លោក Zelenskyy ប្តេជ្ញា​វាយយក​ទឹកដី​ដែល​រុស្ស៊ីកាន់កាប់

រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ដើរ​ទៅ​មន្ទីរពេទ្យ​ដើម្បី​សួរសុខទុក្ខ​អ្នកជំងឺ និង​បុគ្គលិក កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ក្នុង​ទីក្រុង​កៀវ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​សន្យា​កាលពី​ថ្ងៃ​អង្គារ​ថា​នឹង​ដណ្ដើម​កាន់កាប់​ឡើង​វិញ​នូវ​តំបន់​នានា​របស់​អ៊ុយក្រែន​ដែល​កងទ័ព​រុស្ស៊ី​កំពុង​ត្រួតត្រា​នៅ​ពេល​បច្ចុប្បន្ន។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ទោះបីជា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​មាន​ចម្ងល់​ក៏ដោយ ក៏«អ៊ុយក្រែន​បាន​បង្ហាញ​ថា ​ខ្លួន​អាច​យក​ឈ្នះ​បាន បើ​ទោះបីជា​មាន​ការ​ប្រឈម​ទាំង​អស់ ជា​ពិសេស​នៅ​ក្នុង​តំបន់​សមុទ្រ​ខ្មៅ​ក៏ដោយ»។

កាលពី​ព្រឹក​ថ្ងៃ​អង្គារ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ថា ខ្លួន​បាន​បំផ្លាញ​នាវា​អ៊ុយក្រែន ៣ គ្រឿង​នៅ​ផ្នែក​ខាង​ជើង​នៃ​សមុទ្រ​ខ្មៅ។

រុស្ស៊ី​ក៏​បាន​លើកឡើង​ផង​ដែរ​ថា ខ្លួន​បាន​ធ្វើ​ប្រតិបត្តិការ «ប្រឆាំង​នឹង​សកម្មភាព​វិទ្ធង្សនា» នៅ​ជិត​កំពង់ផែ Sevastopol ដែល​ជា​ទីតាំង​របស់​កង​នាវា​របស់​ខ្លួន​នៅ​សមុទ្រ​ខ្មៅ។

លោក Zelenskyy បាន​អះអាង​កាលពី​ថ្ងៃ​អង្គារ​ថា ការ​វាយ​ប្រហារ​កាលពី​ពេល​ថ្មីៗ​នេះ​របស់​អ៊ុយក្រែន​បាន​បង្អាក់​ដល់​មូលដ្ឋាន​សុវត្ថិភាព​របស់​កង​នាវា​រុស្ស៊ី​និង​បាន​ធ្វើ​ឱ្យ​ច្រក​របៀង​សមុទ្រ​នៅ​ភាគ​ខាង​លិច​នៃ​សមុទ្រ​ខ្មៅ​មាន​សុវត្ថិភាព នៅ​ពេល​ដែល​ទាហាន​អ៊ុយក្រែន​មាន​បំណង​គាប​រឹត​ធ្វើ​យ៉ាង​ណា​ឱ្យ​កងទ័ព​រុស្ស៊ី​ដែល​ត្រួតត្រា​នៅ​ឧបទ្វីប​គ្រីមា (Crimea) ចាកចេញ​ពី​ទីនោះ។

តំបន់​គ្រីមា​ជា​កន្លែង​ផ្ដល់​ការ​គាំទ្រ​ខាង​ក្រោយ​សម្រាប់​កិច្ច​ប្រឹងប្រែង​របស់​រុស្ស៊ី​នៅ​សមរភូមិ​នៅ​ភាគ​ខាង​លិច​បង្អស់ ហើយ​តំបន់​នេះ​បាន​ក្លាយជា​គោលដៅ​វាយ​ប្រហារ​ជា​ញឹកញយ​របស់​កងទ័ព​អ៊ុយក្រែន​ក្នុង​អំឡុង​សង្គ្រាម​នេះ​តាំង​ពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​មក៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។