ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធថាកងទ័ពរបស់ប្រទេសលោកបាន«រុលកាន់តែជ្រៅ»ចូលក្នុងតំបន់ Kurskនៃប្រទេសរុស្ស៊ីហើយបានអះអាងថាទាហានរុស្ស៊ីរាប់រយនាក់បានត្រូវចាប់ខ្លួនឬចុះចាញ់។
នៅក្នុងការវាយប្រហាដ៏ធំបំផុតមួយដោយកងទ័ពបរទេសលើទឹកដីរុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទី២មក រដ្ឋាភិបាលក្រុងកៀវបាននិយាយថាខ្លួនបានត្រួតត្រាកន្លែងតាំងទីនៅចំនួន៧៤កន្លែងនៅក្នុងតំបន់ភាគនារតីនៃប្រទេសរុស្ស៊ី។ ក្នុងព្រឹត្តិការណ៍ដាច់ដោយឡែក អ៊ុយក្រែនបានដៅលើចំណតយន្តហោះរុស្ស៊ី៤កាលពីពេលយប់ដោយប្រើដ្រូននៅក្នុង«ការវាយប្រហារដ៏ធំបង្អស់មួយ»របស់ខ្លួនចាប់តាំងពីរដ្ឋាភិបាលក្រុងមូស្គូបានឈ្លានពានតំបន់ភាគខាងកើតអ៊ុយក្រែនកាលពី២ឆ្នាំកន្លះមុន។
នៅពេលដែលការវាយប្រហារតំបន់ Kursk បានចូលក្នុងសប្តាហ៍ទី២មក លោកប្រធា នាធិបតី Zelensky បាននិយាយនៅលើបណ្តាញសង្គមថា«យើងកំពុងរំកិលទៅមុខទៀត។ ចាប់ពី១គីឡូម៉ែត្រទៅ២គីឡូម៉ែត្រនៅក្នុងតំបន់ផ្សេងៗគ្នាចាប់តាំងពីការចាប់ ផ្តើមនៅថ្ងៃនោះមក»។
ក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍កាលពីរសៀលថ្ងៃអង្គារ លោកប្រធានាធិបតី Zelenskyy បាននិយាយថា«ទាហានរុស្ស៊ីរាប់រយនាក់បានចុះចាញ់រួចហើយ។ ហើយពួកគេទាំងអស់នឹងទទួលបានការយកចិត្តទុកដាក់ផ្នែកមនុស្សធម៌ ពួកគេមិនបានជួបប្រទះការព្យាបាទដូចដែលពួកគេជាទាហានរុស្ស៊ីនោះទេ»។ រដ្ឋាភិបាលក្រុងមូស្គូមិនបានអត្ថាធិប្បាយស្តីពីសេចក្តីរាយការណ៍ពីការចុះចាញ់របស់ទាហានរុស្ស៊ីនោះទេ។
ពួកអាជ្ញាធររុស្ស៊ីបានទទួលស្គាល់ថាអ៊ុយក្រែនបានកើនឡើងនូវការត្រួតត្រានៅក្នុងតំបន់ ក៏ប៉ុន្តែបាននិយាយទៀតថាពួកគេបានវាយរុញច្រានការខំប្រឹងប្រែងដោយកងទ័ពអ៊ុយក្រែនដើម្បីរុញចូលកាន់តែជ្រៅក្នុងតំបន់នោះ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFPនិង Reuters