ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សិទ្ធិ​មនុស្ស​អ.ស.ប.​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​សិទ្ធិ​​នយោបាយ​ សិទ្ធិ​បញ្ចេញ​មតិ

  • សុខ ខេមរា

លោក​ស្រី Ravina Shamdasani អ្នក​នាំ​ពាក្យ​របស់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស។ (UN Multimedia)

អង្គការ​សិទ្ធិ​មនុស្ស​អ.ស.ប.​​ជំរុញ​​ឲ្យ​​រដ្ឋាភិបាល​កម្ពុជា​ធានាសិទ្ធិ​​នយោបាយ​ សិទ្ធិ​បញ្ចេញ​មតិ។​​ ប្រតិកម្ម​របស់​អ.ស.ប.​​នេះ​កើត​មាន​ឡើង​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​ ក្រោយ​ពេល​ដែល​មន្ត្រី​ និង​សកម្មជន​គណបក្ស​ជំទាស់​ប្រឈម​នឹង​បរិយាកាស​ដ៏អាក្រក់​ផ្ទួនៗ​គ្នា។​

អង្គការ​សិទ្ធិ​មនុស្ស​អ.ស.ប.ជំរុញឲ្យរដ្ឋាភិបាល​កម្ពុជា​ធានាសិទ្ធិនយោបាយ​ សិទ្ធិ​បញ្ចេញ​មតិ។ ប្រតិកម្ម​របស់​អ.ស.ប.នេះ​កើត​មាន​ឡើង​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​ ក្រោយ​ពេល​ដែល​មន្ត្រី​ និង​សកម្មជន​គណបក្ស​ជំទាស់​ប្រឈម​នឹង​បរិយាកាស​ដ៏អាក្រក់​ផ្ទួនៗ​គ្នា។​

ក្រោយ​ពេល​ដែល​ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​ និង​ក្រុម​សកម្មជន​នានា​បាន​រង​«បរិយាកាស​ដ៏អាក្រក់»​ ដូចជា​ការ​ចាប់​ដាក់គុក​ ដក​ហូត​តំណែង​ និង​ការវាយ​ប្រហារ​តំណាង​រាស្ត្រជា​ដើម​នោះ​ ឧត្តម​ស្នងការ​អ.ស.ប.ទទួល​ផ្នែក​សិទ្ធិ​មនុស្ស​បានទទូច​ថា​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ទទូល​ខុសត្រូវ​ចំពោះ​ការ​ធានាសិទ្ធិ​ប្រមូល​ផ្តុំគ្នា​ ​និង​ការ​បញ្ចេញ​មតិ​ជូន​ដល់​គ្រប់ភាគី​ទាំងអស់។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ឧត្តម​ស្នងការ​អ.ស.ប.ទទួល​ផ្នែក​សិទ្ធិ​មនុស្ស​ចេញនៅ​ថ្ងៃ​សៅរ៍​នេះ​ បាន​អះអាង​ថា​ មាន​សកម្មជន​គណបក្ស​ជំទាស់​១១​រូប​ត្រូវ​តុលាការ​សម្រេចឃុំឃាំង​ចាប់​ពី​៧​ឆ្នាំដល់​២០​ឆ្នាំ ​ដោយ​សារតែ​ការ​ចូលរួម​ ឬដឹកនាំ​កុប្បកម្ម ​ហើយ​សមាជិក​ព្រឹទ្ធ​សភា​ម្នាក់​កំពុងរង់​ចាំការ​កាត់ទោស​ពីបទចោទ​ថា​ បានក្លែង​បន្លំ​ឯកសារ​ជា​សាធារណៈ។ ជាងនេះ​ទៀត ​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅ ​ដែល​ទំនង​ជា​ត្រូវបាន​រៀបចំដោយក្រុម​បាតុករ​គាំទ្រ​រដ្ឋាភិបាល​ក្នុងទីក្រុង​ភ្នំពេញនោះ បាន​វាយ​ប្រហារ​ជាពាក្យ​សម្តី​ ​និង​វាយ​ដំ​រាង​កាយ​លើ​សមាជិក​សភា​គណបក្ស​ជំទាស់​ចំនួន​ពីររូប ​គឺ​លោក ​ញ៉យ ចំរើន​ និង​លោក​គង់ សភា​ រួមនិង​ការ​គំរាមសុវត្ថិភាព​របស់​លោក​កឹម សុខា​ អនុប្រធាន​ទី១​ រដ្ឋសភា ​នៅ​គេហដ្ឋាន​របស់​លោក​ផ្ទាល់​ផង។ ​លោក​កឹម សុខា​ ក្រោយ​មក​ត្រូវ​រដ្ឋសភា​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​បោះឆ្នោត​ទម្លាក់​ពី​តំណែង​អនុ​ប្រធាន​សភា​កាលពី​ថ្ងៃ​សុក្រ​ ​ដោយសារ​ការ​បញ្ចេញ​មតិ​និង​សារ​នយោបាយ​របស់​លោក​ដែលគណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ចាត់ទុក​ថា​ ធ្វើឲ្យ​ប៉ះពាល់​ដល់​គណបក្ស​កាន់​អំណាច​នេះ។​

