ប៉ូលិស​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ត្រឡប់​មក​បំពេញ​តួនាទី​ឡើង​វិញ​ក្រោយ​ពី​ចលាចល​នយោ​បាយ​បាន​បញ្ចប់​ទៅ

លោក​វរសេនីយឯក Overson Mugwisi អ្នក​នាំ​ពាក្យ​របស់​យោធា​ស៊ីមបាវ៉េ (រូប​ឆ្វេង) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​នឹង​លោកស្រី Charity Charamba អ្នក​នាំពាក្យ​របស់​ប៉ូលិស​ស៊ីមបាវ៉េ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ប៉ូលិស នៅ​ក្នុង​ក្រុង Harare ប្រទេស​ស៊ីមបាវ៉េ កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

កង​កម្លាំង​សន្តិសុខ​ប្រទេស​ស៊ីមបាវ៉េ​បាន​និយាយ​ថា​សន្តិសុខ​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ ហើយ​ពួក​គេ​នឹង​ត្រឡប់​ទៅ​ធ្វើ​ការ​របស់​ពួក​គេ​ឡើង​វិញ។ ប៉ុន្តែ​ការ​ប្រកាស​ដូច​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ស៊ីម​បាវ៉េ​ជា​ច្រើន​មាន​ការ​ភ័យ​ខ្លាច​ ដោយ​ពួក​គេ​នៅ​តែ​មាន​អារម្មណ៍​ប្រយ័ត្ន​ប្រយែង​ចំពោះ​កងកម្លាំង​សន្តិសុខ​ដដែល​ បន្ទាប់​ពី​មាន​ការ​រំលោភ​បំពាន​អស់​រាប់​ឆ្នាំ​កន្លង​មក​នេះ។​​

ការ​លើក​ឡើង​ខាង​ក្រោម​នេះ​របស់​លោក​ស្រី​ Charity Charamba​ ដែល​ជា​អ្នក​នាំ​ពាក្យ​ប៉ូលិស​គួរ​តែ​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ស៊ីមបាវ៉េ​មាន​ការ​ស្ងប់ចិត្ត។

លោក​ស្រី​ CHARAMBA​ បាន​ថ្លែង​ថា៖

«ស្ថាន​ភាព​របស់​ប្រទេស​យើង​ត្រឡប់​ទៅរក​ភាព​ធម្មតា​វិញ​ហើយ។ យើង​ខ្ញុំ​ចង់​បញ្ជាក់​ប្រាប់ប្រជា​ពលរដ្ឋ​ទូទៅ​ថា ប៉ូលិស​នឹង​ត្រឡប់​ទៅ​បំ​ពេញ​តួនាទី​របស់​ខ្លួន​វិញ​ ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ស៊ីមបាវ៉េ​នៅ​ក្រោម​មាត្រា​ទី​២១៩»។

លោក​ស្រី​ Charity Charamba​ បាន​ប្រកាស​ថា​ប៉ូលិស​នឹង​ត្រឡប់​ទៅបំពេញ​ការងារ​របស់​ពួក​គេ​វិញ​ ហើយ​ដើរ​ល្បាត​រួម​គ្នា​ជា​មួយ​នឹង​ទា​ហាន​នៅ​កណ្តាល​រដ្ឋ​ធានី​ Harare​ ដែល​ការ​ប្រកាស​នេះ​បានធ្វើ​ឡើងក្នុង​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍​ផង​ បន្ទាប់​ពី​ទាហាន​បាន​ធ្វើ​ប្រតិបត្តិ​ការ​ក្នុង​អំឡុង​ពេល​ចលាចល​នយោបាយ​ដែល​បាន​បង្ខំ​ឲ្យ​លោក​ប្រធានា​ធិបតី​ Robert Mugabe​ ចុះ​ចេញ​ពី​តំណែង។

ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ ដែល​ជា​ប្រទេស​ដែល​អង្គការ​សិទ្ធិ​មនុស្ស​បាន​ចោទ​ប្រកាន់​ប៉ូលិសថា ​បាន​ប្រព្រឹត្តិ​អំពើ​ហិង្សា​យ៉ាង​ឃោរ​ឃៅ​ ធ្វើ​ការ​ចាប់​ឃុំខ្លួន​មនុស្ស​តាម​ទំនើង​ចិត្ត​ និង​ការ​ចាប់​ជំរិត​ទារ​ប្រាក់​ជា​ដើម​នោះ​ ពាក្យ​ទាំង​នោះ​មិន​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្ងប់​ចិត្ត​ឡើយ។

ប្រជា​ពលរដ្ឋ​ស៊ីមបាវ៉េ​មិន​ពេញ​ចិត្ត​ប៉ូលិស​នោះ​ទេ​ ដោយ​មនុស្ស​ច្រើន​ជាង​៦​ម៉ឺន​នាក់​នៅ​ពហុកីឡាដ្ឋាន​មួយ​កន្លែង​បាន​ស្រែក​មិន​ពេញ​ចិត្ត​ខ្លាំងៗ​ នៅ​ពេល​ដែល​ស្នង​ការ​ប៉ូលិស​ជាតិ​សច្ចា​បង្ហាញ​ពី​ភាព​ស្មោះ​ស្ម័គ្រ​របស់​ខ្លួនចំពោះ​ប្រធានាធិបតី​ថ្មី​ គឺ​លោក​ Emmerson Mnangagwa​ ក្នុង​អំឡុង​ពេល​លោក​ស្បថ​ចូល​កាន់​តំណែង​ជាប្រធានាធិបតី។

សកម្មជន​ លោក​ Promise Mkwananzi​ បាន​ថ្លែង​ថា​ លោក​មិន​ចាំ​ពី​ចំនួន​ដែល​លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នោះ​ទេ​ ដោយ​លោក​និយាយ​ថា​ប្រហែល​ជា​២០​ដង។ ការ​ចាប់​ខ្លួន​លោក​ជា​ច្រើន​លើក​គឺ​ ដោយ​សារ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​ Mugabe​ ប៉ុន្តែ​ដូច​អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​ Hararian​ ជា​ច្រើន​ទៀត​ដែរ​ លោក​បាន​ជួប​ប្រទះ​ការ​ស្ទាក់​ផ្លូវ​ខុស​ច្បាប់​ដោយ​ប៉ូលិស​ជា​ច្រើន​ដង។ លោក​រៀប​រាប់ដំណើរ​រឿង​មួយ​កាល​ពី​ឆ្នាំ​មុន​ថា៖​

«ភ្លាមៗ​នោះ​ ស្រាប់​តែ​លេច​មុខ​ប៉ូលិស​ចេញ​មក​ហើយ​ចាប់​ទាញ​ខ្ញុំ​ទៅ​កន្លែង​ដែល​ដាច់​ពី​គេ​ ហើយ​ពួក​គេ​ព្យា​យាម​និយាយ​ថា​ អ្នក​ឯង​អាច​សូក​លុយ​ខ្ញុំ​បាន​ ហើយ​ខ្ញុំ​នឹង​ដោះ​លែង​អ្នក​ឯង។ ខ្ញុំ​បដិសេធ​យ៉ាង​គួរ​សម​ដោយ​ឆ្លើយ​ថា​ ទេ​ ខ្ញុំ​មិន​ចង់​ធ្វើ​បែប​នេះ​ទេ អ្នក​ឯង​អាច​យក​ខ្ញុំ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​បាន​ បើសិន​ជា​ខ្ញុំ​កំពុង​ត្រូវ​អ្នក​ចាប់​ខ្លួន​មែន ដូច្នេះ​ហើយ​ ពួក​គេ​ក៏​បាន​នាំ​ខ្ញុំ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ គឺ​ស្នាក់​ការ​កណ្តាល​របស់​ប៉ូលិស​ក្នុង​រដ្ឋ​ធានី​ Harare»។

នៅ​ទី​នោះ​ លោក​ត្រូវ​បាន​គេ​ដាក់​ទោស​ពី​បទ​ល្មើស​មួយ​ចំនួន​ ចាប់​តាំង​ពី​ការជំទាស់​នឹង​ការ​ចាប់​ខ្លួន​ រហូត​ដល់​ការ​ប្រមាថ​លោក​ប្រធានា​ធិបតី​ ដែល​នេះ​ជា​អំពើ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ។ រឿង​ក្តី​នេះ​នៅ​ទី​បំផុត​ត្រូវ​បាន​លុប​ចោល។

លោក​ Jacob Mafume​ មក​ពី​គណបក្ស​ប្រជាមានិត​ប្រជា​ធិបតេយ្យ​ បាន​ប្រាប់​ VOA ​ថា​ ទង្វើ​របស់​កង​កម្លាំង​ប៉ូលិស​នៅ​ថ្ងៃ​មុខ​គឺ​អាច​ជួយ​ ឬ​ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ភាព​ស្របច្បាប់​របស់​រដ្ឋាភិបាល​ថ្មី។

លោក​ MAFUME​ បាន​និយាយ​ថា៖

«ប៉ូលិស​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ប្រព្រឹត្តិ​ក្រៅ​រង្វង់​ច្បាប់។ យើង​ត្រូវ​ការ​ការ​ផ្លាស់​ប្តូរ​ ការ​ផ្លាស់​ប្តូរ​ចំពោះ​អ្នក​អង្កេត​ច្បាប់​ ដោយ​ប្រព្រឹត្ត​ចំពោះ​ពលរដ្ឋ​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ​ បំពេញ​តួនាទី​ពួក​គេ​ដោយ​មិន​មាន​អំពើ​ពុក​រលួយ​ មិន​ទាម​ទារ​ប្រាក់​ពី​អ្វី​ដែល​ជា​ការ​ងារ​របស់​ពួក​គេ និង​ប្រព្រឹត្ត​ឲ្យ​ដូច​អ្វី​យើង​រស់​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​ដូច្នេះ​ដែរ»។

នៅ​ពេល​ VOA ​សួរ​ថា​ តើ​ប៉ូលិស​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ពលរដ្ឋ​ស៊ីមបាវ៉េ​ជឿទុក​ចិត្ត​ឡើង​វិញ​ដោយ​របៀប​ណា​ លោក​ស្រី​ Charity Charamba​ ​គ្រាន់​តែ​ញញឹម​ ហើយ​មិន​បាន​ផ្តល់​នូវ​ចម្លើយ​អ្វី​ឡើយ៕

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង