ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា លោកបានធ្វើដំណើរនៅថ្ងៃព្រហស្បតិ៍នេះទៅទីក្រុង Kharkiv នៅភាគឦសានប្រទេសអ៊ុយក្រែនដើម្បីជួបជាមួយមន្ត្រីយោធានានានៅចំពេលដែលមានការវាយប្រហាររបស់រុស្ស៊ីនៅក្នុងតំបន់នោះ។
លោក Zelenskyy បានបញ្ជាក់នៅលើតេឡេក្រាម (Telegram) ថា ស្ថានការណ៍នៅក្នុងតំបន់ Kharkiv គឺលំបាកខ្លាំង ប៉ុន្តែជាទូទៅគឺនៅអាចគ្រប់គ្រងបាន។
រុស្ស៊ីបានដណ្ដើមកាន់កាប់ភូមិជាច្រើននៅក្នុងតំបន់ Kharkiv ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយការរុលចូលរបស់រុស្ស៊ីបានធ្វើឱ្យលោក Zelenskyy លុបចោលដំណើរទស្សនកិច្ចបរទេសដែលគ្រោងទុកជាច្រើន។
យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ដោយសារស្ថានការណ៍នៅក្នុងតំបន់ Kharkiv នៅតែស្មុគស្មាញ កងទ័ពអ៊ុយក្រែនបានធ្វើឱ្យស្ថានការណ៍មានស្ថិរភាពនិងបានបញ្ឈប់ការរុលទៅមុខរបស់រុស្ស៊ីនៅក្នុងតំបន់មួយចំនួន។
ដំណើរវិវត្តន៍នេះបានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសអ៊ុយក្រែន ដែលនៅក្នុងអំឡុងទស្សនកិច្ចនោះ លោក Zelenskyy បានស្នើសុំប្រព័ន្ធការពារដែនអាកាសដើម្បីជួយការពារតំបន់ Kharkiv។
លោក Blinken បានប្រកាសអំពីជំនួយយោធារបស់សហរដ្ឋអាមេរិកចំនួន ២ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលជំនួយនេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយចំនួន ៦១ ពាន់លានដុល្លារដែលត្រូវបានអនុម័តកាលពីខែមុន។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់កម្ទេចមីស៊ីលកលយុទ្ធ ៥ គ្រាប់ និងដ្រូនជាច្រើនគ្រឿងនៅក្នុងតំបន់គ្រីមា (Crimea) ដែលរុស្ស៊ីកាន់កាប់ ក៏ដូចជាដ្រូនមួយចំនួននៅក្នុងតំបន់ Belgorod តំបន់ Bryansk តំបន់ Kaluga និងតំបន់ Tula ផងដែរ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។