ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ជំទាស់​​​បដិសេធ​ថា ​ខ្លួន​មិនពាក់ព័ន្ធ​ការ​បរិហារ​កេរ្តិ៍សាវតា​កូន​ប្រុស​របស់​លោក​ហ៊ុន សែន​ទេ​


ពិធីចែកសញ្ញាប័ត្រ​និស្សិត​ IIC ​កាលពី​ថ្ងៃទី១២​ ខែ​ឧសភា​​​ឆ្នាំ២០១៦។​ (រូបថត​ពី​ទំព័រ​ហ្វេប៊ុក​​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន)។​
ពិធីចែកសញ្ញាប័ត្រ​និស្សិត​ IIC ​កាលពី​ថ្ងៃទី១២​ ខែ​ឧសភា​​​ឆ្នាំ២០១៦។​ (រូបថត​ពី​ទំព័រ​ហ្វេប៊ុក​​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន)។​

គណបក្ស​ជំទាស់​បាន​បដិសេធ​ការចោទ​ប្រកាន់ជា​សាធារណៈ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ពាក់ព័ន្ធ​នឹង​ការ​បរិហារ​កេរ្តិ៍​សាវតា​កូន​ប្រុស​របស់​លោក។​ ​ប្រតិកម្ម​របស់​លោក ​ហ៊ុន សែន​កើតឡើង​ក្រោយ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​ មាន​ការ​បង្ខូចកេរ្តិ៍​ឈ្មោះ​គ្រួសារ​លោក​ដែល​ថា ​កូនប្រុស​ច្បង​របស់​លោក​មិនមែន​ជាកូន​លោក​ តែ​គឺ​ជា​កូន​របស់​មេដឹក​នាំ​វៀតណាម។​

ភ្លាមៗ ​បន្ទាប់​ពីលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អះអាង​ថា​គណបក្ស​ជំទាស់​ជាអ្នក​នៅពី​ក្រោយការ​បង្ខូច​ឈ្មោះ​គ្រួសារ​លោក​ ដែល​មាន​ការ​ចោទ​ប្រកាន់​ថា លោកហ៊ុន ម៉ាណែត​មិនមែន​ជាកូន​របស់​លោក​ តែជាកូន​ប្រុស​របស់​មេដឹកនាំ​វៀតណាម​នោះ ​គណបក្ស​ជំទាស់​បាន​បដិសេធ​ថា​ ខ្លួន​មិន​ជាប់ពាក់​ព័ន្ធ​ ហើយនឹង​មិន​ដឹង​រឿង​ដែល​ចោទ​ប្រកាន់​ដោយ​លោក​នាយករដ្ឋ​មន្ត្រី​នោះ​ទេ។​ ​លោក ​យឹម សុវណ្ណ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិអះអាង​ថា៖​

«គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ប្រកាន់​ខ្ជាប់​នូវ​វប្បធម៌​ដោយ​គោរព​នូវ​សេចក្តី​ថ្លៃថ្នូរ​ និង​មនុស្ស​គ្រប់ៗរូប។​ យើង​ប្រកាន់​យក​គោល​ការណ៍​ខ្មែរ​តែមួយ​ មិន​យក​ខ្មែរណា​ជា​សត្រូវ​ ហើយ​ជាពិសេស​គណបក្ស​សង្គ្រោះ​ជាតិ​មិនយក​បញ្ហា​បុគ្គល​ធ្វើជា​រឿង​នយោបាយ​ទេ។ ​យើង​បាន​បញ្ជាក់​ជំហរ​ច្បាស់​រួចហើយ‍»។​

ការ​បដិសេធរបស់​លោក​យឹម សុវណ្ណ​កើតឡើង​ក្រោយ​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ចោទ​ប្រកាន់​ជា​សាធារណៈ​ក្នុង​សន្ទកថា​របស់​លោក​កាល​ពីថ្ងៃ​ព្រហស្បតិ៍ថា៖​

«នេះ​ជា​រឿង​អាណោច​អធម​ ប៉ុន្តែ​ខ្ញុំ​អត់គិត​ថា ​ពួក​ប្រឆាំង​អាច​ធ្វើ​អំពើ​ថោកទាប​បែប​នេះ​បាន​ទេ អត់នឹក​ដល់។​ ដូច្នេះ​ខ្ញុំ​ក៏ត្រូវ​ប្រកាន់​ឥរិយាបទ​មួយ​ ព្រោះ​ខ្ញុំបាន​និយាយ ​បើ​អ្នក​ឯង​មិន​ឲ្យ​ខ្ញុំសុខ​ ខ្ញុំ​ក៏​មិន​ឲ្យ​អ្នក​ឯង​សុខ​ដែរ។​ ថ្នាក់​ដល់​កម្រិត​ថា ​កូន​ខ្ញុំ​នេះ ​ប្រពន្ធ​របស់ខ្ញុំ​នេះ​ ជា​ប្រពន្ធ​មេដឹកនាំ​វៀតណាម​ណាមួយ​នោះ​ រួច​ហើយ​បាន​កូន ​ហ៊ុន ម៉ាណែត​នេះ​យក​ទៅ​ឲ្យ​សុខ អាន​ចិញ្ចឹម។​ គេអាច​ទៅ​រួច!​ មួលបង្កាច់​បែប​នេះ​ទៅរួច!​ តើ​រឿង​ស្អី​ទៀត​ដែល​គេ​មិន​អាច​មួល​បង្កាច់​បាន? ធ្វើអី​មិនកើត ​ទៅ​អាមេរិក​បាតុកម្ម​គ្រប់​កន្លែង​ តែអ្នក​ធ្វើ​បាតុកម្ម​៥០​នាក់ អ្នក​ចូល​រួម​ទទួល​ហ៊ុន ម៉ាណែត​៥០០​ឬលើស៥០០។​ អានេះ៣០​នាក់​ អានោះ៥០០​។ អា​នេះ ​២៥ ​អា​នោះ​៥០០។ ​ហើយ​ដល់​ធ្វើ​អីមិន​កើត​ បង្ហោះ​ហ្វេសប៊ុក។ ​អាហ្នឹង​មិនមែន​រឿង​ថ្មី​របស់​បក្ស​ប្រឆាំង​ទេ‍»។​

លោក​ហ៊ុន សែន​ ដែល​មិន​សប្បាយ​ចិត្ត​នឹង​ការ​បរិហារ​កេរ្តិ៍​គ្រួសារ​លោក​នោះ ​បានអះអាង​ថា ​លោក​ទំនងជា​មិនជួយ​ក្រុម​ប្រឆាំង​ឲ្យរួច​ទោស​ក្រោយ​តុលាការ​កាត់ទោស​រួច​ទេ។ តាម​ច្បាប់​ នាយក​រដ្ឋ​មន្ត្រី​មាន​សិទ្ធិ​ស្នើឲ្យ​មាន​ការ​លើកលែង​ទោស​ពី​ព្រះ​មហា​ក្សត្រ។​

«សុំ​ផ្តាំ​ទៅ​ខាង​បក្ស​ប្រឆាំង ​បើ​អ្នក​ឯង​ចង់​លេង​ ខ្ញុំ​កំដរ​លេង​ជាមួយ​អ្នក​ឯង។​ កូន​ប្រុស​ខ្ញុំ​វ៉ៃ​ (សារមកខ្ញុំ)​ថា​ ឥឡូវ​ពុក​ខ្ញុំ​សុំ​ប្រកាស​តែម្តង​ត្រូវ​ដាក់​ខ​សន្យា​ជាមួយ​គ្នា។ ​បើ​ធ្វើការ​វិភាគ ​DNA ​ទៅ​ ខ្ញុំ​មិនមែន​ជា​កូន​ពុក​ អ្នក​ឯង​ត្រូវ​ដក​ខ្លួន​ចេញ​ពី​នយោបាយ។​ តែ​ផ្ទុយ​ទៅវិញ​ បើសិន​ជា​ខ្ញុំ​មិនមែន​ជាកូន​របស់​ពុក ​គឺ​ខាង​យើង​ក៏​ត្រូវ​ដកខ្លួន​ចេញ​ពី​នយោបាយ។ ​ខ្ញុំ​វ៉ៃ​ត្រឡប់​ទៅ​វិញ​ កុំ​រវល់​ជាមួយ​ពួកវា។​ ហ៊ុន ម៉ាណែត​គឺ​ជា​មនុស្ស​នឹង​ន៎​ជាង​គេ​ក្នុង​ចំណោម​កូន​របស់​ខ្ញុំ។​ ក៏​ប៉ុន្តែ​ វា​អត់​ទ្រាំ​មិន​បាន​ជាមួយ​នឹង​ការ​ប្រមាថ។​ អញ្ចឹង​ប្រមាថ​ប្រពន្ធ​របស់ខ្ញុំ​ស្មើ​ទៅ​នឹង​ស្រី​របស់​មេ​ដឹកនាំ​វៀតណាម​ម្នាក់​ ប្រមាថ​កូន​របស់​ខ្ញុំ​ទៅ​ជា​កូន​របស់​មេដឹកនាំ​វៀតណាម​ម្នាក់។ ​អញ្ចឹង​ហើយ​ចំណុច​នេះ​មួយ​ ​ខ្ញុំប្រាប់​ឲ្យ​ហើយ ​គឺ​ដាច់​ខាត​ហើយ​គឺ​អ្នក​ឯង​គ្មាន​ការ​កែ​តម្រូវ​ណាមួយ​ គ្មាន​ការ​ណែនាំ​ណាមួយ​ឲ្យ​ខ្ញុំ​ធ្វើ ​ហើយ​អ្នកឯង​មិនចាំ​បាច់​មក​រក​ដៃ​ហ៊ុន សែន​ជួយ​អីទេ។​ ដំណើរការ​ក្តី​តុលាការ​គឺ​ត្រូវ​ធ្វើ​ដោយ​តុលាការ​ ដោយ​គ្មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ហ៊ុន សែន‍»។​

លោក​ហ៊ុន សែន​ពុំ​បាន​បញ្ជាក់​លម្អិត​ថា ​តើក្រុម​ប្រឆាំង​ណាមួយ​ បុគ្គល​ណា​មួយ ​ភស្តុតាង​អ្វី ​ដែល​លោក​ចាត់ទុក​ថា ​ជាមូលដ្ឋាន​នៃ​ការ​បរិហារកេរ្តិ៍​នោះ។​

ទោះជាយ៉ាងណាក្តី​ អ្នក​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​គឺ​លោក​សុខ សំអឿន​បាន​យល់​ថា​ រឿង​បែបនេះ​គឺ​ជា​បទ​បរិហារ​កេរ្តិ៍​ជាសាធារណៈ​ ដែល​គេ​អាច​ប្តឹង​បាន។​ លោក​បាន​បញ្ជាក់​បន្ថែម​ពី​ការកត់​សម្គាល់របស់​លោក​ថា ​ក្រុម​អ្នក​នយោបាយ​មិនធ្វើ​ការ​ប្តឹង​ទេ​កន្លង​មក​ ដោយ​សារ​ថា​បទ​បរិហារ​កេរ្តិ៍​សាធារណៈ​មាន​ទោស​ស្រាល ​ដោយ​គ្រាន់​តែ​ជាប់​ពិន័យ​មិន​ជាប់គុក។​

«តែ​អ្នក​ដែល​ផ្សព្វផ្សាយ​អីហ្នឹង​ ឬ Share​ ត្រូវ​ប្រយ័ត្ន​បន្តិច ព្រោះ​រឿង​ហ្នឹង​គេ​អាច​ប្តឹង​បាន ព្រោះ​គេ​រក​ការណ៍ពិត​មិន​មិន​ឃើញ​ គេ​អាច​ប្តឹង​បទ​បរិហារកេរ្តិ៍​សារធារណៈ​បាន‍»។​

ម៉្យាងទៀត​ គេ​សង្កេត​ឃើញ​ថា​ ការ​បរិហាកេរ្តិ៍​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី ​ដែល​ថា​ លោក​ហ៊ុន ​ម៉ាណែត​ជាកូន​ប្រុស​មេដឹកនាំ​វៀតណាម​ ​ឡេ ដឹកថូ​នោះ ​កើត​មាន​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ជា​រឿយៗ ​ពីក្រុម​មនុស្ស​ដែល​ចូល​ចិត្ត​រិះគន់​ឥត​សំចៃ​មាត់​លើ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែលបាន​ឡើង​កាន់​អំណាច​កាលពី​ឆ្នាំ​១៩៧៩ដោយ​មាន​ការ​គាំទ្រ​ពីវៀតណាម​ ​ក្រោយ​ពេល​វៀតណាម​បាន​បណ្តេញ​ក្រុម​ខ្មែរ​ក្រហម​ចេញ​ពី​អំណាច។​ ការ​រិះគន់​ធ្ងន់ៗ​ដូចគ្នា​នឹង​ការ​ប្រមាថ​លើ​លោក​សម រង្ស៉ី​ និង​លោក​កឹម សុខា ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​កើត​មាន​ជា​រឿយៗ​ផង​ដែរ។​

ក្រុម​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​ត្រូវរង​គ្រោះ​ជាប់គុក​និង​ត្រូវចោទ​ប្រកាន់​ពី​តុលាការ ​ក្នុងនោះ​រួមមាន​ទាំង​លោក​សម រង្ស៉ី ​ដែល​កំពុង​នីរទេស​ខ្លួន​ពី​បណ្តឹង​បរិហារ​កេរ្តិ៍ ​និង​រឿង​ព្រំដែន​ ហើយ​លោក​ កឹម សុខា​កំពុង​ជាប់ក្តី​ក្តាំ​តុលាការ​ពីបទ​ចោទ​ប្រកាន់​រឿង​អាស្រូវ​ស្នេហា​ផ្ទាល់​ខ្លួន។​

គណបក្ស​ទាំង​ពីរ​នៅ​បន្ត​វាយ​ប្រហារ​គ្នា​ទៅវិញ​ទៅ​មក​ខាងនយោបាយ​ដោយ​ទុកចោល​វប្បធម៌​សន្ទនា​មួយ​អន្លើ។​ ក្រុម​ប្រឆាំង​ចាត់​ទុក​ថា ​ការ​បង្រ្កាប​និង​ធ្វើ​ទុក្ខបុកម្នេញ​ពួកគេ​នាពេលចុងក្រោយ​នេះ​គឺជា​ល្បិច​កល​របស់​គណបក្ស​កាន់​អំណាច​ដែលគ្រប់​គ្រង​ប្រទេស​ជាង​៣០​ឆ្នាំ​ដើម្បី​បំបិទសំឡេង​ពួក​គេ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ​និង​ការ​បោះ​ឆ្នោត​សភា​នៅ​ឆ្នាំ​២០១៨។​ តែ​គណ​បក្ស​កាន់​អំណាច​វិញ​អះអាង​ថា ​ការ​ចាប់​ខ្លួន​ និង​ការ​ចោទ​ប្រកាន់​លើ​ក្រុម​ប្រឆាំង​ជា​ការ​អនុវត្ត​ច្បាប់​ និង​នីតិរដ្ឋ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG