ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃអង្គារនេះថា លោកបានទៅសួរសុខទុក្ខទាហាននៅសមរភូមិជួរមុខ។
លោក Zelenskyy បានបង្ហោះរូបថតមួយចំនួននៅលើ Telegram ដោយមិនបញ្ជាក់អំពីទីតាំងដែលលោកថតជាមួយនឹងទាហានអ៊ុយក្រែននៅក្នុងរូបថតទាំងនោះ។
លោក Zelenskyy និយាយដូច្នេះថា៖ «អ្នកការពាររបស់យើងនៅសមរភូមិជួរមុខ។ ថ្ងៃនេះ ខ្ញុំមកទីនេះដើម្បីអបអរសាទរអ្នកប្រយុទ្ធរបស់យើងនៅទិវាកងទ័ពម៉ារីនអ៊ុយក្រែន»។
សេចក្ដីថ្លែងការណ៍របស់លោក Zelenskyy បានលើកឡើងថា៖ «បន្ទាប់ពីត្រឡប់មកពីទស្សនកិច្ចនៅបរទេស លោកប្រធានាធិបតី Zelenskyy បានទៅកាន់តំបន់សមរភូមិជួរមុខរបស់កងកម្លាំងអ៊ុយក្រែននៅខ្សែការពារ Vugledar-Maryinka ក្នុងតំបន់ Donetsk»។
មេដឹកនាំអ៊ុយក្រែនរូបនេះបានធ្វើទស្សនកិច្ចជាច្រើនដងទៅកាន់សមរភូមិជួរមុខតាំង ពីពេលដែលរុស្ស៊ីបានធ្វើការឈ្លានពានពេញទំហឹងលើអ៊ុយក្រែនកាលពីឆ្នាំមុនមក។ នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ លោកបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួននៅអឺរ៉ុបដើម្បីស្នើសុំជំនួយយោធាថ្មី និងផ្ដល់ហេតុផលដល់សម្ព័ន្ធមិត្តឱ្យផ្ដល់យន្តហោះចម្បាំងទំនើបដើម្បីជួយកងទ័ពអ៊ុយក្រែន។
លេខាធិការកងទ័ពជើងអាកាសសហរដ្ឋអាមេរិកលោក Frank Kendall បាននិយាយថា ការសម្រេចផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន «នឹងត្រូវចំណាយពេលប៉ុន្មានខែ»។
ដោយនិយាយជាមួយអ្នកកាសែតនៃគម្រោងក្រុមអ្នកនិពន្ធផ្នែកការពារ (Defense Writers Group) នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ លោក Kendall បានបញ្ជាក់ថា យន្តហោះ F-16 «នឹងផ្ដល់ដល់អ៊ុយក្រែននូវសមត្ថភាពបណ្ដោះអាសន្នដែលពួកគេមិនមាននៅពេលឥឡូវនេះ ប៉ុន្តែវានឹងមិនធ្វើឱ្យមានការប្រែប្រួលអ្វីខ្លាំងក្លានោះទេ»។
លោកបានបន្ថែមដោយយោងលើប្រសិទ្ធភាពនៃប្រព័ន្ធការពារដែនអាកាសដែលនៅផ្ទាល់ដីថា៖ «កន្លងមក កម្លាំងទ័ពអាកាសមិនមែនជាកត្តាសម្រេចចុងក្រោយនោះទេ។ យន្តហោះចម្បាំង F-16 នឹងជួយអ៊ុយក្រែន ប៉ុន្តែវានឹងមិនធ្វើឱ្យប្រែប្រួលជាដុំកំភួនណាមួយនោះឡើយ»៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន Reuters និងទីភ្នាក់ងារព័ត៌មាន AFP។