លោក​ស្រី រ៉ាវីណា ​ស្សាំសាដានី​ (Ravina Shamsadani)​ អ្នក​នាំពាក្យ​របស់ ឧត្តម​ស្នងការ​អ.ស.ប.ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ពីទីក្រុង​ហ្សឺណែវ​មក​ថា៖​

«វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ក្នុងការ​ធានា​ថា​ បុគ្គល​គ្រប់រូប​ មិនត្រូវ​ក្លាយ​ជា​គោលដៅ​វាយប្រហារ​ដោយសារ​ការ​ចូលរួម​ពាក់ព័ន្ធ​នឹង​នយោបាយ​ ឬ​ការ​បញ្ចេញ​ទស្សនៈ​ផ្ទុយគ្នា​នោះ​ទេ»។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ដោយ​ដក​ស្រង់​របាយ​ការណ៍​នានា​ដែល​លើក​ឡើង​ថា ​ប៉ូលិស​និង​អាជ្ញាធរ​សន្តិសុខ​គ្រាន់​តែ​មើល​ ខណៈពេល​ដែល​មាន​ការ​វាយ​ប្រហារ​កើត​ឡើង​ ដែល​ផ្ទុយ​ទាំង​ស្រុងទៅ​នឹង​វិធានការ​តប​ត​ចំពោះ​បាតុកម្ម​នានា​ដែល​បាន​រៀបចំដោយ​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​ពេល​កន្លង​មក​នោះ។​

«យើង​សូម​បញ្ជាក់​ថា​ សិទ្ធិ​ចូលរួម​ធ្វើការ​ប្រមូល​ផ្តុំ​និង​ចូលរួម​សម្តែងមតិ​ត្រូវផ្តល់​ជូន​ដល់​បុគ្គល​គ្រប់រូប ​មិនថា ​ពួកគេ​មកពី​គណបក្ស​ណា ​និង​មាន​យោបល់​យ៉ាង​ណា​នោះ​ទេ»។​

លោកស្រី​បាន​ទទូច​ឲ្យអាជ្ញាធរ​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​ដៃ​ដល់​មក​ផ្តន្ទាទោស​តាម​ច្បាប់ ​ហើយ​ធានា​សុវត្ថិភាព​ជូនដល់​អ្នក​តំណាង​រាស្ត្រ ​ដែល​ត្រូវ​បាន​ជ្រើស​រើស​តាម​បែប​ប្រជា​ធិបតេយ្យ ​ហើយ​មិន​ត្រូវ​គិត​ពី​និន្នាការ​នយោបាយ​របស់​ពួក​គេ​នោះទេ។​

ទោះជា​យ៉ាង​ណាក្តី​ នៅ​សប្តាហ៍នេះ​ រដ្ឋាភិបាល​បាន​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​មួយ​ដើម្បី​តាម​ ចាប់ខ្លួន​ជនសង្ស័យ​ដែល​បាន​ប្រព្រឹត្ត​ការ​វាយ​ប្រហារ​អ្នក​តំណាង​រាស្ត្រ ទាំងពីរ​ដែលរង​របួស​ធ្ងន់។​ តំណាង​រាស្ត្រ​ទាំងពីរ​រូប​ពេល​នេះ​កំពុង​សម្រាក​ព្យាបាល​របួស​នៅឯ​ក្រុង​បាងកក ​ប្រទេស​ថៃ។​

វីអូអេ​បានព្យាយាមទាក់ទង​សុំការ​បំភ្លឺ​ពី​មន្ត្រី​រដ្ឋាភិបាល ​និង​មន្ត្រី​ប៉ូលិស​ដែល​ទទួល​បន្ទុក​ផ្នែក​ស៊ើប​អង្កេត​ករណីនេះ​ ​តែមិនអាច​ទាក់ទង​បាន​ទេ ​នៅ​ថ្ងៃនេះ។​ តែ​មាន​ព័ត៌មាន​ថា​ អាជ្ញាធរ​អះអាង​ថា ​បាន​រក​ឃើញ​សញ្ញាណ​ខ្លះៗ​ហើយ។​

លោក​អំ សំអាត ​ប្រធាន​ក្រុម​បច្ចេក​ទេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បានថ្លែង​ថា​ លោក​បាន​ឮ​ថា​ មាន​ការស៊ើប​អង្កេត​មែន​ តែគេ​មិន​ទាន់​ឃើញ​បង្ហាញលទ្ធផល​ជាក់​លាក់​ទាក់ទង​នឹង​ការ​វាយ​អ្នក​តំណាង​រាស្ត្រ​នោះ​ទេ។

«ចំពោះ​ករណីនេះ ​យើង​គិត​មក​ដល់​ពេល​នេះជិត​មួយ​សប្តាហ៍ហើយ​ មិនទាន់​ឃើញ​ សញ្ញា​ណា​មួយ​ក្នុង​ការ​ចាប់​ក្រុម ​ឬ​ក៏​អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​នោះ​ទេ​បាទ។​ នេះ​ហើយ​ដែលយើង​ឃើញ​ថា​ អង្គការ​សិទ្ធិ​មនុស្ស​អ.ស.ប.​ក៏​ដូចជា​អង្គការ​អន្តជាតិ​និង​អង្គការ​ជាតិ ​ដែលយើងអំពាវនាវ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​តម្លាភាព​ ឯករាជ្យ ​និង​មានឆន្ទៈ​ពិត​ប្រាកដ ​ដើម្បី​ស្វែង​រក​ជន​ដៃ​ដល់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់»។​

លោក​អំ សំអាត​បាន​អះអាង​ថា​ ការ​ស៊ើប​អង្កេត​រឿង​នេះ​វា​ខុស​ពី​លើក​មុន ​ដែល​ជន​សង្ស័យគ្រាន់​តែ​ធ្វើ​ការ​គំរាម​ ​ និង​ធ្វើ​បាតុកម្ម​ ​ក៏​ត្រូវ​ចាប់ខ្លួន​បាន​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មានថ្ងៃ ​ឬ​ភ្លាមៗ​ក៏មាន ​ជាពិសេស​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ ឬក៏​ក្រុម ដែល​រិះគន់​រដ្ឋាភិបាល​ក្រោយ​ការ​បោះឆ្នោត។​

គណបក្ស​សង្គ្រោះជាតិ​គឺជាគូ​ប្រជែង​នយោបាយ​ដ៏​សំខាន់​សម្រាប់​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែលកាន់​អំណាច​ជាង​៣០​ឆ្នាំ​ ​ជា​ពិសេស​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្គាត់​នៅ​ឆ្នាំ​២០១៧ ​និង​ការបោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រនៅឆ្នាំ​២០១៨៕

XS
SM
MD
LG