ៦០ ឆ្នាំ​ម្នាក់​បាន​ស្លាប់​ដោយសារ​មេរោគ​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

កាល​ពី​ថ្ងៃ​សុក្រ សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ផ្ដល់​ជំនួយ​រហូត​ដល់​ទៅ ១ រយ​លាន​ដុល្លារ​ឲ្យ​ប្រទេស​ចិន និង​ប្រទេស​ផ្សេង​ទៀត​ដែល​រងគ្រោះ​ដោយសារ​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​នេះ ដើម្បី​ទប់ទល់​កុំ​ឲ្យ​ឆ្លង​រាតត្បាត​បន្ថែម​ទៀត៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG