លោក Robert Mugabe ប្រធានាធិបតីរបស់ប្រទេសស៊ីមបាវ៉េបានប្រកាសស្ថានភាពគ្រោះមហន្តរាយនៅក្នុងតំបន់ជនបទជាច្រើនក្នុងប្រទេសស៊ីមបាវ៉េ ខណៈដែលមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលបានបណ្តាលឲ្យប្រជាជន២៦ភាគរយនៃប្រជាជនសរុបប្រឈមនឹងការខ្វះខាតស្បៀងអាហារ។
រដ្ឋាភិបាលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា គ្រោះរាំងស្ងួតនេះកើតឡើងដោយសារបាតុភូតអាកាសធាតុ El Nino និងបានបណ្តាលឲ្យប្រជាជន២៦ភាគរយនៃប្រជាជនសរុបត្រូវការជំនួយស្បៀងអាហារ។
លោក Saviour Kasukuwere រដ្ឋមន្រ្តីក្រសួងកិច្ចការសាធារណៈ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សូចនាករបឋមបានបង្ហាញថា ប្រជាជនជាង២លាន៤សែននាក់កំពុងតែប្រឈមនឹងអសន្តិសុខស្បៀងអាហារ ដោយរួមបញ្ចូលទាំងឃុំនៅជនបទទាំង៦០នៅស៊ីមបាវ៉េផងដែរ។
អ្នករិះគន់លោកប្រធានាធិបតីក៏បានបន្ទោសទៅលើកំណែទម្រង់នៃការប្រើប្រាស់ដីដែលចម្រូងចម្រាស់របស់លោកប្រធានាធិបតី Mugabe ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០០០ ដែលបានធ្វើឲ្យបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសកាន់តែធ្ងន់ធ្ងរ និងកាត់បន្ថយទិន្នផលកសិកម្មរបស់ខ្លួន។
ប្រទេសជិតខាងស៊ីមបាវ៉េនៅអាហ្វ្រិកខាងត្បូងក៏កំពុងតែរងគ្រោះពីផលប៉ះពាល់នៃគ្រោះរាំងស្ងួតនេះ ដែលបានកើតឡើងបន្ទាប់ពីឆ្នាំដែលក្តៅបំផុតនៅក្នុងប្រវត្តិសាស្រ្តក្នុងពេលថ្មីៗនេះ។ នេះបើយោងតាមក្រុមមន្រ្តីអាកាសធាតុរបស់អាមេរិក៕