លោក ​Zelenskyy​ ថា ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​ទទួល​បាន​លទ្ធផល​ល្អ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងសុន្ទរកថានៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២។

ក្រសួង​ការពារ​ជាតិ​របស់​ចក្រភព​អង់គ្លេស​បាន​និយាយ​នៅ​ថ្ងៃសុក្រ​នេះ​ នៅក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ចារកម្ម​របស់​ខ្លួន​ស្តីពី​អ៊ុយក្រែន​ថា ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ​ត្រូវ​បាន​គេ ​«បង្ហាញ​នូវ​ផែនការ​ពង្រីក​យោធា​រុស្ស៊ី​ប្រហែល​ ៣០% ​ទៅ​ដល់​ ១,៥​ លាន​នាក់» ។

ក្រសួង​បាន​និយាយ​ថា ​សំណើ​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃពុធ ​ហើយ​ថា​ «រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី ​លោក Sergei Shigou ​បាន​ពន្យល់​ថា​ ការ​ពង្រីក​នឹង​ពាក់ព័ន្ធ​នឹង​កងពលតូច​ចំនួន​ពីរ​នៅ​ភាគពាយ័ព្យ​នៃ​ប្រទេស​រុស្ស៊ី ​ដែល​ត្រូវ​ដំឡើង​ដល់​កម្រិត​កងពល​ធំ»។

រដ្ឋមន្ត្រី​ការពារ​ជាតិ​បាន​បង្ហាញ​ពី​ហេតុផល​នៃ​ការផ្លាស់ប្តូរ​នេះ​ដោយ​លើកឡើង​ពី​ «ការគំរាម​កំហែង​ដែល​អាច​មាន​មកពី​ប្រទេស​ហ្វាំងឡង់ ​និង​ស៊ុយអែត ​ដែល​ចូល​ទៅក្នុង​អង្គការ​អូតង់» ។

ក្នុង​សុន្ទរកថា​វីដេអូ​ពេល​យប់​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ​បាន​និយាយ​ថា ​ដំណើរ​ទស្សនកិច្ច​រយៈពេលខ្លី ​ក្នុង​សម័យ​សង្គ្រាម​របស់លោក​ទៅ​កាន់​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​នូវ ​«លទ្ធផល​ល្អ»។

ក្នុង​អំឡុងពេល​ទស្សនកិច្ច​របស់​លោក Zelenskyy ​លោកJoe Biden ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី​ចំនួន ១,៨​ ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន ​ដែល​រួមមាន​ ប្រព័ន្ធ​មីស៊ីល Patriot ​ដែល​ជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​ដែល​ត្រូវ​ប្រគល់​ទៅ​ឱ្យ​ទីក្រុង Kyiv។

លើសពី​នេះ ​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃព្រហស្បតិ៍​បាន​អនុម័ត​ច្បាប់​ថវិកា ​ដែល​មាន​ទឹកប្រាក់​ចំនួន​ ១,៧ លាន​លាន(ទ្រីលាន) ​ដុល្លារ​ ដែល​ក្នុង​នោះ​អ៊ុយក្រែន​អាច​ទទួលបាន​ជំនួយ​បន្ថែម​ចំនួន​ជិត​ ៤៥ ​ពាន់​លាន​ដុល្លារ៕